

យោធាថៃបានពង្រឹងកម្លាំងនៅតាមព្រំដែនឡើងវិញ បន្ទាប់ពីមានភាពតានតឹង និងទំនាស់ពាក្យសម្ដីតឹងសរសៃក ជាមួយទាហានខ្មែរនៅតាមព្រំដែនខេត្តព្រះវិហារ។ ភាពតានតឹងនេះ បានបណ្ដាលឱ្យប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែន នៃប្រទេសទាំងពីរបានភៀសខ្លួនជាបណ្ដោះអាសន្ន ដោយសារបារម្ភពីការផ្ទុះសង្គ្រាមតាមព្រំដែនជាលើកទី៣។
បន្ទាប់ពីមានភាពតានតឹងនៅតំបន់ព្រំដែន ពេលនេះយោធាថៃបានដំឡើងសាច់ដុំឡើងវិញហើយ តាមរយៈការបញ្ជូនកម្លាំងទ័ពមកកាន់តំបន់ព្រំដែនកម្ពុជា។
ទាហានថៃបាននិយាយនៅក្នុងវីដេអូ ដែលបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បានបង្ហាញអំពីការចល័តទ័ពទៅកាន់តំបន់ព្រំដែនកម្ពុជា ក្នុងខេត្តព្រះវិហារ ឧត្ដរមានជ័យ និងបន្ទាយមានជ័យ ថា ការចល័តទ័ពនេះ គឺដើម្បីពង្រឹងសន្តិសុខនៅតាមបណ្ដោយព្រំដែន។ ទាហានភាគច្រើនទាហានដែលបានបញ្ជូនមកតំបន់ព្រំដែនកម្ពុជានេះ ភាគច្រើនជាកងទ័ពថ្មើរជើង កងកម្លាំងឈុតខ្មៅ និងកងវិស្វកម្ម រួមទាំងសព្វាវុធធុនធ្ងន់មួយចំនួនទៀត មានដូចជាកាំភ្លើងធំប្រភេទ ១៥៥ និង១០៥ មិល្លីម៉ែត្រ មួយចំនួន ខណៈរថពាសដែក និងយានចម្បាំង នៅមិនមានការបង្ហាញនោះឡើយទេ។
ការចល័តទ័ពរបស់ភាគីថៃនេះ ធ្វើឡើងបន្ទាប់ពីមានករណីឈ្លោះប្រកែកគ្នា រវាងទាហានខ្មែរ និងទាហានថៃនៅតំបន់ព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ ដែលជាប់នឹងស្រុកណាំយឺន ខេត្តឧប៊ុនរ៉ាចាថានី របស់ថៃ កាលពីថ្ងៃទី២ ខែមិថុនា ដែលបង្កឡើងដោយទាហានថៃមួយក្រុម បានចូលទៅរាយបន្លាលួសនៅក្នុងទឹកដីកម្ពុជា ហើយត្រូវទាហានខ្មែរចេញមករារាំង។ ក្នុងហេតុការណ៍នេះ ទាហានខ្មែរបានចេញមកទប់ស្កាត់ទាហានថៃមិនឱ្យរាយបន្លាលួស ដោយបញ្ជាក់ទៅកាន់ភាគីថៃថា ទីតាំងនេះគឺស្ថិតក្នុងទឹកដីរបស់កម្ពុជា ក៏ប៉ុន្តែទាហានថៃបានអះអាងថា សកម្មភាពរាយបន្លាលួសនេះ ធ្វើឡើងនៅក្នុងទឹកដីថៃ និងចោទប្រកាន់មកលើទាហានខ្មែរថា មានចេតនាបង្ករឿងជាមួយទាហានថៃ។
ភាគីទាំងពីរបានឈ្លោះប្រកែកគ្នា រហូតឈានទៅដល់ការជេរប្រមាទ និងប្រទាញប្រទង់គ្នាទៅវិញទៅមក រហូតដល់មេបញ្ជាការប្រចាំតំបន់របស់ប្រទេសទាំងពីរបានជជែកគ្នា ទើបភាគីថៃបានដកកម្លាំងទៅវិញ ដោយបន្សល់ទុកបន្លាលួសមួយចំនួន ខណៈភាគីកម្ពុជា បានបន្សល់ទុកទាហានមួយចំនួនឱ្យឃ្លាំមើលដើម្បីការពារកុំឱ្យទាហានថៃចូលមករាយបន្លាលួសម្ដងទៀត។
ទាហានខ្មែរមួយរូប ដែលកំពុងឈរជើងនៅខេត្តព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ស្ថានភាពនៅតំបន់មុំបី នៅពេលនេះកាន់តែតានតឹងខ្លាំងទៅហើយ ដោយទាហានភាគីកម្ពុជា និងថៃ បានបញ្ចូលគ្រាប់ក្នុងបង់ និងបង្កើនការប្រុងប្រយ័ត្នរៀងៗខ្លួន។ លោកបញ្ជាក់ថា ករណីឈ្លោះប្រកែកគ្នារវាងទាហានខ្មែរ ជាមួយទាហានថៃនេះ បានកើតមានឡើងរាល់ថ្ងៃទៅហើយ ដោយនៅពេលខ្លះទាហានថៃបានជេរប្រមាថភ្ជង់កាំភ្លើងបាញ់ឡើងលើ និងគំរាមបណ្ដេញទាហានខ្មែរឱ្យចេញពីតំបន់ល្បាតក្នុងទឹកដីកម្ពុជាទៀតផង។
ទាហានរូបនេះ លើកឡើងថា បច្ចុប្បន្ននេះស្ថានភាពជម្លោះរវាងទាហានខ្មែរ និងទាហានថៃ នៅត្រឹមកម្រិតពាក្យសម្ដី និងកាន់ទូរស័ព្ទថតគ្នាទៅវិញទៅមក ក៏ប៉ុន្តែតទៅមុខទៀត វិវាទនេះអាចផ្ទុះទៅជាសង្គ្រាមដោយកាណុងកាំភ្លើងក៏អាចថាបាន ព្រោះទាហានថៃបានផ្ទុះអាវុធ និងបាញ់មកលើទីតាំងលេណដ្ឋានទាហានខ្មែរជាច្រើនលើក ក្រោយពេលមានការឈ្លោះប្រកែកគ្នារួច។
ពាក់ព័ន្ធរឿងវិវាទព្រំដែននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី៣ ខែមិថុនា នេះថា ការដោះស្រាយបញ្ហាព្រំដែន គឺត្រូវការពេលវេលា និងការដោះស្រាយដោយផ្អែកតាមផ្លូវច្បាប់ជាមូលដ្ឋាន។
លោក ហ៊ុន ម៉ាណែត៖ «ចង់វាប្រើពេល ប៉ុន្តែវាប្រសើរជាងបញ្ជូនទាហានទៅច្បាំងគ្នាស្លាប់ ហើយដោះស្រាយមិនចេញ មកចរចាដដែលដោយមិនចាំបាច់ ដរាបណា យើងនៅមានការដោះស្រាយបញ្ហាជាតិ ទឹកដី ដោយសន្តិវិធី ហើយជឿចុះ គ្មានការដោះស្រាយដោយកម្លាំងមួយណាដែលមានស្ថិរភាពទេ»។
ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក អាឌុល ប៊ុនថាំចារើន (Adul Boonthamcharoen) បានអះអាងថា ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា មានភាពស្ងប់ស្ងាត់ធម្មតា ក៏ប៉ុន្តែយោធាថៃបានត្រៀមខ្លួនក្នុងការប្រយុទ្ធផងដែរ។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញថា លទ្ធភាពនៃការផ្ទុះសង្គ្រាមតាមព្រំដែនលើកទីបី រវាងកម្ពុជា និងថៃ មានភាគរយតិចតួច ក្នុងស្ថានភាពនេះ ប្រសិនបើកម្ពុជាប្រើប្រាស់កម្លាំងទ័ពដើម្បីការពារខ្លួនក្នុងកម្រិតខ្លាំង នោះភាគីថៃអាចនឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង។
លោក អ៊ុំ សំអាន៖ «ហើយតែចិនមានប្រៀបយកទឹកដីខ្មែរយើងបានសម្រេចចិត្តគាត់មានការទប់ស្កាត់អញ្ចឹងចាំបាច់ចំណាយសព្វាវុធនាំឱ្យអស់លុយធ្វើអីចាំបាច់ចំណាយជីវិតទាហានគេធ្វើអី ចង់បានកន្លែងណាដាក់បន្លាលួសយកកន្លែងនោះទៅបានហើយ ដូច្នេះខ្ញុំយល់ថាលទ្ធភាពនៃការផ្ទុះសង្គ្រាមវាមានតិចណាស់លើកលែងតែកម្ពុជាប្រើស្វ័យការពារអីអាហ្នឹងវាអាច»។
ក្រៅតែពីចល័តទ័ពនៅតាមព្រំដែនហើយនោះ យោធាថៃបានធ្វើសមយុទ្ធ បញ្ជាទិញយន្តហោះចម្បាំង សព្វាវុធធុនធ្ងន់ និងអភិវឌ្ឍបច្ចេកវិទ្យាវិស័យយោធាបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ធ្វើសង្គ្រាម ដែលកំពុងកើតមាននៅតាមព្រំដែនរបស់ថៃ ជាពិសេសគឺនៅតំបន់ព្រំដែនកម្ពុជានេះតែម្ដង៕









