

រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវចាត់វិធានការជាបន្ទាន់ដោយប្តឹងភាគីថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីការពារទឹកដីខ្មែរចំនួន៦២ទីតាំង ដែលថៃកំពុងគ្រប់គ្រង កុំឲ្យបាត់បង់ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល(Anutin Charnvirakul) ប្រកាសលែងទទួលស្គាល់ និងប្រើប្រាស់ផែនទីខ្នាត១/២០០.០០០ ពីសម័យអាណានិគមបារាំងសម្រាប់ការកំណត់ព្រំដែនជាមួយកម្ពុជាតទៀត។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ភាគីថៃ មិនអាច ប្រកាសមិនទទួលស្គាល់ផែនទីខ្នាត១/២០០០០០ ដែលជាផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ ជាឯកតោភាគីបានទេ ព្រោះតាមអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩០៤ ច្បាប់ស្ដីពីសន្ធិសញ្ញា គឺគេតម្រូវឲ្យយកមរតករបស់អាណានិគម គឺមរតករបស់បារាំងយកមកប្រើ។ ថៃក៏មិនអាចប្រើផែនទីខ្នាត១/៥០.០០០ ដែលគូសដោយភាគីថៃខ្លួនឯងបាននោះទេ។
លោក អ៊ុំ សំអាន បន្ថែមទៀតថា ថៃមិនទទួលស្គាល់ផែនទីខ្នាត១/២០០.០០០ ដែលជាផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ គឺ វាផ្ទុយទៅនឹង អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្ដីពីដែនគោកដែលគេតម្រូវឲ្យប្រើ ផែនទីខ្នាត១/២០០.០០០ ហើយបើថៃចង់ប្រើ ផែនទីខ្នាត១/៥០០០០ គឺវាផ្ទុយទៅនឹងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។
ជុំវិញ បញ្ហានេះ លោក អ៊ុំ សំអាន បន្ថែមទៀតថា បើសិនជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នូវប្រកាន់ជំហរទន់ជ្រាយ ពេលនោះថៃនឹងប្រើផែនទីខ្នាត១/៥០.០០០ ហើយទឹកដីខ្មែរដែលថៃកំពុងគ្រប់គ្រងចំនួន៦២ទីតាំង ថៃនឹងមិនប្រគល់មកឲ្យកម្ពុជាវិញនោះទេ។
លោក អ៊ុំ សំអាន៖ «កម្ពុជាត្រូវបញ្ឈប់ចរចាទ្វេភាគីជាមួយថៃ បើថៃមិនទទួលស្គាល់ផែនទីខ្នាត១/២០០.០០០ ទៅចរចាជាមួយថៃប្រាកដជាថៃ បង្ខំឲ្យកម្ពុជាទទួលស្គាល់ផែនទីខ្នាត១/៥០០០០ របស់ថៃ ហើយទទួលស្គាល់ទឹកដីខ្មែរដែលថៃឈ្លានពានហ្នឹងហើយ»។
លោក អ៊ុំ សំអាន បន្ថែមទៀតថា កម្ពុជាត្រូវប្រញាប់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប្ដឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយប្តឹងថៃ ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលទម្លាក់គ្រាប់បែកមកលើប្រាសាទ លំនៅឋានជនស៊ីវិល ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ផងដែរ។
ការអះអាងរបស់ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា បន្ទាប់ពី នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងបទសម្ភាសន៍ក្រៅផ្លូវការមួយថា រដ្ឋាភិបាលថៃលែងទទួលស្គាល់ និងប្រើប្រាស់ផែនទីខ្នាត១/២០០.០០០ ដែលមានប្រភពពីសម័យអាណានិគមបារាំងសម្រាប់ការកំណត់ព្រំដែនជាមួយកម្ពុជាទៀតហើយ។ ការប្រកាសនេះធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសបារាំង ជាទីដែលលោកបានជួបពិភាក្សាជាមួយប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅទីក្រុងប៉ារីស។
លោក អានុទីន ចាន់វីរៈគុល បានអះអាងថា បច្ចុប្បន្នថៃ ប្រើប្រាស់ផែនទីខ្នាត១/៥០.០០០ ដែលត្រូវបានរៀបចំឡើងដោយភាគីថៃខ្លួនឯង ហើយចាត់ទុកថាមានភាពត្រឹមត្រូវខ្ពស់ជាងផែនទីសម័យអាណានិគមបារាំង។ លោកបានបញ្ជាក់ថា មាត្រដ្ឋាន១/២០០.០០០ ដែលកម្ពុជាយោងប្រើប្រាស់សម្រាប់កំណត់ព្រំដែននោះ “លែងមានទៀតហើយ” សម្រាប់ភាគីថៃ ហើយការអនុវត្តផែនទីបែបនេះមិនស្ថិតក្នុងគោលនយោបាយរបស់រដ្ឋាភិបាលថៃបច្ចុប្បន្នឡើយ។
អ្នកសង្កេតការណ៍ អះអាងថា ការបដិសេធរបស់ថៃចំពោះផែនទីដែលមានមូលដ្ឋានលើសន្ធិសញ្ញាប្រវត្តិសាស្ត្រ បើពិនិត្យលើផែនទីឯកតោភាគីរបស់ថៃខ្នាត ១/៥០.០០០ បានបង្ហាញថា ពួកគេបានបញ្ចូលទឹកដីខ្មែរជាច្រើនកន្លែងនៅតំបន់ព្រំដែនទៅក្នុងផែនទីនោះ ដែលភាគច្រើនជាតំបន់យុទ្ធសាស្ត្រសំខាន់ៗ។ ផែនទីខា្នត ១/៥០.០០០ នេះ ក៏ត្រូវបាប្រើជាឧបករណ៍ជំរុញឲ្យកើតកម្លាំងជាតិនិយមជ្រុល ដើម្បីឱ្យពលរដ្ឋថៃគិតថាទឹកដីខ្មែរដែលត្រូវបានមេដឹកនាំថៃដាក់បញ្ចូលទៅក្នុងផែនទីនោះគឺជាទឹកដីរបស់គេ។
ជុំវិញបញ្ហានេះ អ្នកសង្កេតការណ៍ លើកឡើងថា ផែនទីដែលថៃគូរដោយខ្លួនឯងមិនមានអន្តរជាតិទទួលដឹងលឺឡើយ គឺផែនទីលេខ L៧០១៦ ផលិតនៅឆ្នាំ១៩៧១ និងផែនទីលេខL៧០១៧ ផលិតនៅឆ្នាំ១៩៨៤ ដែលជាផែនទីទាំងនេះមានខ្នាត ១/៥០.០០០។ ផែនទីដែលភាគីថៃគូរដោយឯកតោភាគីមានខ្លឹមសារផ្ទុយពីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ទាំងស្រុង ជុំវិញការកំណត់ព្រំដែនរវាងកម្ពុជា-ថៃនោះ។
កាលពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ប្រាប់ទៅភាគីថៃថា កម្ពុជាបដិសេធយ៉ាងដាច់ខាត និងមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគី។ កម្ពុជាប្រកាន់យកសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្តិ និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា(MOU) ឆ្នាំ២០០០ ។ ក្នុងអនុស្សរណៈនេះ ភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន។
អ្នកឃ្លាំមើលសង្គមអះអាងថា បើកម្ពុជាបោះបង់ផែនទីខ្នាត១/២០០.០០០ ហើយទទួលយក ផែនទីខ្នាត ១/៥០.០០០របស់ថៃ នឹងធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។ ដូច្នេះ កម្ពុជាគ្មានជម្រើសណាល្អជាង ការប្តឹងថៃ ទៅតុលាការអន្តរជាតិ (ICJ) ដោយប្រើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១០៩៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីបារាំងខ្នាត១/២០០.០០០ ស្ដីពីការកំណព្រំដែនគោកកម្ពុជា-ថៃ នោះទេ។
អ្នកឃ្លាំមើលសង្គម បន្ថែមថា មូលដ្ឋានភស្តុតាងរឹងមាំរបស់កម្ពុជា គឺជាផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ដែលគូរដោយបារាំងអំឡុងឆ្នាំ១៩០៨ និងត្រូវបានតម្កល់នៅសហរដ្ឋអាមេរិក។ ផែនទីទាំងនោះ មានចំនួន ១៨ផ្ទាំង ដែលមានខ្នាត ១/២០០.០០០ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕









