

សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍ថ្មីមួយនៅថ្ងៃទី២ កក្កដា ស្តីអំពីទិន្នន័យតាមដានលើករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា ជាពិសេសករណីរំលោភសេពសន្ថវៈ និងអំពើហិង្សាក្នុងគ្រួសារចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥។ អង្គការអាដហុក រកឃើញថា ការប្រើប្រាស់អំពើហិង្សាលើស្ត្រីមានការថយចុះជាងមុន បើប្រៀបធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែភាគច្រើននៃស្ត្រីរងគ្រោះទាំងនោះ មិនទទួលបានសំណងសមរម្យនិងយុត្តិធម៌នោះឡើយ។
សមាគមការពារសិទ្ធិមនុស្សអាដហុក រកឃើញថា ករណីហិង្សាក្នុងគ្រួសារ និងការរំលោភសេពសន្ថវៈនៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ ដោយសារការប្រើប្រាស់គ្រឿងស្រវឹងកើនឡើង និងការអនុវត្តច្បាប់ទន់ខ្សោយ។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងនៅក្នុងរបាយការណ៍ស្ដីពីទិន្នន័យតាមដានលើករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជាថា គិតចាប់ពីខែមករាដល់ខែធ្នូឆ្នាំ២០២៥ ការប្រើប្រាស់អំពើហិង្សាលើស្ត្រីមានចំនួន ១៩៧ករណី ក្នុងនោះការរំលោភសេពសន្ថវៈមានចំនួន ១២២ ករណី និងការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារមានចំនួន ៧៥ករណី។
សមាគមការពារសិទ្ធិមនុស្សអាដហុក បញ្ជាក់ថា ស្ត្រីរងគ្រោះនៃករណីរំលោភសេពសន្ថវៈ មានទាំងស្ត្រី និងកុមារ ភាគច្រើនមិនទទួលបានសំណង និងយុត្តិធម៌នោះទេ។ របាយការណ៍ដដែល ឲ្យដឹងថា បញ្ហានេះ ដោយសារតែប្រព័ន្ធច្បាប់កម្ពុជានៅមានចន្លោះប្រហោង និងមិនបានចែងច្បាស់លាស់អំពីទឹកប្រាក់ដែលត្រូវបង្គាប់ឲ្យសងជនរងគ្រោះ។ ករណីច្បាប់នៅមានចន្លោះប្រហោងបែបនេះ និងបង្កការលំបាកជាខ្លាំងដល់ជនរងគ្រោះ ក្នុងការទទួលបានយុត្តិធម៌។
ក្រៅពីនេះ សមាគមការពារសិទ្ធិមនុស្សអាដហុក រកឃើញទៀតថា ជនរងគ្រោះមួយចំនួនទៀត រួមមានករណីរំលោភសេពសន្ថវៈ ៥ករណី និងករណីអំពើហិង្សាក្នុងគ្រួសារ៦ករណី មិនហ៊ានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចឡើយ ដោយសារពួកគាត់ភ័យខ្លាចការសងសឹក ការការពារផ្នែកច្បាប់ដែលធ្វើឲ្យស្ត្រីរងគ្រោះ មិនមានជំនឿទុកចិត្តលើស្ថាប័នអនុវត្តច្បាប់ នៅកម្ពុជាក្នុងការដោះស្រាយបញ្ហាជូនជនរងគ្រោះ។
ទោះជាយ៉ាងណា សមាគមអាដហុក ឲ្យដឹងថា ករណីការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ និងការរំលោភសេពសន្ថវៈ មានការថយចុះជាងមុនចំនួន ២៩ភាគរយ ដោយថយចុះពី២៧៧ករណី ក្នុងឆ្នាំ២០២៤ មកនៅត្រឹម ១៩៧ករណីសរុបក្នុងឆ្នាំង២០២៥។
ទោះបីជាករណីហិង្សាក្នុងគ្រួសារ និងការរំលោភសេពសន្ថវៈថយចុះបន្តិចក្តី ក៏សមាគមអាដហុក នៅតែមានក្តីបារម្ភដោយថា ករណីហិង្សាទាំងនេះនៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជាដោយពិបាកលុបបំបាត់បំផុត។ បញ្ហាដែលប្រឈមខ្លាំងបំផុត គឺដោយសារការសេពគ្រឿងស្រវឹងហួសប្រមាណដែលបង្កជាអំពើហិង្សា រួមទាំងការអនុវត្តច្បាប់ទន់ខ្សោយរបស់មន្ត្រីនិងតុលាការ។
សមាគមអាដហុក ទទូចឲ្យរដ្ឋាភិបាល ផ្តល់អាទិភាពនិងពង្រឹងវិធានការគ្រប់គ្រងការសេពគ្រឿងស្រវឹង ហើយអាជ្ញាធរជាពិសេសតុលាការត្រូវពង្រឹងចំណាត់ការខាងសំណងរដ្ឋប្បវេណី ដោយធានាថា ជនរងគ្រោះទទួលបានសំណងសមរម្យ ដោះស្រាយបណ្តឹងដោយតម្លាភាព និងយុត្តិធម៌ ដាក់ទោសទណ្ឌលើមន្ត្រីខិលខូចដែលអនុវត្តច្បាប់មិនបានត្រឹមជាដើម។ អង្គការនេះ ស្នើសុំឲ្យរដ្ឋាភិបាលពង្រីកសេវាសុខភាព និងសេវាគាំទ្រផ្លូវចិត្តសម្រាប់ជនរងគ្រោះ ព្រមទាំងបង្កើនយុទ្ធនាការផ្សព្វផ្សាយអប់រំទូទាំងប្រទេសដើម្បីកែប្រែផ្នត់គំនិតអវិជ្ជមានពាក់ព័ន្ធនឹងយេនឌ័រ និងកាត់បន្ថយការទទួលយកអំពើហិង្សាលើស្ត្រី៕









