

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ ខែមិថុនា ថា កម្ពុជាមិនបានបង្កើនកម្លាំងទ័ពដើម្បីបង្កើតសង្គ្រាមជាថ្មីជាមួយថៃនោះទេ។ ការលើកឡើងរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃដែលបានចោទថា កម្ពុជាកំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយថៃក្នុងពេលឆាប់ៗនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា កម្ពុជាមិនបានបង្កើនកម្លាំងទ័ពដើម្បីបង្កើតសង្គ្រាមជាថ្មីជាមួយថៃទេ។
លោក ទៀ សីហា បានបន្ថែមថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី គោរពតាមកិច្ចព្រមព្រៀង និងយន្តការនានាដែលប្រទេសទាំងពីរបានចុះហត្ថលេខានាពេលកន្លងមក។ លោក សង្ឃឹមថា ភាគីជម្លោះកម្ពុជា ថៃ នឹងអាចដោះស្រាយបានដោយសន្តិវិធី និងបញ្ចៀសរាល់ការប្រើប្រាស់កម្លាំងយោធាជាថ្មី។
ការលើកឡើងរបស់លោក ទៀ សីហា ធ្វើឡើង ក្រោយសារព័ត៌មានរបស់ថៃបានចោទប្រកាន់ ថាលោក បានបដិសេធការប្រើប្រាស់យន្តការទ្វេភាគីជាមួយភាគីថៃ និងកំពុងបង្កើនទ័ព ព្រមទាំងសព្វាវុធដើម្បីត្រៀមបង្កសង្គ្រាមជាមួយថៃនៅពេលឆាប់ៗខាងមុខ។
ជុំវិញរឿងនេះដែរ ក្នុងពេលចុះជួបជនភៀសសឹក នៅឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែមិថុនា ប្រមុខរដ្ឋស្ដីទីលោក ហ៊ុន សែន បានថ្លែងថា បើកម្ពុជាផ្ទុះអាវុធ ដើម្បីវាយយកទីតាំងតំបន់ព្រំដែនកម្ពុជា ថៃ មកវិញ នឹងរងផលប៉ះពាល់ច្រើនយ៉ាង ហើយផ្នែកនយោបាយការទូត ដែលខិតខំកសាងមក នឹងត្រូវបរាជ័យនៅឆាកអន្តរជាតិ ព្រោះបំពានបទឈប់បាញ់។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការពង្រឹងកម្លាំងកងទ័ពការពារជាតិ គឺជាកាតព្វកិច្ចរបស់ប្រទេសសាមីនីមួយៗ ចំណែកឯភាគីថៃគ្រាន់តែ ព្យាយាមញុះឲ្យមានសង្គ្រាមបន្តទៀតរវាងកម្ពុជានិងថៃតែប៉ុណ្ណោះ ដែលលោកថា នេះជាយុទ្ធសាស្ត្រនយោបាយឈ្លានពានរបស់ថៃ។
លោក គឹម សុខ៖ «កម្ពុជាទាំងរដ្ឋាភិបាលក្រៅប្រទេសរបស់យើងខ្ញុំ ទាំងសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស សកម្មជនបរិស្ថាន បណ្ដាញសារព័ត៌មានជាពិសេស ប្រជាពលរដ្ឋខ្មែរ គ្មាននរណាចង់ឲ្យមានសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ រដ្ឋាភិបាលលោកហ៊ុនម៉ាណែតនិងក្រុមគ្រួសារគាត់វិញមិនហ៊ានប្រើ សូម្បីតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយនឹងមិនហ៊ានប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិផង ទោះបីជាយើងខ្ញុំទទូចម្តងហើយម្តងទៀត»។
ជុំវិញបញ្ហានេះ កាលពីចុងខែឧសភាកន្លងទៅ រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ បានព្រមានពីភាពតានតឹងជាមួយកម្ពុជាម្តងទៀត ប្រសិនបើកម្ពុជានៅតែបន្តបកអាក្រាតថៃពីទំនាស់ព្រំដែន នៅលើវេទិកាអន្តរជាតិ។ លោក ថា ការបកអាក្រាតរបស់កម្ពុជានឹងអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំស្ដារទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ការលើកឡើងរបស់មន្ត្រីការបរទេសថៃនេះ ផ្ទុយពីការពិត ព្រោះទាហានថៃនៅតែបន្តចូលកាន់កាប់ គ្រប់គ្រង និងវាតទីចូលទឹកដីកម្ពុជារាល់ថ្ងៃ ជាក់ស្តែង ជម្លោះ រវាងទាហានខ្មែរ និងទាហានថៃ នៅតំបន់មុំបី ក្នុងខេត្តព្រះ វិហារ ជាប់នឹងខេត្តឧប៊ុនរ៉ាចាថានី របស់ប្រទេសថៃ កំពុងមានភាពតានតឹងកាន់តែខ្លាំង ដោយសារទាហានថៃបានធ្វើសកម្មភាពចូលឈ្លានពាន ដោយពង្រីកទីតាំងឈរជើង និងរាយបន្លាលួសចូលក្នុងទីតាំងរបស់ទាហានខ្មែរកាន់តែជ្រៅ៕









