យោធា​ថៃ​ពង្រឹងកម្លាំង​ការពារ​នៅ​តំបន់​ថ្មដា និង​ប្រកែក​ថា មិន​បាន​ឈ្លានពាន​កម្ពុជា

0
32
ទិដ្ឋភាព​ទាហានថៃជីកប្រឡាយ និងរាយបន្លាលួសរំលោភយកដីខ្មែរនៅអូរខ្លាឃ្មុំ តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាព​ទាហានថៃជីកប្រឡាយ និងរាយបន្លាលួសរំលោភយកដីខ្មែរនៅអូរខ្លាឃ្មុំ តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

យោធា​ថៃ​បាន​ចាប់ផ្ដើម​ពង្រឹងកម្លាំង​ការពារ និង​យាមល្បាត​នៅ​តំបន់​ថ្មដា ជាទី​កន្លែង​ដែល​យោ​ថា​ថៃ បាន​តម្រៀប​ទូ​កុងតឺន័រ និង​រាយ​បន្លា​លួស​ព័ទ្ធ​យក​ទឹកដី​កម្ពុជា​។ ទន្ទឹម​គ្នា​នេះ កងទ័ពជើងទឹក​ថៃ​បាន​ចេញ​មក​បដិសេធ​ថា ប្រទេស​ថៃ​មិនបាន​ដាក់​ទូ​កុងតឺន័រ​ឈ្លានពាន​តឹក​ដី​កម្ពុជា​នោះ​ឡើយ​។ ប្រតិកម្ម​របស់​យោធា​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួងការបរទេស​កម្ពុ​ជា បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរជាតិ​មួយ​ក្រុម ចុះទៅ​ត្រួតពិនិត្យ​នៅ​តំបន់​ថ្មដា កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​ឃើញ​ពី​សកម្មភាព​គំរាមកំហែង​របស់​យោធា​ថៃ​ដោយ​ផ្ទាល់​ភ្នែក។

ក្នុងភូមិ​សាស្ត្រ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ត្រង់​ចំណុច​ច្រមុះជ្រូក ផ្លូវបំបែក​ទៅ​ខេត្តកោះកុង ទាហាន​ថៃ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​បង្កើន​ការ​យាមល្បាត និង​ប្រចាំការ​នៅក្នុង​ប៉ម នៅ​ពីលើ​ទូ​កុងតឺន័រ​ដែល​ដាក់​ត្រួត​លើ​គ្នា​ចំនួន​បី​ជាន់ ដោយ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ក្បែរ​នោះ​ឡើយ។ ចំណែក​នៅ​ពី​ខាងក្រោយ​វិញ យោធា​ថៃ​បាន​ត្រៀម​សព្វាវុធ​ទាំង​ធុន​តូច និង​ធុន​ធ្ងន់​។ នេះ​បើ​តាម​វីដេអូ​របស់​ទាហាន​ថៃ ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ។

ក្រៅ​ពី​នេះ យោធា​ថៃ​បាន​ដាក់​ពង្រាយ​កងទ័ព​នៅ​តំបន់​អាគារ​កាស៊ីណូ និង​តំបន់​សំខាន់ៗ​មួយ​ចំនួន​ទៀត ខណៈ​ខ្លះទៀត​បាន​ធ្វើ​សកម្មភាព​រាយ​បន្លា​លួស​បន្ថែម​ទៀត​ក្នុង​ទឹកដី​កម្ពុជា ដែល​យោធា​ថៃ​ដណ្ដើម​បាន។

ស្របពេល​ស្ថានការណ៍​នៅ​តំបន់​ឃុំ​ថ្មដា មាន​ភាព​តានតឹង កងទ័ព​ភូមិភាគ​២ របស់​ថៃ​បាន ចេញ​សេចក្ដីប្រកាស​មិន​ឱ្យ​ប្រជាពលរដ្ឋ​ថត​សកម្មភាព​ចល័ត​ទ័ព និង​សព្វាវុធ​របស់​យោធា យក​មក​ផ្សព្វផ្សាយ ឬ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ ឡើយ។

ការពង្រីក​កម្លាំង​ទ័ព​របស់​ទាហាន​ថៃ​នៅ​ឃុំ​ថ្មដា នេះ ធ្វើឡើង​បន្ទាប់ពី​ទាហាន​ថៃ​បាន​គំរាម​ផ្ទុះអាវុធ​ទៅកាន់​ទាហាន​ខ្មែរ កាលពី​ថ្ងៃទី​២៦ ខែមីនា ក្នុង​ពេល​ដែល​មេបញ្ជាការ​ទាហាន​ខ្មែរ គឺ​លោក គឹម កុសល បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កាន់​ទីតាំង​ដែល​យោធា​ថៃ បាន​ដាក់​តម្រៀប​ទូ​កុងតឺន័រ នៅក្នុង​ទឹកដី​កម្ពុជា​។ នៅ​ពីលើ​ទូ​កុងតឺន័រ ទាហាន​ថៃ​បណ្ដេញ​មេបញ្ជាការ​ទាហាន​វ័យ​ចំណាស់​របស់​កម្ពុជា ដែល​ឈរ​នៅ​ខាងក្រោម ដោយ​ប្រើប្រាស់​ពាក្យសម្ដី​ប្រមាថមើលងាយ និង​គំរាម​ផ្ទុះអាវុធ ខណៈ​ទាហាន​ថៃ​មួយចំនួន​ទៀត បាន​ភ្ជុង​កាំភ្លើង នៅពេល​ទាហាន​ខ្មែរ​ដើរទៅ​ពិនិត្យ​ក្បែរ​ទូ​កុងតឺន័រ។ ដោយសារ​ភាគី​ថៃ​បាន​គំរាមកំហែង​កាន់តែ​ខ្លាំង នាយទាហាន​ខ្មែរ លោក គឹម កុសល បាន​ឡើង​ឡាន​ចាក​ចេញពី​ទីតាំង​នោះ​ភ្លាមៗ។

ក្រោយមក នៅ​ថ្ងៃទី​២៧ ខែ​មីនា រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន បាន​ដឹកនាំ​អង្គទូត និង​តំណាង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ប្រចាំ​កម្ពុជា ចុះ​ពិនិត្យ​ទីតាំង​ទូ​កុងតឺន័រ​របស់​យោធា​ថៃ នៅ​ឃុំ​ថ្មដា ក៏ប៉ុន្តែ​យោធា​ថៃ ហាក់​គ្មាន​ក្ដី​បារម្ភ​នោះ​ឡើយ ដោយ​ពួកគេ​បាន​យក​ទង់ជាតិ​ថៃ​មក​បាំង​ខាងមុខ​ទូ​កុងតឺន័រ នៅ​ចំពោះមុខ​គណៈប្រតិភូ​បរទេស​ថែម​ទៀត​ផង។

ទន្ទឹម​គ្នា​នេះ កងទ័ពជើងទឹក​ថៃ នៅ​ថ្ងៃទី​៣០ ខែមីនា នេះ បាន​ចេញ​មក​អះអាង​ថា ការដំឡើង​កុងតឺន័រ និង​ពង្រឹង​របង​លួស​បន្លា​នៅក្នុង​តំបន់​ឃុំ​ថ្មដា គឺ​ដើម្បី​ការពារ​ខ្លួន និង​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​យោធា​នៃ​ភាគី​ទាំងពីរ ដែល​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​មិន​ចាំបាច់។ កងទ័ពជើងទឹក​ភូមិន្ទ​ថៃ​អះអាង​ទៀត​ថា សកម្មភាព​នេះ មិន​មាន​បំណង​រំលោភ​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​នោះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៣០ ខែ​មីនា។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​ទាំងនេះ សុទ្ធតែ​អាចយក​មក​ធ្វើជា​ភស្តុតាង ដើម្បី​ដាក់ពាក្យ​បណ្ដឹង​តាម​យន្តការ​ច្បាប់​អន្តរជាតិ​។ លោក​បន្ត​ថា នៅក្នុង​ស្ថានភាព​បែបនេះ កម្ពុជា ត្រូវ​ពង្រីង​សមត្ថភាព និង​យុទ្ធសាស្ត្រ​ឱ្យ​បាន​រឹងមាំ​តាមរយៈ​ការដំឡើង​កម្រិត​ការទូត​ខ្ពស់​បំផុត និង​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ឱ្យ​បាន​ដាច់ស្រេច។

លោក ម៉ែន ណាត៖ «​វិធីសាស្ត្រ​ក្នុង​ការ​តវ៉ា គឺ​កម្ពុជា​ត្រូវ​តវ៉ា​តាម​បែប​ការទូត​ដដែល ហើយ​ត្រូវ​ឆ្លើយឆ្លង​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ ប៉ុន្តែ​ត្រូវ​បញ្ចៀស​អំពើ​ហិង្សា​ណាមួយ ក្នុង​ស្ថានភាព​បច្ចុប្បន្ន។ ប៉ុន្តែ ក៏​មិន​ត្រូវ​ភ្លេច​ការ​ការពារ​ខ្លួន​នោះ​ដែរ ប្រសិនបើ​មានការ​គំរាម​ពី​សំណាក់​យោធា​ថៃ»។

ពាក់ព័ន្ធ​នឹង​វិវាទ​ព្រំដែន​នេះ​ដែរ ទាហាន​ខ្មែរ​ឈរជើង​នៅ​តំបន់​មុំ​បី ក្នុង​ខេត្តព្រះវិហារ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា ទាហាន​ថៃ​នៅតែ​លួច​បាញ់​ឆ្មក់​មក​លើ​ទាហាន​ខ្មែរ ខណៈ​នៅ​តំបន់​ខ្លះទៀត ដូចជា​នៅ​ជាំតែ ទាហាន​ថៃ​បាន​ព្យាយាម​រំកិល​បន្លា​លួស​ចូលក្នុង​ទឹកដី​កម្ពុជា​បន្ថែម​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ