

ក្រុមហ៊ុនរុករករ៉ែចំនួន៣ កំពុងឈូសឆាយរំលោភយកដីស្រែចម្ការរបស់ជនជាតិដើមភាគតិចនៅក្នុងស្រុកចំនួន២ នៅខេត្តរតនគិរី ។ ពលរដ្ឋចោទអាជ្ញាធរមូលដ្ឋានថា បានចេញមុខកាងការពារក្រុមហ៊ុនឯកជន និងបង្ខំឲ្យពលរដ្ឋទទួលយកសំណងមិនសមរម្យដែលក្រុមហ៊ុនបានផ្ដល់។ សង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធររកដំណោះស្រាយ ដល់ពលរដ្ឋរងគ្រោះឲ្យបានសមរម្យ និងយុត្តិធម៌។
ក្រុមហ៊ុនចំនួន៣ ដែលកំពុងរុករករ៉ែលោហៈ ធ្វើឱ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់ជនជាតិដើមភាគតិច រួមមាន ក្រុមហ៊ុន ហ្គោលដេន ជេនើរេសិន និងក្រុមហ៊ុន ខេមបូឌាន ស៊ានចាម ដែលក្រុមហ៊ុនទាំងពីរនេះ ទទួលបានសិទ្ធិរុករករ៉ែ ក្នុងភូមិសាស្ត្រឃុំបរខាំ ឃុំយ៉ាទុង និងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។ ចំណែកក្រុមហ៊ុនចិន ឈ្មោះ ស្វីស រ៉ាប់បឺរ លីមីធីត កំពុងរំលោភយកដីស្រែចម្ការរបស់ពលរដ្ឋរាប់រយគ្រួសារ នៅឃុំល្បាំងពីរ ស្រុកលំផាត់ នៅខេត្តរតនគិរី។
តំណាងពលរដ្ឋនៅភូមិគងធំ លោក ជឹម ដាវេន អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០៣ ខែមិថុនា ថាបច្ចុប្បន្នមានក្រុមហ៊ុនចំនួន២ កំពុងរុករករ៉ែលោហៈ ធ្វើឲ្យប៉ះពាល់ដីស្រែចម្ការរបស់ជនជាតិដើមភាគតិចរាប់រយគ្រួសារ នៅស្រុកអូរយ៉ាដាវ។ ពលរដ្ឋស្នើឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនទាំងអស់នេះពីព្រោះពួកគាត់មិនព្រមទទួលយកសំណងដែលក្រុមហ៊ុនផ្ដល់ឲ្យនោះឡើយ។ លោកថា ប្រសិនបើអាជ្ញាធរ និងក្រុមហ៊ុនរឹងទទឹងឈូសឆាយផលដំណាំរបស់ពលរដ្ឋ នឹងមានបញ្ហាកើតឡើងជាក់ជាមិនខាន ពីព្រោះមិនមានដីស្រែចម្ការសម្រាប់អាស្រ័យផល ក្រៅពីដីដែលក្រុមហ៊ុនកំពុងឈូសឆាយនោះទេ។
លោក ជឹម ដាវេន៖ «ពីមុនខាងអាជ្ញាធរភូមិ ស្រុក ចុះផ្សព្វផ្សាយ ខាងខេត្តអីនឹង ឲ្យយើងបានចុះដីសមូហភាព ដល់ពេលឥទ្បូវយើងចុះដីសមូហភាពហើយ មានក្រុមហ៊ុននៅស្រោប មានក្រុមហ៊ុនឈូសឆាយដីទៀត អ៊ីចឹងបានថាដីភូមិតិចទៀតពន្យារ ចង់វ៉ាស់កម្រិតណាៗក៏ប៉ុន្តែវាមិនចេញប្លង់ទេ អ៊ីចឹងសូមឲ្យខាងក្រសួងដែនដីឆាប់ចេញប្លង់ទៅ បើយើងមានប្លង់រឹង សមូហភាព ហើយ យើងប្រើតវ៉ារឹងមាំហើយ»។
ចំណែកពលរដ្ឋនៅឃុំល្បាំង ស្រុកលំផាត់ កំពុងតែស្រែកទ្រហោយំដង្ហោយហៅឲ្យអាជ្ញាធរជួយរកយុត្តិធម៌ ក្រោយក្រុមហ៊ុន ស្វីស រ៉ាប់បឺរ លីមីធីត រំលោភយក ហើយពលរដ្ឋស្នើឲ្យអាជ្ញាធរកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីបរិវេណក្រុមហ៊ុនរុករករ៉ែ ពីព្រោះដីស្រែចម្ការទាំងនោះ ពួកគាត់អាស្រ័យផលតាំងពីដូនតាមកម្ល៉េះ។ រីឯអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ មិនបានហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនឡើយ ប៉ុន្តែថែមទាំងគំរាម និងប្រាប់ឲ្យពលរដ្ឋទទួលយកសំណង និងប្រគល់ដីឲ្យទៅក្រុមហ៊ុន។
ពលរដ្ឋរងគ្រោះនៅឃុំល្បាំងពីរ លោកស្រី គឹម ង៉ា អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា នៅព្រឹកថ្ងៃទី០៣ ខែមិថុនា អាជ្ញាធរមូលដ្ឋានបានចុះសម្របសម្រួលរកដំណោះស្រាយ ប៉ុន្តែមិនមានដំណោះស្រាយឡើយ។ លោកស្រីថា ដីចម្ការរបស់លោកស្រី ១ហិកតារកន្លះ ដែលក្រុមហ៊ុន ស្វីសរ៉ាប់បឺរ លីមីធីត ឈូសឆាយរំលោភយក ហើយដីចម្ការគ្រួសាររបស់លោកស្រីអាស្រ័យផលតាំងពីដូនតាមក។
លោកស្រី គឹម ង៉ា៖ «គាត់កំពុងសម្របសម្រួល មានន័យថាគាត់ជួយសម្របសម្រួលក្នុងគ្រួសារ ហើយក្រុមហ៊ុនដែរចឹង ម៉ែក្មេកខ្ញុំគាត់ចាស់ហើយនិយាយ គាត់ឈឺផង គ្រាន់រឿងនឹងគាត់ឈឺទ្បើងដាក់សារ៉ូមម្សិលមិញ គាត់អាយុ៧០ជាងជិត៨០ហើយ ខ្ញុំមានតែលើកម្រាមដៃដប ឲ្យគាត់ដោះស្រាយឲ្យយុត្តិធម៌ព្រោះដីនឹងម៉ែក្មេកខ្ញុំគាត់កាន់ជាង៣០ឆ្នាំហើយ ហើយខ្ញុំការហើយមកនៅជាមួយគាត់ គាត់មានដីនឹងស្រាប់ហើយ គាត់ក៏ជួយដែរគាត់មិនព្រងើយកន្តើយទេប្រធានភូមិ គាត់ជួយទៅដល់ថ្នាក់ខេត្តថ្នាក់ស្រុក ប៉ុន្តែមិនទាន់សម្របសម្រួលបាន»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី០៣ ខែមិថុនា។ ចំណែកតំណាងក្រុមហ៊ុនរុករករ៉ែទាំង៣ ក៏ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី លើកឡើងថា អាជ្ញាធរ និងក្រុមហ៊ុន ត្រូវតែសិក្សាអំពីផលប៉ះពាល់ និងពិភាក្សាជាមួយពលរដ្ឋរងផលប៉ះពាល់ជាមុនសិន មុនចាប់ផ្ដើមឈូសឆាយ មិនត្រូវឱ្យក្រុមហ៊ុនធ្វើអ្វីតាមអំពើចិត្តនោះឡើយ។ លោកថា រដ្ឋាភិបាលអាចផ្ដល់ដីសម្បទាន ឬសិទ្ធិរុករករ៉ែឲ្យទៅក្រុមហ៊ុនបាន ដូច្នេះ រដ្ឋាភិបាលក៏មានសិទ្ធិដកហូតដីទាំងនោះឲ្យពលរដ្ឋវិញដែរ បើមានផលប៉ះពាល់មិនអាចរកដំណោះស្រាយ។
លោក យិន ម៉េងលី៖ «ផ្អាកការឈូសឆាយទាំងអស់សិន ដើម្បីស្វែងរក ហើយរដូវនេះជារដូវវស្សាកុំធ្វើឲ្យគាត់កាន់តែលំបាកថែមទៀត នៅក្នុងបញ្ហាដាំដុះគាត់ខកខានបានធ្វើការដាំដុះ ហើយបើអាចកាត់ឆ្វៀលបាន កាត់ឆ្វៀលទៅ ព្រោះដីដែរឲ្យទៅក្រុមហ៊ុនគឺជាដីរបស់រដ្ឋទេ អញ្ចឹងរដ្ឋក៏អាចដកហូតយកមកឲ្យប្រជាពលរដ្ឋវិញ អ៊ីចឹងយើងមានតែការដោះស្រាយគឺដោយសន្តិភាព កុំប្រើប្រាស់នៅយន្តការហិង្សានេះ»។
ករណីក្រុមហ៊ុនឯកជនធ្វើការវិនិយោគប៉ះពាល់ដីស្រែចម្ការ និងជីវភាពរបស់ពលរដ្ឋនេះ មិនមែនកើតឡើងនៅតែខេត្តរតនគិរីនោះទេ ចំណែកនៅតាមបណ្តាខេត្តផ្សេងទៀតដូចជាមណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ ជាដើម ក៏បានកើតមានផងដែរ៕









