

យុវជនមួយចំនួននៅតែចងចាំ និងដើរតាមបណ្តាំលោកបណ្ឌិត កែម ឡី ទោះបីជាលោកត្រូវបានឃាតករបាញ់សម្លាប់ អស់រយៈពេល១០ឆ្នាំមកហើយក្តី។ ពួកគាត់សោកស្តាយចំពោះការបាត់បង់ធនធានមនុស្សដែលមានចំណេះដឹង និងក្លាហានហ៊ានវិភាគរឿងនៅក្នុងសង្គមកម្ពុជា។
យុវជនជាច្រើន នៅតែនឹករលឹក និងចាត់ទុកលោក កែម ឡី ជាបុគ្គលកម្រ ដែលមានតម្លៃមួយរូបហ៊ាននិយាយការពិត ដើម្បីការពារផលប្រយោជន៍ជាតិ។ ទស្សនៈរបស់លោក កែម ឡី ត្រូវបានយុវជន និងពលរដ្ឋជាច្រើនយកទៅនិយាយតៗគ្នា ហើយដិតជាប់នៅក្នុងដួងចិត្តរបស់ពួកគាត់ និងចាត់ទុកលោកជាបុគ្គលគំរូគួរយកតម្រាប់តាម។
យុវជនបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មមួយរូប រស់នៅរាជធានីភ្នំពេញ គឺលោក កែវ វិបុល ឲ្យទូរទស្សន៍អាស៊ីសេរីដឹងថា លោកធ្លាប់ជួប និងស្គាល់លោក បណ្ឌិត កែម ឡី តាមរយៈការវិភាគរបស់លោកលើប៉ុស្តិ៍វិទ្យុ និងបណ្ដាញសង្គម។ លោកថា អ្នកវិភាគដ៏ល្បីរូបនេះ វិភាគត្រឹមត្រូវ មិនលំអៀងទៅបក្សនយោបាយណាមួយឡើយ ហើយហ៊ានរិះគន់ចំៗទៅលើតថភាពពិតក្នុងសង្គមកម្ពុជា។ លោកបន្តថា លោក កែម ឡី ប្រៀបដូចជាគ្រូ ជាបញ្ញវ័ន្តមួយរូបដែលតែងតែផ្តល់ចំណេះដឹងដល់យុវជន និងពលរដ្ឋ។
លោក កែវ វិបុល៖ «គាត់បំផុសយុវជនឲ្យចូលរួមក្នុងសកម្មភាពផ្សេងៗទាក់ទងជាមួយនឹងការឈឺឆ្អាលបញ្ហាសង្គម។គាត់ជាតំណាងរបស់កសិករ របស់ប្រជាពលរដ្ឋដែលទន់ខ្សោយដែលងាយនឹងរងគ្រោះ ដែលងាយនឹងប្រឈមជាមួយបញ្ហាសិទ្ធិមនុស្ស គឺសោកស្តាយណាស់។ គាត់ជាបញ្ញវ័ន្ត គាត់ជាតំណាងអ្នកចេះអ្នកដឹងនៅកម្ពុជា។ រយៈពេល១០ឆ្នាំហើយ យើងនៅតែរកមិនឃើញថា តើអ្នកណានៅពីក្រោយ។ វាជារឿងមួយដែលអកុសលមែនទែនសម្រាប់គាត់ ហើយនឹងអយុត្តិធម៌សម្រាប់បញ្ញវ័ន្តផ្សេងៗនៅក្នុងការបញ្ចេញមតិ»។
ជាមួយគ្នានេះ បុគ្គលិកអង្គការមួយរូបទៀត នៅភ្នំពេញ កញ្ញា ឡាណា ថ្លែងថា កញ្ញានៅតែមិនជឿលើការផ្តល់ចម្លើយរបស់ឃាតករដែលថា លោក កែម ឡី ជំពាក់លុយឃាតករ ហើយកញ្ញាទាមទារឲ្យរដ្ឋាភិបាលស្វែងរកឃាតកពិតដែលនៅពីក្រោយរឿងនេះ។ កញ្ញាបន្តថា ប្រសិនបើលោកនៅមានជីវិត លោក កែម ឡី អាចចូលរួមចំណែកជួយដល់ប្រទេសជាតិក្នុងវិស័យជាច្រើន។ កញ្ញាសោកស្តាយដែលបេសកកម្ម១០០រាត្រីរបស់លោកបណ្ឌិត កែម ឡី ត្រូវជាប់គាំង និងមិនមានអ្នកបន្តវេនបន្ទាប់ពីគាត់។
កញ្ញា ឡាណា៖ «ចា៎អូន! បើសិនជាគាត់នៅ មកដល់ឥឡូវ Project ១០០រាត្រីរបស់គាត់ហ្នឹង អាចគាត់បានបញ្ចប់បេសកកម្មរបស់គាត់ហើយៗ។ ហើយរឿងព្រៃឈើដែលគាត់ចង់ធ្វើនៅក្នុង Project ១០០រាត្រីហ្នឹងក៏មិនវិនាសសកម្មខ្លាំងធ្ងន់ធ្ងរដូចឥលូវដែរអូន។ ហើយរឿងការរំលោភសិទ្ធិ ទន្ទ្រានយកដីព្រៃសហគមន៍អីហ្នឹងក៏វាមិនធ្ងន់ធ្ងរដូចឥលូវដែរ។ ពេលដែលគេបំបិទសម្លេងគាត់មួយចោលអញ្ចឹងទៅ អាចដូចយើងធ្លាប់តែលឺពាក្យថា ជិះសេះលែងដៃហ្អាស៎»។
ពលកររស់នៅប្រទេសថៃម្នាក់ គឺលោក ក្រួច ភឿត លើកឡើងថា លោកនៅតែបន្តការទាមទារស្វែងរកយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី តាមរយៈការចូលរួមគ្រប់សកម្មភាពសង្គមនានា ដើម្បីឲ្យរដ្ឋាភិបាលផ្តល់យុត្តិធម៌ជូនអ្នកវិភាគរូបនេះនិងក្រុមគ្រួសារវិញ។ លោកអះអាងថា គណបក្សប្រជាជនកម្ពុជា គឺនៅពីក្រោយនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី។
លោក ក្រួច ភឿត៖ «រដ្ឋាភិបាលយើងសព្វថ្ងៃនេះ ខ្ញុំគិតថា មិនអាចរកយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី បានដែរ។ យើងនិយាយអីតិចមិនបានៗមានតែការចាប់ ការដាក់គុកដាក់ច្រវ៉ាក់ប្រជាពលរដ្ឋហើយនឹងអឺថ្នាក់ដឹកនាំដែលខំស្វែងរកយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី»។
ចំណែកយុវជនមួយរូបទៀតរស់នៅប្រទេសជប៉ុន និងជាសិស្សរៀននៅបណ្ឌិតសភា កែម ឡី គឺលោក លាង ឡុងស្រ៊ាង រៀបរាប់ទាំងអួលដើមកថា ក្រុមគ្រួសារត្រកូលហ៊ុន ជាឃាតករពិតដែលបានសម្លាប់អ្នកវិភាគដែលហ៊ានរិះគន់ឥតសំចៃមាត់រូបនេះ។ លោកបន្តទៀតថា លោក កែម ឡី វិភាគការពិត មិនខ្លាចញញើតនឹងរដ្ឋាភិបាល ហើយមិនលក់ឧត្តមគតិ ដូចអ្នកវិភាគមួយចំនួនដែលមានចំណេះដឹងខ្ពង់ខ្ពស់ ប៉ុន្តែមិនបានប្រើប្រាស់ក្នុងសង្គម ហើយលក់ឧត្តមគតិរបស់ខ្លួន ដើម្បីលាភសក្ការៈបន្តិចបន្តួច។ លោកថា លោកកែម ឡី ហ៊ានលះបង់គ្រប់យ៉ាង សូម្បី អាយុជីវិតរបស់លោក ដើម្បីឲ្យប្រទេសជាតិរីកចម្រើន ប្រជាជនរួចផុតពីភាពក្រីក្រ និងដើម្បីលុបបំបាត់អំពើពុករលួយដែលចាក់ស្រេះក្នុងសង្គមជាដើម។
លោក លាង ឡុងស្រ៊ាង៖ «ឲ្យតែនឹកឃើញទៅដល់លោកបណ្ឌិតគឺទឹកភ្នែកខ្ញុំហូរបាទ! ខ្ញុំមិននឹកស្មានថា លោកត្រូវគេមកយកជីវិតរបស់លោកនៅពេលដែលលោកធ្វើតែរឿងល្អធ្វើតែរឿងដើម្បីជាតិសោះបែរជាគេមកប្រល័យគាត់ អត់ផ្តល់ឳកាសឲ្យគាត់ជួយដល់ជាតិទេ។ ការដឹកនាំរបស់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត នេះ កំពុងតែនាំប្រទេសជាតិទៅកាន់គ្រោះ ជ្រោះមរណៈបាទទៅអស់ទាំងទឹកទាំងដី»។
រីឯកញ្ញា នួន ណារី ពលករនៅប្រទេសជប៉ុន ឲ្យដឹងថា រឿងរ៉ាវដែលកើតមាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នហាក់បញ្ជាក់យ៉ាងច្បាស់ពីការវិភាគរបស់លោកបណ្ឌិត កែម ឡី ដូចជា ការបាត់បង់សេរីភាពរបស់ពលរដ្ឋ ការបាត់បង់ទឹកដី អំពើពុករលួយនៅស្ថាប័ននានា ដែលគ្រប់គ្រងតពីឪពុកមកកូនជាដើម។ កញ្ញាបន្ថែមថា កញ្ញាឈឺចាប់ និងអាណិតដល់ក្រុមគ្រួសារលោក កែម ឡី ដែលបានបាត់បង់ប្តីជាទីស្រលាញ់របស់ខ្លួន។ កញ្ញាថា កញ្ញាចងចាំមិនភ្លេចពីការវិភាគរបស់លោក កែម ឡី រឿងលំហូរចូលនៃជនជាតិវៀតណាម នៅក្នុងប្រទេសកម្ពុជាដែលនឹងធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីមួយផ្នែកទៅឲ្យវៀតណាម។
កញ្ញា នួន ណារី៖ «គាត់គឺជាអ្នកស្នេហាជាតិ គាត់និយាយការពិត ហើយគាត់បានចុះដល់បង្គោលព្រំដែន និងតាមស្រុកផ្សេងៗទៀតដើម្បីនិយាយការពិតប៉ុន្តែការទទួលបានរបស់គាត់គឺការធ្វើទុក្ខបុកម្នេញពីរាជរដ្ឋាភិបាល ហើយក៏ត្រូវបានគេបាញ់សម្លាប់។ ជិតរយៈពេល១០ឆ្នាំហើយគាត់មិនទាន់បានទទួលបានយុត្តិធម៌នៅឡើយទេ។ អ្នកចេះដឹងត្រូវបានគេសម្លាប់អញ្ចឹងគឺខាតធនធានមនុស្សខ្លាំងណាស់»។
លោកបណ្ឌិត កែម ឡី ត្រូវបានពលរដ្ឋខ្មែរស្គាល់ថា ជាអ្នកវិភាគអំពីបញ្ហាសង្គម និងនយោបាយឥតសំចៃមាត់ ឥតខ្លាចរអា និងបានយកអាយុជីវិតរបស់លោកមកដោះដូរការពិត តាមរយៈការលាតត្រដាងជាសាធារណៈ ហើយរាល់ការវិភាគរបស់លោកម្ដងៗ ធ្វើឲ្យជនខិលខូចដែលមានខ្លួន មិនសប្បាយចិត្តឡើយ។
ទោះបីជាលោកប្រឈមនឹងការគំរាមកំហែងដល់អាយុជីវិតយ៉ាងណាក្ដី ក៏លោកមិនដែលរាថយ ចំពោះការវិភាគរបស់លោកដោយសារតែការភ័យខ្លាចណាមួយនោះឡើយ។
រយៈពេល១០ឆ្នាំហើយដែលលោកបណ្ឌិត កែម ឡី បានឃ្លាតចាកលោកនេះទៅ ប៉ុន្តែយុវជន ពលរដ្ឋ និងអង្គការជាតិ អន្តរជាតិជាច្រើននៅតែបន្តទាមទាររកយុត្តិធម៌ជូនលោក ដោយការធ្វើពិធីរំលឹកខួបជូនលោក ជារៀងរាល់ឆ្នាំ។ ហើយឆ្នាំនេះមិនខុសពីឆ្នាំមុនៗ យុវជននៅតាមបណ្តាប្រទេសនានា បានរៀបចំពិធីបុណ្យនេះជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសមួយចំនួនដួចជា ប្រទេសជប៉ុន ប្រទេសកម្ពុជា ប្រទេសកូរ៉េ សហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដាជាដើម។
ជាក់ស្តែងកាលពីថ្ងៃទី ០៤ ខែកក្កដា កន្លងទៅនេះ យុវជនមាតាធម្មជាតិ បណ្ដាញយុវជនកម្ពុជាសកល និងអង្គការអន្តរជាតិមួយចំនួន បានដង្ហែក្បួននៅទីក្រុងម៉ុងត្រេអាល់ ដោយមានរូបថតលោកបណ្ឌិត កែម ឡី និងកាន់បដាដោយសរសេរថា «ឈាមនៃការពិត» ដើម្បីរំលឹកខួប១០ឆ្នាំនៃការធ្វើឃាតលោក និងខួប២ឆ្នាំនៃការចាប់ដាក់ពន្ធនាគារសកម្មជនចលនាមាតាធម្មជាតិ។
យុវជនទាំងនោះ បានរៀបរាប់ថា គ្រាប់កាំភ្លើងបានឆក់យកជីវិតរបស់លោកបណ្ឌិត កែម ឡី បាន ប៉ុន្តែវាមិនអាចសម្លាប់ការពិត មនសិការ និងស្មារតីដែលលោកបានបន្សល់ទុកសម្រាប់ប្រជាជនខ្មែរ ហើយលោកមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
ពួកគេអំពាវនាវឲ្យពលរដ្ឋក្រោកឈរ ហ៊ានបញ្ចេញមតិការពិត មិននិយាយការពារ និងត្រូវហ៊ានទទួលខុសត្រូវចំពោះអនាគតរបស់ជាតិខ្លួន៕








