សមាជិក​សភា​ថៃ​ស្នើ​ឱ្យ​រដ្ឋសភា​ផ្អាក​គម្រោង​ផ្ដល់​ប្រាក់​កម្ចី​ដល់​កម្ពុជា ក្នុង​ពេល​មាន​វិវាទ​ព្រំដែន

0
50
សមាជិក​រដ្ឋសភា និង​ប្រធាន​គណបក្ស​សេដ្ឋកិច្ច​ថៃ លោក គ្រីស ប៉ូត្រាណាន់ (Chris Potranandana)។ រូប៖ បណ្ដាញសង្គម
សមាជិក​រដ្ឋសភា និង​ប្រធាន​គណបក្ស​សេដ្ឋកិច្ច​ថៃ លោក គ្រីស ប៉ូត្រាណាន់ (Chris Potranandana)។ រូប៖ បណ្ដាញសង្គម

សមាជិក​នៃ​រដ្ឋសភា​ថៃ​បាន​ស្នើ​ឱ្យ​គណៈកម្មាធិការ​សភា ផ្អាក​គម្រោង​ផ្ដល់​កម្ចី ១​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា ទៅ​ក្នុង​សេចក្ដីព្រាងច្បាប់​ថវិកា​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០២៧ ដោយសារ​ប្រទេស​ទាំងពីរ​កំពុង​មាន​អរិភាព​នឹង​គ្នា​ក្នុង​ជម្លោះព្រំដែន​។ ក្នុង​នោះ​តំណាងរាស្ត្រ​ថៃ ក៏បាន​ស្នើ​ឱ្យ​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​សើរើ​បំណុល​របស់​កម្ពុជា ដែល​គេ​អះអាង​ថា បាន​ជំពាក់​ថៃ​ចំនួន​ជាង ៥២​លាន​ដុល្លារ​ផង​ដែរ។

សេចក្ដីព្រាងច្បាប់​ថវិកា​សម្រាប់​សារពើពន្ធ​ឆ្នាំ​២០២៧ របស់​រដ្ឋសភា​ថៃ កំពុង​មាន​ភាព​ចម្រូងចម្រាស ដោយសារ​មាន​សមាជិក​ដែល​មាន​កូតា​មកពី​គណបក្សប្រឆាំង​មួយចំនួន បាន​ជំទាស់​នឹង​គម្រោង​ផ្ដល់​កម្ចី​ហិរញ្ញវត្ថុ​ដល់​កម្ពុជា។

សមាជិក​រដ្ឋសភា និង​ប្រធាន​គណបក្ស​សេដ្ឋកិច្ច​ថៃ លោក គ្រីស ប៉ូត្រាណាន់ (Chris Potranandana) បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ពិសេស នៅ​អាគារ​រដ្ឋសភា​ថៃ កាល​ពី​ថ្ងៃទី​៩ ខែកក្កដា ដោយ​ស្នើ​ឱ្យ​គណៈកម្មាធិការ​រដ្ឋសភា​ថៃ ពិនិត្យ​ឡើង​វិញ​ចំពោះ​ការឧបត្ថម្ភ​ប្រាក់កម្ចី​ដល់​កម្ពុជា ក្នុង​ទម្រង់​ជា​ជំនួយ​ហិរញ្ញវត្ថុ ដែល​មាន​ចំនួន​សរុប​ប្រហែល ១​លាន​ដុល្លារ​។ លោក​បន្ត​ថា រដ្ឋសភា​ថៃ​មិន​គួរ​ផ្តល់​អាទិភាព​លើ​ការ​ផ្ដល់​ជំនួយ និង​កម្ចី​ដល់​កម្ពុជា ដោយ​មិន​គិតគូរ​ពី​អារម្មណ៍ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ថៃ​នោះ​ឡើយ។

គម្រោង​ប្រាក់កម្ចី​ដែល​រដ្ឋាភិបាល​ថៃ គ្រោង​ផ្ដល់​ទៅ​ឱ្យ​កម្ពុជា​នេះ រួមមាន​កម្មវិធី​ប្រាក់កម្ចី​សម្បទាន តាមរយៈ​ការិយាល័យ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេសជិតខាង​(NEDA) ដែល​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​ផ្លូវថ្នល់ និង​គម្រោង​អភិវឌ្ឍន៍​ច្រកព្រំដែន​អចិន្ត្រៃយ៍​ស្ទឹង​បត់ ដែល​ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត។

សមាជិក​រដ្ឋសភា​ថៃ លោក គ្រីស ប៉ូត្រាណាន់ បាន​លើកឡើង​ដោយ​តាំង​ជា​សំណួរ​ថា ហេតុអ្វី​ប្រទេស​ថៃ​ត្រូវ​បែងចែក​កញ្ចប់​ថវិកាជាតិ​ដើម្បី​ជួយ​ដល់​កម្ពុជា ទាំង​ដែល​ប្រទេស​ទាំងពីរ​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយគ្នា ខណៈ​កម្ពុជា​ក៏​កំពុង​ជំពាក់​បំណុល​ប្រទេស​ថៃ ដែល​លោក​អះអាង​ថា មាន​ចំនួន​ជាង ៥២​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០២៦​នេះ​។ លោក​បន្ត​ថា ត្បិត​ចំនួន​ប្រាក់កម្ចី​ទាំងនេះ​មិន​ច្រើន​ពិតមែន ក៏ប៉ុន្តែ​បញ្ហា​នេះ​នឹង​ត្រូវ​ទទួលរង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ថៃ។

ទោះជា​យ៉ាងណា តំណាង​សមាជិក​របស់​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​របស់​រដ្ឋសភា​ថៃ​មួយចំនួន បាន​ជំទាស់​នឹង​សំណើ​នេះ​ថា ការ​ផ្ដល់ប្រាក់​កម្ចី​ទៅ​ឱ្យ​កម្ពុជា គឺ​អនុវត្ត​តាម​គម្រោង​ចាស់​ដែល​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​បាន​ព្រមព្រៀងគ្នា នៅមុន​ពេល​មាន​ជម្លោះ​តាម​ព្រំដែន​មក​ម្ល៉េះ។

ក្នុង​នោះ​តំណាង​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត បាន​លើកឡើង​ថា គម្រោង​ផ្ដល់​ជំនួយ​ទាំងនេះ មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​នោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ផ្ដល់​ឱ្យ​តាមរយៈ​ស្ថាប័នហិរញ្ញវត្ថុ​របស់​ថៃ​។ ពួកគេ​បាន​លើកឡើង​ថា ការ​បង្អាក់​ជំនួយ​ហិរញ្ញវត្ថុ​ឱ្យ​កម្ពុជា​នេះ មិន​ប៉ះពាល់​ដល់​កម្ពុជា​នោះ​ទេ ក៏ប៉ុន្តែ​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​ខូច​កេរ្ដិ៍​ឈ្មោះ​របស់​ស្ថាប័នហិរញ្ញវត្ថុ​ថៃ ដែល​ធ្វើ​ឱ្យ​ដៃគូ​ពាណិជ្ជកម្ម និង​សហគមន៍​អន្តរជាតិ បាត់បង់​ទំនុកចិត្ត​ចំពោះ​ប្រទេស​ថៃ ក្នុង​ការ​បំពេញ​តាម​កាតព្វកិច្ច ឬ​កិច្ចព្រមព្រៀង​ជា​អន្តរជាតិ។

យ៉ាងណា​ក៏​ដោយ​ចុះ គិត​មកដល់ពេលនេះ នៅ​មិន​ទាន់​មានការ​ផ្សព្វផ្សាយ​អំពី​ការសម្រេច​របស់​គណៈកម្មាធិការ​រដ្ឋសភា​ថៃ អំពី​គម្រោង​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​កម្ពុជា​នៅឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១០ ខែកក្កដា។

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញ​ថា ទោះបីជា​ប្រទេស​ថៃ​ផ្អាក​ផ្ដល់​កម្ចី​មក​ឱ្យ​កម្ពុជា​ក៏ដោយ ក៏​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​កម្ពុជា​នោះ​ឡើយ ដោយ​កម្ពុជា​នៅតែ​មាន​កញ្ចប់​ថវិកាជាតិ និង​សមត្ថភាព​ដើម្បី​អភិវឌ្ឍ​ប្រទេស​។ ទោះជា​យ៉ាងណា លោក​បន្ត​ថា ប្រទេស​ថៃ​ក៏​មិន​អាច​ដាក់​សម្ពាធ​ឱ្យ​កម្ពុជា​សងបំណុល​ចាស់​តាម​ការ​ចង់​បាន​នោះ​ដែរ ដោយសារ​ការ​ផ្ដល់​កម្ចី​ជា​អន្តរជាតិ គឺ​មាន​ចែង​ពី​លក្ខខណ្ឌ​ច្បាប់​យ៉ាង​ច្បាស់​លាស់។

លោក សេក សុជាតិ៖ «ហើយ​ចំពោះ​រដ្ឋ​ដែល​មាន​ឯករាជ្យភាព មិនអាច​ដោយសារតែ​ជំនួយ​ឬក៏​ថវិកា​ដែល​ជា​ថវិកា​កម្ចី មក​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សិទ្ធិ និង​ក្នុង​ការ​ស្វែង​សម្រេច ឬក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​រដ្ឋ​អធិបតេយ្យភាព​មួយ​បាន​នោះ​ទេ​។ ដូច្នេះ សម្រាប់​ជម្រើស​នៃ​ការ​ស្នើសុំ​របស់​ថៃ​មក​លើ​កម្ពុជា ឬក៏​គំរាម​ឱ្យ​កម្ពុជា​សង។ ការ​គំរាម​នេះ វា​គ្រាន់តែ​ជា​នយោបាយ​ប្រជាភិថុតិ ដើម្បី​ទាមទារ និង​កេង​ចំណេញ​យក​ផលប្រយោជន៍​របស់​ខ្លួន​តែប៉ុណ្ណោះ»។

តាម​របាយការណ៍​ស្ដីពី​ស្ថានភាព​បំណុល របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា កម្ពុជា​ជំពាក់​បំណុល​ប្រទេស​ថៃ ដែល​ជា​កម្ចី​សាធារណៈ មាន​ចំនួន ៥៤,៥២ លាន​ដុល្លារ គិត​ត្រឹម​ចុងឆ្នាំ​២០២៥​។ របាយការណ៍​ដដែល​បញ្ជាក់​ថា ប្រាក់កម្ចី​ទាំងនេះ គឺ​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​កម្ចី​ទ្វេភាគី​រវាង​រដ្ឋាភិបាល​ទាំងពីរ ដោយ​កម្ពុជា​កំពុង​បន្ត​ទូទាត់​សង​ជាប្រចាំ ក្នុង​នោះ កម្ពុជា​បាន​សង​ប្រាក់​ដើម​ជិត ៥​លាន​ដុល្លារ និង​ការប្រាក់​ជាង ៨​សែន​ដុល្លារ ដែល​ជា​ប្រាក់​ការ​កាលពី​ឆ្នាំមុន​។​

បច្ចុប្បន្ន​កម្ពុជា​កំពុង​ជាប់បំណុល​សាធារណៈ​ទាំង​ក្នុង និង​ក្រៅប្រទេស​សរុប​ជាង ១៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុង​នោះ​ប្រទេស​ចិន​ជា​ម្ចាស់បំណុល​ទ្វេភាគី​ធំ​ជាងគេ​បង្អស់​របស់​កម្ពុជា បន្ទាប់ពី​ធនាគារពិភពលោក (World Bank) និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ