

រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៤ សីហា សម្រេចបញ្ចប់តួនាទីប្រធានមណ្ឌលសុខភាពសិត្បូ ក្រោយសាច់ញាតិជនរងគ្រោះប្តឹង គ្រូពេទ្យរូបនេះ ករណីបៀតបៀនរាងកាយអ្នកជំងឺ។ ចំណែកពលរដ្ឋនៅលើបណ្ដាញសង្គម ស្នើឲ្យមានការដាក់ទោសទណ្ឌលើគ្រូពេទ្យដែលប្រព្រឹត្តផ្ទុយវិជ្ជាជីវៈ និងអសីលធម៌ ដើម្បីជាគំរូ និងរក្សាភាពថ្លៃថ្នូរដល់គ្រូពេទ្យដទៃ។
រដ្ឋបាលខេត្តកណ្តាលសម្រេចបញ្ចប់តួនាទីលោក ឈុន ផល្លី ដែលមានឋានន្តរសក្តិ មន្ត្រីសុខាភិបាលបឋម ថ្នាក់លេខ៤ ពីប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រីធម្មតាវិញ ក្រោយបែកធ្លាយវីដេអូបៀតបៀនរាងកាយអ្នកជំងឺ។
សាច់ញាតិជនរងគ្រោះ ដាក់ពាក្យបណ្តឹងប្តឹងប្រធានមណ្ឌលសុខភាពសិត្បូ ទៅប៉ុស្តិ៍នគរបាលសង្កាត់សិត្បូ ស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយពិនិត្យឃើញនៅក្នុងវីដេអូឃ្លីបមួយថា ប្រធានមណ្ឌលសុខភាពរូបនេះបានសង្គ្រោះបឋមលើអ្នកជំងឺវ័យ១៧ឆ្នាំ ដោយបានបៀតបៀនរាងកាយអ្នកជំងឺ កាលពីយប់ថ្ងៃទី៣ សីហា។
នៅក្នុងវីដេអូឃ្លីបរយៈពេលជាង១នាទី ដែលបងស្រីជនរងគ្រោះបានបង្ហោះលើគណនីឈ្មោះ «អូនលាង សាឡន» នោះ បង្ហាញថា លោកគ្រូពេទ្យរូបនេះ បានយកដៃច្របាច់ដោះ អ្នកជំងឺស្ត្រី នៅក្នុងឡានសង្គ្រោះបន្ទាន់ ខណៈពេលអ្នកជំងឺនៅដឹងខ្លួននៅឡើយ។
បងថ្លៃរបស់ជនរងគ្រោះ ឲ្យអាស៊ីសេរីដឹងថា ក្រុមគ្រួសារបានសម្រេចចិត្តដាក់ពាក្យបណ្តឹងលើប្រធានមណ្ឌលសុខភាពរួបនេះ ក្រោយក្រុមគ្រួសារ បានពិនិត្យមើលវីដេអូនោះឡើងវិញ ឃើញដូចការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋពីករណីបៀតបៀនលើរាងកាយនេះមែន។
«ជាករណីអឺលោកគ្រូបៀតបៀនរាងកាយហ្នឹងឯង។ រឿងហ្នឹងជាក់ស្តែងគឺអត់បានចាប់អារម្មណ៍ទេ ផូសវីដេអូហើយដេកធម្មតាហ្នឹង ដល់ក្រោយមកទៀតឃើញអឺវីដេអូហ្នឹងវាផ្ទុះៗហើយក៏មានខមិនគេលើកឡើងអញ្ចេះអញ្ចុះក៏ចាប់ផ្តើមអង្គុយមើលៗសារថ្មីឡើងវិញទៅបានឃើញថា អារឿងហ្នឹងវាដូចជាគេនិយាយមែន ហើយអ៊ីចឹងខ្ញុំមានអារម្មណ៍មួយកើតចិត្តខឹងអ៊ីចឹងទៅ»។
មហាជនជាច្រើនបានផ្ទុះការវែកញែក និងរិះគន់ទង្វើរបស់ប្រធានមណ្ឌលសុខភាពរូបនេះថា ជាការបន្លំ កេងចំណេញលើរាងកាយអ្នកជំងឺ ខ្វះក្រមសីលធម៌ និងវិជ្ជាជីវៈជាគ្រូពេទ្យ។ មហាជន បានប្រតិកម្មខ្លាំង និងបានសរសេរបញ្ចេញមតិយោបល់លើវីដេអូឃ្លីបនោះ នូវឈ្មោះស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យជួយចាត់វិធានការ និងស៊ើបអង្កេតលើទង្វើប្រធានមណ្ឌលសុខភាពរូបនេះ។
បងស្រីជីដូនមួយរបស់អ្នកជំងឺរូបនោះ អះអាងថា ក្រោយការផ្ទុះវីដេអូពីការបៀតបៀននេះ លោក ឈុន ផល្លី ដែលជាប្រធានមណ្ឌលសុខាភិបាលសង្កាត់សិត្បូ បានទៅជួបលោកស្រី និងបានស្នើសុំឲ្យលោកស្រីលុបវីដេអូឃ្លីបដែលបានបង្ហោះនោះចេញ ហើយបង្ហោះវីដេអូថ្មីសុំទោសលោកវិញ ប៉ុន្តែលោកស្រី និងសាច់ញាតិមិនព្រម។ លោកស្រីរៀបរាប់ថា លោកគ្រូពេទ្យរូបនេះ បានបំពានលើរាងកាយអ្នកជំងឺ មុនពេលឡើងឡានសង្គ្រោះទៅទៀត ប៉ុន្តែលោកស្រី មិនហ៊ាន សួរនាំដោយខ្លាចពាក្យថា «ចេះជាងពេទ្យ»។ លោកស្រីបន្ថែមថា ប្អូនស្រីលោកស្រីរងភាពអាម៉ាស់ជាខ្លាំង មិនហ៊ានចេញជួបអ្នកណាឡើយ ក្រោយឃើញវីដេអូនោះ។ នេះបើតាមការថ្លែងរបស់លោកស្រីប្រាប់ព័ត៌មានក្នុងស្រុក។
បងជីដូនមួយរូបនេះ ទទួចស្នើសុំឲ្យក្រសួងកិច្ចការនារី ជួយអន្តរាគមន៍កិច្ចការផ្លូវច្បាប់ដល់គ្រួសារលោកស្រី។
«ខ្ញុំធ្លាប់អឺមើលតាមបណ្តាញហ្វេសប៊ុក គេធ្វើចលនានៅខាងលើដើមទ្រូងចំហៀងដោះ មិនមែននៅលើដោះទេ ដល់ពេលចឹងខ្ញុំអត់ហ៊ាននិយាយខ្លាចអឺថាយើងចេះជាងពេទ្យ។ ពេលខ្ញុំមើលទៅឃើញអញ្ចឹងមែន ហើយខ្ញុំក៏អត់ហ៊ានតបតអីដែរ ខ្ញុំសុខចិត្តចាំស្តាប់ និងការផ្ទុះហ្នឹងវិញថា ម៉េចអ៊ីចឹង យុត្តិធម៌ឲ្យខ្ញុំអត់? ខ្ញុំខ្លាចព្រោះអត់សូវដឹងខាងច្បាប់។ អញ្ចឹងមានតែអឺឲ្យបងប្អូនទាំងអស់គ្នាជួយ»។
ក្រោយការប្រតិកម្មរបស់មហាជន មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺព័ត៌មាន និងអះអាងថា បានចាត់ក្រុមការងារជំនាញសហការជាមួយគណៈគិលានុបដ្ឋាក ចុះធ្វើការស្រាវជ្រាវ និងពិនិត្យលើករណីនេះដោយយកចិត្តទុកដាក់បំផុត។
ចំណែក ប្រធានមណ្ឌលសុខភាពសិត្បូ លោកវេជ្ជបណ្ឌិត ឈុន ផល្លី ដែលកំពុងរងការចោទប្រកាន់នេះ បានបកស្រាយជាលាយលក្ខអក្សរថា លោក គ្មានចេតនាប៉ះពាល់ឬបំពានលើរាងកាយអ្នកជំងឺឡើយ។ លោកបញ្ជាក់ទៀតថា ក្នុងពេលធ្វើដំណើរមកមណ្ឌលសុខភាព ស្ថានភាពអ្នកជំងឺមិនមានភាពប្រសើរ នៅតែមានអាការៈស្ទះ ឡេះឡះ ហើយខាំអណ្តាត លោកក៏បន្តសង្គ្រោះតាមឡានសង្គ្រោះដោយធ្វើចលនាបេះដូង និងបានប្រើស្លាបព្រាគាស់អណ្តាតអ្នកជំងឺផងដែរ។ លោកថា នៅតាមផ្លូវមានភាពរលាក់ខ្លាំង ហើយអ្នកជំងឺនៅតែមានអាការៈធ្វើទុក្ខ មិនស្រួលខ្លាំង ដោយមានអាការៈ ស្ទះ និងឡើងស្លេកខ្លាំង ក្នុងស្ថានភាពបន្ទាន់លោកបានប្រើដៃម្ខាងដកស្លាបព្រាចេញ ទប់ក្បាល ហើយដៃម្ខាងទៀតបានជួយទប់ចង្កេះ និងផ្អៀងអ្នកជំងឺ ដើម្បីសម្រួលអ្នកជំងឺឲ្យខ្ជាក់ស្លេះ ដើម្បីមិនឲ្យអ្នកជំងឺមានគ្រោះថ្នាក់ តាមសមត្ថភាពក្នុងនាមជាគ្រូពេទ្យប៉ុណ្ណោះ។ នៅក្នុងឡានសង្គ្រោះនោះ លោកថា មានសមាជិក៧នាក់ រួមមាន អ្នកជំងឺ សាច់ញាតិ តៃកុងឡាន និងលោកផ្ទាល់ផងដែរ។
លោកវេជ្ជបណ្ឌិត ឈុន ផល្លី ថា លោកសោកស្តាយ និងសុំទោសចំពោះកាយវិការសង្គ្រោះ ដែលមើលទៅមិនសមរម្យលើអ្នកជំងឺ ដោយអចេតនា។
មុនកើតហេតុ ជនរងគ្រោះ មានវិបត្តិផ្លូវចិត្ត និងបានញាំប្រភេទស្រាផ្លែឈើ រួច១ម៉ោងក្រោយកញ្ញាមានអាការៈបញ្ឈរភ្នែកឡើងលើ និងគាំងបេះដូង កន្ត្រាក់ដៃជើង បាត់មាត់ ហើយសាច់ញាតិបានបញ្ជូនកញ្ញាទៅមណ្ឌលសុខភាព។
ពលរដ្ឋនៅលើបណ្ដាញសង្គមជាច្រើន ស្នើឲ្យមានការដាក់ទណ្ឌកម្មលើគ្រូពេទ្យដែល ប្រព្រឹត្តផ្ទុយវិជ្ជាជីវៈ បន្លំកេងចំណេញ លើអ្នកជំងឺ ដើម្បីអាចរក្សាភាពស្អាតស្អំរបស់ពេទ្យដទៃទៀតនិងដើម្បីបញ្ចៀសពីការរិះគន់លើប្រព័ន្ធច្បាប់៕









