

ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោម ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ប៉ុន្តែ ពលរដ្ឋ រងគ្រោះដីធ្លី បារម្ភថា នេះជាល្បែងវោហារសាស្ត្រនយោបាយរបស់លោក ហ៊ុន សែន ដើម្បីរកសន្លឹកឆ្នោត នៅមុនការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០២៧។ រីឯ អ្នកឃ្លាំមើលលើកឡើងថា ទាល់តែរដ្ឋាភិបាលហ៊ានដកមន្ត្រី ដែលអសកម្មហើយដាក់ជំនួសវិញដោយមន្ត្រី ដែលមានស្មារតីបម្រើពលរដ្ឋ ទើបការដាស់តឿនរបស់លោក ហ៊ុន សែន មានប្រសិទ្ធភាព។
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី៨ ខែកក្កដានេះ បានណែនាំដល់អាជ្ញាធរថ្នាក់ក្រោម ឱ្យយកចិត្តទុកដាក់ ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព។ លោក ហ៊ុន សែន បានបង្គាប់ឱ្យផ្ដោតលើការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងនោះទេ។
លោក ហ៊ុន សែន លើកឡើងដូច្នេះ ក្នុងសំណេរលើហ្វេសប៊ុក របស់លោក ខណៈលោកចុះជួបក្រុមប្រឹក្សាខត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព នានា ជុំវិញខេត្តរតនាគិរី នៅថ្ងៃទី៨ ខែកក្កដានេះ។
ទោះបីជាយ៉ាងណាក្រុមអ្នកឃ្លាំមើល និង ពលរដ្ឋរងគ្រោះដីធ្លី លើកឡើងថា ការណែនាំរបស់លោក ហ៊ុន សែន គឺគ្រាន់តែជាភាសាប្រជាភិថុតិនយោបាយដដែលៗ របស់ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះដើម្បីបោកយកសន្លឹកឆ្នោត របស់ពលរដ្ឋ នៅពេលការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០២៧ ដែលខិតជិតមកដល់ប៉ុណ្ណោះ។ ពលរដ្ឋរងគ្រោះដីធ្លីថា នេះជាទម្លាប់បោកប្រាស់ជាធម្មតា របស់លោក ហ៊ុន សែន ក្នុងតំណែងដឹកនាំប្រទេសប្រមាណ ៤០ឆ្នាំរបស់លោក។
លោក សល់ ព្លុក ដែលស្ថិតនៅក្នុងចំណោមពលរដ្ឋ ២៥គ្រួសារ នៅភូមិកាណាត់ ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដែលមានជម្លោះដីធ្លីជាមួយអ្នកស្រី សេក សុភ័ក្រសឿនម៉ូនា ដែល ពលរដ្ឋតែងឮគេហៅថា ជំទាវ វី សង្ឃឹមថា ក្រុមមន្ត្រីថ្នាក់ក្រោម ដែលមានតួនាទីដោះស្រាយជម្លោះដីធ្លី នឹងធ្វើតាមការណែនាំ របស់លោក ហ៊ុន សែន ប៉ុន្តែ ពលរដ្ឋរងគ្រោះរូបនេះ លើកឡើងថា លោកមិនសូវរំពឹងបានលទ្ធផលល្អនោះទេ។

លោក សល់ ព្លុក ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៨ ខែកក្កដា ថា ជាធម្មតាអាជ្ញាធរថ្នាក់ក្រោម ដូចជាថ្នាក់ខេត្តជាដើម មិនបានធ្វើតាមការក្រើនរំឭករបស់ លោក ហ៊ុន សែន ឱ្យពិតប្រាកដទេ។ បន្ថែមលើនេះ លោកថា ពលរដ្ឋរងគ្រោះ ចំនួន ៣នាក់ ដែលសកម្មក្នុងការចេញមុខតវ៉ា ត្រូវបានក្រុមហ៊ុនប្ដឹងទៅតុលាការ និងមិនទាន់មានដំណោះស្រាយយុត្តិធម៌នៅឡើយ។
លោក សល់ ព្លុក៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំហាក់ដូចជាមិនសូវសង្ឃឹម សម្រាប់ថ្នាក់ខេត្តទេ ហើយហ្នឹងប្រព័ន្ធតុលាការដូចជា សព្វថ្ងៃប្រព័ន្ធតុលាការ ដែលយើងមិនសូវមានសង្ឃឹម ដោយសារតែយើងអត់មានអំណាច អត់មានបុណ្យស័ក្ដិ អត់មានលុយកាក់។ និយាយទៅយើងជាអ្នកក្រ អ្នកអត់ យើងមិនដឹងធ្វើអី ដើម្បីពួកគាត់ជួយដោះស្រាយ យើងមានតែអំពាវនាវជូនពួកគាត់»។
ក្រុមអ្នកឃ្លាំមើល និងពលរដ្ឋរងគ្រោះដីធ្លី លើកឡើងថា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងពួកមន្ត្រីធំៗ ក្នុងរដ្ឋាភិបាល រួមទាំងតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា ១២០នាក់ មានពេលចូលរួមក្នុងពិធីមង្គលការ ឬ ការជប់លៀង រាំច្រៀងសប្បាយ ប៉ុន្តែ ពួកអ្នកដឹកនាំទាំងអស់នេះ ពុំដែលមានពេលចេញមុខទៅ ដោះស្រាយការតវ៉ាទាមទាររបស់ពលរដ្ឋរងគ្រោះឡើយ ទោះបីពលរដ្ឋប្រមូលផ្តុំគ្នា យកញត្តិតវ៉ាដល់មុខផ្ទះលោក ហ៊ុន សែន ជាញឹកញាប់ក៏ដោយ។
លើសពីនេះទៅទៀត ពលរដ្ឋរងគ្រោះដីធ្លី ដែលសកម្មចេញមុខតវ៉ាទាមទារ យុត្តិធម៌ ត្រូវបានអាជ្ញាធររដ្ឋាភិបាលត្រកូលហ៊ុន ធ្វើទុក្ខបុកម្នេញ ប្ដឹងផ្ដល់ទៅ តុលាការ និង ចាប់ដាក់ពន្ធនាគារ។ សមាគមការពារសិទ្ធិមនុស្សអាដហុក បានឱ្យដឹងកាលពីខែឧសភាថា វិវាទដីធ្លីចំនួន ៤៥ករណី មាន២១ករណីហើយ ដែលទទួលរងការគំរាមកំហែងពីអ្នកមានអំណាច និងអ្នកមានទ្រព្យ។ ស្ថានភាព នេះ បណ្តាលឲ្យតំណាងសហគមន៍ ១៧៤នាក់ មិនហ៊ានចូលកន្លែងដីជម្លោះ ខណៈតំណាង ២នាក់ ត្រូវបានតុលាការឃុំខ្លួន។ ចំណែក តំណាងពលរដ្ឋចំនួន ២៥នាក់ទៀត កំពុងជាប់បណ្តឹងព្រហ្មទណ្ឌនៅតុលាការ និង ២នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើកិច្ចសន្យាឲ្យឈប់តវ៉ា។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី លើកឡើងពីការព្រួយបារម្ភ និងមានកង្វល់អំពីបញ្ហាទំនាស់ដីធ្លី នៅប្រទេសកម្ពុជា ពីព្រោះអាជ្ញាធរថ្នាក់ក្រោម ដែលមានសិទ្ធិ និងតួនាទីតាមច្បាប់ទៅហើយ មិនព្រមដោះស្រាយជូនប្រជាពលរដ្ឋ ប៉ុន្តែ បែរជាចាំតែការបង្គាប់បញ្ជាពីថ្នាក់ដឹកនាំជាតិ។
លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៨ ខែកក្កដាថា កាលណា ថ្នាក់ដឹកនាំថ្នាក់ជាតិ ចេញមុខដាស់តឿន នៅពេលចុះមូលដ្ឋាន នោះមេដឹកនាំ កំពូលៗ អាចស្ដាប់ឮសម្រែកទាមទាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានហើយ និង ក៏បានដឹងអំពីភាពអសកម្មរបស់អាជ្ញាធរថ្នាក់ក្រោមដែរ។ លោកថា ដើម្បីរកឃើញដំណោះស្រាយដែលមានប្រសិទ្ធភាព លុះត្រាណាតែរដ្ឋាភិបាល ដកចេញមន្ត្រី ដែលអសកម្ម និងមិនប្រកាន់យុត្តិធម៌ ហើយដាក់ជំនួសវិញដោយមន្ត្រី ដែលមានស្មារតីធ្វើការបម្រើផលប្រយោជន៍ពលរដ្ឋជាក់ស្ដែង។
លោក យិន ម៉េងលី៖ «ប្រសិនបើមិនមានការដោះស្រាយ ឬក៏មិនមានការយកចិត្ត ទុកដាក់ចំពោះប្រជាពលរដ្ឋទៀត យើងគិតថា ប្រមុខរដ្ឋាភិបាល ឬក៏ថ្នាក់ដឹកនាំ កំពូលគប្បីតែមានវិធានការ។ បើមិនយកចិត្តទុកដាក់ពលរដ្ឋអាចដកចេញ ដាក់អ្នកផ្សេងឲ្យទៅធ្វើការឲ្យទៅដើរតួនាទីបំពេញកាតព្វកិច្ច ក្នុងនាមជាអ្នកបម្រើរាស្ត្រ ដើម្បីមុខមាត់របស់រដ្ឋាភិបាល ក៏ដើម្បីកិត្តិយសដែរ ហើយក្នុងនាមជាអ្នកបម្រើ ត្រូវតែយកចិត្តទុកដាក់អ៊ីចឹង។ អ៊ីចឹងកាលណា មានការដកចេញ ដកចេញពីតំណែង បើគាត់មិនធ្វើការដោះស្រាយ ដាក់អ្នកថ្មី។ អ៊ីចឹងនេះ ជាយន្តការមួយដែរ ដើម្បីឲ្យមានការចាប់ផ្ដើមមានភាពសកម្ម ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ»។
សមាគមការពារសិទ្ធិមនុស្ស អាដហុកបានចេញរបាយការណ៍ កាលពីខែឧសភា ឆ្នាំ២០២៦ ដោយចាត់ទុកបញ្ហាវិវាទដីធ្លីក្នុងប្រទេសកម្ពុជា នៅតែមានលក្ខណៈធ្ងន់ធ្ងរ និងស្មុគស្មាញ។ អាដហុក រកឃើញថា ក្នុងឆ្នាំ២០២៥ វិវាទដីធ្លីកើតឡើងថ្មីចំនួន ៤៥ករណី ពាក់ព័ន្ធបុគ្គលមានអំណាច និងអ្នកមានទ្រព្យ ឬក្រុមហ៊ុន ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ ខណៈករណីចាស់ៗ រាប់រយទៀត មិនទាន់មានដំណោះស្រាយសមរម្យនិងច្បាស់លាស់នៅឡើយ។
អាដហុកឲ្យដឹងថា ការរំលោភដីធ្លីដោយបុគ្គលមានអំណាច ចំនួន ១៩ករណី មានទំហំដី ៨៩៣ ហិកតា ដែលប៉ះពាល់ដល់ប្រជាសហគមន៍ជាង ១ពាន់ ៥រយ គ្រួសារ (១,៥៧៣) ក្នុងនោះ ជនជាតិដើមភាគតិចជាង ២ពាន់នាក់(២,២៤៥)។ចំណែកឯ ករណីរំលោភដីធ្លីដោយបុគ្គលអ្នកមានទ្រព្យចំនួន ៩ករណី មានទំហំដី ជិត៤ម៉ឺនហិកតារ(៣៩៨១៥) ដែលប៉ះពាល់ផ្ទាល់ដល់សហគមន៍ជាង ២ពាន់ គ្រួសារ(២,១៩៨) ឬស្មើ៦៩៥០នាក់ ក្នុងនោះជនជាតិដើមភាគ តិចជាង៤ពាន់ នាក់ (៤,២១៨)៕









