យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ប្រៀប​បីដូច​ជា​ការ «​ចាប់​ក្ដាម​ដាក់​ចង្អេរ»

0
82
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នក​តាមដាន​បញ្ហា​ឧក្រិដ្ឋកម្ម​លើកឡើង​ថា យុទ្ធនាការ​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រៀប​បីដូច​ជា​ការ «​ចាប់​ក្ដាម​ដាក់​ចង្អេរ​» ព្រោះ​អាជ្ញាធរ​មិន​បាន​បង្ក្រាប​ឱ្យ​ចំ​មេខ្លោង​គោលដៅ​ពិតប្រាកដ ដែល​ធ្វើ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​តែងតែ​ជម្លៀស​ជនបរទេស​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀត។

អ្នកឃ្លាំមើល​វាយតម្លៃ​ថា ការ​រីក​រាលដាល​នៃ​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ហាក់​មាន​លក្ខណៈ​កាន់តែ​អាក្រក់ ខណៈ​បណ្ដាញ​ឧក្រិដ្ឋជន​បាន​ពង្រាយ​ជនបរទេស​ឱ្យ​បន្ត​ធ្វើ​ការ​តាម​អគារ​តូចៗ​តាំងពី​ទីក្រុង​រហូតដល់​ទី​ជនបទ ក្រោម​រូបភាព​គំរាមកំហែង បង្ខិតបង្ខំ និង​មាន​សន្តិសុខ​យាមកាម​យ៉ាង​តឹងរ៉ឹង។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើង​ថា យុទ្ធនាការ​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​របស់​រដ្ឋាភិបាល​មិនបាន​ឆ្លើយតប​នឹង​បញ្ហា​ដែល​កំពុង​កើត​មាននៅ​កម្ពុជា​ឡើយ​។ លោក​បន្ត​ថា មូលហេតុ​ធំ​នោះ​គឺ​រដ្ឋាភិបាល​មិនបាន​បង្ហាញ​ឆន្ទៈ​ចាប់​មេខ្លោង​ធំៗ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ឡើយ​។ រីឯ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច នៅ​តាម​អគារ​អនឡាញ​នីមួយៗ​វិញ​លោក​ថា គ្មាន​តម្លាភាព និង​ការអនុវត្ត​ពេញលេញ​ក្នុង​ការ​ស្រាវជ្រាវ​ស្វែងរក​មេខ្លោង ឬ​ម្ចាស់​អគារ​នៅ​តាម​តំបន់​នីមួយៗ និង​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ​។

លោក ឌី ថេហូយ៉ា ឱ្យ​ដឹង​ទៀត​ថា បណ្ដាញ​ឧក្រិដ្ឋជន​ជាច្រើន​បាន​បន្លំ​ខ្លួន​ជាមួយ​ជនរងគ្រោះ រត់គេច​ចេញពី​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច​នៅ​តាម​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នា​ពេល​កន្លងទៅ ហើយ​បច្ចុប្បន្ន​ពួកគេ​បាន​ប្រមូល​ជនរងគ្រោះ​បង្ខំ​ឱ្យ​បន្ត​ធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​អន​ឡាញ​នៅ​តាម​អគារ​តូចៗ និង​ពង្រីក​បណ្ដាញ​នេះ​កាន់តែ​ច្រើន​ជាពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​។ លោក​វាយតម្លៃ​ថា ទម្រង់​ការងារ​ឆបោក​តាម​អន​ឡាញ​ថ្មី​របស់​ក្រុម​ឧក្រិដ្ឋជន​នេះ​នឹង​បង្កើត​ជា​រូបភាព​កាន់តែ​អាក្រក់ និង​បង្ក​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​សម្រាប់​មុខមាត់​ប្រទេស​កម្ពុជា។

លោក ឌី ថេហូយ៉ា៖ «អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ​នេះ ឧក្រិដ្ឋ​ជន​នេះ នឹង​គឃ្លើន​កាន់តែ​កើនឡើង ព្រោះ​គេ​មើលឃើញ​អំពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​មិន​មាន​ប្រសិទ្ធភាព។ អ៊ីចឹង​នៅក្នុង​ពិភពលោក​នេះ ប្រសិនបើ​ឧក្រិដ្ឋជន​មើល​ឃើញ​ថា ប្រទេស​ណា​ការអនុវត្ត​ច្បាប់​ធូររលុង ហើយ​មិន​មាន​ប្រសិទ្ធភាព ពួកគេ​នៅតែ​រួច​ពី​សំណាញ់​ច្បាប់​បាន គេ​ច្បាស់​ណាស់​នឹង​សម្រុក​ទៅ​រក​ស៊ី ទៅ​រស់នៅ​ប្រទេស​ហ្នឹងហើយ​។ រូបភាព​វា​ផ្លាស់ប្ដូរ​ពី​មហាជន​កុំឱ្យ​មើលឃើញ​ច្បាស់ ពី​ខ្សែ​ភ្នែក​អន្តរជាតិ​មើលឃើញ​ច្បាស់ គេ​នឹង​ដូរ​រូបភាព​ទៅជា​កន្លែង​តូចៗ វា​អាច​មាន​ច្រើនជាង​មុន មាន​គ្រប់កន្លែង​អី​ជាដើម​។ ហើយ​អាហ្នឹង​ហានិភ័យ​នេះ​កាន់តែ​គ្រោះថ្នាក់ កាន់តែ​ធ្វើ​ឱ្យ​ពិភពលោក​ហ្នឹង​មើលឃើញ​ថា យើង​នៅតែ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​បោសសម្អាត​ឱ្យ​មាន​ប្រសិទ្ធភាព»។

ការ​លើកឡើង​នេះ​ស្របពេល​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​អាច​ប្រមូលផ្ដុំ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ដើម្បី​បង្ខាំង​ឱ្យធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​អន​ឡាញ​នៅ​តាម​អគារ​តូចៗ ឬ​ក្រោម​រូបភាព​ជាទី​កន្លែង​ស្នាក់នៅ​។ កាលពី​ថ្ងៃទី​១៨ ខែឧសភា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ និង​វៀតណាម​ជាង ១​រយ​នាក់​ក្នុង​ផ្ទះល្វែង​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​នឹង​ការ​លប​លួច​ធ្វើ​សកម្មភាព​ឆបោក​តាម​អនឡាញ។ សមត្ថកិច្ច​មិនបាន​បង្ហាញមុខ​ម្ចាស់​អគារ​ដែល​ជួល​ឱ្យ​ជនបរទេស​ធ្វើការ​ឆបោក​តាម​អនឡាញ​នេះ​ឡើយ។

ទម្រង់​ការងារ​ឆបោក​តាម​អន​ឡាញ​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ផ្លាស់ប្ដូរ​ឱ្យ​ជនរងគ្រោះ​បន្ត​ធ្វើ​ការ​នៅ​តាម​អគារ​តូចៗ ឬ​តាម​ផ្ទះ​ជួល មិនមែន​រីក​រាលដាល​តែ​ក្នុង​ខេត្តបន្ទាយមានជ័យ​ឡើយ សម្រាប់​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា ខេត្តកំពត ព្រះសីហនុ កែប ស្វាយរៀង និង​រាជធានី​ភ្នំពេញ​ជាដើម​ក៏​កំពុង​រីក​រាលដាល​ដូចគ្នា​។ បុគ្គលិក​ធ្វើការ​លើ​វិស័យ​ឆបោក​តាម​អន​ឡាញ​ឱ្យ​ដឹង​ថា ហេតុផល​សំខាន់​ដែល​បណ្ដាញ​ឧក្រិដ្ឋជន​រៀបចំ​ផែនការ​បែបនេះ គឺ​ដើម្បី​គេច​ចេញពី​ការ​រំខាន ឬ​ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច។

ទាក់ទង​នឹង​រឿង​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤​នាក់​ដោយ​ចោទ​ប្រកាន់​ថា ពួកគេ​លួច​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១៩ ខែ​ឧសភា។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត ឱ្យដឹង​ថា បណ្ដាញ​ឧក្រិដ្ឋជន​បាន​ប្រើ​ល្បិចកល និង​ប្រមូល​ជនបរទេស​មកពី​គ្រប់ទិសទី ដើម្បី​ឱ្យ​បន្ត​ធ្វើ​ការងារ​ជា​អ្នក​ឆបោក​តាម​អន​ឡាញ​នៅ​តាម​អគារ​ក្រោម​រូបភាព​ជា​កន្លែង​ស្នាក់នៅ​។ លោក​រិះគន់​ថា ចំណាត់ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ក៏​មិនបាន​ធ្វើ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ទាំងនោះ​ខ្លាចញញើត​នោះ​ដែរ ខណៈ​មេខ្លោង​ធំៗ និង​មន្ត្រី​មួយចំនួន​ដែល​មាន​អគារ​ជួល​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ចិន​ពួកគេ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ។

លោក អ៊ិន គង់ជិត៖ «កន្លង​មក​នេះ យើង​វាយតម្លៃ​ថា វា​ជា​រូបភាព​បង្ក្រាប​គ្រាន់តែ​ជា​ការ​មើលរូប​ភាព​ទៅ​គឺ​ហាក់ដូចជា​សស្រាក់សស្រាំ ប៉ុន្តែ​មិនបាន​ចាប់​មេខ្លោង​ធំៗ​ដែល​ពាក់ព័ន្ធ​។ យើង​ដឹង​ថា មាន​មន្ត្រីរាជការ​ខ្លះ ឬក៏​កងកម្លាំង​ខ្លះ​ពាក់ព័ន្ធ​ទៅ​នឹង​កន្លែង​ទីតាំង​ដែល​ជួល និង​ផ្ដល់​ឱ្យ​ក្រុមជន​ស្កេម​អន​ឡាញ (Scam Online) ហ្នឹង ប៉ុន្តែ​មកដល់ពេលនេះ​អត់​ទាន់​មានការ​ចោទប្រកាន់​ទៅលើ​អ្នក​ណាមួយ​។ អ៊ីចឹង​ធ្វើ​ឱ្យ​វា​អត់​បាត់​ភ្លាមៗ​ទេ ពួក​មេ​ស្កេម​អន​ឡាញ​ហ្នឹង​គឺ​មាន​គំនិត​ខ្ពស់ ចេះ​បម្លែង​ធ្វើ​ម៉េច​កុំឱ្យ​វា​ពាក់ព័ន្ធ​ជាមួយនឹង​ផ្លូវច្បាប់ ពួកគេ​មិន​បាន​បាត់​ទៅណា​ទេ គ្រាន់តែ​ផ្អាក​សកម្មភាព​មួយរយៈ រក​កន្លែង​រូបភាព​ផ្សេងៗ​ទៀត​ដែល​ជា​លក្ខណៈ​តូចតាច»។

ក្រៅពី​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) មកដល់ពេលនេះ មាន​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ២​នាក់​ហើយ​នោះ​គឺ​អ្នកឧកញ៉ា លី យ៉ុងផាត់ និង​អ្នកឧកញ៉ា កុក អាន ត្រូវ​​​​​​​​​​​​បាន​រដ្ឋាភិបាល​អាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ ដោយសារតែ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​។ ចំណែក សមាជិក​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដូចជា លោក ហ៊ុន តូ រួម​ទាំង​អ្នកជំនួញ​ល្បីឈ្មោះ​ខាង​កាប់​ឈើ​គឺ​លោក ទ្រី ភាព ទោះបីជា​មិនទាន់​មានឈ្មោះ​ជាប់​ក្នុង​ទណ្ឌកម្ម​ដោយ​ផ្ទាល់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​នេះ ក៏​អាមេរិក​បាន​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​របស់​ពួកគេ​មួយចំនួន​រួច​មក​ហើយ។

អ្នកឃ្លាំមើល​យល់ថា ការ​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា នឹង​មិន​អាច​សម្រេច​បាន​ឡើយ ដរាបណា​មេខ្លោង​ធំៗ​ទាំងនេះ​នៅតែ​ទទួល​បាន​ការ​កាង​ការពារ​ពី​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​»។ ពួកគាត់​ក៏​ព្រួយបារម្ភ​ថា អំពើ​ឧក្រិដ្ឋ​កម្ម​នេះ​នឹង​បន្ត​ប៉ះពាល់​ដល់​សេដ្ឋកិច្ច មុខមាត់​ប្រទេសជាតិ និង​ជីវភាព​ពលរដ្ឋ​ក្នុង​រយៈពេល​វែង​បន្ថែម​ទៀត ខណៈ​បណ្ដាញ​ឧក្រិដ្ឋជន​កាន់តែ​ពង្រីក​សកម្មភាព​ឆបោក​លើ​ទឹកដី​កម្ពុជា​ឥត​ឈប់ឈរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ