

យោធាថៃកំពុងសាងសង់ផ្លូវបេតុងឡើងទៅភ្នំ៧៤៥ ដែលជាតំបន់យុទ្ធសាស្ត្រដ៏រសើបនៅតំបន់មុំបី ខេត្តព្រះវិហារ បន្ទាប់ពីមានបទឈប់បាញ់។ ទាហានខ្មែរទទួលស្គាល់ថា យោធាថៃពិតជាបានសាងសង់ផ្លូវជុំវិញភ្នំ៧៤៥ ដែលបញ្ហានេះបានក្លាយជាការគំរាមកំហែងមកលើទាហានខ្មែរ ដែលកំពុងឈរជើងនៅតំបន់ភ្នំ៧៤៥នេះ។
ភាពតានតឹងនៅតំបន់ព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ ជាប់នឹងស្រុកណាំយឿន ខេត្តឧប៊ុនរ៉ាចាថានី របស់ថៃ នៅពេលនេះហាក់មានភាពធូរស្រាលជាងមុន ក៏ប៉ុន្តែយោធាថៃបានបង្កើនល្បឿនសាងសង់ផ្លូវបេតុងឡើងទៅកាន់ភ្នំ៧៤៥ នៅតំបន់មុំបី ទាំងក្នុងរដូវវស្សានេះ។
តាមរយៈវីដេអូដែលទាហានវិស្វកម្មថៃបង្ហោះក្នុងបណ្ដាញសង្គមនាពេលថ្មីៗនេះ បានបង្ហាញពីសកម្មភាពយោធាថៃកំពុងឈូសឆាយ និងចាក់ផ្លូវបេតុងតាមជម្រាល ដើម្បីឡើងទៅកាន់កំពូលភ្នំ៧៤៥ ជាទីតាំងដែលមានមូលដ្ឋានរបស់កងទ័ពខ្មែរកំពុងឈរជើង។ សកម្មភាពសាងសង់ផ្លូវបេតុងរបស់យោធាថៃនេះ ហាក់មានភាពប្រញាប់ប្រញាល់ ដោយយោធាថៃបានប្រើគ្រឿងចក្រឈូសឆាយព្រៃ កិនបង្ហាប់ដី និងចាក់បេតុងភ្លាមៗ ដោយមិនបានដាក់គ្រោងដែកសូម្បីមួយសរសៃនោះឡើយ។
ទាហានខ្មែរមួយរូប ដែលកំពុងឈរជើងនៅតំបន់មុំបី បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា យោធាថៃបានចាក់ផ្លូវបេតុងឡើងទៅកាន់កំពូលភ្នំ៧៤៥ ក្នុងគោលបំណងពង្រីកកម្លាំងទ័ពនៅក្នុងតំបន់ដែលមានកងទ័ពខ្មែរកំពុងឈរជើង។ លោកអះអាងថា ក្រោយពីមានបទឈប់បាញ់លើកទី២ យោធាខ្មែរបានបន្តកាន់កាប់តំបន់ខ្ពស់នៃជួរភ្នំ៧៤៥នេះ ក៏ប៉ុន្តែក្រោយមក យោធាថៃបានពង្រីកសកម្មភាពឈ្លានពាន ដោយចូលរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា និងកាត់ផ្ដាច់ផ្លូវឡើងភ្នំ៧៤៥ របស់ទាហានខ្មែរដែលតភ្ជាប់ពីតំបន់មុំបីមរកតក្នុងទឹកដីកម្ពុជា។
ទៅជាយ៉ាងណា ទាហានខ្មែររូបនេះមិនអាចបញ្ជាក់អំពីស្ថានភាពការប្រឈមរបស់ទាហានខ្មែរនៅតំបន់ភ្នំ៧៤៥ ក្រោយពេលយោធាថៃធ្វើផ្លូវឡើងទៅកាន់តំបន់នេះនោះឡើយ ដោយលោកបានលើកឡើងថា បញ្ហានេះពាក់ព័ន្ធនឹងវិជ្ជាជីវៈ និងកិច្ចការសន្តិសុខរបស់ផ្នែកយោធា។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៥ ខែមិថុនា។ ចំណែកស្ថាប័នអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងក្រសួងការពារជាតិ មិនបានធ្វើសេចក្ដីថ្លែងការណ៍អំពីរឿងនេះនោះឡើយ។
ភ្នំ៧៤៥ គឺជាតំបន់ជួរភ្នំយុទ្ធសាស្ត្រដ៏រសើបមួយ នៅក្នុងតំបន់មុំបី ដែលជាទីប្រជុំនៃព្រំដែនរបស់ប្រទេសចំនួនបី គឺកម្ពុជា ថៃ និងឡាវ។ ជាញឹកញាប់តំបន់នេះតែងតែកើតមានវិវាទ ការទាមទារ និងជម្លោះព្រំដែនរវាងកងកម្លាំងយោធាកម្ពុជា-ថៃ ដែលធ្វើឱ្យស្ថានការណ៍កាន់តែមានភាពតានតឹង។ ផ្អែកលើទីតាំងភូមិសាស្ត្ររបស់ភ្នំ៧៤៥ ដែលលាតសន្ធឹងតាមបណ្ដោយជួរភ្នំដងរែក គឺមានលក្ខណៈជម្រាលទៅខាងទឹកដីថៃ និងមានសណ្ឋានជាច្រាំងចោតនៅខាងទឹកដីកម្ពុជា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញថា យោធាថៃហាក់មានបំណងកាន់កាប់តំបន់យុទ្ធសាស្ត្រសំខាន់ៗនៅលើភ្នំដងរែកទាំងស្រុងដើម្បីកាត់ផ្ដាច់សមត្ថភាពយោធារបស់កម្ពុជា ក្នុងការទាមទារទឹកដីនៅតាមព្រំដែនត្រឡប់មកវិញនៅពេលអនាគត។
លោក អ៊ុំ សំអាន៖ «បានន័យថា បើថៃគេធ្វើផ្លូវឡើងទៅដល់កំពូលភ្នំ ៧៤៥ នៅតំបន់មុំបីហើយ គេអាចនឹងឈ្លានពានយកទឹកដីខ្មែរយើងនៅក្បែរៗនោះបន្ថែមទៀត។ ហើយប្រសិនបើមានសង្គ្រាមលើកទីបី គឺគេវាយយកតំបន់ក្បែរហ្នឹងច្រើនតែម្ដង។ ហើយបើកម្ពុជាចង់វាយយកកំពូលភ្នំ ៧៤៥ ដែលថៃគេបានធ្វើផ្លូវឡើងទៅដល់នោះ ក៏មិនអាចដណ្ដើមបានដែរ ព្រោះគេនៅទីខ្ពស់»។
តាមការអះអាងរបស់ទាហានខ្មែរ បានពន្យល់ថា ភ្នំ៧៤៥នៅតំបន់មុំបី នេះ គឺជាទីតាំងជ័យភូមិខ្ពស់ចុងក្រោយគេ ដែលកងទ័ពខ្មែរបានប្ដូរផ្ដាច់ និងលះបង់ជីវិតការពារ ក្នុងអំឡុងពេលដែលប្រទេសថៃធ្វើសង្គ្រាមឈ្លានពានតាមព្រំដែនចំនួន២លើក ខណៈតំបន់ឈរជើងសំខាន់ៗ ដូចជាតំបន់អានសេះ ភ្នំទ្រព្យ ភ្នំ៥០០ ភ្នំ៦៧៧ តំបន់ប្រាសាទតាក្របី និងភ្នំ៣៥០ ជាដើម ត្រូវទាហានថៃវាយចូលកាន់កាប់ទៅហើយ ដោយទាហានខ្មែរត្រូវបង្ខំចិត្តដកថយ និងឈរជើងនៅចង្កេះភ្នំ។
ទាហានខ្មែរអះអាងទៀតថា យោធាថៃមានបំណងឈ្លានពានយកតំបន់ភ្នំ៧៤៥នេះ គឺដើម្បីភ្ជាប់គ្នាទៅតំបន់ភ្នំ៧៥៤ ដែលជាទីតាំងខ្ពស់ជាងគេបង្អស់នៅលើជួរភ្នំដងរែក ហើយថៃនឹងអាចត្រួតត្រាតំបន់អានសេះភ្នំ៦៧៧ និងភ្នំ៥០០ បានទាំងស្រុង និងមាននិរន្តរភាព៕









