យុវជន​មួយចំនួន​នៅតែ​ចងចាំ​និង​ដើរ​តាម​បណ្តាំ​លោក​បណ្ឌិត កែម ឡី

0
90
លោក ធូ វ៉ាឃីម ជា​អតីត​ព្រះសង្ឃ និង​សកម្មជន​សង្គម ចូលរួមគោរពវិញ្ញាក្ខន្ធបណ្ឌិត កែម ឡី។ រូបបណ្ដាញសង្គម
លោក ធូ វ៉ាឃីម ជា​អតីត​ព្រះសង្ឃ និង​សកម្មជន​សង្គម ចូលរួមគោរពវិញ្ញាក្ខន្ធបណ្ឌិត កែម ឡី។ រូបបណ្ដាញសង្គម

យុវជន​មួយចំនួន​នៅតែ​ចងចាំ និង​ដើរ​តាម​បណ្តាំ​លោក​បណ្ឌិត កែម ឡី ទោះបីជា​លោក​ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់ អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​ក្តី​។ ពួកគាត់​សោកស្តាយ​ចំពោះ​ការបាត់បង់​ធនធានមនុស្ស​ដែល​មាន​ចំណេះដឹង និង​ក្លាហាន​ហ៊ាន​វិភាគ​រឿង​នៅក្នុង​សង្គម​កម្ពុជា។

យុវជន​ជាច្រើន នៅតែ​នឹករលឹក និង​ចាត់ទុក​លោក កែម ឡី ជា​បុគ្គល​កម្រ ដែល​មាន​តម្លៃ​មួយ​រូប​ហ៊ាន​និយាយ​ការពិត ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​។ ទស្សនៈ​របស់​លោក កែម ឡី ត្រូវ​បាន​យុវជន និង​ពលរដ្ឋ​ជាច្រើន​យក​ទៅ​និយាយ​តៗ​គ្នា ហើយ​ដិត​ជាប់​នៅក្នុង​ដួងចិត្ត​របស់​ពួកគាត់ និង​ចាត់ទុក​លោក​ជា​បុគ្គល​គំរូ​គួរ​យក​តម្រាប់​តាម។

យុវជន​បញ្ចប់​ការសិក្សា​ផ្នែក​ស្ថាបត្យកម្ម​មួយ​រូប រស់នៅ​រាជធានី​ភ្នំពេញ គឺ​លោក កែវ វិបុល ឲ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹងថា លោក​ធ្លាប់​ជួប និង​ស្គាល់​លោក បណ្ឌិត កែម ឡី តាមរយៈ​ការវិភាគ​របស់​លោក​លើ​ប៉ុស្តិ៍​វិទ្យុ និង​បណ្ដាញ​សង្គម​។ លោក​ថា អ្នកវិភាគ​ដ៏​ល្បី​រូប​នេះ វិភាគ​ត្រឹមត្រូវ មិន​លំអៀង​ទៅ​បក្សនយោបាយ​ណាមួយ​ឡើយ ហើយ​ហ៊ាន​រិះគន់​ចំៗ​ទៅលើ​តថភាព​ពិត​ក្នុង​សង្គម​កម្ពុជា​។ លោក​បន្ត​ថា លោក កែម ឡី ប្រៀប​ដូចជា​គ្រូ ជា​បញ្ញវ័ន្ត​មួយ​រូប​ដែល​តែងតែ​ផ្តល់​ចំណេះដឹង​ដល់​យុវជន និង​ពលរដ្ឋ។

លោក កែវ វិបុល៖ «គាត់​បំផុស​យុវជន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ​ទាក់ទង​ជាមួយនឹង​ការ​ឈឺឆ្អាល​បញ្ហា​សង្គម​។​គាត់​ជា​តំណាង​របស់​កសិករ របស់​ប្រជាពលរដ្ឋ​ដែល​ទន់ខ្សោយ​ដែល​ងាយ​នឹង​រង​គ្រោះ ដែល​ងាយ​នឹង​ប្រឈម​ជាមួយ​បញ្ហា​សិទ្ធិមនុស្ស គឺ​សោកស្តាយ​ណាស់​។ គាត់​ជា​បញ្ញវ័ន្ត គាត់​ជា​តំណាង​អ្នកចេះ​អ្នកដឹង​នៅ​កម្ពុជា។ រយៈពេល​១០​ឆ្នាំ​ហើយ យើង​នៅតែ​រក​មិន​ឃើញថា តើ​អ្នកណា​នៅ​ពីក្រោយ​។ វា​ជា​រឿង​មួយ​ដែល​អកុសល​មែនទែន​សម្រាប់​គាត់ ហើយនឹង​អយុត្តិធម៌​សម្រាប់​បញ្ញវ័ន្ត​ផ្សេងៗ​នៅក្នុង​ការ​បញ្ចេញមតិ»។

ជាមួយ​គ្នា​នេះ បុគ្គលិក​អង្គការ​មួយ​រូប​ទៀត នៅ​ភ្នំពេញ កញ្ញា ឡាណា ថ្លែង​ថា កញ្ញា​នៅតែ​មិន​ជឿ​លើ​ការ​ផ្តល់​ចម្លើយ​របស់​ឃាតករ​ដែល​ថា លោក កែម ឡី ជំពាក់​លុយ​ឃាតករ ហើយ​កញ្ញា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាតក​ពិត​ដែល​នៅ​ពីក្រោយ​រឿង​នេះ​។ កញ្ញា​បន្ត​ថា ប្រសិនបើ​លោក​នៅ​មាន​ជីវិត លោក កែម ឡី អាច​ចូលរួម​ចំណែក​ជួយ​ដល់​ប្រទេសជាតិ​ក្នុង​វិស័យ​ជាច្រើន​។ កញ្ញា​សោកស្តាយ​ដែល​បេសកកម្ម​១០០​រាត្រី​របស់​លោក​បណ្ឌិត កែម ឡី ត្រូវ​ជាប់​គាំង និង​មិន​មាន​អ្នក​បន្តវេន​បន្ទាប់ពី​គាត់។

កញ្ញា ឡាណា៖ «ចា៎​អូន​! បើសិនជា​គាត់​នៅ មកដល់​ឥឡូវ Project ១០០​រាត្រី​របស់​គាត់​ហ្នឹង អាច​គាត់​បាន​បញ្ចប់​បេសកកម្ម​របស់​គាត់​ហើយៗ​។ ហើយ​រឿង​ព្រៃឈើ​ដែល​គាត់​ចង់​ធ្វើ​នៅក្នុង Project ១០០​រាត្រី​ហ្នឹង​ក៏​មិន​វិនាស​សកម្ម​ខ្លាំង​ធ្ងន់ធ្ងរ​ដូច​ឥលូវ​ដែរ​អូន​។ ហើយ​រឿង​ការរំលោភ​សិទ្ធិ ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍​អីហ្នឹង​ក៏​វា​មិន​ធ្ងន់ធ្ងរ​ដូច​ឥលូវ​ដែរ​។ ពេល​ដែល​គេ​បំបិទ​សម្លេង​គាត់​មួយ​ចោល​អញ្ចឹង​ទៅ អាច​ដូច​យើង​ធ្លាប់តែ​លឺ​ពាក្យ​ថា ជិះសេះ​លែងដៃ​ហ្អាស៎»។

ពលករ​រស់នៅ​ប្រទេស​ថៃ​ម្នាក់ គឺ​លោក ក្រួច ភឿត លើកឡើង​ថា លោក​នៅតែ​បន្ត​ការ​ទាមទារ​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី តាមរយៈ​ការចូលរួម​គ្រប់​សកម្ម​ភាព​សង្គម​នានា ដើម្បី​ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ជូន​អ្នកវិភាគ​រូប​នេះ​និង​ក្រុម​គ្រួសារ​វិញ​។ លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

លោក ក្រួច ភឿត៖ «រដ្ឋាភិបាល​យើង​សព្វថ្ងៃ​នេះ ខ្ញុំ​គិតថា មិនអាច​រក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី បាន​ដែរ។ យើង​និយាយ​អី​តិច​មិនបានៗ​មានតែ​ការ​ចាប់ ការ​ដាក់គុក​ដាក់ច្រវ៉ាក់​ប្រជាពលរដ្ឋ​ហើយនឹង​អឺ​ថ្នាក់ដឹកនាំ​ដែល​ខំ​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី»។

ចំណែក​យុវជន​មួយ​រូប​ទៀត​រស់នៅ​ប្រទេស​ជប៉ុន និង​ជា​សិស្ស​រៀន​នៅ​បណ្ឌិតសភា កែម ឡី គឺ​លោក លាង ឡុងស្រ៊ាង រៀបរាប់​ទាំង​អួល​ដើម​ក​ថា ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ជា​ឃាតករ​ពិត​ដែល​បាន​សម្លាប់​អ្នកវិភាគ​ដែល​ហ៊ាន​រិះគន់​ឥត​សំចៃមាត់​រូប​នេះ​។ លោក​បន្ត​ទៀត​ថា លោក កែម ឡី វិភាគ​ការពិត មិន​ខ្លាចញញើត​នឹង​រដ្ឋាភិបាល ហើយ​មិន​លក់​ឧត្តមគតិ ដូច​អ្នកវិភាគ​មួយ​ចំនួន​ដែល​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ប៉ុន្តែ​មិនបាន​ប្រើប្រាស់​ក្នុង​សង្គម ហើយ​លក់​ឧត្តមគតិ​របស់​ខ្លួន ដើម្បី​លាភសក្ការៈ​បន្តិចបន្តួច​។ លោក​ថា លោក​កែម ឡី ហ៊ាន​លះបង់​គ្រប់យ៉ាង សូម្បី អាយុជីវិត​របស់​លោក ដើម្បី​ឲ្យ​ប្រទេសជាតិ​រីកចម្រើន ប្រជាជន​រួចផុត​ពី​ភាព​ក្រីក្រ និង​ដើម្បី​លុបបំបាត់​អំពើពុករលួយ​ដែល​ចាក់ស្រេះ​ក្នុង​សង្គម​ជាដើម។

លោក លាង ឡុងស្រ៊ាង៖ «ឲ្យ​តែ​នឹកឃើញ​ទៅដល់​លោក​បណ្ឌិត​គឺ​ទឹកភ្នែក​ខ្ញុំ​ហូរ​បាទ​! ខ្ញុំ​មិន​នឹកស្មាន​ថា លោក​ត្រូវ​គេ​មក​យក​ជីវិត​របស់​លោក​នៅពេល​ដែល​លោក​ធ្វើ​តែ​រឿង​ល្អ​ធ្វើ​តែ​រឿង​ដើម្បី​ជាតិ​សោះ​បែរជា​គេ​មក​ប្រល័យ​គាត់ អត់​ផ្តល់​ឳ​កាស​ឲ្យ​គាត់​ជួយ​ដល់​ជាតិ​ទេ​។ ការដឹកនាំ​របស់​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត នេះ កំពុងតែ​នាំ​ប្រទេសជាតិ​ទៅកាន់​គ្រោះ ជ្រោះ​មរណៈ​បាទ​ទៅ​អស់ទាំង​ទឹក​ទាំង​ដី»។

រីឯ​កញ្ញា នួន ណារី ពលករ​នៅ​ប្រទេស​ជប៉ុន ឲ្យ​ដឹង​ថា រឿងរ៉ាវ​ដែល​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ហាក់​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការវិភាគ​របស់​លោក​បណ្ឌិត កែម ឡី ដូចជា ការបាត់បង់​សេរីភាព​របស់​ពលរដ្ឋ ការបាត់បង់​ទឹកដី អំពើពុករលួយ​នៅ​ស្ថាប័ន​នានា ដែល​គ្រប់គ្រង​ត​ពី​ឪពុក​មក​កូន​ជាដើម​។ កញ្ញា​បន្ថែម​ថា កញ្ញា​ឈឺចាប់ និង​អាណិត​ដល់​ក្រុម​គ្រួសារ​លោក កែម ឡី ដែល​បាន​បាត់បង់​ប្តី​ជាទី​ស្រលាញ់​របស់​ខ្លួន​។ កញ្ញា​ថា កញ្ញា​ចងចាំ​មិន​ភ្លេច​ពី​ការវិភាគ​របស់​លោក កែម ឡី រឿង​លំហូរ​ចូល​នៃ​ជនជាតិ​វៀតណាម នៅក្នុង​ប្រទេស​កម្ពុជា​ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​មួយ​ផ្នែក​ទៅ​ឲ្យ​វៀតណាម។

កញ្ញា នួន ណារី៖ «​គាត់​គឺជា​អ្នកស្នេហាជាតិ គាត់​និយាយ​ការពិត ហើយ​គាត់​បាន​ចុះ​ដល់​បង្គោល​ព្រំដែន និង​តាម​ស្រុក​ផ្សេងៗ​ទៀត​ដើម្បី​និយាយ​ការពិត​ប៉ុន្តែ​ការ​ទទួល​បាន​របស់​គាត់​គឺ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រាជរដ្ឋាភិបាល ហើយក៏​ត្រូវ​បាន​គេ​បាញ់សម្លាប់។ ជិត​រយៈពេល​១០​ឆ្នាំ​ហើយ​គាត់​មិន​ទាន់​បាន​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ​។ អ្នកចេះដឹង​ត្រូវ​បាន​គេ​សម្លាប់​អញ្ចឹង​គឺ​ខាត​ធនធានមនុស្ស​ខ្លាំង​ណាស់»។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ស្គាល់​ថា ជា​អ្នកវិភាគ​អំពី​បញ្ហា​សង្គម និង​នយោបាយ​ឥត​សំចៃមាត់ ឥត​ខ្លាចរអា និង​បាន​យកអាយុ​ជីវិត​របស់​លោក​មក​ដោះដូរ​ការពិត តាមរយៈ​ការ​លាតត្រដាង​ជា​សាធារណៈ ហើយ​រាល់​ការវិភាគ​របស់​លោក​ម្ដ​ងៗ ធ្វើ​ឲ្យ​ជនខិលខូច​ដែល​មាន​ខ្លួន មិន​សប្បាយចិត្ត​ឡើយ។

ទោះបីជា​លោក​ប្រឈម​នឹង​ការ​គំរាមកំហែង​ដល់​អាយុជីវិត​យ៉ាងណាក្ដី ក៏​លោក​មិន​ដែល​រាថយ ចំពោះ​ការវិភាគ​របស់​លោក​ដោយ​សារ​តែ​ការភ័យខ្លាច​ណាមួយ​នោះ​ឡើយ។

រយៈពេល​១០​ឆ្នាំ​ហើយ​ដែល​លោក​បណ្ឌិត កែម ឡី បាន​ឃ្លាត​ចាក​លោក​នេះ​ទៅ ប៉ុន្តែ​យុវជន ពលរដ្ឋ និង​អង្គការ​ជាតិ អន្តរជាតិ​ជាច្រើន​នៅតែ​បន្ត​ទាមទារ​រក​យុត្តិធម៌​ជូន​លោក ដោយ​ការ​ធ្វើ​ពិធី​រំលឹក​ខួប​ជូន​លោក ជា​រៀងរាល់​ឆ្នាំ​។ ហើយ​ឆ្នាំនេះ​មិន​ខុសពី​ឆ្នាំមុនៗ យុវជន​នៅ​តាម​បណ្តា​ប្រទេស​នានា បាន​រៀបចំ​ពិធីបុណ្យ​នេះ​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដួច​ជា ប្រទេស​ជប៉ុន ប្រទេស​កម្ពុជា ប្រទេស​កូរ៉េ សហរដ្ឋអាមេរិក អូស្ត្រាលី និង​កាណាដា​ជាដើម។

ជាក់ស្តែង​កាលពី​ថ្ងៃទី ០៤ ខែ​កក្កដា កន្លង​ទៅ​នេះ យុវជន​មាតា​ធម្មជាតិ បណ្ដាញ​យុវជន​កម្ពុជា​សកល និង​អង្គការ​អន្តរជាតិ​មួយចំនួន បាន​ដង្ហែ​ក្បួន​នៅ​ទីក្រុង​ម៉ុង​ត្រេអាល់ ដោយមាន​រូបថត​លោក​បណ្ឌិត កែម ឡី និង​កាន់​បដា​ដោយ​សរសេរ​ថា «​ឈាម​នៃ​ការពិត​» ដើម្បី​រំលឹក​ខួប​១០​ឆ្នាំ​នៃ​ការ​ធ្វើឃាត​លោក និង​ខួប​២​ឆ្នាំ​នៃ​ការ​ចាប់​ដាក់​ពន្ធនាគារ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​។​

យុវជន​ទាំងនោះ បាន​រៀបរាប់​ថា គ្រាប់កាំភ្លើង​បាន​ឆក់​យក​ជីវិត​របស់​លោក​បណ្ឌិត កែម ឡី បាន ប៉ុន្តែ​វា​មិនអាច​សម្លាប់​ការពិត មនសិការ និង​ស្មារតី​ដែល​លោក​បាន​បន្សល់ទុក​សម្រាប់​ប្រជាជន​ខ្មែរ ហើយ​លោក​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

ពួកគេ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្រោកឈរ ហ៊ាន​បញ្ចេញមតិ​ការពិត មិន​និយាយ​ការពារ និង​ត្រូវ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​អនាគត​របស់​ជាតិ​ខ្លួន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ