ជនរងគ្រោះ​ដែល​ចាញ់បោក​លុយ​ក្រុមហ៊ុន​ហួយ​វ័នផេ តវ៉ា​មុខ​ស្ថានទូត​ចិន​ជាថ្មី

0
51
អតិថិជន​ក្រុមហ៊ុន​ហួយ​វ័ន​ផេ (Hoione Pay) ជាង ១០០​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អតិថិជន​ក្រុមហ៊ុន​ហួយ​វ័ន​ផេ (Hoione Pay) ជាង ១០០​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អតិថិជន​ក្រុមហ៊ុន​ហួយ​វ័ន​ផេ (Hoione Pay) ជាង ១០០​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ជាថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មិថុនា​។ អ្នកឃ្លាំមើល​យល់​ថា ស្ថានទូត​ចិន នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រងគ្រោះ​នៅ​កម្ពុជា។

ជនរងគ្រោះ​ពី​ការ​ចាញ់បោក​លុយ​ក្រុមហ៊ុន​ហួយ​វ័នផេ (Huione Pay)​ដែល​មាន​ក្មួយប្រុស លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជា​សហប្រធាន​នៃ​ក្រុមហ៊ុន​ជាមួយ​ជនជាតិ​ចិន​នោះ ពួកគាត់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ចិន​ជាថ្មី ក្រោយ​រដ្ឋាភិបាល​កម្ពុជា មិន​ជួយ​ដោះស្រាយ​រឿង​នេះ។

ជនរងគ្រោះ​ទាំងនេះ​ភាគច្រើន​ជា​ជនជាតិ​ចិន។ ក្រុម​អ្នកតវ៉ា​មួយចំនួន បាន​ពាក់​ម៉ាស់​និង​កាន់​ទង់​ជាតិចិន និង​រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) និង​រូបថត​ប្រមុខ​ការទូត​ចិន​លោក វ៉ាង យី (Wang Yi) ព្រមទាំង​លើក​បដា​ដែល​សរសេរ​ថា ”​សង​លុយ​ញើស​ឈាម​យើង​វិញ​”​។​អ្នក​តវ៉ា​ខ្លះទៀត បាន​លើក​រូបថត ប្រធាន​ក្រុមហ៊ុន​ហួយ​វ័ន​ផេ​ពីរ​រូប គឺ​លោក ហ៊ុន តូ និង​ជនជាតិ​ចិន​ឈ្មោះ លី សុង (LI XIONG) អម​ដោយ​សំណេរ​ថា ”​ហួយ​វ័ន​ផេ សូម​សង​ប្រាក់​ភ្លាមៗ​! កេរ្តិ៍ឈ្មោះ​កម្ពុជា បាត់បង់​ដោយសារ​អ្នក!” ។ ក្នុង​ពេល​តវ៉ា​នេះ សមត្ថកិច្ច​ចម្រុះ​របស់​កម្ពុជា រួម​ទាំង​ក្រុម​សន្តិសុខ​ក្រុងភ្នំពេញ​រាប់​សិប​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​តាម​ឃ្លាំមើល និង​រារាំង​កុំ​ឲ្យ​ជនរងគ្រោះ​តវ៉ា​បិទផ្លូវ​។ ទោះជា​យ៉ាងណា ក្រុម​សមត្ថកិច្ច​និង​សន្តិសុខ​ទាំងនេះ មិនបាន​បង្ក្រាប​ដោយ​ហិង្សា​លើ​ជនជាតិ​ចិន​នៅមុខ​ស្ថានទូត​ចិន​ទេ។

ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ម្នាក់ ថ្លែង​ជា​ភាសា​ចិន​និង​មាន​អ្នកបកប្រែ​ថា កញ្ញា បាន​បាត់​លុយ​នៅក្នុង​ក្រុមហ៊ុន​ហ៊ុយវ័ន​ផេ​ចំនួន ៣០​ម៉ឺន​ដុល្លារ​ជា​លុយ​ដែល​កញ្ញា ខំធ្វើការ​និង​ឪពុក​ម្តាយ​ផ្តល់​ឲ្យ​សម្រាប់​រកស៊ី​ហាង​ផ្កា​នៅ​កម្ពុជា។ ជនរងគ្រោះ​រូប​នេះ បន្ត​ថា ពេលនេះ​កញ្ញា គ្មាន​ប្រាក់​ដើម្បី​ដោះស្រាយ​ជីវភាព​នោះ​ទេ ដូចជា​អាហារ​ហូបចុក​និង​ថ្លៃ​ផ្ទះ​ជួល។ កញ្ញា​បង្ហាញ​ការ​ខកចិត្ត​ជា​ខ្លាំង​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ជួយ​ដោះស្រាយ​រឿង​នេះ។

ជនជាតិ​ចិន៖ «អ្នកបកប្រែ​ថា គាត់​ចង់​និយាយ​ថា សូម​ឲ្យ​រដ្ឋ​ខ្មែរ​យើង ធ្វើ​អ្វី​ក៏ដោយ​ឲ្យ​មាន​សច្ចៈ។ បើ​អត់​មាន​សច្ចៈ​អ៊ីចឹង សាសន៍​គេ ឬ​សាសន៍​ណាក៏ដោយ ជនជាតិ ណាក៏ដោយ គេ​អត់​ទុកចិត្ត​លើ​ប្រទេស​ខ្មែរ​យើង​ហ្នឹង»។

ក្រោយ​ការ​តវ៉ា​មួយសន្ទុះ ស្ថានទូត​ចិន បាន​អនុញ្ញាត​ឲ្យ​តំណាង​អ្នក​តវ៉ា​ជា​ជន​ជាតិចិន​ពីរ​នាក់​ចូល​ជួប​ក្នុង​ស្ថានទូត​។ ក្រោយ​ចូល​ជួប​មន្ត្រី​ស្ថានទូត​ចិន​រួច តំណាង​អ្នក​តវ៉ា និយាយ​ថា ស្ថានទូត​ចិន ប្រាប់​ឲ្យ​ពួកគាត់​ដោះស្រាយ​រឿង​នេះ​ទៅតាម​ច្បាប់​កម្ពុជា​ហើយ​ស្ថានទូត សន្យា​ថា​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​រឿង​នេះ។

ការ​តវ៉ា​របស់​អតិថិជន​ក្រុមហ៊ុន​ហួយ​វ័ន​ផេ​នៅមុខ​ស្ថានទូត​ចិន​នេះ គឺ​បន្ទាប់ពី​ការ​តវ៉ា​របស់​ពួកគាត់​នៅ​ខាងមុខ​ទីស្នាក់ការ​ធនាគារជាតិ​កម្ពុជា​កន្លងមក មិន​ត្រឹមតែ​មិន​ទទួល​បាន​ដំណោះស្រាយ​ទេ ថែមទាំង​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សមត្ថកិច្ច​និង​សន្តិសុខ​ក្រុងភ្នំពេញ ដោយ​បណ្តាល​ឲ្យ​ជនជាតិ​ចិន​ពីរ​នាក់​របួសធ្ងន់​បែកក្បាល និង​ជនជាតិ​ខ្មែរ​ពីរ​នាក់ ត្រូវ​បាន​ចាប់​ឃុំខ្លួន​រហូតដល់​បច្ចុប្បន្ន។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា ជឿថា ស្ថានទូត​ចិន នឹង​មិន​នៅ​ស្ងៀម​ចំពោះ​ភាព​អយុត្តិធម៌​របស់​ពល​រដ្ឋ​របស់​ខ្លួន​នោះ​ទេ។ លោក យល់ថា ស្ថានទូត​ចិន អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ហា​លុយ​របស់​ពលរដ្ឋ​ចិន​ដាក់​ផ្ញើ​នៅ ក្នុង​ក្រុមហ៊ុន​ហួយ​វ័ន​ផេ។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​​កម្ពុជា និង​ធនាគារជាតិ​កម្ពុជា នៅតែ​មិន​ដោះស្រាយ​ទេ រឿង​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា និង​ទំនុកចិត្ត​អ្នក​វិនិយោគ​ប៉ុណ្ណោះ​ទេ ថែមទាំង​ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា​-​ចិន ហើយ​រដ្ឋាភិបាល​ចិន ក៏​អាច​នឹង​ទូទាត់​លុយ​របស់​ពលរដ្ឋ​ចិន​ដែល​បាត់​នេះ​ជាមួយនឹង​មាស​របស់​កម្ពុជា​ដែល​ផ្ញើទុក​នៅ​ធនាគារ​ប្រទេស​ចិន​ដែរ។ «»

កន្លងមក ធនាគារជាតិ​កម្ពុជា បញ្ជាក់​ថា មាន​បុគ្គល​ជាង ១​ពាន់ ២​រយ​នាក់ (១.២៩៧)​នាក់ ដែល​បាន​អះអាង​ថា ជា​ជនរងគ្រោះ ដោយ​មិនអាច​ដក​លុយ​ចេញពី​ហួយ​វ័នផេ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ជាង ៥១​លាន​ដុល្លារ​អាមេរិក​។ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​អ្នកស្រី ជា សិរី បាន​ប្រកាស​កាលពី​ថ្ងៃទី​២៩ ខែ​មេសា​ថា ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​មាន​លទ្ធភាព​ជួយ​ដោះស្រាយ​រឿង​លុយ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន លោក ហ៊ុន តូ បង្កក​ឡើយ​។ អ្នកស្រី​បាន​ជំ​រុញ​ឱ្យ​ជនរងគ្រោះ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​តា​ម​ផ្លូវ​តុលាការ។

ក្រុមហ៊ុន ហួយវ័ន ផេ គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) មាន​កម្ម​វិធី​ទីផ្សារ និង​ភ្នាក់ងារ​ទូទាត់​លុយ​តាម​អនឡាញ​របស់​ជនជាតិ​ចិន និង​មាន​ក្មួយបង្កើត​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជា​សហប្រធាន​នៃ​ក្រុមហ៊ុន​នេះ។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​៦ ខែឧសភា​កន្លងទៅ លោក ហ៊ុន តូ បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​តាមរយៈ​មេធាវី ដោយ​បដិសេធ​មិន​ទទួលខុស​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់​លុយ​អតិថិជន​នេះ​ឡើយ ទោះបីជា​លោក មាន​ភាគហ៊ុន​ចំនួន ៣០ ភាគរយ នៅក្នុង​ក្រុមហ៊ុន​ហួយ​វ័ន ផេ ក្តី។ លោក ហ៊ុន តូ បកស្រាយ​ថា ក្រុមហ៊ុន មិនបាន​បែងចែក​សិទ្ធិអំណាច និង​ការសម្រេចចិត្ត​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​និង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​ក្រុមហ៊ុន​ឡើយ​។ ដោយឡែក ប្រធាន​ក្រុមហ៊ុន​ហួយ​វ័ន​ផេ គ្រុប ( Huione Group) ឈ្មោះ លី សុង (LI XIONG) ជា​ជន​ជាតិចិន មាន​សញ្ជាតិ​ខ្មែរ​នោះ សមត្ថកិច្ច​កម្ពុជា បាន​ចាប់ខ្លួន​និង​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​ហើយ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) កាលពី​ថ្ងៃទី​៣១ ខែមីនា​កន្លងទៅ​។ ប៉ុន្តែ​ក្មួយ ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ នៅ​តែ​មាន​សេរីភាព​ដដែល​មកទល់​ពេលនេះ​។ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​សហការ​ចាត់​វិធានការ​រួមគ្នា​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ហួយ​វ័ន​គ្រុប (Huione Group) កាលពី​ចុងឆ្នាំ​២០២៥ ដោយសារតែ​រក​ឃើញ​ថា គឺជា​ក្រុមហ៊ុន​ធំ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម និង​បាន​ជួយ​លាងលុយកខ្វក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ និង​ក្រុម​ចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង​យ៉ាងហោចណាស់​៤​ពាន់​លាន​ដុល្លារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ