

អតិថិជនក្រុមហ៊ុនហួយវ័នផេ (Hoione Pay) ជាង ១០០នាក់ដែលភាគច្រើនជាជនជាតិចិនបានប្រមូលផ្តុំគ្នាតវ៉ាសុំអន្តរាគមន៍ពីស្ថានទូតចិនប្រចាំកម្ពុជាជាថ្មីទៀតនៅព្រឹកថ្ងៃទី១៦ ខែមិថុនា។ អ្នកឃ្លាំមើលយល់ថា ស្ថានទូតចិន នឹងអាចជួយដោះស្រាយបញ្ហានេះជូនពលរដ្ឋរបស់ខ្លួនដែលកំពុងរងគ្រោះនៅកម្ពុជា។
ជនរងគ្រោះពីការចាញ់បោកលុយក្រុមហ៊ុនហួយវ័នផេ (Huione Pay)ដែលមានក្មួយប្រុស លោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាសហប្រធាននៃក្រុមហ៊ុនជាមួយជនជាតិចិននោះ ពួកគាត់ បានប្រមូលផ្តុំគ្នាតវ៉ាស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតចិនជាថ្មី ក្រោយរដ្ឋាភិបាលកម្ពុជា មិនជួយដោះស្រាយរឿងនេះ។
ជនរងគ្រោះទាំងនេះភាគច្រើនជាជនជាតិចិន។ ក្រុមអ្នកតវ៉ាមួយចំនួន បានពាក់ម៉ាស់និងកាន់ទង់ជាតិចិន និងរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងរូបថតប្រមុខការទូតចិនលោក វ៉ាង យី (Wang Yi) ព្រមទាំងលើកបដាដែលសរសេរថា ”សងលុយញើសឈាមយើងវិញ”។អ្នកតវ៉ាខ្លះទៀត បានលើករូបថត ប្រធានក្រុមហ៊ុនហួយវ័នផេពីររូប គឺលោក ហ៊ុន តូ និងជនជាតិចិនឈ្មោះ លី សុង (LI XIONG) អមដោយសំណេរថា ”ហួយវ័នផេ សូមសងប្រាក់ភ្លាមៗ! កេរ្តិ៍ឈ្មោះកម្ពុជា បាត់បង់ដោយសារអ្នក!” ។ ក្នុងពេលតវ៉ានេះ សមត្ថកិច្ចចម្រុះរបស់កម្ពុជា រួមទាំងក្រុមសន្តិសុខក្រុងភ្នំពេញរាប់សិបនាក់ ត្រូវបានដាក់ពង្រាយដើម្បីតាមឃ្លាំមើល និងរារាំងកុំឲ្យជនរងគ្រោះតវ៉ាបិទផ្លូវ។ ទោះជាយ៉ាងណា ក្រុមសមត្ថកិច្ចនិងសន្តិសុខទាំងនេះ មិនបានបង្ក្រាបដោយហិង្សាលើជនជាតិចិននៅមុខស្ថានទូតចិនទេ។
ជនរងគ្រោះជាជនជាតិចិនម្នាក់ ថ្លែងជាភាសាចិននិងមានអ្នកបកប្រែថា កញ្ញា បានបាត់លុយនៅក្នុងក្រុមហ៊ុនហ៊ុយវ័នផេចំនួន ៣០ម៉ឺនដុល្លារជាលុយដែលកញ្ញា ខំធ្វើការនិងឪពុកម្តាយផ្តល់ឲ្យសម្រាប់រកស៊ីហាងផ្កានៅកម្ពុជា។ ជនរងគ្រោះរូបនេះ បន្តថា ពេលនេះកញ្ញា គ្មានប្រាក់ដើម្បីដោះស្រាយជីវភាពនោះទេ ដូចជាអាហារហូបចុកនិងថ្លៃផ្ទះជួល។ កញ្ញាបង្ហាញការខកចិត្តជាខ្លាំងដែលរដ្ឋាភិបាលកម្ពុជា មិនបានជួយដោះស្រាយរឿងនេះ។
ជនជាតិចិន៖ «អ្នកបកប្រែថា គាត់ចង់និយាយថា សូមឲ្យរដ្ឋខ្មែរយើង ធ្វើអ្វីក៏ដោយឲ្យមានសច្ចៈ។ បើអត់មានសច្ចៈអ៊ីចឹង សាសន៍គេ ឬសាសន៍ណាក៏ដោយ ជនជាតិ ណាក៏ដោយ គេអត់ទុកចិត្តលើប្រទេសខ្មែរយើងហ្នឹង»។
ក្រោយការតវ៉ាមួយសន្ទុះ ស្ថានទូតចិន បានអនុញ្ញាតឲ្យតំណាងអ្នកតវ៉ាជាជនជាតិចិនពីរនាក់ចូលជួបក្នុងស្ថានទូត។ ក្រោយចូលជួបមន្ត្រីស្ថានទូតចិនរួច តំណាងអ្នកតវ៉ា និយាយថា ស្ថានទូតចិន ប្រាប់ឲ្យពួកគាត់ដោះស្រាយរឿងនេះទៅតាមច្បាប់កម្ពុជាហើយស្ថានទូត សន្យាថានឹងជួយជំរុញឲ្យមានដំណោះស្រាយរឿងនេះ។
ការតវ៉ារបស់អតិថិជនក្រុមហ៊ុនហួយវ័នផេនៅមុខស្ថានទូតចិននេះ គឺបន្ទាប់ពីការតវ៉ារបស់ពួកគាត់នៅខាងមុខទីស្នាក់ការធនាគារជាតិកម្ពុជាកន្លងមក មិនត្រឹមតែមិនទទួលបានដំណោះស្រាយទេ ថែមទាំងរងការបង្ក្រាបដោយហិង្សាពីសមត្ថកិច្ចនិងសន្តិសុខក្រុងភ្នំពេញ ដោយបណ្តាលឲ្យជនជាតិចិនពីរនាក់របួសធ្ងន់បែកក្បាល និងជនជាតិខ្មែរពីរនាក់ ត្រូវបានចាប់ឃុំខ្លួនរហូតដល់បច្ចុប្បន្ន។
ជុំវិញរឿងនេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ជឿថា ស្ថានទូតចិន នឹងមិននៅស្ងៀមចំពោះភាពអយុត្តិធម៌របស់ពលរដ្ឋរបស់ខ្លួននោះទេ។ លោក យល់ថា ស្ថានទូតចិន អាចជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាលុយរបស់ពលរដ្ឋចិនដាក់ផ្ញើនៅ ក្នុងក្រុមហ៊ុនហួយវ័នផេ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិកម្ពុជា នៅតែមិនដោះស្រាយទេ រឿងនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា និងទំនុកចិត្តអ្នកវិនិយោគប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន ហើយរដ្ឋាភិបាលចិន ក៏អាចនឹងទូទាត់លុយរបស់ពលរដ្ឋចិនដែលបាត់នេះជាមួយនឹងមាសរបស់កម្ពុជាដែលផ្ញើទុកនៅធនាគារប្រទេសចិនដែរ។ «»
កន្លងមក ធនាគារជាតិកម្ពុជា បញ្ជាក់ថា មានបុគ្គលជាង ១ពាន់ ២រយនាក់ (១.២៩៧)នាក់ ដែលបានអះអាងថា ជាជនរងគ្រោះ ដោយមិនអាចដកលុយចេញពីហួយវ័នផេក្នុងទំហំទឹកប្រាក់ចំនួនជាង ៥១លានដុល្លារអាមេរិក។ អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី បានប្រកាសកាលពីថ្ងៃទី២៩ ខែមេសាថា ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធមិនមានលទ្ធភាពជួយដោះស្រាយរឿងលុយរបស់ជនរងគ្រោះដែលត្រូវបានក្រុមហ៊ុន លោក ហ៊ុន តូ បង្កកឡើយ។ អ្នកស្រីបានជំរុញឱ្យជនរងគ្រោះប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមផ្លូវតុលាការ។
ក្រុមហ៊ុន ហួយវ័ន ផេ គឺជាផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) មានកម្មវិធីទីផ្សារ និងភ្នាក់ងារទូទាត់លុយតាមអនឡាញរបស់ជនជាតិចិន និងមានក្មួយបង្កើតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាសហប្រធាននៃក្រុមហ៊ុននេះ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី៦ ខែឧសភាកន្លងទៅ លោក ហ៊ុន តូ បានចេញសេចក្ដីបំភ្លឺមួយតាមរយៈមេធាវី ដោយបដិសេធមិនទទួលខុសទទួលខុសត្រូវចំពោះការបាត់លុយអតិថិជននេះឡើយ ទោះបីជាលោក មានភាគហ៊ុនចំនួន ៣០ ភាគរយ នៅក្នុងក្រុមហ៊ុនហួយវ័ន ផេ ក្តី។ លោក ហ៊ុន តូ បកស្រាយថា ក្រុមហ៊ុន មិនបានបែងចែកសិទ្ធិអំណាច និងការសម្រេចចិត្តក្នុងការគ្រប់គ្រងចំណូលចំណាយនិងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនឡើយ។ ដោយឡែក ប្រធានក្រុមហ៊ុនហួយវ័នផេ គ្រុប ( Huione Group) ឈ្មោះ លី សុង (LI XIONG) ជាជនជាតិចិន មានសញ្ជាតិខ្មែរនោះ សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួននិងបញ្ជូនទៅប្រទេសចិនវិញហើយ ដើម្បីបន្តនីតិវិធីតាមច្បាប់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ។ ប៉ុន្តែក្មួយ ប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ នៅតែមានសេរីភាពដដែលមកទល់ពេលនេះ។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានសហការចាត់វិធានការរួមគ្នាដាក់ទណ្ឌកម្មលើក្រុមហ៊ុន ហួយវ័នគ្រុប (Huione Group) កាលពីចុងឆ្នាំ២០២៥ ដោយសារតែរកឃើញថា គឺជាក្រុមហ៊ុនធំពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម និងបានជួយលាងលុយកខ្វក់ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និងក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើងយ៉ាងហោចណាស់៤ពាន់លានដុល្លារ៕









