

អាជ្ញាធរថ្នាក់ជាតិ បានកោះហៅពលរដ្ឋរងគ្រោះដីធ្លីចំនួនពីរស្រុក នៅខេត្តព្រះវិហារ ពាក់ព័ន្ធនឹងក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែដើម្បីជួបស្វែងរកដំណោះស្រាយ ក្រោយពលរដ្ឋរងគ្រោះដាក់ញត្តិឲ្យលោកនាយករដ្ឋមន្ត្រីដោះស្រាយបញ្ហាដីធ្លី។ សង្គមស៊ីវិលសាទរ ប៉ុន្តែត្រូវស្វែងរកដំណោះស្រាយគិតផលប្រយោជន៍ពលរដ្ឋជាធំ។
អាជ្ញាធរថ្នាក់ជាតិ សម្រេចកោះហៅក្រុមហ៊ុន គ្លូបល ហ្គ្រីន និងក្រុមហ៊ុន ឆាយណា ហ្គ្រេតខា និងពលរដ្ឋដើម្បីស្វែងរកដំណោះស្រាយ នៅសាលាខេត្តព្រះវិហារ។ ការកោះហៅបន្ទាប់ពីពលរដ្ឋរងគ្រោះដាក់ញត្តិជាច្រើនសារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយកាត់ឆ្វៀលដីស្រែចម្ការរបស់ពួកគាត់ទុកអាស្រ័យផលចិញ្ចឹមជីវិត។
តំណាងប្រជាពលរដ្ឋនៅស្រុករវៀង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន គ្លូបល ហ្គ្រីន លោកស្រី នុត សុខឿន អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៤ ខែមិថុនាថា អាជ្ញាធរសន្យានឹងចុះទៅរកដំណោះស្រាយនៅកន្លែងមានបញ្ហាផ្ទាល់។ លើសពីនោះអាជ្ញាធរបានហាមឃាត់ពលរដ្ឋ ដែលទទួលយកសំណងរួចហើយ ឈប់ចេញតវ៉ា ប៉ុន្តែពលរដ្ឋថា ការទទួលសំណងពីក្រុមហ៊ុន ដោយសារមានការគំរាមកំហែងពីអាជ្ញាធរ និងក្រុមហ៊ុន ទើបពលរដ្ឋព្រមទទួលយកសំណងទាំងបង្ខំ។
លោកស្រី នុត សុខឿន៖ «ចា៎ ចាំមើលគាត់ថាចុះមកទីតាំងផ្ទាល់ ប៉ុន្តែមិនដឹងចុះមកមែនអត់ ខ្ញុំថានិយាយរឿងលុយរឿងកាក់ដោយគំរាមកំហែងឲ្យខ្ញុំយកនេះ ខ្ញុំនិយាយថាមិនសមស្របទេ បើសមតែក្រុមហ៊ុនចង់បានលុយវិញ ក៏ដាំដំណាំចន្ទីឲ្យរួចផ្លែ ខ្ញុំប្រគល់លុយឲ្យវិញ បើនិយាយពាក់ព័ន្ធរឿងលុយវិញ ខ្ញុំក៏សំណូមឲ្យគាត់ចុះដល់ទីតាំងដីផ្ទាល់ព្រោះអីចង់ឲ្យអ្នកដែរគាត់ខាងប្រជាពលរដ្ឋ បើសិនគាត់យកខាងប្រជាពលរដ្ឋ និងខាងក្រុមហ៊ុន វិនិយោគរ៉ែនេះ បើសមតែរូបភាពត្រឹមត្រូវម្ខាងម្នាក់ ខ្ញុំសូមឲ្យចុះដល់ទីតាំងដីផ្ទាល់ អត់មានហៅប្រជាពលរដ្ឋ១នាក់ ២នាក់ហើយ គាត់ងាយតែខាងគាត់ ពួកខ្ញុំឆ្លើយមកតិចៗចេះ គាត់អាចយល់ស្រប ខ្ញុំអត់ព្រមទេ»។
នៅក្នុងដំណើរការស្វែងរកដំណោះស្រាយ អាជ្ញាធរបានបែងចែកពលរដ្ឋចេញជាពីរក្រុម ក្នុងនោះពលរដ្ឋមានផលប៉ះពាល់ជាមួយក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ជួបជាមួយមន្ត្រីមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងក្រុមហ៊ុន និងមួយក្រុមទៀតជួបជាមួយអាជ្ញាធរនិងតំណាងរបស់ក្រុមហ៊ុនឆាយណាហ្គ្រេត ខា។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តព្រះវិហារ លោក គឹម រិទ្ធី ដើម្បីបកស្រាយបានទេនៅថ្ងៃទី៤ ខែមិថុនា។ ទោះជាយ៉ាងណា កាលពីថ្ងៃទី០២ ខែមិថុនា រដ្ឋបាលខេត្តព្រះវិហារ បានចេញលិខិតកោះហៅ ពលរដ្ឋមានបញ្ហាដីធ្លីក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ឆាយណាហ្គ្រេត ខា និងពលរដ្ឋនៅស្រុករវៀង ដែលមានផលប៉ះពាល់ជាមួយក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ឲ្យមកប្រជុំនៅសាលាខេត្តព្រះវិហារ ដើម្បីស្វែងរកដំណោះស្រាយ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី ជំរុញឲ្យអាជ្ញាធរថ្នាក់ជាតិចុះដល់ទីតាំងដែលមានបញ្ហាផ្ទាល់ ដើម្បីសិក្សាអំពីផលប៉ះពាល់ និងទិដ្ឋភាពជាក់ស្ដែង។ លោកជំរុញឲ្យអាជ្ញាធរត្រូវតែស្វែងរកដំណោះស្រាយគិតផលប្រយោជន៍ពលរដ្ឋជាធំ។
លោក យិន ម៉េងលី៖ «ជម្លោះបែបនេះមិនអាចបញ្ចប់ដោយហិង្សា ឬការប្តឹងផ្តល់ពលរដ្ឋដល់តុលាការទេ ខ្ញុំនៅតែលើកទឹកចិត្តថាធ្វើអ្វីដែរប្រសើរ ជាងការជួបគ្នាជជែកច្បាប់ពីផលវិបាកឬតម្រូវការភាគគីនីមួយៗទេ ដោយថ្នាក់ជាតិជាអ្នកសម្របសម្រួល វាមិនមែនជាអ្នករំលោភទៅលើដីទាំងអស់នឹងទេ ពេលខ្លះការធ្វើសម្បទានទៅធ្វើឲ្យប៉ះពាល់ទៅដល់ដីប្រពៃណីវប្បធម៌របស់ពួកគាត់ អញ្ចឹងកុំទៅធ្វើការចោទប្រកាន់ កុំទៅធ្វើការគំរាមកំហែងមិនឲ្យពួកគាត់ធ្វើការតវ៉ា មិនឲ្យពលរដ្ឋបញ្ចេញមតិបាទ»។
នេះជាលើកទីមួយហើយ ដែលអាជ្ញាធរកោះហៅពលរដ្ឋរងគ្រោះដីធ្លី ជួបប្រជុំស្វែងរកដំណោះស្រាយ ក្រោយពីក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន រំលោភយកដីស្រែចម្ការរបស់ពលរដ្ឋនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង រាប់ពាន់គ្រួសារ។ លើសពីនោះក្រុមហ៊ុនមួយនេះ ក៏បញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើការគំរាមកំហែងពលរដ្ឋដែលហ៊ានចេញតវ៉ា និងមិនព្រមទទួលយកសំណងពីក្រុមហ៊ុនថែមទៀត។ ចំណែកអាជ្ញាធរ បើទោះបីពួកគេប្រឈមនឹងអាជ្ញាធរចាប់ដាក់ពន្ធនាគារយ៉ាងណាក្ដី ពីព្រោះពួកគាត់មិនមានដីសម្រាប់អាស្រ័យផលនោះឡើយ៕








