ថៃ​ចល័ត​កម្លាំង​ទ័ព​នៅ​តាម​ព្រំដែន ក្រោយ​មាន​ជម្លោះ​ប្រទាញប្រទង់​គ្នា​ជាមួយ​ទាហាន​ខ្មែរ​នៅ​តំបន់​មុំបី

0
41
ទិដ្ឋភាពទាហានថៃដឹកកង់ឡាន​ធ្វើលេណដ្ឋាន និងចូលអុកឡុក​នៅក្នុងដីខ្មែរ នៅ​ច្រកមុំបី ខេត្ត​ព្រះវិហារ នៅដើមខែ​មិថុនា ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពទាហានថៃដឹកកង់ឡាន​ធ្វើលេណដ្ឋាន និងចូលអុកឡុក​នៅក្នុងដីខ្មែរ នៅ​ច្រកមុំបី ខេត្ត​ព្រះវិហារ នៅដើមខែ​មិថុនា ២០២៦។ រូប៖ បណ្ដាញសង្គម

យោធា​ថៃ​បាន​ពង្រឹងកម្លាំង​នៅ​តាម​ព្រំដែន​ឡើងវិញ បន្ទាប់ពី​មាន​ភាព​តានតឹង និង​ទំនាស់​ពាក្យសម្ដី​តឹងសរសៃក ជាមួយ​ទាហាន​ខ្មែរ​នៅ​តាម​ព្រំដែន​ខេត្តព្រះវិហារ។ ភាព​តានតឹង​នេះ បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​បាន​ភៀសខ្លួន​ជា​បណ្ដោះអាសន្ន ដោយសារ​បារម្ភ​ពី​ការ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​ជា​លើក​ទី​៣។

បន្ទាប់ពី​មាន​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន ពេលនេះ​យោធា​ថៃ​បាន​ដំឡើង​សាច់ដុំ​ឡើងវិញ​ហើយ តាមរយៈ​ការ​បញ្ជូន​កម្លាំង​ទ័ព​មកកាន់​តំបន់​ព្រំដែន​កម្ពុជា។

ទាហាន​ថៃ​បាន​និយាយ​នៅក្នុង​វីដេអូ ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​អំពី​ការ​ចល័ត​ទ័ព​ទៅកាន់​តំបន់​ព្រំដែន​កម្ពុជា ក្នុង​ខេត្តព្រះវិហារ ឧត្ដរមានជ័យ និង​បន្ទាយមានជ័យ ថា ការ​ចល័ត​ទ័ព​នេះ គឺ​ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​តាម​បណ្ដោយ​ព្រំដែន​។ ទាហាន​ភាគច្រើន​ទាហាន​ដែល​បាន​បញ្ជូន​មក​តំបន់​ព្រំដែន​កម្ពុជា​នេះ ភាគច្រើន​ជា​កងទ័ព​ថ្មើរជើង កងកម្លាំង​ឈុត​ខ្មៅ និង​កងវិស្វកម្ម រួម​ទាំង​សព្វាវុធ​ធុន​ធ្ងន់​មួយ​ចំនួន​ទៀត មាន​ដូចជា​កាំភ្លើង​ធំ​ប្រភេទ ១៥៥ និង​១០៥ មិល្លីម៉ែត្រ មួយចំនួន ខណៈ​រថពាសដែក និង​យាន​ចម្បាំង នៅ​មិន​មាន​ការ​បង្ហាញ​នោះ​ឡើយ​ទេ។

ការ​ចល័ត​ទ័ព​របស់​ភាគី​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ឈ្លោះប្រកែក​គ្នា រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ​នៅ​តំបន់​ព្រំដែន​មុំ​បី ក្នុង​ខេត្តព្រះវិហារ ដែល​ជាប់​នឹង​ស្រុក​ណាំយឺន ខេត្ត​ឧប៊ុនរ៉ាចាថានី របស់​ថៃ កាលពី​ថ្ងៃទី​២ ខែមិថុនា ដែល​បង្កឡើង​ដោយ​ទាហាន​ថៃ​មួយ​ក្រុម បាន​ចូល​ទៅ​រាយ​បន្លា​លួស​នៅក្នុង​ទឹកដី​កម្ពុជា ហើយ​ត្រូវ​ទាហាន​ខ្មែរ​ចេញ​មក​រារាំង​។ ក្នុង​ហេតុការណ៍​នេះ ទាហាន​ខ្មែរ​បាន​ចេញ​មក​ទប់ស្កាត់​ទាហាន​ថៃ​មិន​ឱ្យ​រាយ​បន្លា​លួស ដោយ​បញ្ជាក់​ទៅកាន់​ភាគី​ថៃ​ថា ទីតាំង​នេះ​គឺ​ស្ថិត​ក្នុង​ទឹកដី​របស់​កម្ពុជា ក៏ប៉ុន្តែ​ទាហាន​ថៃ​បាន​អះអាង​ថា សកម្មភាព​រាយ​បន្លា​លួស​នេះ ធ្វើឡើង​នៅក្នុង​ទឹកដី​ថៃ និង​ចោទប្រកាន់​មក​លើ​ទាហាន​ខ្មែរ​ថា មាន​ចេតនា​បង្ករឿង​ជាមួយ​ទាហាន​ថៃ។

ភាគី​ទាំង​ពីរ​បាន​ឈ្លោះប្រកែក​គ្នា រហូត​ឈាន​ទៅដល់​ការ​ជេរប្រមាទ និង​ប្រទាញប្រទង់​គ្នា​ទៅវិញទៅមក រហូតដល់​មេបញ្ជាការ​ប្រចាំ​តំបន់​របស់​ប្រទេស​ទាំងពីរ​បាន​ជជែក​គ្នា ទើប​ភាគី​ថៃ​បាន​ដក​កម្លាំង​ទៅវិញ ដោយ​បន្សល់ទុក​បន្លា​លួស​មួយចំនួន ខណៈ​ភាគី​កម្ពុជា បាន​បន្សល់ទុក​ទាហាន​មួយចំនួន​ឱ្យ​ឃ្លាំមើល​ដើម្បី​ការពារ​កុំឱ្យ​ទាហាន​ថៃ​ចូល​មក​រាយ​បន្លា​លួស​ម្ដងទៀត។

ទាហាន​ខ្មែរ​មួយ​រូប ដែល​កំពុង​ឈរជើង​នៅ​ខេត្តព្រះវិហារ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ស្ថានភាព​នៅ​តំបន់​មុំ​បី នៅ​ពេល​នេះ​កាន់តែ​តានតឹង​ខ្លាំង​ទៅ​ហើយ ដោយ​ទាហាន​ភាគី​កម្ពុជា និង​ថៃ បាន​បញ្ចូល​គ្រាប់​ក្នុង​បង់ និង​បង្កើន​ការប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន​។ លោក​បញ្ជាក់​ថា ករណី​ឈ្លោះប្រកែក​គ្នា​រវាង​ទាហាន​ខ្មែរ ជាមួយ​ទាហាន​ថៃ​នេះ បាន​កើតមានឡើង​រាល់ថ្ងៃ​ទៅ​ហើយ ដោយ​នៅ​ពេលខ្លះ​ទាហាន​ថៃ​បាន​ជេរប្រមាថ​ភ្ជង់​កាំភ្លើង​បាញ់​ឡើងលើ និង​គំរាម​បណ្ដេញ​ទាហាន​ខ្មែរ​ឱ្យ​ចេញពី​តំបន់​ល្បាត​ក្នុង​ទឹកដី​កម្ពុជា​ទៀត​ផង។

ទាហាន​រូប​នេះ លើកឡើង​ថា បច្ចុប្បន្ន​នេះ​ស្ថានភាព​ជម្លោះ​រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ នៅ​ត្រឹម​កម្រិត​ពាក្យសម្ដី និង​កាន់​ទូរស័ព្ទ​ថត​គ្នា​ទៅវិញទៅមក ក៏ប៉ុន្តែ​ត​ទៅមុខ​ទៀត វិវាទ​នេះ​អាច​ផ្ទុះ​ទៅជា​សង្គ្រាម​ដោយ​កាណុង​កាំភ្លើង​ក៏​អាច​ថា​បាន ព្រោះ​ទាហាន​ថៃ​បាន​ផ្ទុះអាវុធ និង​បាញ់​មក​លើ​ទីតាំង​លេណដ្ឋាន​ទាហាន​ខ្មែរ​ជាច្រើនលើក ក្រោយពេល​មានការ​ឈ្លោះប្រកែក​គ្នា​រួច។

ពាក់ព័ន្ធ​រឿង​វិវាទ​ព្រំដែន​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ថ្ងៃទី​៣ ខែ​មិថុនា នេះ​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន គឺ​ត្រូវការ​ពេលវេលា និង​ការ​ដោះស្រាយ​ដោយ​ផ្អែក​តាមផ្លូវ​ច្បាប់​ជា​មូលដ្ឋាន។

លោក ហ៊ុន ម៉ាណែត៖ «​ចង់​វា​ប្រើ​ពេល ប៉ុន្តែ​វា​ប្រសើរ​ជាង​បញ្ជូនទាហាន​ទៅ​ច្បាំង​គ្នា​ស្លាប់ ហើយ​ដោះស្រាយ​មិន​ចេញ មក​ចរចា​ដដែល​ដោយ​មិន​ចាំបាច់ ដរាបណា យើង​នៅ​មាន​ការ​ដោះស្រាយ​បញ្ហា​ជាតិ ទឹកដី ដោយ​សន្តិវិធី ហើយ​ជឿ​ចុះ គ្មាន​ការ​ដោះស្រាយ​ដោយ​កម្លាំង​មួយ​ណា​ដែល​មាន​ស្ថិរភាព​ទេ»។

ចំណែក​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ថៃ លោក អាឌុល ប៊ុនថាំចារើន (Adul Boonthamcharoen) បាន​អះអាង​ថា ស្ថានភាព​នៅ​តំបន់​ព្រំដែន​កម្ពុជា មាន​ភាព​ស្ងប់ស្ងាត់​ធម្មតា ក៏ប៉ុន្តែ​យោធា​ថៃ​បាន​ត្រៀមខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ផង​ដែរ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​លើក​ទី​បី រវាង​កម្ពុជា និង​ថៃ មាន​ភាគរយ​តិចតួច ក្នុង​ស្ថានភាព​នេះ ប្រសិនបើ​កម្ពុជា​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ការពារ​ខ្លួន​ក្នុង​កម្រិត​ខ្លាំង នោះ​ភាគី​ថៃ​អាច​នឹង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង។

លោក អ៊ុំ សំអាន៖ «​ហើយ​តែ​ចិន​មានប្រៀប​យក​ទឹកដី​ខ្មែរ​យើង​បាន​សម្រេចចិត្ត​គាត់​មានការ​ទប់ស្កាត់​អញ្ចឹង​ចាំបាច់​ចំណាយ​សព្វាវុធ​នាំ​ឱ្យ​អស់​លុយ​ធ្វើ​អី​ចាំបាច់​ចំណាយ​ជីវិត​ទាហាន​គេ​ធ្វើ​អី ចង់បាន​កន្លែង​ណា​ដាក់​បន្លា​លួស​យក​កន្លែង​នោះ​ទៅ​បាន​ហើយ ដូច្នេះ​ខ្ញុំ​យល់ថា​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​វា​មាន​តិច​ណាស់​លើកលែងតែ​កម្ពុជា​ប្រើ​ស្វ័យការពារ​អី​អាហ្នឹង​វា​អាច»។

ក្រៅ​តែ​ពី​ចល័ត​ទ័ព​នៅ​តាម​ព្រំដែន​ហើយ​នោះ យោធា​ថៃ​បាន​ធ្វើ​សមយុទ្ធ បញ្ជា​ទិញ​យន្តហោះ​ចម្បាំង សព្វាវុធ​ធុន​ធ្ងន់ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​វិស័យ​យោធា​បន្ថែម​ទៀត ដើម្បី​ត្រៀម​សម្រាប់​ធ្វើ​សង្គ្រាម ដែល​កំពុង​កើតមាន​នៅ​តាម​ព្រំដែន​របស់​ថៃ ជាពិសេស​គឺ​នៅ​តំបន់​ព្រំដែន​កម្ពុជា​នេះ​តែម្ដង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ