អាដហុក​រក​ឃើញ​ថា ករណី​ហិង្សា​ក្នុង​គ្រួសារ​និង​ការ​រំលោភ​សេពសន្ថវៈ នៅតែ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​

0
121
ក្របរបាយការណ៍​ស្ដីពី​ហិង្សាក្នុងគ្រួសារ ដែលរៀបចំដោយសមាគមអាដហុក។ រូប៖ អាដហុក
ក្របរបាយការណ៍​ស្ដីពី​ហិង្សាក្នុងគ្រួសារ ដែលរៀបចំដោយសមាគមអាដហុក។ រូប៖ អាដហុក

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ចេញ​របាយការណ៍​ថ្មី​មួយ​នៅ​ថ្ងៃទី​២ កក្កដា ស្តីអំពី​ទិន្នន័យ​តាមដាន​លើ​ករណី​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅ​កម្ពុជា ជាពិសេស​ករណី​រំលោភ​សេពសន្ថវៈ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ចន្លោះ​ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០២៥​។ អង្គការ​អាដហុក រកឃើញ​ថា ការប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​មានការ​ថយ​ចុះ​ជាង​មុន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៤ ប៉ុន្តែ​ភាគច្រើន​នៃ​ស្ត្រី​រងគ្រោះ​ទាំងនោះ មិន​ទទួល​បាន​សំណង​សមរម្យ​និង​យុត្តិធម៌​នោះ​ឡើយ។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក រកឃើញ​ថា ករណី​ហិង្សា​ក្នុង​គ្រួសារ និង​ការរំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​កម្ពុជា នៅតែ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ ដោយសារ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​កើនឡើង និង​ការអនុវត្ត​ច្បាប់​ទន់ខ្សោយ​។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​លើកឡើង​នៅក្នុង​របាយការណ៍​ស្ដីពី​ទិន្នន័យ​តាមដាន​លើ​ករណី​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅ​កម្ពុជា​ថា គិត​ចាប់ពី​ខែមករា​ដល់​ខែធ្នូ​ឆ្នាំ​២០២៥ ការប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​មាន​ចំនួន ១៩៧​ករណី ក្នុង​នោះ​ការរំលោភ​សេពសន្ថវៈ​មាន​ចំនួន ១២២ ករណី និង​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ចំនួន ៧៥​ករណី​។​

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បញ្ជាក់​ថា ស្ត្រី​រងគ្រោះ​នៃ​ករណី​រំលោភ​សេពសន្ថវៈ មាន​ទាំង​ស្ត្រី និង​កុមារ ភាគច្រើន​មិន​ទទួល​បាន​សំណង និង​យុត្តិធម៌​នោះ​ទេ។ របាយការណ៍​ដដែល ឲ្យ​ដឹង​ថា បញ្ហា​នេះ ដោយសារតែ​ប្រព័ន្ធ​ច្បាប់​កម្ពុជា​នៅ​មាន​ចន្លោះប្រហោង និង​មិន​បាន​ចែង​ច្បាស់លាស់​អំពី​ទឹកប្រាក់​ដែល​ត្រូវ​បង្គាប់​ឲ្យ​សង​ជនរងគ្រោះ​។ ករណី​ច្បាប់​នៅ​មាន​ចន្លោះប្រហោង​បែបនេះ និង​បង្ក​ការ​លំបាក​ជា​ខ្លាំង​ដល់​ជនរងគ្រោះ ក្នុង​ការ​ទទួល​បាន​យុត្តិធម៌។

ក្រៅ​ពី​នេះ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក រកឃើញ​ទៀត​ថា ជនរងគ្រោះ​មួយ​ចំនួន​ទៀត រួមមាន​ករណី​រំលោភ​សេពសន្ថវៈ ៥​ករណី និង​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​៦​ករណី មិន​ហ៊ាន​ដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ ដោយសារ​ពួកគាត់​ភ័យខ្លាច​ការ​សង​សឹក ការ​ការពារ​ផ្នែក​ច្បាប់​ដែល​ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ មិន​មាន​ជំនឿ​ទុកចិត្ត​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់ នៅ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ជនរងគ្រោះ។

ទោះជា​យ៉ាងណា សមាគម​អាដហុក ឲ្យ​ដឹង​ថា ករណី​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការរំលោភ​សេពសន្ថវៈ មានការ​ថយ​ចុះ​ជាង​មុន​ចំនួន ២៩​ភាគរយ ដោយ​ថយ​ចុះ​ពី​២៧៧​ករណី ក្នុង​ឆ្នាំ​២០២៤ មក​នៅ​ត្រឹម ១៩៧​ករណី​សរុប​ក្នុង​ឆ្នាំង​២០២៥។

ទោះបីជា​ករណី​ហិង្សា​ក្នុង​គ្រួសារ និង​ការរំលោភ​សេពសន្ថវៈ​ថយ​ចុះ​បន្តិច​ក្តី ក៏​សមាគម​អាដហុក នៅតែ​មាន​ក្តី​បារម្ភ​ដោយ​ថា ករណី​ហិង្សា​ទាំងនេះ​នៅតែ​បន្ត​កើតមាន​នៅក្នុង​សង្គម​កម្ពុជា​ដោយ​ពិបាក​លុបបំបាត់​បំផុត​។ បញ្ហា​ដែល​ប្រឈម​ខ្លាំង​បំផុត គឺ​ដោយសារ​ការ​សេព​គ្រឿង​ស្រវឹង​ហួសប្រមាណ​ដែល​បង្ក​ជា​អំពើ​ហិង្សា រួម​ទាំង​ការអនុវត្ត​ច្បាប់​ទន់ខ្សោយ​របស់​មន្ត្រី​និង​តុលាការ។

សមាគម​អាដហុក ទទូច​ឲ្យ​រដ្ឋាភិបាល ផ្តល់​អាទិភាព​និង​ពង្រឹង​វិធានការ​គ្រប់គ្រង​ការ​សេព​គ្រឿង​ស្រវឹង ហើយ​អាជ្ញាធរ​ជាពិសេស​តុលាការ​ត្រូវ​ពង្រឹង​ចំណាត់ការ​ខាង​សំណង​រដ្ឋប្បវេណី ដោយ​ធានា​ថា ជនរងគ្រោះ​ទទួល​បាន​សំណង​សមរម្យ ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព និង​យុត្តិធម៌ ដាក់ទោស​ទណ្ឌ​លើ​មន្ត្រី​ខិលខូច​ដែល​អនុវត្ត​ច្បាប់​មិនបាន​ត្រឹម​ជាដើម។ អង្គការ​នេះ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ពង្រីក​សេវា​សុខភាព និង​សេវា​គាំទ្រ​ផ្លូវចិត្ត​សម្រាប់​ជនរងគ្រោះ ព្រមទាំង​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​ទូទាំង​ប្រទេស​ដើម្បី​កែប្រែ​ផ្នត់គំនិត​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង​យេនឌ័រ និង​កាត់បន្ថយ​ការ​ទទួល​យក​អំពើ​ហិង្សា​លើ​ស្ត្រី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ