

យោធាថៃបានសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍ចាប់ពីបង្គោលព្រំដែនលេខ៥២ ដល់៥៤ ដែលស្ថិតនៅខេត្តចន្ទបុរី (Chanthaburi) ជាប់នឹងខេត្តបាត់ដំបង បានសម្រេចជាស្ថាពរហើយ ដោយយោធាថៃគ្រោងនឹងបើកដំណើរការសាងសង់របងអចិន្ត្រៃយ៍នេះ ទៅដល់បង្គោលព្រំដែនលេខ៥៩បន្ថែមទៀត។ ក្រៅពីនេះ យោធាថៃបានសាងសង់លេណដ្ឋានជាច្រើនទីតាំង និងផ្លូវយុទ្ធសាស្ត្រតាមបណ្ដោយរបងព្រំដែន ដោយយោធាថៃអះអាងថា ដើម្បីរឹតបន្តឹងសន្តិសុខតាមព្រំដែន។
របងបេតុងអចិន្ត្រៃយ៍ ដែលយោធាថៃបានសាងសង់ឡើងជាឯកតោភាគី នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៤ ប្រវែងជាង១ពាន់៣រយម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកពោងណាំរ៉ន (Pong Nam Ron) ខេត្តចន្ទបុរី (Chanthaburi) ជាប់នឹងព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង ពេលនេះបានសាងសង់រួចរាល់ទៅតាមការកំណត់របស់យោធាថៃហើយ។ យោធាថៃបានសាងសង់របងថ្មកូនកាត់នេះដោយផ្លោះរំលងបង្គោលព្រំដែន ដោយមិនមែនសាងសង់ក្នុងទឹកដីថៃ ដែលនៅក្រៅតំបន់ស ដូចការអះអាងរបស់យោធាថៃនោះឡើយ។
មេបញ្ជាការយោធាថៃ បានចុះទៅត្រួតពិនិត្យទីតាំងរបងព្រំដែននេះ កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងឱកាសនោះលោកបានដាក់ចេញនូវផែនការសាងសង់ដំណាក់កាលទីពីរ ដោយចាប់ពីបង្គោលព្រំដែនលេខ ៥៤ ដល់៥៩ ដែលមានប្រវែងជាង ៦គីឡូម៉ែត្របន្ថែមទៀត។ យោធាថៃបញ្ជាក់ថា គម្រោងទីពីរនេះ នឹងត្រូវបញ្ចប់ក្នុងរយៈពេល៦ខែ ហើយយោធាថៃនឹងបន្តគម្រោងទីបី ដែលសាងសង់របងព្រំដែនអចិន្ត្រៃយ៍រហូតដល់បង្គោលព្រំដែនលេខ៦៦ ដែលស្ថិតនៅព្រំប្រទល់សង្កាត់បរយ៉ាខា ខេត្តប៉ៃលិន។
បច្ចុប្បន្នយោធាថៃកំពុងសាងសង់ផ្លូវតាមបណ្ដោយព្រំដែននៅទីតាំងបង្គោលលេខ៥៤ ឆ្ពោះទៅកាន់បង្គោលលេខ៥៩ ដើម្បីដឹកជញ្ជូនសម្ភារៈសម្រាប់សាងសង់របងបេតុង និងដាក់ពង្រាយកម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ខណៈនៅក្នុងតំបន់នេះ ទាហានខ្មែរ និងទាហានថៃបានដើរល្បាតរួមគ្នានៅលើផ្លូវតែមួយ ដោយឆ្លងកាត់ចម្ការអ្នកស្រុក ក៏ប៉ុន្តែទីតាំងមួយចំនួនទាហានខ្មែរ និងទាហានថៃ បានដើរល្បាតនៅលើផ្លូវម្ខាងម្នាក់។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣១ ខែកក្កដា។
ទីតាំងបង្គោលព្រំដែនលេខ៥២ ដល់៥៩ ជាព្រំដែនមានសណ្ឋានត្រង់ ដែលយោធាថៃកំពុងបន្តសាងសង់របងព្រំដែននេះ គឺជាតំបន់ដែលមានភាពចម្រូងចម្រាស ដោយសារគណៈកម្មាធិការបច្ចេកទេស នៃប្រទេសទាំងពីរ នៅមិនទាន់បានបញ្ចប់ការកំណត់ និងបោះបង្គោលព្រំដែននោះឡើយ បន្ទាប់ពីយោធាថៃបានធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជាជាលើកទីពីរ កាលពីខែធ្នូ។
ចំណែកទីតាំងបង្គោលព្រំដែនលេខ៥៩ ដល់លេខ៦៦ ក៏មិនទាន់មានភាពច្បាស់លាស់នោះដែរ ដោយយោធាថៃបានកែប្រែអូរធម្មជាតិ និងរំកិលបង្គោលព្រំដែនភ្លោះនៅសងខាង ដែលជាតម្រុយខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន ចូលក្នុងទឹកដីកម្ពុជា បណ្ដាលឱ្យដីចម្ការរបស់ពលរដ្ឋខ្មែរជាច្រើនគ្រួសារ បានបាត់បង់ទៅកាន់ប្រទេសថៃ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការសាងសង់របងព្រំដែន ជាឯកតោភាគីរបស់យោធាថៃ គឺជាសកម្មភាពខុសច្បាប់អន្តរជាតិ ព្រោះការសាងសង់នេះ មិនបានទទួលការឯកភាពពីកម្ពុជា ដែលជាប្រទេសជិតខាង និងធ្វើឡើងដោយមិនទាន់បោះបង្គោលព្រំដែនជាផ្លូវការ។ លោកអះអាងថា ទីតាំងបង្គោលព្រំដែន ដែលយោធាថៃកំពុងសាងសង់របង មួយចំនួន គឺជាបង្គោលព្រំដែនថ្មី និងមិនមែនជាបង្គោលចាស់ របស់អាណានិគមបារាំងនោះឡើយ។
លោក ម៉ែន ណាត៖ «យើងជំរុញ រំលឹកដល់រដ្ឋាភិបាលកម្ពុជាមិនអាចតវ៉ាតែរឿងងាប់ក្រឡានឹងទេ ត្រូវតែប្រើវិធីសាស្ត្រផ្សេងៗ យុទ្ធសាស្ត្រថ្មីក្នុងការតវ៉ា ដូចជាការដាក់ប្តឹងថៃទៅតុលាការអន្តរជាតិ ត្រូវតែប្តឹង ព្រោះអាហ្នឹងជាកិច្ចសន្យារបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា ព្រឹទ្ធសភាកម្ពុជាធ្លាប់បានធ្វើកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានឯកភាពគ្នាតើ ថាត្រូវប្តឹងថៃ ម៉េចក៏មិនប្តឹងមកដល់ពេលនេះ រយៈពេលមួយឆ្នាំហើយ»។
ការសាងសង់របងព្រំដែនរបស់យោធាថៃនេះ គឺទទួលបានជំនួយពីមូលនិធិ ហាថៃធីប (Hataitip Fund) ដែលបង្កើតឡើងដោយព្រះអង្គម្ចាស់ក្សត្រី ជុឡាផន (Chulabhorn) ដែលត្រូវជាប្អូនស្រីបង្កើតរបស់ព្រះមហាក្សត្រថៃ ព្រះបាទ វ៉ាជីរ៉ាឡុងកន (Vajiralongkorn) ឬរាមាទី១០។
ផ្អែកតាមរបាយការណ៍របស់ ហាថៃធីប មូលនិធិនេះបានផ្ដល់លុយចំនួនជាង ២លានដុល្លារដល់យោធាថៃ សម្រាប់សាងសង់របងព្រំដែនដំណាក់កាលទី១ និងលេណដ្ឋានយោធាជាង១ពាន់ទីតាំង ក្នុងតំបន់ព្រំដែន។ សម្រាប់ការសាងសង់របងព្រំដែនដំណាក់កាលទីពីរនេះវិញ មូលនិធិរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃរូបនេះ បានផ្ដល់លុយចំនួនជាង ១លាន ៥សែនដុល្លារទៅឱ្យយោធាថៃ រួមទាំងការសាងសង់លេណដ្ឋានជាង ៣រយទីតាំងបន្ថែមទៀត នៅតាមបន្ទាយ និងមូលដ្ឋានរបស់យោធាថៃ៕









