

អាជ្ញាធរកម្ពុជាបន្តបណ្ដេញជនជាតិចិនជាង ៦រយនាក់ត្រឡប់ទៅប្រទេសកំណើតវិញពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ ទន្ទឹមគ្នានេះ ទីតាំងនៅតាមបណ្ដាខេត្តមួយចំនួននៃប្រទេសកម្ពុជានៅតែជាជម្រករបស់បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញដែលសមត្ថកិច្ចបង្ក្រាបមិនចេះអស់ ខណៈចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលក៏រងការរិះគន់ថា ពុំសូវមានប្រសិទ្ធភាព។
រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ចាត់ទុកវិធានការបណ្ដាញជនបរទេសដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញគឺជាការរួមចំណែកដើម្បីកាត់បន្ថយអំពើឧក្រិដ្ឋកម្មនេះចេញពីទឹកដីកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះពោលចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា សមត្ថកិច្ចបានបណ្ដេញជនជាតិចិនសរុបចំនួន ៦៤៨នាក់ឱ្យត្រឡប់ទៅប្រទេសកំណើតវិញដោយសារតែពួកគេ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញ និងស្នាក់នៅធ្វើការខុសច្បាប់។ អាជ្ញាធរអះអាងថា វិធានការនេះធ្វើឡើងក្នុងគោលបំណងការពារសុវត្ថិភាពសាធារណជន រួមទាំងបន្តការស៊ើបអង្កេតបង្ក្រាបមេខ្លោងនៅពីក្រោយ និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពឆបោកតាមអនឡាញ។
គិតចាប់តាំងពីដើមឆ្នាំ២០២៥ ដល់ខែមេសា ឆ្នាំ២០២៦ មក អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេសពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាង ១៣ម៉ឺននាក់ចេញពីកម្ពុជា រីឯជនបរទេសចម្រុះជាតិសាសន៍ជាង ២៤ម៉ឺននាក់ផ្សេងទៀតបានរិះរកមធ្យោបាយធ្វើដំណើរចាកចេញពីកម្ពុជាដោយខ្លួនឯង។ អង្គការអន្តរជាតិរកឃើញថា ជនរងគ្រោះដែលរស់រានមានជីវិតចេញពីមណ្ឌលអគារឆបោកតាមអនឡាញនៅកម្ពុជាមានដូចជា ជនជាតិបងក្លាដែស្ហ (Bangladeshi) ចិន (Chinese) ជនជាតិឥណ្ឌា (Indian) មីយ៉ាន់ម៉ា (Myanmar) ស្រីលង្កា (Sri Lankan) អាហ្វ្រិកខាងត្បូង (South African) ថៃ (Thai) វៀតណាម (Vietnamese) និងជនជាតិហ្ស៊ីមបាវ៉េ (Zimbabwean) ជាដើម។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិកន្លងទៅរកឃើញថា ជនបរទេសភាគច្រើនដែលត្រូវបានសមត្ថកិច្ចបង្ក្រាបនៅតាមមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជាគឺជាជនរងគ្រោះ ដោយអ្នកខ្លះត្រូវបានបណ្ដាញឧក្រិដ្ឋជនបោកបញ្ឆោតកុហកថា មានការងារទទួលបានប្រាក់ខែខ្ពស់។ ប៉ុន្តែពេលពួកគេមកដល់កម្ពុជាជនរងគ្រោះក៏ត្រូវបានបណ្ដាញឧក្រិដ្ឋជនដកហូតលិខិតឆ្លងដែន ធ្វើទារុណកម្ម និងបង្ខាំងទុកក្នុងអគារ ដើម្បីបង្ខំឱ្យធ្វើការជាអ្នកឆបោកតាមអនឡាញ។ ជនរងគ្រោះខ្លះដែលមិនអាចទ្រាំទ្រនឹងការធ្វើទារុណកម្មក៏សម្រេចបញ្ចប់ជីវិតខ្លួនឯងតាមរយៈការលោតសម្លាប់ខ្លួនពីលើអគារជាដើម។
ទន្ទឹមនឹងមានវិធានការបង្ក្រាប និងបណ្ដេញជនបរទេសនេះ បណ្ដាញឧក្រិដ្ឋជននៅតែបន្តសកម្មភាពឥតឈប់ឈរក្នុងការប្រើប្រាស់ទឹកដីកម្ពុជាសម្រាប់បង្កើតជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ នៅតាមបណ្ដាខេត្តមួយចំនួនបន្តក្លាយជាទីជម្រកឧក្រិដ្ឋជនដែលសមត្ថកិច្ចបង្ក្រាបមិនចេះអស់ឡើយ។ ជាក់ស្ដែងនៅថ្ងៃទី២០ ខែឧសភា កម្លាំងសមត្ថកិច្ចបន្តឡោមព័ទ្ធអគារអនឡាញមួយកន្លែងស្ថិតនៅក្រុងប៉ោយប៉ែតដោយបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ជាច្រើននាក់។ ក្នុងថ្ងៃដដែលនេះនៅឯខេត្តស្វាយរៀង និងនៅរាជធានីភ្នំពេញឯណោះវិញ កម្លាំងសមត្ថកិច្ចក៏បន្តឡោមព័ទ្ធបង្ក្រាបជនបរទេសដែលបន្តធ្វើការពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនៅតាមសណ្ឋាគារ និងអគារភោជនីយដ្ឋានផងដែរ។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី១៩ ខែឧសភា អនុគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលោក ឆៃ ស៊ីណារិទ្ធ ថ្លែងថា ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើឆបោកតាមអនឡាញនេះកំពុងបង្កលក្ខណៈកាន់តែស្មុគស្មាញដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការពីអន្តរជាតិ។ លោកអះអាងថា រដ្ឋាភិបាលកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ ដើម្បីពង្រឹងលើការបង្ក្រាបជនល្មើស និងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជនយកកម្ពុជាធ្វើជាទីតាំងជម្រកឧក្រិដ្ឋកម្មទៀតឡើយ។
ជុំវិញបញ្ហានេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ជំរុញឱ្យរដ្ឋាភិបាលបង្ហាញតម្លាភាពដោយអនុញ្ញាតឱ្យអង្គការជាតិ និងអន្តរជាតិចូលរួមត្រួតពិនិត្យប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមអនឡាញ។ លោកបន្តថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនឹងជួយធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ និងឈានទៅបង្ក្រាបមេខ្លោងធំៗដែលនៅពីក្រោយឧក្រិដ្ឋកម្មនេះ។
លោក ឌី ថេហូយ៉ា៖ «ដើម្បីឱ្យបាត់កុំឱ្យមានអំពើបោកប្រាស់តាមអនឡាញនេះបន្ត វាទាល់តែរដ្ឋាភិបាលត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពចាត់ការមេខ្លោងគ្រប់លំដាប់ថ្នាក់ហ្នឹងចាប់យក ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ បើកាលណាមេខ្លោងអស់ គឺកូនចៅក៏លែងមានដែរព្រោះអ្នករងគ្រោះ គឺរងគ្រោះដោយសារមេខ្លោងហ្នឹង អាហ្នឹងទីមួយ។ ទីពីរ នៅពេលដែលចុះបង្ក្រាបក៏ត្រូវតែបង្ក្រាបឱ្យមែនទែន កុំឱ្យមានរត់ប្រសេចប្រសាច។ បើទៅអគារណា ត្រូវបិទអគារហ្នឹងឱ្យជិត ដើម្បីចាប់ឱ្យបាន ចំពោះមេខ្លោង ចំពោះឧក្រិដ្ឋជននៅតាមមូលដ្ឋានហ្នឹង»។
បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញបានផ្លាស់ប្ដូរទម្រង់ការងារថ្មីដោយប្រមូលជនរងគ្រោះបង្ខាំងឱ្យបន្តធ្វើការនៅតាមផ្ទះល្វែង ឬអគារតូចៗ និងនៅតាមផ្ទះជួលក្នុងតំបន់ទីជនបទដែលមានចំនួនមនុស្សធ្វើការតិចជាងមុន ដើម្បីគេចចេញពីការរំខានរបស់សមត្ថកិច្ច។ អ្នកឃ្លាំមើលវាយតម្លៃថា មូលហេតុដែលបណ្ដាញឧក្រិដ្ឋជននៅតែអាចរៀបចំផែនការផ្លាស់ប្ដូរទម្រង់ការងារបែបនេះ ដោយសារតែមេខ្លោងសំខាន់ៗដែលជាមន្ត្រីឧកញ៉ាឈ្មួញគ្រាក់ៗកាងពីក្រោយឧក្រិដ្ឋកម្មកំពុងរស់នៅក្រៅសំណាញ់ច្បាប់ និងថែមទាំងទទួលបានការការពារពីរដ្ឋាភិបាលត្រកូល «ហ៊ុន» ថែមទៀត៕









