រដ្ឋបាល​ខេត្ត​កណ្តាល​សម្រេច​ដកហូត​តួនាទី​ប្រធាន​មណ្ឌល​សុខភាព​សិត្បូ ក្រោយ​សាច់ញាតិ​ប្តឹង ករណី​បៀតបៀន​​អ្នកជំងឺ

0
94
​ប្រធាន​មណ្ឌល​សុខភាព​សិត្បូ លោក ឈុន ផល្លី។ រូប៖ បណ្ដាញសង្គម
​ប្រធាន​មណ្ឌល​សុខភាព​សិត្បូ លោក ឈុន ផល្លី។ រូប៖ បណ្ដាញសង្គម

រដ្ឋបាល​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃទី​៤ សីហា សម្រេច​បញ្ចប់​តួនាទី​ប្រធាន​មណ្ឌល​សុខភាព​សិត្បូ ក្រោយ​សាច់ញាតិ​ជនរងគ្រោះ​ប្តឹង គ្រូពេទ្យ​រូប​នេះ ករណី​បៀតបៀន​រាងកាយ​អ្នកជំងឺ​។ ចំណែក​ពលរដ្ឋ​នៅ​លើ​បណ្ដាញ​សង្គម ស្នើ​ឲ្យ​មាន​ការ​ដាក់​ទោសទណ្ឌ​លើ​គ្រូពេទ្យ​ដែល​ប្រព្រឹត្ត​ផ្ទុយ​វិជ្ជាជីវៈ និង​អសីលធម៌ ដើម្បី​ជា​គំរូ និង​រក្សា​ភាព​ថ្លៃថ្នូរ​ដល់​គ្រូពេទ្យ​ដទៃ។

រដ្ឋបាល​ខេត្តកណ្តាល​ស​ម្រេច​បញ្ចប់​តួនាទី​លោក ឈុន ផល្លី ដែល​មាន​ឋានន្តរសក្តិ មន្ត្រី​សុខាភិបាល​បឋម ថ្នាក់​លេខ​៤ ពី​ប្រធាន​មណ្ឌល​សុខភាព​សិត្បូ មក​ជា​មន្ត្រី​ធម្មតា​វិញ ក្រោយ​បែកធ្លាយ​វីដេអូ​បៀតបៀន​រាងកាយ​អ្នកជំងឺ។

សាច់ញាតិ​ជនរងគ្រោះ ដាក់ពាក្យ​បណ្តឹង​ប្តឹង​ប្រធាន​មណ្ឌល​សុខភាព​សិត្បូ ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​សិត្បូ ស្ថិតនៅ​ភូមិ​កំពង់​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល ក្រោយ​ពិនិត្យ​ឃើញ​នៅក្នុង​វីដេអូ​ឃ្លី​ប​មួយ​ថា ប្រធាន​មណ្ឌល​សុខភាព​រូប​នេះ​បាន​សង្គ្រោះ​បឋម​លើ​អ្នកជំងឺ​វ័យ​១៧​ឆ្នាំ ដោយ​បាន​បៀតបៀន​រាងកាយ​អ្នកជំងឺ កាលពី​យប់​ថ្ងៃទី​៣ សីហា។

នៅក្នុង​វីដេអូ​ឃ្លី​ប​រយៈពេល​ជាង​១​នាទី ដែល​បងស្រី​ជនរងគ្រោះ​បាន​បង្ហោះ​លើ​គណនី​ឈ្មោះ «​អូន​លាង សាឡន» នោះ បង្ហាញថា លោកគ្រូ​ពេទ្យ​រូប​នេះ បាន​យកដៃ​ច្របាច់​ដោះ អ្នកជំងឺ​ស្ត្រី នៅក្នុង​ឡាន​សង្គ្រោះបន្ទាន់ ខណៈ​ពេល​អ្នកជំងឺ​នៅ​ដឹងខ្លួន​នៅឡើយ។

បងថ្លៃ​របស់​ជនរងគ្រោះ ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​គ្រួសារ​បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​លើ​ប្រធាន​មណ្ឌល​សុខភាព​រួប​នេះ ក្រោយ​ក្រុម​គ្រួសារ បាន​ពិនិត្យមើល​វីដេអូ​នោះ​ឡើងវិញ ឃើញ​ដូច​ការ​លើកឡើង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ពី​ករណី​បៀតបៀន​លើ​រាងកាយ​នេះ​មែន។

«ជា​ករណី​អឺ​លោកគ្រូ​បៀតបៀន​រាងកាយ​ហ្នឹងឯង​។ រឿង​ហ្នឹង​ជាក់ស្តែង​គឺ​អត់​បាន​ចាប់អារម្មណ៍​ទេ ផូស​វីដេអូ​ហើយ​ដេក​ធម្មតា​ហ្នឹង ដល់​ក្រោយ​មកទៀត​ឃើញ​អឺ​វីដេអូ​ហ្នឹង​វា​ផ្ទុះៗ​ហើយក៏​មាន​ខ​មិន​គេ​លើកឡើង​អ​ញ្ចេះ​អ​ញ្ចុះ​ក៏​ចាប់ផ្តើម​អង្គុយ​មើលៗ​សារ​ថ្មី​ឡើងវិញ​ទៅ​បាន​ឃើញថា អារឿង​ហ្នឹង​វា​ដូចជា​គេ​និយាយ​មែន ហើយ​អ៊ីចឹ​ង​ខ្ញុំ​មាន​អារម្មណ៍​មួយ​កើត​ចិត្ត​ខឹង​អ៊ីចឹង​ទៅ»។

មហាជន​ជាច្រើន​បាន​ផ្ទុះ​ការ​វែកញែក និង​រិះគន់​ទង្វើ​របស់​ប្រធាន​មណ្ឌល​សុខភាព​រូប​នេះ​ថា ជា​ការ​បន្លំ កេង​ចំណេញ​លើ​រាងកាយ​អ្នកជំងឺ ខ្វះ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ។ មហាជន បាន​ប្រតិកម្ម​ខ្លាំង និង​បាន​សរសេរ​បញ្ចេញមតិ​យោបល់​លើ​វីដេអូ​ឃ្លី​ប​នោះ នូវ​ឈ្មោះ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ជួយ​ចាត់វិធានការ និង​ស៊ើបអង្កេត​លើ​ទង្វើ​ប្រធាន​មណ្ឌល​សុខភាព​រូប​នេះ។

បងស្រី​ជីដូនមួយ​របស់​អ្នកជំងឺ​រូប​នោះ អះអាង​ថា ក្រោយ​ការ​ផ្ទុះ​វីដេអូ​ពី​ការ​បៀតបៀន​នេះ លោក ឈុន ផល្លី ដែល​ជា​ប្រធាន​មណ្ឌល​សុខាភិបាល​សង្កាត់​សិត្បូ បាន​ទៅ​ជួប​លោកស្រី និង​បាន​ស្នើសុំ​ឲ្យ​លោកស្រី​លុប​វីដេអូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​នោះ​ចេញ ហើយ​បង្ហោះ​វីដេអូ​ថ្មី​សុំទោស​លោក​វិញ ប៉ុន្តែ​លោកស្រី និង​សាច់ញាតិ​មិន​ព្រម​។ លោកស្រី​រៀបរាប់​ថា លោកគ្រូ​ពេទ្យ​រូប​នេះ បាន​បំពាន​លើ​រាងកាយ​អ្នកជំងឺ មុន​ពេល​ឡើង​ឡាន​សង្គ្រោះ​ទៅទៀត ប៉ុន្តែ​លោកស្រី មិន​ហ៊ាន សួរនាំ​ដោយ​ខ្លាច​ពាក្យ​ថា «​ចេះ​ជាង​ពេទ្យ​»​។ លោកស្រី​បន្ថែម​ថា ប្អូនស្រី​លោកស្រី​រង​ភាព​អាម៉ាស់​ជា​ខ្លាំង មិន​ហ៊ាន​ចេញ​ជួប​អ្នកណា​ឡើយ ក្រោយ​ឃើញ​វីដេអូ​នោះ​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោកស្រី​ប្រាប់​ព័ត៌មាន​ក្នុងស្រុក។

បងជីដូនមួយ​រូប​នេះ ទទួច​ស្នើសុំ​ឲ្យ​ក្រសួង​កិច្ចការ​នារី ជួយ​អន្តរាគមន៍​កិច្ចការ​ផ្លូវច្បាប់​ដល់​គ្រួសារ​លោកស្រី។

«​ខ្ញុំ​ធ្លាប់​អឺ​មើល​តាម​បណ្តាញ​ហ្វេសប៊ុក គេ​ធ្វើ​ចលនា​នៅ​ខាងលើ​ដើមទ្រូង​ចំហៀង​ដោះ មិនមែន​នៅ​លើ​ដោះ​ទេ ដល់ពេល​ចឹង​ខ្ញុំ​អត់​ហ៊ាន​និយាយ​ខ្លាច​អឺ​ថា​យើង​ចេះ​ជាង​ពេទ្យ។ ពេល​ខ្ញុំ​មើលទៅ​ឃើញ​អញ្ចឹង​មែន ហើយ​ខ្ញុំ​ក៏​អត់​ហ៊ាន​តបត​អី​ដែរ ខ្ញុំ​សុខចិត្ត​ចាំ​ស្តាប់ និង​ការ​ផ្ទុះ​ហ្នឹង​វិញ​ថា ម៉េច​អ៊ីចឹ​ង យុត្តិធម៌​ឲ្យ​ខ្ញុំ​អត់​? ខ្ញុំ​ខ្លាច​ព្រោះ​អត់​សូវ​ដឹង​ខាង​ច្បាប់​។ អញ្ចឹង​មានតែ​អឺ​ឲ្យ​បងប្អូន​ទាំងអស់គ្នា​ជួយ»។

ក្រោយ​ការ​ប្រតិកម្ម​របស់​មហាជន មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកណ្តាល បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន និង​អះអាង​ថា បាន​ចាត់​ក្រុមការងារ​ជំនាញ​សហការ​ជាមួយ​គណៈ​គិលានុបដ្ឋាក ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​លើ​ករណីនេះ​ដោយ​យកចិត្តទុកដាក់​បំផុត។

ចំណែក ប្រធាន​មណ្ឌល​សុខភាព​សិត្បូ លោក​វេជ្ជបណ្ឌិត ឈុន ផល្លី ដែល​កំពុង​រង​ការចោទប្រកាន់​នេះ បាន​បកស្រាយ​ជា​លាយ​លក្ខ​អក្សរ​ថា លោក គ្មាន​ចេតនា​ប៉ះពាល់​ឬ​បំពាន​លើ​រាងកាយ​អ្នកជំងឺ​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា ក្នុង​ពេល​ធ្វើដំណើរ​មក​មណ្ឌល​សុខភាព ស្ថានភាព​អ្នកជំងឺ​មិន​មាន​ភាព​ប្រសើរ នៅតែ​មាន​អាការៈ​ស្ទះ ឡេះឡះ ហើយ​ខាំ​អណ្តាត លោក​ក៏​បន្ត​សង្គ្រោះ​តាម​ឡាន​សង្គ្រោះ​ដោយ​ធ្វើ​ចលនា​បេះដូង និង​បាន​ប្រើ​ស្លាបព្រា​គាស់​អណ្តាត​អ្នកជំងឺ​ផង​ដែរ​។ លោក​ថា នៅ​តាម​ផ្លូវ​មាន​ភាព​រលាក់​ខ្លាំង ហើយ​អ្នកជំងឺ​នៅតែ​មាន​អាការៈ​ធ្វើទុក្ខ មិន​ស្រួល​ខ្លាំង ដោយមាន​អាការៈ ស្ទះ និង​ឡើង​ស្លេក​ខ្លាំង ក្នុង​ស្ថានភាព​បន្ទាន់​លោក​បាន​ប្រើ​ដៃ​ម្ខាង​ដកស្លាប​ព្រា​ចេញ ទប់​ក្បាល ហើយ​ដៃ​ម្ខាង​ទៀត​បាន​ជួយ​ទប់​ចង្កេះ និង​ផ្អៀង​អ្នកជំងឺ ដើម្បី​សម្រួល​អ្នកជំងឺ​ឲ្យ​ខ្ជាក់​ស្លេះ ដើម្បី​មិន​ឲ្យ​អ្នកជំងឺ​មាន​គ្រោះថ្នាក់ តាម​សមត្ថភាព​ក្នុងនាម​ជា​គ្រូពេទ្យ​ប៉ុណ្ណោះ​។ នៅក្នុង​ឡាន​សង្គ្រោះ​នោះ លោក​ថា មាន​សមាជិក​៧​នាក់ រួមមាន អ្នកជំងឺ សាច់ញាតិ តៃកុង​ឡាន និង​លោក​ផ្ទាល់​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត ឈុន ផល្លី ថា លោក​សោកស្តាយ និង​សុំទោស​ចំពោះ​កាយវិការ​សង្គ្រោះ ដែល​មើលទៅ​មិន​សមរម្យ​លើ​អ្នកជំងឺ ដោយ​អចេតនា។

មុន​កើតហេតុ ជនរងគ្រោះ មាន​វិបត្តិ​ផ្លូវចិត្ត និង​បាន​ញាំ​ប្រភេទ​ស្រា​ផ្លែឈើ រួច​១​ម៉ោង​ក្រោយ​កញ្ញា​មាន​អាការៈ​បញ្ឈរភ្នែក​ឡើងលើ និង​គាំងបេះដូង កន្ត្រាក់​ដៃជើង បាត់​មាត់ ហើយ​សាច់ញាតិ​បាន​បញ្ជូន​កញ្ញា​ទៅ​មណ្ឌល​សុខភាព។

ពលរដ្ឋ​នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន ស្នើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​លើ​គ្រូពេទ្យ​ដែល ប្រព្រឹត្ត​ផ្ទុយ​វិជ្ជាជីវៈ បន្លំ​កេង​ចំណេញ លើ​អ្នកជំងឺ ដើម្បី​អាច​រក្សា​ភាព​ស្អាតស្អំ​របស់​ពេទ្យ​ដទៃទៀត​និង​ដើម្បី​បញ្ចៀស​ពី​ការរិះគន់​លើ​ប្រព័ន្ធ​ច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ