អ្នកឃ្លាំមើល​ថា លោក ហ៊ុន សែន ទទួលស្គាល់​កំហុស​រឿង​ចាញ់​សង្គ្រាម​ថៃ​ដើម្បី​ការពារ​អំណាច​កូន

0
91
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល​លើក​ឡើង​ថា ការ​ចេញ​មុខ​សារភាព​ជា​សាធារណៈ​របស់​លោក ហ៊ុន សែន ដែល​ថា លោក​បាន​បង្កើត​«​កំហុស​យុទ្ធសាស្ត្រ​» ដោយសារតែ «​ការ​ជឿទុកចិត្ត​លើ​ប្រទេស​ថៃ​ខ្លាំងពេក​» រហូត​មិនបាន​ត្រៀមលក្ខណៈ​ប្រយុទ្ធ និង​មិនបាន​ពង្រឹង​វិស័យ​យោធា​រហូតដល់​ថ្នាក់​ចាញ់​សង្គ្រាម​នោះ គឺជា​ការ​លាតត្រដាង​នូវ​ភាព​កម្សោយ​នៃ​ការដឹកនាំ និង​ការ​ខ្វះ​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​។ ពួកគាត់ យល់ថា ការ​ទទួល​ស្គាល់​កំហុស​របស់​លោក ហ៊ុន សែន នេះ គឺ​មាន​បំណង​ការពារ​អំណាច​កូន ប៉ុន្តែ​ប្រសិនបើ​នៅក្នុង​ប្រទេស​មាន​ប្រជាធិបតេយ្យ​វិញ ឪពុក​កូន​ទាំងពីរ​នាក់​នេះ ត្រូវតែ​ចុះចេញ​ពី​អំណាច និង​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់។

លោក ហ៊ុន សែន ដែល​បាន​ក្តោប​ក្តាប់​អំណាច​ជិត ៤ ទសវត្សរ៍​កន្លងមក នៅថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកឃ្លាំមើល ហួសចិត្ត​ជា​ខ្លាំង​នៅពេល​លោក សារភាព​ទទួលស្គាល់​កំហុស​ថា លោក បាន​ធ្វេសប្រហែស​ដោយ​មិនបាន​បំពេញភារកិច្ច​ជា​ចម្បង​ក្នុងនាម​ជា​មេដឹកនាំ​ដើម្បី​ការពារ​ជាតិ និង​សន្តិសុខ​ប្រជាជន​នោះ​ទេ ព្រោះតែ​ជឿជាក់​ទៅលើ​ប្រទេស​ថៃ​។ ពួកគាត់ យល់ថា ការ​យក​វាសនា​ប្រទេសជាតិ និង​អាយុជីវិត​កងទ័ព​ទៅ​ដាក់​លើ​ការ​ជឿជាក់​ទៅលើ​ប្រទេសជិតខាង ដោយ​គ្មាន​ការប្រុងប្រយ័ត្ន គឺជា​កំហុស​ដែល​មិនអាច​អត់ឱន​ឱ្យ​បាន​ឡើយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា លោក គឹម សុខ លើកឡើង​ថា ការ​សារភាព​កំហុស​របស់​លោក ហ៊ុន សែន នេះ មិនមែន​ជា​ការ​សារភាព​ធម្មតា​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​សារភាព​ទទួលស្គាល់​នូវ​បរាជ័យ​ទាំងស្រុង​នៃ​ការដឹកនាំ​របស់ រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នៅក្នុង​ការ​ការពារ​ទឹកដី​ប្រទេស​កម្ពុជា​។ លោក បន្ត​ថា ការដែល លោក ហ៊ុន សែន ចេញមុខ​ទទួលកំហុស​តែម្នាក់ឯង​នេះ ព្រោះ​លោក ចង់​ការពារ អំណាច និង​កិត្តិយស​ឲ្យ​លោក ហ៊ុន ម៉ាណែត ខណៈ​កូនប្រុស​ច្បង​របស់​លោក​រូប​នេះ បញ្ចប់​ការសិក្សា​ពី​សាលា​យោធា​អាមេរិក (West Point) ប៉ុន្តែ​ធ្វើសង្គ្រាម​ចាញ់​ថៃ។ «»

ទោះជា​យ៉ាងណា បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន និង​កូនប្រុស​របស់​លោក នៅ​តែ​មាន​អំណាច​ពេញដៃ​នៅឡើយ ដូច្នេះ​គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​ស៊ើបអង្កេត​លើ​កំហុស​របស់​លោក​នោះ​ទេ។

ប្រតិកម្ម​របស់​លោក គឹម សុខ នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​វេទិកា​សំណេះសំណាល​ជាមួយ​ជនភៀសសឹក​នៅ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា​ថា ក្នុង​ឋានៈ​ជា​អតីត​នាយករដ្ឋមន្ត្រី លោក​មានការ​ទទួលខុសត្រូវ និង​ទទួលស្គាល់​ការ​ធ្វេសប្រហែស​ក្នុង​ការ​ពង្រឹង​វិស័យ យោធា​និង​ការ​ត្រៀមខ្លួន​ប្រយុទ្ធ​។ លោក អះអាង​ថា ការ​ធ្វេសប្រហែស​របស់​លោក នេះ គឺ​ព្រោះតែ​ការ​ជឿ​ប្រទេស​ថៃ​ថា នឹង​កសាង​សន្តិភាព និង​ពាណិជ្ជកម្ម​តាម​ព្រំដែន​ជាមួយគ្នា​។ លោក ហ៊ុន សែន បន្តថា បើ​ទោះបី​ចន្លោះ​ឆ្នាំ​២០០៨ ដល់​២០១៣ កម្ពុជា និង​ថៃ ធ្លាប់​ផ្ទុះអាវុធ​នៅ​ប្រាសាទព្រះវិហារ​ក្តី ក៏​លោក មិន​នឹកស្មាន ថា​នឹង​ផ្ទុះ​សង្គ្រាម​លើក​នេះ​ទ្រង់ទ្រាយ​ធំ​នៅ​តាម​បណ្តោយ​ព្រំដែន​ចាប់ពី​តំបន់​មុំ​បី​ខេត្តព្រះវិហារ​ដល់​មាត់សមុទ្រ​ដែរ។

នៅ​ពេល​ដែល​លោក ហ៊ុន សែន ក្នុងនាម​ជា​មេដឹកនាំ ធ្វេសប្រហែស និង​ខ្វះ​ការ​ត្រៀម​លក្ខណៈ និង​មិនបាន​ពង្រឹងសមត្ថភាព​កងទ័ព ព្រមទាំង​កង្វះ​គ្រឿងយុទ្ធោបករណ៍ រួម​ទាំង​សម្ភារៈ​យោធា​ទំនើបៗ​នេះ អ្នក​ដែល​ត្រូវ​បង់ថ្លៃ​សាច់​ស្រស់​ឈាម​ស្រស់ គឺ​ប្រជាពលរដ្ឋ និង​កងទ័ព​ខ្មែរ​ដែល​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​។ សង្គ្រាម​ដែល​ថៃ​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជា​ជា​លើក​ទី​២ កាលពី​ខែធ្នូ ឆ្នាំ​២០២៥ បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ខ្មែរ​ជាង​៣០​នាក់​ស្លាប់ និង​របួស​ជិត​១០០​នាក់ ខណៈ​ជាង​កន្លះ​លាន​គ្រួសារ​រត់​ភៀសខ្លួន​។​រីឯ​កងទ័ព​ខ្មែរ​វិញ ប្រភព​ពី​យោធា​មួយចំនួន​អះអាង​ថា មាន​កងទ័ព​ខ្មែរ​បាន​ពលី​ជាង​១៤០​នាក់ និង​រាប់​សិប​នាក់​ទៀត​រងរបួស​។ ក្រៅ​នេះ មានផ្ទះ​សម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ភូមិ​រួម​ទាំង​វត្ត​អារាម និង​ប្រាសាទបុរាណ​របស់​ខ្មែរ ត្រូវ​បាន​យោធា​ថៃ បំផ្លាញ និង​ចូល​គ្រប់គ្រង​។​មក​ទល់​ពេល​នេះ យោធា​ថៃ នៅតែ​បន្ត​រាយ​បន្លា​លួស​ចូល​ឈ្លានពាន កាន់កាប់​ទឹកដី​ខ្មែរ​កាន់តែ​ជ្រៅ​និង​កើន​ដល់​ជាង​៦០​ទីតាំង​ទៅ​ហើយ។

សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​លោក តាក់ ម៉េងហ៊ាង ថ្លែង​ថា ការ​សារភាព​កំហុស​របស់​លោក ហ៊ុន សែន នេះ គឺជា​រឿង​កម្រ​មួយ​ក្នុងនាម​ជា​អ្នកដឹកនាំ កំពូល និង​ឆ្លុះបញ្ចាំង​ពី​ការពិត​នៃ​ការដឹកនាំ​របស់​លោក​ដែល​មាន​បញ្ហា​ជាតិ​សំខាន់ៗ​មួយចំនួន មិន​ត្រូវ​បាន​រដ្ឋាភិបាល​យកចិត្តទុកដាក់​នោះ​ទេ​។ លោក សង្ឃឹមថា ក្រោយ​ការ​ទទួល​ស្គាល់​កំហុស​នេះ លោក ហ៊ុន សែន នឹង​ខិតខំ​ពង្រឹង​វិស័យ​ការពារ​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ​ឡើងវិញ ជាជាង​ចំណាយ​ពេលវេលា​និង​ផ្ដោតអារម្មណ៍​ទៅ​រុកកួន និង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នកប្រឆាំង​និង​អ្នក​រិះគន់ ឬ​ខិតខំ​បំបែកបំបាក់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​គ្រាន់តែ​បញ្ចេញ​មតិយោបល់​ដើម្បី​ផលប្រយោជន៍​រួម​របស់​ជាតិខ្មែរ។ «»

ចំពោះ​កា​រទទួលស្គាល់​កំហុស​របស់​លោក ហ៊ុន សែន នេះ ក៏បាន​បង្ក​ឱ្យ​មាន​សំណួរ​ថ្មី​ពី​សំណាក់​អ្នកសង្កេតការណ៍ និង​អ្នក​រិះគន់​ថា ប្រសិនបើ​លោក​ដឹង​ថា កម្ពុជា​មិន​មាន​ការ​ត្រៀមខ្លួន​ផ្នែក​យោធា​គ្រប់គ្រាន់ មិន​មាន​សព្វាវុធ​ទំនើប​គ្រប់គ្រាន់ និង​មិន​មាន​សមត្ថភាព​ការពារ​ជាតិ​រឹងមាំ​ទេ ហេតុអ្វី​បានជា​ថ្នាក់ដឹកនាំ​បន្ត​ប្រើ​វោហារសាស្ត្រ និង​សកម្មភាព​នយោបាយ​ដែល​អាច​បង្កើន​ភាព​តានតឹង និង​ជំរុញ​ឱ្យ​ស្ថានការណ៍​ព្រំដែន​ឈាន​ទៅ​រក​ការ​ប្រឈម​មុខ​ដាក់គ្នា​កាន់តែ​ខ្លាំង?

អ្នកវិភាគ​ខ្លះ​លើកឡើងថា​ការ​ទទួល​ស្គាល់​ថា ប្រទេស​មិនបាន​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម គួរតែ​នាំទៅរក​គោលនយោបាយ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​វិបត្តិ និង​ការ​បញ្ចៀស​ជម្លោះ​។ ប៉ុន្តែ​ផ្ទុយទៅវិញ មេដឹកនាំ​ជាន់ខ្ពស់​បាន​បន្ត​ប្រើ​សុន្ទរកថា ជាតិនិយម​ខ្លាំងៗ និង​ការ​គំរាម​ឆ្លើយតប ដែល​អ្នក​រិះគន់​មួយចំនួន​យល់ថា បាន រួមចំណែក​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ និង​សន្តិសុខ​កាន់តែ​តានតឹង។

អ្នក​រិះគន់​ខ្លះ​ក៏​ចោទសួរ​ផង​ដែរ​ថា បើ​លោក ហ៊ុន សែន ពិតជា​ដឹង​ថា កម្ពុជា ខ្វះ សមត្ថភាព​យោធា និង​ទទួលស្គាល់​ថា នេះ​ជា​កំហុស​របស់​ខ្លួន ហេតុអ្វី​បានជា លោក​ប្រើប្រាស់​សុន្ទរកថា និង​សកម្មភាព​នយោបាយ​ដែល​អាច​ជំរុញ​ឱ្យ​មាន ការ​ប្រឈមមុខ​ជាមួយ​ប្រទេសជិតខាង​? តើ​នេះ​ជា​ការ​សម្រេចចិត្ត​ប្រកបដោយ ទំនួល​ខុសត្រូវ​ដែរឬទេ​?

លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង និង​ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ទោះបីជា​លោក ហ៊ុន សែន សារភាព​ថា ខកខាន​មិនបាន​ពង្រឹង​វិស័យ​ការពារ​ជាតិ​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​អំឡុង​ពេល​ដែល​លោក​កាន់អំណាច​ក៏ដោយ ក៏​ការ​លើកឡើង​បែបនេះ គ្រាន់តែ​ជា​ការ​ដោះសា ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​ប៉ុណ្ណោះ។ «»

លោក សម រង្ស៊ី ថែមទាំង​អះអាង​ថា ការ​ទទួលស្គាល់​ថា បាន​បរាជ័យ​ក្នុង​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ មិនអាច​ក្លាយជា​លេស​ដើម្បី​គេច​ផុត​ពី​ការទទួលខុសត្រូវ​បាន​ទេ ពីព្រោះ​លោក ហ៊ុន សែន គឺជា​អ្នក​ដែល​បាន​កាន់អំណាច និង​កំណត់​គោលនយោបាយ​សន្តិសុខ​ជាតិ​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​កន្លងមក​។ ការ​ទទួលស្គាល់​កំហុស​នៅថ្ងៃ​នេះ​របស់​លោក ហ៊ុន សែន ក៏បង្ក​សំណួរ​អំពី​ការទទួលខុសត្រូវ​ផង​ដែរ ដ្បិត​លោក​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជាង ៣៨ ឆ្នាំ និង​មានការ​គ្រប់គ្រង​ដោយ​ផ្ទាល់​លើ​ការរៀបចំ​ថវិកាជាតិ ក៏ដូចជា​គោលនយោបាយ​សន្តិសុខ​ជាតិ​។​

ទន្ទឹមនឹង​ការ​សារភាព​កំហុស​របស់​ខ្លួន​ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត នៅតែ​បន្ត​វាយប្រហារ​លើ​អ្នក​រិះគន់ និង​អ្នក​បញ្ចេញ​មតិផ្ទុយ​ពី​រដ្ឋាភិបាល​។​ក្នុង​សុន្ទរកថា​ដដែល លោក ហ៊ុន សែន បាន​ព្រមាន​អ្នកប្រឆាំង និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ថា រដ្ឋាភិបាល​នឹងមិន​អត់ឱន​ចំពោះ​អ្វី​ដែល​លោក​ហៅថា «​ការ​បង្ក​អស្ថិរភាព​» នោះ​ទេ​។

សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​លោក តាក់ ម៉េងហ៊ាង ថ្លែង​ថា ជា​រឿង​អសីលធម៌​បំផុត​ដែល​លោក ហ៊ុន សែន ប្រើ​ភាសា​គំរាមកំហែង​និង​សម្ដី​គ្រោតគ្រាត​នៅ​ចំពោះមុខ​ជនភៀសសឹក​ដែល​ភាគច្រើន​ជា​ស្ត្រី​និង​ទើប​រួច​រស់​ជីវិត​ពី​គ្រាប់​ផ្លោង​នោះ។ «»

ទោះជា​យ៉ាងណា អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ បាន​រាយការណ៍​ថា អ្នក​រិះគន់​ជាច្រើន​ត្រូវ​បាន​ចាប់ខ្លួន ឬ​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង ដោយសារ​ការ​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន និង​ការរិះគន់​អំពី​សមត្ថភាព​របស់ រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជាមួយ​ប្រទេស​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ