

មួយឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក និងចិននៅតែបន្តជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ទោះជាយ៉ាងណា អ្នកវិភាគនិយាយថា ដំណោះស្រាយប្រកបដោយចីរភាពនៅតែពឹងផ្អែកលើឆន្ទៈនយោបាយ និងការចរចារបស់ប្រទេសទាំងពីរ។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា វត្តមានរបស់សហរដ្ឋអាមេរិក និងចិនក្នុងវិបត្តិព្រំដែនកម្ពុជា-ថៃ មានលក្ខណៈ យុទ្ធសាស្ត្រជាន់គ្នាយ៉ាងស្មុគស្មាញ ដែលឆ្លុះបញ្ចាំងពីការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាចទាំងពីរនៅក្នុងតំបន់។
លោកមានប្រសាសន៍ថា សម្រាប់សហរដ្ឋអាមេរិក ការចូលរួមសម្របសម្រួលផ្នែកការទូត និងការជំរុញកិច្ចព្រមព្រៀងនានា បង្ហាញពីបំណងរក្សាស្ថិរភាពក្នុងតំបន់ និងបង្ហាញពីតួនាទីដឹកនាំផ្នែកការទូតរបស់ខ្លួន។ លោកបន្ថែមថា វិធានការរបស់ទីក្រុងវ៉ាស៊ីនតោន អាចជួយបន្ថយភាពតានតឹងភ្លាមៗ និងទប់ស្កាត់ការប៉ះទង្គិចដោយអាវុធជាបណ្ដោះអាសន្ន ប៉ុន្តែជោគជ័យរយៈពេលវែងនឹងអាស្រ័យលើការអនុវត្តជាក់ស្តែងនៅលើដី។
លោក សេង វណ្ណលី ថា ចំណែកចិនវិញ ក្នុងនាមជាប្រទេសជិតខាងដែលមានឥទ្ធិពលសេដ្ឋកិច្ចយ៉ាងខ្លាំងទាំងលើកម្ពុជា និងថៃការបង្ហាញខ្លួនជាអ្នកសម្របសម្រួល មានគោលបំណងធានាស្ថិរភាពនៅតាមព្រំដែនជិតខាង និងរក្សាតុល្យភាពឥទ្ធិពលក្នុងតំបន់។ លោកថា មហាអំណាចទាំងពីរមានគោលដៅរួមក្នុងការរក្សាស្ថិរភាព ប៉ុន្តែមានយុទ្ធសាស្ត្រ និងផលប្រយោជន៍ខុសគ្នា។
លោក សេង វណ្ណលី៖ «ខ្ញុំគិតថា ការតាំងចិត្ត និងដំណោះស្រាយពីខាងក្រៅតែមួយមុខ មិនអាចបញ្ចប់ឫសគល់នៃជម្លោះព្រំដែនបានទេ។ ទោះបីជាមានកិច្ចព្រមព្រៀង ឬការសម្របសម្រួលពីមហាអំណាចយ៉ាងណាក៏ដោយ អនាគតនៃសន្តិភាពពិតប្រាកដគឺស្ថិតនៅលើឆន្ទៈនយោបាយផ្ទាល់របស់ភាគីថៃ។ ការដោះស្រាយបញ្ហាព្រំដែនដែលមានប្រវត្តិសាស្ត្រយូរអង្វែង តម្រូវឱ្យមានការវាស់វែងបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ ជារឿងសំខាន់ហើយអ្វីដែលសំខាន់បំផុតនោះគឺការមិនយករឿងព្រំដែនធ្វើជាឧបករណ៍នយោបាយផ្ទៃក្នុង»។
លោកបន្ថែមថា ប្រសិនបើកម្ពុជា និងថៃអាចសហការគ្នាដោយស្មោះត្រង់ និងប្រើប្រាស់យន្តការទ្វេភាគី រួមជាមួយក្របខណ្ឌអាស៊ាន និងច្បាប់អន្តរជាតិ ជាមូលដ្ឋាន នោះជម្លោះអាចដោះស្រាយបានដោយសន្តិវិធី ប៉ុន្តែវាត្រូវការពេលវេលា និងការអត់ធ្មត់។
ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានអះអាងថា ទាំងចិន និងសហរដ្ឋអាមេរិក មានបំណងឱ្យវិបត្តិព្រំដែនកម្ពុជា-ថៃបញ្ចប់ឆាប់រហ័ស បើទោះបីជាប្រទេសទាំងពីរមានមូលហេតុ និងផលប្រយោជន៍ខុសគ្នាក៏ដោយ។
លោកថា ចិនមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងជាមួយកម្ពុជា និងថៃ ហើយការបិទព្រំដែនបានបង្កការខាតបង់ដល់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងតំបន់។ ចំណែកសហរដ្ឋអាមេរិកវិញ បារម្ភថា អសន្តិសុខនៅតាមព្រំដែនអាចរីករាលដាលទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសនៅពេលភាគីទាំងពីរបន្តពង្រឹងសមត្ថភាពយោធា។
លោក គឹម សុខ៖ «ទាំងចិនទាំងអាមេរិក ពិតជាចង់បញ្ចប់បញ្ហាអសន្តិសុខព្រំដែនកម្ពុជា-ថៃ ដែលកងទ័ពថៃឈ្លានពានទឹកដីកម្ពុជាឲ្យបានឆាប់ ដើម្បីទាញរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ឲ្យផ្ដោតការយកចិត្តទុកដាក់លើការកម្ចាត់ឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា»។
លោក គឹម សុខ បន្ថែមថា គោលដៅចិន និងអាមេរិក គឺចង់កម្ចាត់ឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជាដូចគ្នា គ្រាន់តែហេតុផលផ្សេងគ្នា។ លោកថា ហេតុផលរបស់ចិន ពេលណាអូសបន្លាយស្រាវជ្រាវឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជាកាន់តែយូរ គឺរកឃើញ ជនជាតិចិនពាក់ព័ន្ធកាន់តែ ច្រើន ដែលធ្វើឲ្យបាក់មុខចិន។ ប៉ុន្តែហេតុផលរបស់សហរដ្ឋអាមេរិកវិញ គឺដើម្បីការពារជនជាតិអាមេរិកាំង ដែលត្រូវពួកឧក្រិដ្ឋជនឆបោកអនឡាញបោកប្រាស់យកលុយ។
ការលើកឡើងនេះ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែជាក្របខណ្ឌការទូតដ៏សំខាន់សម្រាប់កាត់បន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះប្រដាប់អាវុធ។
នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ កក្កដា ស្ថានទូតបានរំលឹកថា ការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីមួយឆ្នាំមុន បានបណ្តាលឱ្យមានការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ និងភាពមិនប្រាកដប្រជាសម្រាប់សហគមន៍នៅសងខាងព្រំដែន។
ស្ថានទូតបានបន្តថា បីខែក្រោយមក លោក ដូណាល់ ត្រាំ បានសម្របសម្រួលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលខ្លួនពិពណ៌នាថាជាក្របខណ្ឌការទូតសម្រាប់បញ្ចប់ការប្រយុទ្ធ និងដោះស្រាយវិវាទព្រំដែនដែលមានជាយូរមកហើយ។
ស្ថានទូតបានទទួលស្គាល់ថា នៅមានការងារជាច្រើនត្រូវអនុវត្តបន្ត ប៉ុន្តែបានអះអាងថា កិច្ចព្រមព្រៀងនេះនៅតែផ្តល់ឱ្យកម្ពុជា និងថៃនូវមធ្យោបាយជាក់ស្តែង ដើម្បីបន្ថយភាពតានតឹង និងទប់ស្កាត់ការផ្ទុះជម្លោះជាថ្មី ខណៈសហរដ្ឋអាមេរិកបន្តប្តេជ្ញាគាំទ្រសន្តិភាពយូរអង្វែងនៅក្នុងតំបន់។
ជុំវិញជម្លោះរវាងកម្ពុជា-ថៃនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស៊ីនហួ (Xinhua) បានរាយការណ៍កាលពីថ្ងៃទី១៧ ខែកក្កដាថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យកម្ពុជា និងថៃដោះស្រាយវិវាទព្រំដែនតាមរយៈការសន្ទនា ក្នុងអំឡុងពេលជួបមេដឹកនាំនៃប្រទេសទាំងពីរ នៅក្រៅកិច្ចប្រជុំស្ដីពីបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅទីក្រុងសៀងហៃ។ តាមសេចក្តីរាយការណ៍ ចិនក៏បានសន្យាថា នឹងបន្តដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីផងដែរ៕









