ថៃ​ប្រកាស​បិទផ្លូវ​ចរចា​ព្រំដែន​គោក​ជាមួយ​កម្ពុជា ដោយសារ​មិន​ពេញចិត្ត​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ

0
72
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

ប្រមុខ​ការទូត​ថៃ បាន​ប្រកាស​បិទផ្លូវ​ចរចា​ព្រំដែន​គោក និង​ការ​បោះបង្គោល​ព្រំដែន វាង​កម្ពុជា និង​ថៃ ដោយសារ​កម្ពុជា​បាន​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ សម្រាប់​ការចរចា​វិវាទ​ព្រំដែន​សមុទ្រ​ជាមួយ​កម្ពុជា​។ ភាគី​ថៃ​បាន​លើកឡើង​ថា បច្ចុប្បន្ន​ឱកាស​នៃ​ការពិភាក្សា​សម្រាប់​កម្ពុជា និង​ថៃ​កាន់តែ​បាត់បង់​ទៅ ខណៈ​ស្ថានភាព​ជម្លោះ​នៅ​តាម​ព្រំដែន​កាន់តែ​មាន​ភាព​តានតឹង​ឡើង ក្រោយពី​មានការ​ចុះផ្សាយ​ព័ត៌មាន​ថា កម្ពុជា​បាន​ទទួល​រថក្រោះ​ជាច្រើន​គ្រឿង​ពី​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​លើកឡើង​ថា ការចរចា​ព្រំដែន​គោក​រវាង​កម្ពុជា និង​ថៃ ជា​លក្ខណៈ​ទ្វេភាគី គឺ​មិនអាច​បន្តដំណើរ​ការ​បន្ត​ទៀត​បាន​នោះ​ទេ ដោយសារ​កម្ពុជា​បាន​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) យក​មក​ធ្វើជា​លំនាំ ដើម្បី​ដោះស្រាយ​ជម្លោះដែនសមុទ្រ​ជាមួយ​ថៃ ដែល​យន្តការ​ចរចា​នេះ បាន​បើក​ឱ្យ​មាន​ភាគី​ទី​បី​ចូល​មក​ពាក់ព័ន្ធ។

ថ្លែង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃទី​២០ ខែ​កក្កដា នេះ លោក ស៊ីហាសាក់ លើកឡើង​ថា ការ​ជ្រើសរើស​វិធី​ចរចា​របស់​ភាគី​កម្ពុជា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​ទ្វេភាគី និង​ធ្វើ​ឱ្យ​ការចរចា​លើ​ព្រំដែន​គោក​របស់​ប្រទេស​ទាំងពីរ​កាន់តែ​មាន​កា​រលំបាក និង​មើល​មុខ​គ្នា​មិន​ចំ​។ លោក​បាន​រម្លឹក​ថា ក្នុង​អំឡុង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ខែឧសភា នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា​ប្រើប្រាស់​យន្តការ​ចរចា​ទ្វេភាគី​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​គោក និង​ដែនសមុទ្រ ដើម្បី​ស្ដារ​ទំនាក់ទំនង​ជាមួយគ្នា​ឡើងវិញ ក៏ប៉ុន្តែ​កម្ពុជា​បែរជា​ប្ដូរ​គោលជំហរ និង​ដើរ​ចេញពី​ការចរចា​ទ្វេភាគី​នេះ​ទៅវិញ។

ការ​ថ្លែង​របស់​ប្រមុខ​ការទូត​ថៃ​រូប​នេះ គឺ​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ថៃ​បាន​ទទួល​ការធានា​ពី​មេដឹកនាំ​ដឹកនាំ​ចិន​លោក ស៊ី ជីនពីង (Xi Jinping) ដែល​ចិន​អះអាងថា នឹង​រក្សា​ភាព​អព្យាក្រឹត នៅក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ និង​សម្របសម្រួល​ឱ្យ​កម្ពុជា​ចូល​តុ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ​។ ក្នុង​នោះ លោក ស៊ី ជីនពីង ក៏បាន​ធានា​អះអាង​ទៅកាន់​ភាគី​ថៃ​ទៀត​ថា សព្វាវុធ និង​រថក្រោះ​ដែល​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​លក់​ទៅ​ឱ្យ​កម្ពុជា​នៅមុន​ពេល​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​នោះ នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​ប្រទេស​ថៃ​ឡើយ។

ទោះជា​បែបនេះ​ក្ដី ប្រមុខ​ការទូត​ថៃ លោក ស៊ីហាសាក់ បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​ផ្សព្វផ្សាយ​អំពី​ការ​បញ្ជូន​រថក្រោះ T59-D របស់​ចិន ទៅកាន់​កម្ពុជា​ចំនួន​៣៩​គ្រឿង​កាលពី​ខែមិថុនា ទោះបីជា​ប្រទេស​កំពុង​សម្ញែង​កម្លាំងយោធា និង​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង​ក៏ដោយ។

ជុំវិញ​រឿង​នេះ រដ្ឋលេខាធិការ​ក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែកក្កដា ថា ព្រំដែន​សមុទ្រ និង​ព្រំដែន​គោក​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្របខ័ណ្ឌ​ច្បាប់​ផ្សេងគ្នា និង​យន្តការ​ទ្វេភាគី​ផ្សេងគ្នា​។ អ្នកស្រី​បញ្ជាក់​ថា អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ គឺជា​មធ្យោបាយ​សន្តិវិធី​ដែល​បាន​ព្រមព្រៀងគ្នា សម្រាប់​ដោះស្រាយ​វិវាទ​លើ​ដែនសមុទ្រ ហើយ​ការប្រើប្រាស់​នីតិ​សមុទ្រ​នេះ​គួរតែ​ត្រូវ​បាន​ចាត់ទុក​ថា ជា​ការ​ធានា​នូវ​ការ​ផ្តល់​នូវ​ទំនុកចិត្ត ជាជាង​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ប្រទេសជិតខាង​ណាមួយ ដែល មានការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ​ចំពោះ​គោលការណ៍​ច្បាប់​អន្តរជាតិ​។ អ្នកស្រី​បន្ត​ថា ជម្រើស​ផ្លូវ​ដោះស្រាយ​តាម​នីតិ​សមុទ្រ​មិនអាច​ចាត់ទុកជា​មូលដ្ឋាន​សមស្រប​នោះ​ទេ សម្រាប់​ផ្អាក​ការងារ​ដែល​មិន​ទាក់ទង​គ្នា​សោះ លើ​ការកំណត់​ខណ្ឌសីមា​ព្រំដែន​គោក​តាមរយៈ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក ដែល​បាន​ព្រមព្រៀងគ្នា​រួចហើយ តាម​អនុស្សរណៈ​នៃ ការយោគយល់​គ្នា​ចុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០០០ និង​បាន​បញ្ជាក់​ជាថ្មី​នៅក្នុង​បទ​ឈប់​បាញ់​នៅ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា គ្មាន​ហេតុផល​ផ្នែក​ច្បាប់ ឬ​បច្ចេកទេស សម្រាប់​ឱ្យ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក ពន្យារពេល​បន្ត​អនុវត្ត​ការងារ​ខណ្ឌសីមា​ព្រំដែន ស្របគ្នា​នឹង​ដំណើរការ​លើ​បញ្ហា​ដែនសមុទ្រ​ក្រោម UNCLOS នោះ​ទេ។

ភាគី​កម្ពុជា​បាន​ស្នើ​ឱ្យ​មាន​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​របស់​លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ ២០០១ ឬ​MoU 44 ដែល​ជា​យន្តការ​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ ជា​ឯកតោភាគី។

ក៏ប៉ុន្តែ​ថៃ​ដែល​ជា​ភាគី​មានប្រៀប​លើ​វិស័យ​យោធា បាន​ទាមទារ​ឱ្យ​កម្ពុជា​ប្រើប្រាស់​តែ​ច្បាប់​សមុទ្រ​របស់ (UNCLOS) ដើម្បី​ចរចា​ទ្វេភាគី ដោយសារ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ គឺ​តម្រូវ​ឱ្យ​មាន​គណៈកម្មការ​សម្របសម្រួល​ដែល​ជា​ភាគី​ទី​បី ចូល​មក​ធ្វើ​អន្តរាគមន៍​។ ជាមួយ​គ្នា​នេះ ភាគី​ថៃ​បាន​លើកយក​ការចរចា​ព្រំដែន​គោក​មក​ដាក់​សម្ពាធ​លើ​កម្ពុជា ឱ្យ​បោះបង់​យន្ត​ផ្សះផ្សា​ដោយ​បង្ខំ​នេះ ដោយ​ភាគី​ថៃ​បាន​លើកឡើង​ថា យន្តការ​ដោះស្រាយ​នេះ គឺជា​ល្បិច​របស់​កម្ពុជា ដើម្បី​ការ​អូសទាញ​រឿង​ជម្លោះព្រំដែន​ទៅកាន់​ឆាក​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​ការចរចា​កាន់​តែ​មាន​ភាពស្មុគស្មាញ។

តែ​យ៉ាងណា ទោះបីជា​ភាគី​ថៃ​មិន​ពេញចិត្ត​ក្ដី ក៏​ថៃ​បាន​ជ្រើសរើស​តំណាង​គណៈកម្មការ​ផ្សះផ្សា​របស់​ខ្លួន​ចំនួន​ពីរ​រូប ដើម្បី​ចូលរួម​កិច្ច​សម្របសម្រួល​រួចរាល់​ហើយ បន្ទាប់ពី​ភាគី​កម្ពុជា​បាន​ប្រកាស​ពី​សមាស​សភាព​តំណាង​គណៈកម្មការ​ផ្សះផ្សា​របស់​ខ្លួន​ចំនួន​ពីរ​រូប​ដូចគ្នា​។ ចំណែក​ប្រធាន​គណៈកម្មការ​ផ្សះផ្សា​មួយ​រូប នៅ​មិន​ទាន់​បាន​ជ្រើសតាំង​នៅឡើយ ដោយសារ​តំណាង​គណៈកម្មការ​របស់​កម្ពុជា​-​ថៃ ដែល​ជា​អ្នក​ជ្រើសតាំង បាន​ស្នើសុំ​ពេលវេលា​បន្ថែម ដើម្បី​ពិចារណា​តែងតាំង​ឥស្សរជន​១​រូប​ជា​ប្រធាន។

ទោះជា​បែបនេះ​ក្ដី ថៃ​បាន​ប្រកាស​បដិសេធ​លទ្ធផល ឬ​អនុសាសន៍​របស់​គណៈកម្មការ​សម្របសម្រួល ដែល​ធ្វើ​ឱ្យ​ភាគី​ថៃ​បាត់បង់​ប្រយោជន៍ ហើយ​ភាគី​ថៃ​បាន​ប្រកាស​ថា នឹង​អូសទាញ​កម្ពុជា ឱ្យមក​ចូល​តុ​ចរចា​ទល់មុខ​គ្នា​ឡើងវិញ។

ទាក់ទិន​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន លើកឡើង​ថា ទោះបី​ភាគី​ថៃ​មិន​អនុវត្ត​ទៅតាម​អនុសាសន៍​របស់​គណៈកម្មការ​សម្របសម្រួល​ក្ដី កម្ពុជា​ត្រូវ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ ដែល​អាច​សម្រេច​សាលក្រម និង​មាន​ទម្ងន់​ផ្លូវច្បាប់ ដែល​អាច​ដាក់​សម្ពាធ​មក​លើ​ភាគី​ថៃ​បាន​។ លោក​ផ្ដល់​យោបល់​ថា ក្នុង​ជម្លោះព្រំដែន​ជាមួយ​ថៃ​នេះ កម្ពុជា​មិន​គួរ​ពឹងពាក់​ហួសហេតុ​ប្រទេស​កុម្មុយនិស្ត ដូចជា​វៀតណាម (Vietnam)​និង​ចិន ដែល​ជា​ប្រទេស​មហាមិត្ត​ហុតទឹកសម្លឹងកាក​នោះ​ឡើយ។

លោក អ៊ុំ សំអាន៖ «ពេល​ដែល​ទិញ​អាវុធ​ចម្បាំង​ពី​ចិន​មក មិនអាច​យក​ទៅ​ចម្បាំង​ជាមួយ​ថៃ​នៅ​ពេល​ដែល​ថៃ​ឈ្លានពាន អញ្ចឹង​ទិញ​មក​គ្រាន់តែ​ទុក​ឱ្យ​ល្អមើល​? ដើម្បី​ទុក​គំរាម​ប្រជាជន​កម្ពុជា និង​អ្នកប្រឆាំង​? តើ​វា​មាន​ប្រយោជន៍​អី​? ដូច្នេះ ចិន​ចាក់ខ្សែ ចិន​មិន​ចង់​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅលើ​ថៃ ដែល​ថៃ​ទិញ​យុទ្ធភណ្ឌ​យ៉ាងច្រើន​ពី​ចិន ហើយ​ចិន​ក៏​មាន​ពាណិជ្ជកម្ម​ជាមួយ​ថៃ​ហ្នឹង​ច្រើនជាង​កម្ពុជា​ទៅទៀត»។

ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​នេះ​ដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​ចិន ស៊ីនហួ (Xinhua) បាន​រាយការណ៍​ថា ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង បាន​ជំរុញ​ឱ្យ​ប្រទេស​ថៃ និង​កម្ពុជា ដោះស្រាយ​ជម្លោះព្រំដែន​ដ៏​រ៉ាំរ៉ៃ​នេះ ក្នុងអំឡុងពេល​ជួប​ជាមួយ​មេដឹកនាំ​ថៃ និង​កម្ពុជា នៅ​ខាងក្រៅ​សន្និសីទ បញ្ញា​សិប្បនិម្មិត (AI) ពិភពលោក នៅ​ទីក្រុង​សៀង​ហៃ កាលពី​ថ្ងៃទី​១៧ កក្កដា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​ចិន​មួយ​នេះ បាន​រាយការណ៍​ថា លោក ស៊ី ជីនពីង បាន​ថ្លែង​ក្នុងអំឡុងពេល​ជួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ អានុទីន ចាន់វីរៈគុល ថា «​ការ​ដោះស្រាយ​ជម្លោះ​គឺជា​ផលប្រយោជន៍​ទៅវិញទៅមក និង​យូរអង្វែង​របស់​ទាំង​ប្រទេស​ថៃ និង​កម្ពុជា​»​។ ក្នុងនោះ​លោក ស៊ី ជីន​ពីង បាន​អំពាវនាវ​ឱ្យ​មាន​ការសន្ទនា​រវាង​ភាគី​ទាំងពីរ និង​បាន​សន្យាថា ប្រទេស​ចិន​នឹង​ដើរ​តួនាទី​ជា​អ្នកសម្របសម្រួល​។ ក្នុង​នោះ មេដឹកនាំ​ថៃ​បាន​ប្រាប់​មេដឹកនាំ​ចិន​ដោយ​អះអាង​ពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ជាមួយ​កម្ពុជា និង​បាន​សរសើរ​ពី​ការ​អះអាង​អព្យាក្រឹតភាព​របស់​ប្រទេស​ចិន​ទៀត​ផង។

យ៉ាងណា​ក៏ដោយចុះ លោក ស៊ី ជីនពីង ក៏បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ស្រដៀង​គ្នា​នេះ​ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​ដដែល​នោះ ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា ចិន​នៅតែ​គាំទ្រ​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ តាមរយៈ​ការសន្ទនា​គ្នា​។ សារព័ត៌មាន​រដ្ឋ​ចិន​ដដែល​បាន​អះអាង​ថា លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្ដែង​ការ​ដឹងគុណ​ចំពោះ​ប្រទេស​ចិន ដែល​ជួយ​គាំទ្រ​កម្ពុជា​នៅក្នុង​ការចរចា​ដោយ​សន្តិវិធី និង​បាន​បញ្ជាក់ថា កម្ពុជា​នៅតែ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ចរចា និង​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ប្រទេស​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ