

អ្នកឃ្លាំមើលលើកឡើងថា ការចេញមុខសារភាពជាសាធារណៈរបស់លោក ហ៊ុន សែន ដែលថា លោកបានបង្កើត«កំហុសយុទ្ធសាស្ត្រ» ដោយសារតែ «ការជឿទុកចិត្តលើប្រទេសថៃខ្លាំងពេក» រហូតមិនបានត្រៀមលក្ខណៈប្រយុទ្ធ និងមិនបានពង្រឹងវិស័យយោធារហូតដល់ថ្នាក់ចាញ់សង្គ្រាមនោះ គឺជាការលាតត្រដាងនូវភាពកម្សោយនៃការដឹកនាំ និងការខ្វះចក្ខុវិស័យវែងឆ្ងាយក្នុងការការពារបូរណភាពទឹកដី។ ពួកគាត់ យល់ថា ការទទួលស្គាល់កំហុសរបស់លោក ហ៊ុន សែន នេះ គឺមានបំណងការពារអំណាចកូន ប៉ុន្តែប្រសិនបើនៅក្នុងប្រទេសមានប្រជាធិបតេយ្យវិញ ឪពុកកូនទាំងពីរនាក់នេះ ត្រូវតែចុះចេញពីអំណាច និងប្រឈមមុខចំពោះផ្លូវច្បាប់។
លោក ហ៊ុន សែន ដែលបានក្តោបក្តាប់អំណាចជិត ៤ ទសវត្សរ៍កន្លងមក នៅថ្ងៃនេះ បានធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកឃ្លាំមើល ហួសចិត្តជាខ្លាំងនៅពេលលោក សារភាពទទួលស្គាល់កំហុសថា លោក បានធ្វេសប្រហែសដោយមិនបានបំពេញភារកិច្ចជាចម្បងក្នុងនាមជាមេដឹកនាំដើម្បីការពារជាតិ និងសន្តិសុខប្រជាជននោះទេ ព្រោះតែជឿជាក់ទៅលើប្រទេសថៃ។ ពួកគាត់ យល់ថា ការយកវាសនាប្រទេសជាតិ និងអាយុជីវិតកងទ័ពទៅដាក់លើការជឿជាក់ទៅលើប្រទេសជិតខាង ដោយគ្មានការប្រុងប្រយ័ត្ន គឺជាកំហុសដែលមិនអាចអត់ឱនឱ្យបានឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា លោក គឹម សុខ លើកឡើងថា ការសារភាពកំហុសរបស់លោក ហ៊ុន សែន នេះ មិនមែនជាការសារភាពធម្មតានោះទេ ប៉ុន្តែគឺជាការសារភាពទទួលស្គាល់នូវបរាជ័យទាំងស្រុងនៃការដឹកនាំរបស់ រដ្ឋាភិបាលត្រកូលហ៊ុននៅក្នុងការការពារទឹកដីប្រទេសកម្ពុជា។ លោក បន្តថា ការដែល លោក ហ៊ុន សែន ចេញមុខទទួលកំហុសតែម្នាក់ឯងនេះ ព្រោះលោក ចង់ការពារ អំណាច និងកិត្តិយសឲ្យលោក ហ៊ុន ម៉ាណែត ខណៈកូនប្រុសច្បងរបស់លោករូបនេះ បញ្ចប់ការសិក្សាពីសាលាយោធាអាមេរិក (West Point) ប៉ុន្តែធ្វើសង្គ្រាមចាញ់ថៃ។ «»
ទោះជាយ៉ាងណា បច្ចុប្បន្ននេះ លោក ហ៊ុន សែន និងកូនប្រុសរបស់លោក នៅតែមានអំណាចពេញដៃនៅឡើយ ដូច្នេះគ្មានសមត្ថកិច្ចណា ហ៊ានស៊ើបអង្កេតលើកំហុសរបស់លោកនោះទេ។
ប្រតិកម្មរបស់លោក គឹម សុខ នេះ គឺបន្ទាប់ពីលោក ហ៊ុន សែន បានថ្លែងក្នុងវេទិកាសំណេះសំណាលជាមួយជនភៀសសឹកនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៩ មិថុនាថា ក្នុងឋានៈជាអតីតនាយករដ្ឋមន្ត្រី លោកមានការទទួលខុសត្រូវ និងទទួលស្គាល់ការធ្វេសប្រហែសក្នុងការពង្រឹងវិស័យ យោធានិងការត្រៀមខ្លួនប្រយុទ្ធ។ លោក អះអាងថា ការធ្វេសប្រហែសរបស់លោក នេះ គឺព្រោះតែការជឿប្រទេសថៃថា នឹងកសាងសន្តិភាព និងពាណិជ្ជកម្មតាមព្រំដែនជាមួយគ្នា។ លោក ហ៊ុន សែន បន្តថា បើទោះបីចន្លោះឆ្នាំ២០០៨ ដល់២០១៣ កម្ពុជា និងថៃ ធ្លាប់ផ្ទុះអាវុធនៅប្រាសាទព្រះវិហារក្តី ក៏លោក មិននឹកស្មាន ថានឹងផ្ទុះសង្គ្រាមលើកនេះទ្រង់ទ្រាយធំនៅតាមបណ្តោយព្រំដែនចាប់ពីតំបន់មុំបីខេត្តព្រះវិហារដល់មាត់សមុទ្រដែរ។
នៅពេលដែលលោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំ ធ្វេសប្រហែស និងខ្វះការត្រៀមលក្ខណៈ និងមិនបានពង្រឹងសមត្ថភាពកងទ័ព ព្រមទាំងកង្វះគ្រឿងយុទ្ធោបករណ៍ រួមទាំងសម្ភារៈយោធាទំនើបៗនេះ អ្នកដែលត្រូវបង់ថ្លៃសាច់ស្រស់ឈាមស្រស់ គឺប្រជាពលរដ្ឋ និងកងទ័ពខ្មែរដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។ សង្គ្រាមដែលថៃឈ្លានពានមកលើប្រទេសកម្ពុជាជាលើកទី២ កាលពីខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឲ្យជនស៊ីវិលខ្មែរជាង៣០នាក់ស្លាប់ និងរបួសជិត១០០នាក់ ខណៈជាងកន្លះលានគ្រួសាររត់ភៀសខ្លួន។រីឯកងទ័ពខ្មែរវិញ ប្រភពពីយោធាមួយចំនួនអះអាងថា មានកងទ័ពខ្មែរបានពលីជាង១៤០នាក់ និងរាប់សិបនាក់ទៀតរងរបួស។ ក្រៅនេះ មានផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរជាច្រើនភូមិរួមទាំងវត្តអារាម និងប្រាសាទបុរាណរបស់ខ្មែរ ត្រូវបានយោធាថៃ បំផ្លាញ និងចូលគ្រប់គ្រង។មកទល់ពេលនេះ យោធាថៃ នៅតែបន្តរាយបន្លាលួសចូលឈ្លានពាន កាន់កាប់ទឹកដីខ្មែរកាន់តែជ្រៅនិងកើនដល់ជាង៦០ទីតាំងទៅហើយ។
សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរលោក តាក់ ម៉េងហ៊ាង ថ្លែងថា ការសារភាពកំហុសរបស់លោក ហ៊ុន សែន នេះ គឺជារឿងកម្រមួយក្នុងនាមជាអ្នកដឹកនាំ កំពូល និងឆ្លុះបញ្ចាំងពីការពិតនៃការដឹកនាំរបស់លោកដែលមានបញ្ហាជាតិសំខាន់ៗមួយចំនួន មិនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់នោះទេ។ លោក សង្ឃឹមថា ក្រោយការទទួលស្គាល់កំហុសនេះ លោក ហ៊ុន សែន នឹងខិតខំពង្រឹងវិស័យការពារជាតិឲ្យបានត្រឹមត្រូវពិតប្រាកដឡើងវិញ ជាជាងចំណាយពេលវេលានិងផ្ដោតអារម្មណ៍ទៅរុកកួន និងធ្វើទុក្ខបុកម្នេញទៅលើអ្នកប្រឆាំងនិងអ្នករិះគន់ ឬខិតខំបំបែកបំបាក់សហគមន៍ខ្មែរនៅក្រៅប្រទេសដែលគ្រាន់តែបញ្ចេញមតិយោបល់ដើម្បីផលប្រយោជន៍រួមរបស់ជាតិខ្មែរ។ «»
ចំពោះការទទួលស្គាល់កំហុសរបស់លោក ហ៊ុន សែន នេះ ក៏បានបង្កឱ្យមានសំណួរថ្មីពីសំណាក់អ្នកសង្កេតការណ៍ និងអ្នករិះគន់ថា ប្រសិនបើលោកដឹងថា កម្ពុជាមិនមានការត្រៀមខ្លួនផ្នែកយោធាគ្រប់គ្រាន់ មិនមានសព្វាវុធទំនើបគ្រប់គ្រាន់ និងមិនមានសមត្ថភាពការពារជាតិរឹងមាំទេ ហេតុអ្វីបានជាថ្នាក់ដឹកនាំបន្តប្រើវោហារសាស្ត្រ និងសកម្មភាពនយោបាយដែលអាចបង្កើនភាពតានតឹង និងជំរុញឱ្យស្ថានការណ៍ព្រំដែនឈានទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង?
អ្នកវិភាគខ្លះលើកឡើងថាការទទួលស្គាល់ថា ប្រទេសមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាម គួរតែនាំទៅរកគោលនយោបាយប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងវិបត្តិ និងការបញ្ចៀសជម្លោះ។ ប៉ុន្តែផ្ទុយទៅវិញ មេដឹកនាំជាន់ខ្ពស់បានបន្តប្រើសុន្ទរកថា ជាតិនិយមខ្លាំងៗ និងការគំរាមឆ្លើយតប ដែលអ្នករិះគន់មួយចំនួនយល់ថា បាន រួមចំណែកធ្វើឱ្យបរិយាកាសនយោបាយ និងសន្តិសុខកាន់តែតានតឹង។
អ្នករិះគន់ខ្លះក៏ចោទសួរផងដែរថា បើលោក ហ៊ុន សែន ពិតជាដឹងថា កម្ពុជា ខ្វះ សមត្ថភាពយោធា និងទទួលស្គាល់ថា នេះជាកំហុសរបស់ខ្លួន ហេតុអ្វីបានជា លោកប្រើប្រាស់សុន្ទរកថា និងសកម្មភាពនយោបាយដែលអាចជំរុញឱ្យមាន ការប្រឈមមុខជាមួយប្រទេសជិតខាង? តើនេះជាការសម្រេចចិត្តប្រកបដោយ ទំនួលខុសត្រូវដែរឬទេ?
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងជាប្រមុខរដ្ឋាភិបាលនិរទេស បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ទោះបីជាលោក ហ៊ុន សែន សារភាពថា ខកខានមិនបានពង្រឹងវិស័យការពារជាតិឱ្យបានគ្រប់គ្រាន់ក្នុងអំឡុងពេលដែលលោកកាន់អំណាចក៏ដោយ ក៏ការលើកឡើងបែបនេះ គ្រាន់តែជាការដោះសា ដើម្បីគេចវេះពីការទទួលខុសត្រូវប៉ុណ្ណោះ។ «»
លោក សម រង្ស៊ី ថែមទាំងអះអាងថា ការទទួលស្គាល់ថា បានបរាជ័យក្នុងការពង្រឹងវិស័យការពារជាតិ មិនអាចក្លាយជាលេសដើម្បីគេចផុតពីការទទួលខុសត្រូវបានទេ ពីព្រោះលោក ហ៊ុន សែន គឺជាអ្នកដែលបានកាន់អំណាច និងកំណត់គោលនយោបាយសន្តិសុខជាតិអស់រយៈពេលជាងបីទសវត្សរ៍កន្លងមក។ ការទទួលស្គាល់កំហុសនៅថ្ងៃនេះរបស់លោក ហ៊ុន សែន ក៏បង្កសំណួរអំពីការទទួលខុសត្រូវផងដែរ ដ្បិតលោកបានដឹកនាំប្រទេសអស់រយៈពេលជាង ៣៨ ឆ្នាំ និងមានការគ្រប់គ្រងដោយផ្ទាល់លើការរៀបចំថវិកាជាតិ ក៏ដូចជាគោលនយោបាយសន្តិសុខជាតិ។
ទន្ទឹមនឹងការសារភាពកំហុសរបស់ខ្លួនទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅតែបន្តវាយប្រហារលើអ្នករិះគន់ និងអ្នកបញ្ចេញមតិផ្ទុយពីរដ្ឋាភិបាល។ក្នុងសុន្ទរកថាដដែល លោក ហ៊ុន សែន បានព្រមានអ្នកប្រឆាំង និងអ្នកប្រើប្រាស់បណ្ដាញសង្គមថា រដ្ឋាភិបាលនឹងមិនអត់ឱនចំពោះអ្វីដែលលោកហៅថា «ការបង្កអស្ថិរភាព» នោះទេ។
សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរលោក តាក់ ម៉េងហ៊ាង ថ្លែងថា ជារឿងអសីលធម៌បំផុតដែលលោក ហ៊ុន សែន ប្រើភាសាគំរាមកំហែងនិងសម្ដីគ្រោតគ្រាតនៅចំពោះមុខជនភៀសសឹកដែលភាគច្រើនជាស្ត្រីនិងទើបរួចរស់ជីវិតពីគ្រាប់ផ្លោងនោះ។ «»
ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានរាយការណ៍ថា អ្នករិះគន់ជាច្រើនត្រូវបានចាប់ខ្លួន ឬប្រឈមមុខនឹងការគំរាមកំហែង ដោយសារការបញ្ចេញមតិពាក់ព័ន្ធនឹងជម្លោះព្រំដែន និងការរិះគន់អំពីសមត្ថភាពរបស់ រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិជាមួយប្រទេសថៃ៕









