អាជ្ញាធរ​ថ្នាក់​ជាតិ​កោះហៅ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ​ស្វែងរក​ដំណោះស្រាយ ក្រោយ​ដាក់​ញត្តិ​​ទៅ​លោក ហ៊ុន ម៉ាណែត

0
1
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព

អាជ្ញាធរ​ថ្នាក់​ជាតិ បាន​កោះហៅ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ចំនួន​ពីរ​ស្រុក នៅ​ខេត្ត​ព្រះវិហារ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ដើម្បី​ជួប​ស្វែងរក​ដំណោះស្រាយ ក្រោយ​ពលរដ្ឋ​រងគ្រោះ​ដាក់​ញត្តិ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ដោះស្រាយ​បញ្ហា​ដីធ្លី​។ សង្គម​ស៊ីវិល​សាទរ ប៉ុន្តែ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​គិត​ផល​ប្រយោជន៍​ពលរដ្ឋ​ជាធំ។

អាជ្ញាធរ​ថ្នាក់​ជាតិ សម្រេច​កោះ​ហៅ​ក្រុមហ៊ុន គ្លូបល ហ្គ្រីន និង​ក្រុមហ៊ុន ឆាយណា ហ្គ្រេតខា និង​ពលរដ្ឋ​ដើម្បី​ស្វែងរក​ដំណោះស្រាយ នៅ​សាលាខេត្ត​ព្រះវិហារ។ ការ​កោះហៅ​បន្ទាប់ពី​ពលរដ្ឋ​រងគ្រោះ​ដាក់​ញត្តិ​ជាច្រើន​សារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​របស់​ពួកគាត់​ទុក​អាស្រ័យ​ផល​ចិញ្ចឹមជីវិត។

តំណាង​ប្រជាពលរដ្ឋ​នៅ​ស្រុក​រវៀង ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន គ្លូបល ហ្គ្រីន លោកស្រី នុត សុខឿន អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០៤ ខែមិថុនា​ថា អាជ្ញាធរ​សន្យា​នឹង​ចុះ​ទៅ​រក​ដំណោះស្រាយ​នៅ​កន្លែង​មាន​បញ្ហា​ផ្ទាល់។ លើស​ពី​នោះ​អាជ្ញាធរ​បាន​ហាមឃាត់​ពលរដ្ឋ ដែល​ទទួល​យក​សំណង​រួចហើយ ឈប់​ចេញ​តវ៉ា ប៉ុន្តែ​ពលរដ្ឋ​ថា ការ​ទទួល​សំណង​ពី​ក្រុមហ៊ុន ដោយសារ​មានការ​គំរាមកំហែង​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន ទើប​ពលរដ្ឋ​ព្រម​ទទួលយក​សំណង​ទាំង​បង្ខំ។

លោកស្រី នុត សុខឿន៖ «​ចា៎ ចាំ​មើល​គាត់​ថា​ចុះ​មក​ទីតាំង​ផ្ទាល់ ប៉ុន្តែ​មិនដឹង​ចុះ​មក​មែន​អត់ ខ្ញុំ​ថា​និយាយ​រឿង​លុយ​រឿង​កាក់​ដោយ​គំរាមកំហែង​ឲ្យ​ខ្ញុំ​យក​នេះ ខ្ញុំ​និយាយ​ថា​មិន​សមស្រប​ទេ បើ​សមតែ​ក្រុមហ៊ុន​ចង់បាន​លុយ​វិញ ក៏​ដាំ​ដំណាំ​ចន្ទី​ឲ្យ​រួច​ផ្លែ ខ្ញុំ​ប្រគល់​លុយ​ឲ្យ​វិញ បើ​និយាយ​ពាក់ព័ន្ធ​រឿង​លុយ​វិញ ខ្ញុំ​ក៏​សំណូម​ឲ្យ​គាត់​ចុះ​ដល់ទី​តាំង​ដី​ផ្ទាល់​ព្រោះ​អី​ចង់​ឲ្យ​អ្នក​ដែរ​គាត់​ខាង​ប្រជាពលរដ្ឋ បើសិន​គាត់​យក​ខាង​ប្រជាពលរដ្ឋ និង​ខាង​ក្រុមហ៊ុន វិនិយោគ​រ៉ែ​នេះ បើ​សមតែ​រូបភាព​ត្រឹមត្រូវ​ម្ខាង​ម្នាក់ ខ្ញុំ​សូម​ឲ្យ​ចុះ​ដល់ទី​តាំង​ដី​ផ្ទាល់ អត់​មាន​ហៅ​ប្រជាពលរដ្ឋ​១​នាក់ ២​នាក់​ហើយ គាត់​ងាយ​តែ​ខាង​គាត់ ពួក​ខ្ញុំ​ឆ្លើយ​មក​តិចៗ​ចេះ គាត់​អាច​យល់ស្រប ខ្ញុំ​អត់​ព្រម​ទេ»។

នៅក្នុង​ដំណើរការ​ស្វែងរក​ដំណោះស្រាយ អាជ្ញាធរ​បាន​បែងចែក​ពលរដ្ឋ​ចេញ​ជា​ពីរ​ក្រុម ក្នុង​នោះ​ពលរដ្ឋ​មាន​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ជួប​ជាមួយ​មន្ត្រី​មកពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​តំណាង​ក្រុមហ៊ុន និង​មួយ​ក្រុម​ទៀត​ជួប​ជាមួយ​អាជ្ញាធរ​និង​តំណាង​របស់​ក្រុមហ៊ុន​ឆាយ​ណាហ្គ្រេត ខា។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលខេត្ត​ព្រះវិហារ លោក គឹម រិទ្ធី ដើម្បី​បកស្រាយ​បានទេ​នៅ​ថ្ងៃទី​៤ ខែមិថុនា​។ ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​០២ ខែមិថុនា រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​ចេញ​លិខិត​កោះហៅ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ក្នុងភូមិ​សាស្ត្រ​ស្រុក​សង្គម​ថ្មី ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឆាយ​ណាហ្គ្រេត ខា និង​ពលរដ្ឋ​នៅ​ស្រុក​រវៀង ដែល​មាន​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ឲ្យ​មក​ប្រជុំ​នៅ​សាលាខេត្ត​ព្រះវិហារ ដើម្បី​ស្វែងរក​ដំណោះស្រាយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​ដល់ទី​តាំង​ដែល​មាន​បញ្ហា​ផ្ទាល់ ដើម្បី​សិក្សា​អំពី​ផល​ប៉ះពាល់ និង​ទិដ្ឋភាព​ជាក់ស្ដែង។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​គិត​ផលប្រយោជន៍​ពលរដ្ឋ​ជាធំ។

លោក យិន ម៉េងលី៖ «​ជម្លោះ​បែបនេះ​មិនអាច​បញ្ចប់​ដោយ​ហិង្សា ឬ​ការ​ប្តឹងផ្តល់​ពលរដ្ឋ​ដល់​តុលាការ​ទេ ខ្ញុំ​នៅតែ​លើកទឹកចិត្ត​ថា​ធ្វើ​អ្វី​ដែរ​ប្រសើរ ជាង​ការ​ជួបគ្នា​ជជែក​ច្បាប់​ពី​ផលវិបាក​ឬ​តម្រូវការ​ភាគ​គី​នីមួយៗ​ទេ ដោយ​ថ្នាក់​ជាតិ​ជា​អ្នកសម្របសម្រួល វា​មិនមែន​ជា​អ្នក​រំលោភ​ទៅលើ​ដី​ទាំងអស់​នឹង​ទេ ពេលខ្លះ​ការ​ធ្វើ​សម្បទាន​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ដី​ប្រពៃណី​វប្បធម៌​របស់​ពួកគាត់ អញ្ចឹង​កុំទៅ​ធ្វើការ​ចោទប្រកាន់ កុំទៅ​ធ្វើការ​គំរាមកំហែង​មិន​ឲ្យ​ពួកគាត់​ធ្វើការ​តវ៉ា មិន​ឲ្យ​ពលរដ្ឋ​បញ្ចេញមតិ​បាទ»។

នេះ​ជា​លើកទីមួយ​ហើយ ដែល​អាជ្ញាធរ​កោះហៅ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ជួប​ប្រជុំ​ស្វែងរក​ដំណោះស្រាយ ក្រោយពី​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​នៅ​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង រាប់ពាន់​គ្រួសារ​។ លើស​ពី​នោះ​ក្រុមហ៊ុន​មួយ​នេះ ក៏​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​គំរាមកំហែង​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​តវ៉ា និង​មិន​ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ថែមទៀត​។ ចំណែក​អាជ្ញាធរ បើ​ទោះបី​ពួកគេ​ប្រឈម​នឹង​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​យ៉ាង​ណា​ក្ដី ពីព្រោះ​ពួកគាត់​មិន​មាន​ដី​សម្រាប់​អាស្រ័យ​ផល​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ