

ប្រជាពលរដ្ឋដែលរស់នៅតំបន់ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ រស់នៅទាំងភ័យខ្លាច និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជម្លៀសខ្លួនទៅទីតាំងសុវត្ថិភាពគ្រប់ពេល បន្ទាប់ពីមានភាពតានតឹងនៅតំបន់ព្រំដែន ដោយយោធាថៃបានដំឡើងសាច់ដុំឡើងវិញ តាមរយៈការបញ្ជូនកម្លាំងទ័ពមកកាន់តំបន់ព្រំដែនកម្ពុជា។
ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រមាណជា ១០គីឡូម៉ែត្រពីច្រកអន្តរជាតិអូរស្មាច់ អ្នកស្រី ទ្រី សោភ័ណ្ឌ បានថ្លែងឲ្យដឹងថា អ្នកស្រីនឹងក្រុមគ្រួសារបានត្រៀមខ្លួនរួចជាស្រេចដើម្បីជម្លៀសគ្រួសាររបស់អ្នកស្រីទៅកាន់កន្លែងសុវត្ថិភាព ប្រសិនបើមានការផ្ទុះអាវុធសាជាថ្មី។ ហើយមូលហេតុដែលអ្នកស្រីបានត្រៀមខ្លួនរួចជាស្រេច ដោយសារតែភាគីថៃបានផ្ទុះអាវុធស្ទើរតែរាល់ថ្ងៃនៅច្រកអន្តរជាតិអូស្មាច់។
អ្នកស្រីបានថ្លែងឲ្យដឹងបន្តទៀតថា សព្វថ្ងៃផ្ទះរបស់អ្នកស្រីពុំមានរបស់ដែលមានតម្លៃទុកនៅក្នុងផ្ទះនោះទេ ពីព្រោះអ្នកស្រីបារម្ភថា សង្គ្រាមអាចនឹងផ្ទុះគ្រប់ពេល ដូច្នេះអ្នកស្រីបានដឹកជញ្ជូនរបស់ដែលមានតម្លៃនៅក្នុងផ្ទះទាំងអស់យកទៅផ្ញើរ ផ្ទះបងប្អូននៅឯក្រុងសំរោង។
អ្នកស្រី ទ្រី សោភ័ណ្ឌ៖ «គិតថាភ័យខ្លាចដែរតែចេះតែថា ទ្រាំនៅសិនចាំមើលសភាពការណ៍ បើតឹងខ្លាំង បានយើងចេញដំណើរ»។
អ្នកស្រី ទ្រី សោភ័ណ្ឌ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះនៅច្រកអូរស្មាច់ និងផ្សារដែលធ្លាប់តែមានមនុស្សអ៊ូអររកស៊ីនោះ គឺលែងមានសកម្មភាពអាជីវកម្មទៀតហើយ ដោយសារតែយោធាថៃបានព័ទ្ធបន្លាលួស ហាមមិនឲ្យធ្វើដំណើរឆ្លងកាត់នៅក្នុងតំបន់នោះ ហើយពួកគេតែងតែបាញ់នៅពេលដែលមានមនុស្សចម្លែក រឺអ្នកសារព័ត៌មានចូលក្នុងតំបន់នោះ។
ជុំវិញបញ្ហានេះ ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅតំបន់អូរស្មាច់ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា យោធាថៃតែងតែបាញ់ស្ទើរតែរាល់ថ្ងៃដើម្បីធ្វើឲ្យកងទ័ពកម្ពុជា ខឹងនឹងបាញ់តដៃជាមួយពួកគេ ប៉ុន្តែខាងកម្ពុជាមិនមានចេតនានឹងបាញ់តដៃវិញនោះទេ ពីព្រោះបទបញ្ជាថ្នាក់លើគឺហាមដាច់ខាតមិនឲ្យតដៃនោះទេ គឺត្រូវតែថ្នមស្ថានការណ៍។
ទាហានដដែលបានបន្ថែមទៀតថា ប្រសិនបើពុំមានបទបញ្ជាពីថ្នាក់លើនោះទេ គឺអាចនឹងបាញ់តដៃជាមួយទាហ៊ានថៃវិញ ពីព្រោះពួកគេតែងតែបាញ់បញ្ឈឺ ប៉ុន្តែក្នុងនាមជាទាហានត្រូវតែគោរពបទបញ្ជាថ្នាក់លើ។
តាមរយៈវីដេអូរបស់ទាហានថៃ ដែលបង្ហោះនៅលើបណ្ដាញសង្គមថ្មីៗនេះ បានបង្ហាញអំពីការចល័តទ័ពទៅកាន់តំបន់ព្រំដែនកម្ពុជា ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលជាតំបន់រសើបខ្លាំង។ ការចល័តទ័ពរបស់ភាគីថៃនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការចាប់ផ្តើមដោះស្រាយជម្លោះដែនសមុទ្រតាមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ(UNCLOS) និងមានករណីឈ្លោះប្រកែកគ្នា រវាងទាហានខ្មែរ និងទាហានថៃនៅតំបន់ព្រំដែនមុំបី ខេត្តព្រះវិហារ ដែលជាប់នឹងស្រុកណាំយឺន ខេត្តឧប៊ុនរ៉ាចាថានី របស់ថៃ កាលពីថ្ងៃទី២ ខែមិថុនា ដែលបង្កឡើងដោយទាហានថៃមួយក្រុម បានចូលទៅរាយបន្លាលួសក្នុងទឹកដីកម្ពុជា ហើយត្រូវទាហានខ្មែរចេញមករារាំង។ ក្នុងហេតុការណ៍នេះ ទាហានខ្មែរបានចេញមកទប់ស្កាត់ទាហានថៃមិនឱ្យរាយបន្លាលួស ដោយបញ្ជាក់ទៅកាន់ភាគីថៃថា ទីតាំងនេះគឺស្ថិតក្នុងទឹកដីរបស់កម្ពុជា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញថា លទ្ធភាពនៃការផ្ទុះសង្គ្រាមតាមព្រំដែនលើកទីបី រវាងកម្ពុជា និងថៃ មានភាគរយតិចតួច ក្នុងស្ថានភាពនេះ ប៉ុន្តែប្រសិនបើកម្ពុជាប្រើប្រាស់កម្លាំងទ័ពដើម្បីការពារខ្លួនក្នុងកម្រិតខ្លាំង នោះភាគីថៃអាចនឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង៕









