ពលរដ្ឋ​​រស់នៅ​តំបន់​ច្រក​អូរស្មាច់​រស់នៅ​ទាំង​ភ័យខ្លាច និង​ត្រៀម​ខ្លួន​ជម្លៀស​រក​ទី​សុវត្ថិភាព​គ្រប់ពេល

0
22
ទិដ្ឋភាពមន្ត្រីអាជ្ញាធរខេត្ត​ឧត្ដរមានជ័យ នាំអ្នកសង្គេតការអាស៊ាន (AOT) ពិនិត្យតំបន់អូរស្មាច់ ដែលថៃកំពុងកាន់កាប់ កាល​ពីថ្ងៃទី២៩ មេសា ២០២៦។ រូប៖ អធិការក្រុង​សំរោង
ទិដ្ឋភាពមន្ត្រីអាជ្ញាធរខេត្ត​ឧត្ដរមានជ័យ នាំអ្នកសង្គេតការអាស៊ាន (AOT) ពិនិត្យតំបន់អូរស្មាច់ ដែលថៃកំពុងកាន់កាប់ កាល​ពីថ្ងៃទី២៩ មេសា ២០២៦។ រូប៖ អធិការក្រុង​សំរោង

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ក្នុង​ខេត្ត​ឧត្តរមានជ័យ រស់នៅ​ទាំង​ភ័យខ្លាច និង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ជម្លៀស​ខ្លួន​ទៅ​ទីតាំង​សុវត្ថិភាព​គ្រប់ពេល បន្ទាប់​ពី​មាន​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន ដោយ​យោធា​ថៃ​បាន​ដំឡើង​សាច់ដុំ​ឡើងវិញ តាមរយៈ​ការ​បញ្ជូន​កម្លាំង​ទ័ព​មក​កាន់​តំបន់​ព្រំដែន​កម្ពុជា។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រមាណ​ជា ១០​គីឡូម៉ែត្រ​ពី​ច្រក​អន្តរជាតិ​អូរ​ស្មាច់ អ្នកស្រី ទ្រី សោភ័ណ្ឌ បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នកស្រី​នឹង​ក្រុម​គ្រួសារ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជម្លៀស​គ្រួសារ​របស់​អ្នកស្រី​ទៅកាន់​កន្លែង​សុវត្ថិភាព ប្រសិនបើ​មានការ​ផ្ទុះអាវុធ​សាជាថ្មី​។ ហើយ​មូលហេតុ​ដែល​អ្នកស្រី​បាន​ត្រៀមខ្លួន​រួចជាស្រេច ដោយសារតែ​ភាគី​ថៃ​បាន​ផ្ទុះអាវុធ​ស្ទើរតែ​រាល់ថ្ងៃ​នៅ​ច្រក​អន្តរជាតិ​អូ​ស្មាច់។

អ្នកស្រី​បាន​ថ្លែង​ឲ្យ​ដឹង​បន្ត​ទៀត​ថា សព្វថ្ងៃ​ផ្ទះ​របស់​អ្នកស្រី​ពុំ​មាន​របស់​ដែល​មាន​តម្លៃ​ទុក​នៅក្នុង​ផ្ទះ​នោះ​ទេ ពីព្រោះ​អ្នកស្រី​បារម្ភ​ថា សង្គ្រាម​អាច​នឹង​ផ្ទុះ​គ្រប់ពេល ដូច្នេះ​អ្នកស្រី​បាន​ដឹកជញ្ជូន​របស់​ដែល​មាន​តម្លៃ​នៅក្នុង​ផ្ទះ​ទាំងអស់​យក​ទៅ​ផ្ញើរ ផ្ទះ​បងប្អូន​នៅ​ឯ​ក្រុង​សំរោង។

អ្នកស្រី ទ្រី សោភ័ណ្ឌ៖ «គិតថា​ភ័យខ្លាច​ដែរ​តែ​ចេះតែ​ថា ទ្រាំ​នៅ​សិន​ចាំ​មើល​សភាពការណ៍ បើ​តឹង​ខ្លាំង បាន​យើង​ចេញ​ដំណើរ»។

អ្នកស្រី ទ្រី សោភ័ណ្ឌ បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​នៅ​ច្រក​អូរ​ស្មាច់ និង​ផ្សារ​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរ​រកស៊ី​នោះ គឺ​លែង​មាន​សកម្មភាព​អាជីវកម្ម​ទៀតហើយ ដោយសារតែ​យោធា​ថៃ​បាន​ព័ទ្ធ​បន្លា​លួស ហាម​មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​នៅក្នុង​តំបន់​នោះ ហើយ​ពួកគេ​តែងតែ​បាញ់​នៅ​ពេល​ដែល​មាន​មនុស្ស​ចម្លែក រឺ​អ្នកសារព័ត៌មាន​ចូលក្នុង​តំបន់​នោះ។

ជុំវិញ​បញ្ហា​នេះ ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​តំបន់​អូរ​ស្មាច់ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា យោធា​ថៃ​តែងតែ​បាញ់​ស្ទើរតែ​រាល់ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​កងទ័ព​កម្ពុជា ខឹង​នឹង​បាញ់​តដៃ​ជាមួយ​ពួកគេ ប៉ុន្តែ​ខាង​កម្ពុជា​មិន​មាន​ចេតនា​នឹង​បាញ់​តដៃ​វិញ​នោះ​ទេ ពីព្រោះ​បទបញ្ជា​ថ្នាក់លើ​គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​តដៃ​នោះ​ទេ គឺ​ត្រូវតែ​ថ្នម​ស្ថានការណ៍។

ទាហាន​ដដែល​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​ពុំ​មាន​បទបញ្ជា​ពី​ថ្នាក់លើ​នោះ​ទេ គឺ​អាច​នឹង​បាញ់​តដៃ​ជាមួយ​ទា​ហ៊ាន​ថៃ​វិញ ពីព្រោះ​ពួកគេ​តែងតែ​បាញ់​បញ្ឈឺ ប៉ុន្តែ​ក្នុងនាម​ជា​ទាហាន​ត្រូវតែ​គោរព​បទបញ្ជា​ថ្នាក់លើ។

តាមរយៈ​វីដេអូ​របស់​ទាហាន​ថៃ ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថ្មីៗ​នេះ បាន​បង្ហាញ​អំពី​ការ​ចល័ត​ទ័ព​ទៅកាន់​តំបន់​ព្រំដែន​កម្ពុជា ក្នុង​ខេត្តព្រះវិហារ ឧត្តរមានជ័យ និង​បន្ទាយមានជ័យ ដែល​ជា​តំបន់​រសើប​ខ្លាំង​។ ការ​ចល័ត​ទ័ព​របស់​ភាគី​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ពី​ការ​ចាប់ផ្តើម​ដោះស្រាយ​ជម្លោះដែនសមុទ្រ​តាម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS) និង​មាន​ករណី​ឈ្លោះប្រកែក​គ្នា រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ​នៅ​តំបន់​ព្រំដែន​មុំ​បី ខេត្តព្រះវិហារ ដែល​ជាប់​នឹង​ស្រុក​ណាំយឺន ខេត្ត​ឧប៊ុនរ៉ាចាថានី របស់​ថៃ កាលពី​ថ្ងៃទី​២ ខែមិថុនា ដែល​បង្កឡើង​ដោយ​ទាហាន​ថៃ​មួយ​ក្រុម បាន​ចូល​ទៅ​រាយ​បន្លា​លួស​ក្នុង​ទឹកដី​កម្ពុជា ហើយ​ត្រូវ​ទាហាន​ខ្មែរ​ចេញ​មក​រារាំង​។ ក្នុង​ហេតុការណ៍​នេះ ទាហាន​ខ្មែរ​បាន​ចេញ​មក​ទប់ស្កាត់​ទាហាន​ថៃ​មិន​ឱ្យ​រាយ​បន្លា​លួស ដោយ​បញ្ជាក់​ទៅកាន់​ភាគី​ថៃ​ថា ទីតាំង​នេះ​គឺ​ស្ថិត​ក្នុង​ទឹកដី​របស់​កម្ពុជា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​លើក​ទី​បី រវាង​កម្ពុជា និង​ថៃ មាន​ភាគរយ​តិចតួច ក្នុង​ស្ថានភាព​នេះ ប៉ុន្តែ​ប្រសិនបើ​កម្ពុជា​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ការពារ​ខ្លួន​ក្នុង​កម្រិត​ខ្លាំង នោះ​ភាគី​ថៃ​អាច​នឹង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ