

មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋជំរុញឱ្យរដ្ឋាភិបាល រៀបចំប្រព័ន្ធទឹកភ្លើង និងធានាសុវត្ថិភាពដល់ពលរដ្ឋ ដែលរស់នៅតាមព្រំដែនឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅរស់នៅតាមភូមិឋានវិញបាន។ ការស្នើនេះ ក្រោយពីមានពលរដ្ឋជាច្រើននៅតំបន់ អូរស្មាច់ និងតាមតំបន់ជួរភ្នំដងរែក ខេត្តឧត្តរមានជ័យ បន្តរស់នៅក្រោម តង់កៅស៊ូ មិនហ៊ានត្រឡប់ ទៅរស់នៅភូមិឋានវិញ បើទោះបីជា អាជ្ញាធរតែងតែ បង្ខំឱ្យពួកគាត់ ទៅរស់នៅតាមភូមិឋានវិញក្ដី។
ពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-ថៃដែលធ្លាប់តែសើចសប្បាយរីករាយ និងមានមុខរបររកស៊ីចិញ្ចឹមជីវិត និងមានប្រាក់ចំណូលសមរម្យ ប៉ុន្តែជិត១ឆ្នាំមកនេះ ពួកគាត់រស់នៅ ជាមួយអារម្មណ៍ភ័យខ្លាច គ្មានទីជម្រកសមរម្យ និងគ្មានគោលដៅច្បាស់លាស់ ក្រោយពីឆ្លងកាត់សង្គ្រាមឈ្លានពានទឹកដី ដោយយោធាថៃចំនួន២លើកមក។ សព្វថ្ងៃមាន ជនភៀសសឹកជាច្រើនគ្រួសារ មិនទាន់ហ៊ានត្រឡប់ទៅភូមិឋានវិញនោះទេ ដោយសារតែព្រួយបារម្ភពីសុវត្ថិភាព ខណៈភូមិឋានខ្លះទៀត មិនទាន់រៀបចំ ប្រព័ន្ធទឹកភ្លើង ឱ្យបានត្រឹមត្រូវ ឡើងវិញនោះឡើយ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២២ ខែមិថុនាថា ពលរដ្ឋនៅតាមព្រំដែន ភាគច្រើនគឺជាជនរងគ្រោះ ពីការឈ្លានពានរបស់យោធាថៃ។ លោកថាមកទល់ពេលនេះមាន ជនភៀសសឹកជាច្រើនគ្រួសារទៀត មិនទាន់អាចត្រឡប់ទៅភូមិឋានវិញបាន ដោយសារតែភូមិឋានខ្លះ មិនទាន់បានរៀបចំ ប្រព័ន្ធទឹកភ្លើង ឡើងវិញ ហើយសុវត្ថិភាពក៏មិនទាន់មានពេញលេញ ដូច្នេះ អាជ្ញាធរត្រូវគិតគូរពីបញ្ហាទាំងនេះឱ្យបានត្រឹមត្រូវ មុនបង្ខំឱ្យពលរដ្ឋត្រឡប់មកភូមិឋានវិញ។
លោក យិន ម៉េងលី៖ «យើងបានដឹងថានេះជាបញ្ហារបស់គាត់ អ៊ីចឹងអាជ្ញាធរត្រូវពិចារណាលើបញ្ហារបស់គាត់ កង្វល់របស់ពលរដ្ឋដែលបានលើកឡើងនេះគ្មាននរណាម្នាក់សុខចិត្តចាកចោលផ្ទះសម្បែង និងភូមិឋានមករស់នៅក្រោមតង់ ដ៏លំបាក មិនដូចការរស់នៅក្នុងផ្ទះសម្បែងទេ។អ៊ីចឹង នេះជាបញ្ហាដែលចាំបាច់សម្រាប់ពួកគាត់»។
ការលើកឡើងនេះ ក្រោយពីមានជនភៀសសឹកជាច្រើនគ្រួសារ នៅខេត្តឧត្តរមានជ័យ មកពីតំបន់អូរស្មាច់ និងពលរដ្ឋ ដែលរស់នៅតាមជួរភ្នំដងរែក នៅតែបន្តរស់នៅតាម តង់កៅស៊ូហាលភ្លៀង ហាលថ្ងៃ។ ថ្មីៗទៀត អាជ្ញាធរក៏បានគំរាមពួកគាត់ ថានឹងលែងផ្ដល់អំណោយ និងសម្ភារៈមួយចំនួន ដូចជាថ្នាំពេទ្យជាដើម ប្រសិនបើ ជនភៀសសឹកទាំងនោះ នៅតែ បន្តរស់នៅតាម តងកៅស៊ូ ដោយមិនព្រមត្រឡប់ទៅភូមិឋានវិញដែលអាជ្ញាធររៀបចំឱ្យ។ ទោះជាយ៉ាង បន្ទាប់ពីមានការគំរាមកំហែង ជនភៀសសឹកខ្លះ បានត្រឡប់ទៅភូមិឋានវិញទាំងអារម្មណ៍ភ័យខ្លាច ចំណែកអ្នកខ្លះទៀត នាំគ្នារុះរើតង់កៅស៊ូពីជំរំចាស់ រួចទៅបោះជំរំថ្មី នៅក្បែរកន្លែង ដែលអាជ្ញាធរបានធ្វើផ្ទះបណ្ដោះអាសន្នដល់ជនភៀសសឹក ចំនួន៣០០គ្រួសារ ដែលបាត់បង់ទឹកដី និងផ្ទះសម្បែង។
ពលរដ្ឋរស់នៅតំបន់អូរស្មាច់ បានថ្លែងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ព្រោះបារម្ភពីសុវត្ថិភាពថា សព្វថ្ងៃ ពលរដ្ឋនៅតំបន់អូរស្មាច់មានអ្នកចូលមករស់នៅវិញប្រហែល ២០ភាគរយប៉ុណ្ណោះ ក្រោយពីជម្លោះព្រំដែនកម្ពុជា-ថៃបានស្ងប់ស្ងាត់ជិត១ឆ្នាំមក។ លោកថា ពលរដ្ឋជាច្រើនទៀត ដែលមិនទាន់ត្រឡប់មកវិញ អ្នកខ្លះរស់នៅតាមជំរំ និងខ្លះទៀត រស់នៅជាមួយបងប្អូន តាមខេត្តផ្សេងៗ។ លោកថា ការដែលពលរដ្ឋមិនចង់ត្រឡប់មកវិញ ដោយសារតែ បារម្ភពីសុវត្ថិភាព និងបញ្ហាគ្មានទឹកប្រើប្រាស់ជាដើម។
ចំណែកពលរដ្ឋរស់នៅ តំបន់ផ្សេងទៀត តាមបណ្ដោយព្រំដែន ប្រភពដដែលលើកឡើងថា មានផ្ទះអ្នកភូមិជាច្រើនខ្នង បានខូចខាត ហើយពលរដ្ឋពុំទាន់មានលុយរៀបចំឡើងវិញនោះទេ ខណៈនៅជិត ផ្ទះពលរដ្ឋហ៊ុមព័ទ្ធ ទៅដោយលេណដ្ឋាន និងទីតាំងកងទ័ពឈរជើង ទើបពលរដ្ឋមិនហ៊ានត្រឡប់ទៅភូមិឋានវិញ តាមការបង្ខំរបស់អាជ្ញាធរ។ លោកថា ជារឿងគួរឱ្យសោកស្ដាយ នៅពេលអាជ្ញាធរបង្ខំឱ្យពលរដ្ឋទៅនៅតាមភូមិវិញ ខណៈការរៀបចំប្រព័ន្ធទឹកភ្លើង និងការធានាសុវត្ថិភាពក៏គ្មាន។
ពលរដ្ឋលាក់ឈ្មោះ៖ «គ្មានផ្ដល់ដូចជាស្បៀងអាហារដល់ពួកគាត់ ហើយតាំងដេញពួកគាត់ឱ្យមកនៅស្រុក មកនៅស្រែ ហើយមួយទៀតគាត់ប្រឈមរឿងទឹក រឿងភ្លើង។ ដូចពួកខ្ញុំមករស់នៅមុនចាប់តាំងពីខែធ្នូ រហូតដល់ថ្ងៃនេះ គេឱ្យតែអង្ករម្នាក់១០គីឡូ មុនដំបូង ចាប់ពីពេលនោះមក មិនដែលមានបានអីទេ»។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យខេត្តឧត្តរមានជ័យ លោក មេត មាសភក្តី ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២២ ខែមិថុនា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
កន្លងមកនេះអាជ្ញាធរខេត្តឧត្តរមានជ័យ បានរៀបចំផ្ទះបណ្ដោះអាសន្នជូនពលរដ្ឋប្រមាណ៣០០គ្រួសារ សម្រាប់គ្រួសារដែលស្ថិតនៅតំបន់ក្រហម និងបាត់បង់ដីធ្លី និងផ្ទះ ក្រោយពីថៃបានព័ទ្ធយក។ ជាមួយគ្នានោះ អាជ្ញាធរក៏បានប្រកាសឱ្យពលរដ្ឋដែលរស់នៅតាមជំរំ ដូចជាវត្តគោកមន និងជំរំវត្តបាត់ថ្កៅ ស្រុកចុងកាល ជាង៤០០គ្រួសារឱ្យរំសាយជំរំ រួចត្រឡប់ទៅនៅភូមិឋានវិញ ឱ្យអស់ចាប់ពីថ្ងៃទី២០ ខែមិថុនា ដោយអះអាងថា ភូមិឋានរបស់ពួកគាត់មានសុវត្ថិភាពវិញហើយ ក៏ប៉ុន្តែ ពលរដ្ឋមួយចំនួន មិនព្រមទៅនោះទេ ព្រោះបារម្ភពីសុវត្ថិភាព ដូច្នេះពួកគាត់មានតែក្រាញននៀលរស់នៅ តាមតង់កៅស៊ូ បើទោះបីជាអាជ្ញាធរបានប្រកាសលែងផ្ដល់ជំនួយក្ដី។
មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវតែគិតគូរឱ្យបានច្បាស់លាស់ និងចុះពិនិត្យនៅតាមភូមិឋាននីមួយៗ ដែលនៅជាប់តាមព្រំដែន ដើម្បីបញ្ជាក់ថា ទីតាំងទាំងនោះ ពិតជាមានសុវត្ថិភាព និងមានប្រព័ន្ធទឹកភ្លើង ត្រឹមត្រូវ ជាមុនសិន មុនអនុញ្ញាតឱ្យពលរដ្ឋទៅរស់នៅតាមភូមិវិញ។
មកទល់ពេលនេះ មានជនភៀសសឹកជាង២០០គ្រួសារ នៅខេត្តឧត្តរមានជ័យ នៅពុំទាន់ បានត្រឡប់ទៅភូមិឋានវិញនៅឡើយ ។ ជនភៀសសឹកទាំង នោះ បន្ត រស់នៅក្រោមតង់កៅស៊ូ នៅក្បែរតំបន់ភ្នំអាតោ ស្ថិតនៅភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្នុងបរិវេណផ្ទះបណ្ដោះអាសន្ន ដែលអាជ្ញាធររៀបចំឱ្យជនភៀសសឹក។ ទីតាំង ដែលពួកគាត់ បោះតង់នៅបណ្ដោះអាសន្ននោះ គឺ ពួកគាត់បានចំណាយថវិកា លើការ ជួលត្រាក់ទ័រ មកឈូសឆាយដីព្រៃ និង រៀបចំតប្រព័ន្ធទឹកភ្លើង ដោយខ្លួនឯង ព្រោះអាជ្ញាធរមិនបានគិតគូរឱ្យពលរដ្ឋនោះទេ៕









