

មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរចាប់ខ្លួនក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលជួលអគារឱ្យបណ្ដាញឧក្រិដ្ឋជន ដើម្បីបង្ខាំងជនបរទេសបង្ខំឱ្យបន្តធ្វើការងារជាអ្នកឆបោកតាមអនឡាញ។ ពួកគាត់រិះគន់ថា ចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលត្រកូល ហ៊ុន បច្ចុប្បន្នមិនបានអើពើបង្ក្រាបឱ្យចំមេខ្លោងធំៗឡើយ ទើបពួកគេអាចរៀបចំបណ្ដាញសម្រាប់ជម្លៀសជនរងគ្រោះពីតាំងមួយទៅទីតាំងមួយ។
រឿងរ៉ាវឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា នៅតែជាប្រធានបទក្ដៅគគុក ព្រោះបណ្ដាញឧក្រិដ្ឋជនបានផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីគេចផុតពីការបង្ក្រាបរបស់អាជ្ញាធរកម្ពុជា។ ទោះមានប្រតិបត្តិការចុះបង្ក្រាបជាបន្តបន្ទាប់ ក៏សកម្មភាពនៃអំពើឆបោកតាមអនឡាញនៅតែកើតមានដដែល។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា បណ្ដាញឧក្រិដ្ឋជននៅតែបន្តជួលអគាររបស់អ្នកមានលុយមានអំណាចធ្វើជាខែល និងជម្លៀសជនរងគ្រោះពីទីតាំងមួយទៅទីតាំងមួយ ដោយបង្ខាំងក្នុងអគារ និងបង្ខំឱ្យធ្វើការជាអ្នកឆបោកតាមអនឡាញ ព្រមទាំងបង្កើនការយាមកាមផ្នែកសន្តិសុខកាន់តែតឹងរ៉ឹង។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ហៅយុទ្ធនាការបង្ក្រាបរបស់រដ្ឋាភិបាលបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញថា «ចាត់ការតែត្រីតូចដោយរក្សាទុកត្រីធំ» ទើបក្រុមបណ្ដាញឧក្រិដ្ឋជនដែលជាមេខ្លោងអាចពង្រីកបណ្ដាញ និងនាំជនរងគ្រោះទៅបន្តសកម្មភាពនៅកន្លែងផ្សេងៗបាន។
លោក ឌី ថេហូយ៉ា ចង់ឃើញរដ្ឋាភិបាលបង្ហាញឆន្ទៈ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពដោយបង្ក្រាបរាល់អ្នកដែលពាក់ព័ន្ធទាំងអស់រួមទាំងម្ចាស់អគារ មេការ និងអ្នកគាំទ្រឧស្សាហកម្មឆបោកតាមអនឡាញនេះយកមកអនុវត្តច្បាប់។ លោកជឿជាក់ថា មន្ត្រីគ្រាក់ៗ និងឧកញ៉ាឈ្មួញដែលពាក់ព័ន្ធកាងពីក្រោយឧក្រិដ្ឋកម្មឆបោកតាមអនឡាញកំពុងរស់នៅក្រៅសំណាញ់ច្បាប់ច្រើននាក់ទៀត។
«កាលណាចាត់វិធានការទៅលើតែត្រីតូច មានន័យថា វាមិនងាយអស់ទេ ដោយសារត្រីធំហ្នឹង វាគ្រប់គ្រង វាគេចខ្លួន វារៀបចំទីនេះទីនោះជាដើម។ ដំណើរការនៃការបង្ក្រាបរបស់អាជ្ញាធរត្រូវតែបង្ក្រាបកន្លែងណា កុំឱ្យមានការរត់ចេញបាន ត្រូវចាប់ឱ្យបានបញ្ជាក់អត្តសញ្ញាណនរណាជាជនរងគ្រោះពិតប្រាកដនរណាជាមេបណ្ដាញនរណាជាមេក្រុម នរណាជាមេតំបន់ នរណាជាមេ អគារជាដើម។ យើងឈានទៅដល់ការស្រាវជ្រាវចាប់មេៗទាំងអស់ជាការជីកស្មៅ វាជីកទាំងឫសហើយ។ ប្រសិនបើការបង្ក្រាបនេះនៅតែមានការរត់ប្រសេចប្រសាចអ៊ីចឹង ខ្ញុំគិតថា ប្រសិទ្ធភាពហ្នឹងមិនសូវជាឆ្លើយតបទេ»
ប្រតិកម្មនេះកើតឡើងបន្ទាប់ពីជនបរទេសចម្រុះជាតិសាសន៍ជាច្រើននាក់បាននាំគ្នាសម្រុកចេញពីអគារ ដើម្បីគេចចេញពីការឡោមព័ទ្ធបង្ក្រាបរបស់សមត្ថកិច្ចលើទីតាំងអគារឆបោកតាមអនឡាញមួយកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២២ ខែមេសា។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានប្រើកាំភ្លើងបាញ់រះជាច្រើនគ្រាប់ និងបានឃាត់ខ្លួនជនបរទេសជិត ៤រយនាក់។
ជាមួយគ្នានេះ អគារមួយចំនួនដែលគេស្គាល់ថា ជាកម្មសិទ្ធរបស់អ្នកមានអំណាចគឺលោក ង៉ោ ម៉េងជ្រួញ ដែលជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យក៏មានជនបរទេសដែលរងការបង្ខាំងនាំគ្នាសម្រុកគេចចេញពីការបង្រ្កាបរបស់សមត្ថកិច្ចនាពេលថ្មីៗនេះដែរ។ ពលរដ្ឋបានរាយការណ៍ថា ក្រោយសមត្ថកិច្ចចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញកាលដើមឆ្នាំ២០២៦ មក បណ្ដាញឧក្រិដ្ឋជនបានជម្លៀសជនបរទេសនៅតាមទីតាំងផ្សេងៗគ្នា ដើម្បីយកមកបង្ខាំងនៅតាមអគារក្នុងតំបន់ទីក្រុងប៉ោយប៉ែត ឱ្យបន្តសកម្មភាពឆបោកតាមអនឡាញ។ សមាជិកព្រឹទ្ធសភា និងជាម្ចាស់កាស៊ីណូក្រោនលោក កុក អាន បានរងការចោទប្រកាន់ថា មានបណ្ដាញគ្រប់គ្រងអគារជាច្រើន ដើម្បីបង្ខាំងជនបរទេសនៅក្រុងប៉ោយប៉ែត។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សឿម សារិទ្ធ ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី២៣ ខែមេសា។
ទាក់ទងនឹងរឿងនេះ ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួ ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រើច្បាប់ថ្មី ដើម្បីស៊ើបអង្កេត និងចាត់វិធានការ លើក្រុមឧកញ៉ាមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ អ្នកស្រីថា សង្គមកម្ពុជានឹងដឹកនាំដោយក្រុមម៉ាហ្វីយ៉ា ព្រោះរដ្ឋាភិបាលត្រកូល ហ៊ុន គ្មានឆន្ទៈនយោបាយពិតប្រាកដក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ។
«លោក ហ៊ុន ម៉ាណែត គ្រប់គ្រងស្ថានការណ៍អត់បានទេ ដូច្នេះសូមឱ្យមានកិច្ចសហប្រតិបត្តិការពីអន្តរជាតិឱ្យច្បាស់លាស់ទៅ នៅក្នុងការបញ្ឈប់ (Scam Online) ហ្នឹងឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលឯករាជ្យ មិនមែនជាប្រទេសមួយដែលដឹកនាំដោយជនម៉ាហ្វីយ៉ា ដោយចិនដែលរត់ប្រសេចប្រសាច មានទាំងកាំភ្លើងមានទាំងអី។ ដូច្នេះមានតែប្រមូលឱ្យយើងពលរដ្ឋនោះ ចូលរួមសហប្រតិបត្តិការនៅក្នុងការការពារប្រទេសផង»
ថ្វីត្បិតមកពេលនេះ រដ្ឋាភិបាលត្រកូល ហ៊ុន បានចាប់មេខ្លោងដែលជាមន្ត្រីគ្រាក់ៗ និងឧកញ៉ាមួយចំនួនដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ប៉ុន្តែសមាជិកនៃក្រុមគ្រួសារត្រកូល ហ៊ុន ដូចជាលោក ហ៊ុន តូ រួមទាំងឧកញ៉ាមួយចំនួនដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងការជួលអគារ និងគាំទ្រឧក្រិដ្ឋកម្មនេះរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ៕









