រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រញាប់​ប្តឹង​ថៃ​ចំនួន​៧៧​ទីតាំង​ទៅ​ICJ

0
42
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ា​ណែ​ត​ប្រញាប់​ប្តឹង​ថៃ​ចំនួន​៧៧​ទីតាំង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រោយពី​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​អះអាង ថា បាន​ដាក់​ពាក្យ​ប្តឹង​ថៃ ៤​តំបន់ ដូចជា​តំបន់​មុំ​បី ប្រាសាទ​តាមាន់តូច ប្រាសាទ​តាមាន់ធំ និង​ប្រាសាទ​តា​ក្របី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ប៉ុន្តែ​នៅ​ពុំ​ទាន់​ឃើញ​តុលាការ​មាន​ចំណាត់ការ​រហូតដល់​សព្វ​ថ្ងៃ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា គិត​ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ នេះ​គឺ​មាន​រយៈពេល​១​ឆ្នាំ​គត់​ដែល​រដ្ឋាភិបាល​កម្ពុជា​ដាក់​ឯកសារ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ប៉ុន្តែ​លោក​ថា នៅ​ពេលដែល​លោក​ពិនិត្យ មើល​គេហទំព័រ​របស់ ICJ គឺ​មិនទាន់​ឃើញ​បណ្តឹង​របស់​កម្ពុជា​នៅឡើយ​។ លោក​ថា ករណី Pending cases នៅ​លើ​គេហទំព័រ​របស់ ICJ គឺ​គ្មាន​បណ្តឹង​របស់​កម្ពុជា​នោះ​ទេ​។ ដូច្នេះ​លោក​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ប្តឹង​ថៃ​ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ទេ គឺ​កម្ពុជា​មិន​អាច​យក​ដី​ពី​ថៃ​វិញ​បាន​នោះ​ឡើយ។

លោក អ៊ុំ សំអាន ចាត់ទុក​ការ​អះអាង​របស់​រដ្ឋាភិបាល​ដែល ថា បានដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​គឺជា​ការ​កុហក​ពលរដ្ឋ និង​ជា​នយោបាយ​ប្រជាភិថុតិ ដើម្បី​កាន់អំណាច​តទៅទៀត​តែប៉ុណ្ណោះ។

លោក អ៊ុំ សំអាន៖ «ដូច្នេះ​បានជា​ខ្ញុំ​ជំរុញ​ឲ្យ​ប្តឹង​ថៃ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ហ្នឹង​ឲ្យ​បាន​ឆាប់​បំផុត ហើយ​ប្ដឹង​ហ្នឹង មិន​ប្ដឹង​តែ លោក ហ៊ុន ម៉ាណែត គ្រោង​ប្តឹង​តែ​បួន​តំបន់​នោះ​ទេ ត្រូវ​ប្ដឹង​រហូតដល់​៧៧ តំបន់ ឥឡូវនេះ យើង​គិត​ទៅ​មុន​សង្គ្រាម និង​សង្គ្រាម​វា​៧៧​តំបន់ ហើយ​បើ​យើង​គិត​ពី​ក្រោយ​សង្គ្រាម​លើក​ទី​១​និង លើក​ទី​ពីរ​គឺ ៦៧ តំបន់ ដូច្នេះ​លោក ហ៊ុន ម៉ា​ណែ​ត​ត្រូវ​ប្រញាប់​ប្តឹង​ថៃ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ នូវ​ចំនួន​ទីតាំង​ដែល​ថៃ​កំពុង​គ្រប់គ្រង​ទឹកដី​ខ្មែរ​យើង​ហ្នឹង​៧៧ តំបន់ មិន​មានតែ​បួន​តំបន់​ដែល​គាត់​គ្រោង​ប្តឹង​នោះ​ទេ»។

លោក អ៊ុំ សំអាន បន្ថែម​ទៀត​ថា បើសិនជា​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិន​ប្តឹង​នោះ​ទេ ទឹកដី​ខ្មែរ ចំនួន​៧២​ទីតាំង​ដែល​ថៃ​កំពុង​គ្រប់គ្រង នឹង​មិនបាន​មកវិញ​នោះ​ទេ ហើយ​បើសិនជា​គាត់​ប្ដឹង សង្ឃឹមថា​បាន​មក​វិញ​នូវ​ទឹកដី​ខ្មែរ​ដែល​ថៃ​កំពុង​គ្រប់គ្រង​។ ក្រៅពីនោះ លោក អ៊ុំ សំអាន ក៏​ផ្តល់​យោបល់​ទៅកាន់​លោក ហ៊ុន ម៉ាណែត ឱ្យ​ដាក់​បណ្ដឹង​មួយទៀត​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ផង​ដែរ។

ការ​អះអាង​របស់​ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​រូប​នេះ ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ បាន​អះអាង​ថា បាន​បញ្ជូន​លិខិតផ្លូវការ​មួយ​ច្បាប់ ដែល​ជា​ពាក្យ​បណ្តឹង​ទៅកាន់​លោក ហ្វីលីព ហ្គតជេរ (Philippe Gautier) មន្ត្រី​អត្រានុកូលដ្ឋាន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ នា​ថ្ងៃទី​១៥ មិថុនា ដើម្បី​ឱ្យ​ជួយ​កាត់​ក្តី​វិវាទ​ព្រំដែន​គោក​ចំនួន​៤​តំបន់​ជាមួយ​ប្រទេស​ថៃ ដូចជា​នៅ​តំបន់​មុំ​បី ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទតាក្របី។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​នៅ​ហ្វេសប៊ុក​របស់​លោក​១ ឆ្នាំមុន​ថា ការ​ដែល​កម្ពុជា​ជ្រើស​យក​ថ្ងៃ​១៥ មិថុនា ដាក់ពាក្យ​បណ្តឹង​ករណី​ជម្លោះ​ជាមួយ​ថៃ​ទៅ ICJ គឺជា​រឿង​គាប់​ជួន​នឹង​ថ្ងៃ​ដែល​កម្ពុជា​ឈ្នះក្តី​ករណី​ប្រាសាទព្រះវិហារ​។ លោក​ថា កម្ពុជា​ជ្រើស​រើស​យក​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ តាមរយៈ​យន្តការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ កម្ពុជា​ចង់បាន​តែ​យុតិ្តធម៌ ភាព​ត្រឹមត្រូវ និង​ច្បាស់លាស់​មួយ ក្នុង​ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ដើម្បី​ជៀសវាង​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​បន្ត​មាន​បញ្ហា​មិន​ចប់​ជាមួយគ្នា។

ក្រោយ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​ទាំង​ពីរ​លើក​ក្នុង​ឆ្នាំ​២០២៥​គណបក្សប្រឆាំង​បាន​រក​ឃើញ​ថា ថៃ​កំពុង​គ្រប់គ្រង​ទឹកដី​ខ្មែរ​សរុប​មាន​ចំនួន ៧៧​ទីតាំង ដែល​មាន​ទំហំ​ជាង ២៦.៤០០​គីឡូម៉ែត្រ​ការ៉េ ដែល​ស្មើនឹង ៧​ដង​នៃ​ទំហំ​ខេត្តតាកែវ។ ទាហាន​ខ្មែរ​កំពុង​គ្រប់គ្រង​ទឹកដី​ខ្មែរ​១១​ទីតាំង​ដែល​មិន​បាត់បង់​ដោយសារ​សង្គ្រាម​រួមមាន​ប្រាសាទព្រះវិហារ ភ្នំ​ខ្មោច ភ្នំ​៣៣០ ៥​មករា វាល​ឥន្ទ្រីយ៍ ភ្នំតាង៉ោល បង្គោល​៨ ព្រលាន​ថ្ម សំបុក​ឃ្មុំ តំបន់​៧៥ និង ភ្នំ​៣៩៨។ ដូច្នេះ​ទីតាំង​ដែល​ច្បាំង​គ្នា​ឬ​ក្រោយ​ផ្ទុះ​សង្គ្រាម​គឺ​កម្ពុជា​បាត់បង់​ការគ្រប់គ្រង​ចំនួន​៦៧ និង​មុន​ផ្ទុះ​សង្គ្រាម​ទាំង​២​លើក កម្ពុជា​បាត់បង់​ទឹកដី​ចំនួន​១០​ទីតាំង។

ទាក់ទង​ទៅ​នឹង​ការបាត់បង់​ទឹកដី​នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​វេទិកា​សំណេះសំណាល​ជាមួយ​ជនភៀសសឹក​នៅ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៩ មិថុនា​ថា ក្នុង​ឋានៈ​ជា​អតីត​នាយករដ្ឋមន្ត្រី លោក​មានការ​ទទួលខុសត្រូវ និង​ទទួលស្គាល់​ការ​ធ្វេសប្រហែស​ក្នុង​ការ​ពង្រឹង​វិស័យ យោធា​និង​ការ​ត្រៀមខ្លួន​ប្រយុទ្ធ​។ លោក អះអាង​ថា ការ​ធ្វេសប្រហែស​របស់​លោក នេះ គឺ​ព្រោះតែ​ការ​ជឿ​ប្រទេស​ថៃ​ថា នឹង​កសាង​សន្តិភាព និង​ពាណិជ្ជកម្ម​តាម​ព្រំដែន​ជាមួយគ្នា​។ លោក ហ៊ុន សែន បន្ត​ថា បើ​ទោះបី​ចន្លោះ​ឆ្នាំ​២០០៨ ដល់​២០១៣ កម្ពុជា និង​ថៃ​ធ្លាប់​ផ្ទុះអាវុធ​នៅ​ប្រាសាទព្រះវិហារ​ក្តី ក៏​លោក មិន​នឹកស្មាន ថា​នឹង​ផ្ទុះ​សង្គ្រាម​លើក​នេះ​ទ្រង់ទ្រាយ​ធំ​នៅ​តាម​បណ្តោយ​ព្រំដែន​ចាប់ពី​តំបន់​មុំ​បី​ខេត្តព្រះវិហារ​ដល់​មាត់សមុទ្រ​ដែរ​។ ទោះជា​យ៉ាងណា ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​កំពុងតែ​ព្យាយាម​បិទបាំង​ភាព​កំសោយ និង​អសមត្ថភាព​នៃ​ការដឹកនាំ​ប្រទេស​របស់​កូនប្រុស​គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​រង​ការ​រិះគន់​ថា គ្មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​មិនអាច​ទប់ទល់ ឬ​ដោះស្រាយ​បញ្ហា​យោធា​ថៃ​ឈ្លានពាន បើ​ទោះ​ជា​លោក ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការសិក្សា​ផ្នែក​សេដ្ឋកិច្ច និង​យោធា​ពី​សាលា​កំពូលៗ​នៅក្នុង​ពិភពលោក​ក្តី។

ក្រោយ​ធ្វើសង្គ្រាម​ឈ្លានពាន​កម្ពុជា​ចំនួន​ពីរ​លើក យោធា​ថៃ​បាន​ចូល​កាន់កាប់​ទឹកដី​កម្ពុជា ដោយ​មិន​រើស​ទីតាំង​នោះ​ឡើយ ពោល​គឺ​យោធា​ថៃ​បាន​រាយ​បន្លា​លួស តម្រៀប​ទូ​កុងតឺន័រ និង​ជីក​ប្រឡាយ​ចូលក្នុង​ទឹកដី​កម្ពុជា ទាំង​នៅក្នុង​តំបន់​បោះបង្គោល​ព្រំដែន​ដែល​មាន​ការ​ឯកភាព​គ្នា និង​តំបន់​ដែល​មិនទាន់​ឯកភាព​គ្នា រួម​ទាំង​តំបន់​ដែល​គ្មាន​ជម្លោះ ដែល​មាន​ទីតាំង​ក្នុង​ទឹកដី​កម្ពុជា​ឆ្ងាយ​ពី​តំបន់​ព្រំដែន​ជាច្រើន​គីឡូម៉ែត្រ​ទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ