

យោធាថៃកំពុងបើកយុទ្ធនាការឱ្យពលរដ្ឋថៃចូលរួមអានសៀវភៅមួយ ដែលគេឱ្យឈ្មោះថា «សៀវភៅស» ដែលមានខ្លឹមសារចោទប្រកាន់ និងទម្លាក់កំហុសមកលើកម្ពុជា ពាក់ព័ន្ធនឹងជម្លោះព្រំដែន។ យោធាថៃជំរុញឱ្យពលរដ្ឋខ្លួនផ្សព្វផ្សាយពីអត្ថន័យនៅក្នុងសៀវភៅនេះ ដើម្បីប្រឆាំងនឹងរបាយការណ៍របស់ប្រេសិតពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានលើកឡើងអំពីការរំលោភសិទ្ធិជនភៀសសឹកកម្ពុជា ពីសំណាក់យោធាថៃ។ អ្នកឃ្លាំមើលលើកឡើងថា ការយកសំឡេងពលរដ្ឋមកប្រឆាំងនឹងរបាយការណ៍អន្តរជាតិ របស់យោធាថៃ នឹងធ្វើឱ្យជម្លោះព្រំដែនកាន់តែរ៉ាំរ៉ៃ។
នៅក្នុងសង្គ្រាមឈ្លានពានកម្ពុជា ថៃដែលអាងអំណាចកម្លាំងយោធា ហើយតែងតែច្រានចោលរាល់សេចក្ដីថ្លែងការណ៍របស់កម្ពុជា ពេលនេះថៃបានប្រើប្រាស់ចរន្តជាតិនិយមរបស់ពលរដ្ឋដើម្បីប្រឆាំងនឹងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ វិញម្ដង។
មន្ត្រីជាន់ខ្ពស់កងទ័ពអាកាសថៃ និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) បានប្រកាសថា ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃមិនធ្វើឡើងតែនៅលើសមរភូមិនៅតាមព្រំដែន ដោយប្រើប្រាស់កម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែសង្គ្រាមនេះក៏មានការប្រកួតប្រជែងគ្នា ក្នុងការឃោសនាព័ត៌មានទៅកាន់អន្តរជាតិផងដែរ។ ក្នុងនោះ លោកបានប្រកាសប្រាប់ឱ្យប្រជាពលរដ្ឋថៃទាំង ៧០លាននាក់ចូលរួមអាន និងផ្សព្វផ្សាយខ្លឹមសារសៀវភៅ ដែលយោធាថៃបាននិពន្ធឡើង មានឈ្លោះថា «សៀវភៅស» ដែលរៀបរាប់អំពីព្រឹត្តិការណ៍សង្គ្រាមរវាងកម្ពុជា និងថៃនៅតំបន់ព្រំដែន។
មន្ត្រីយោធាថៃរូបនេះ បញ្ជាក់ថា ការធ្វើយុទ្ធនាការឱ្យពលរដ្ឋថៃចែកចាយខ្លឹមសាររបស់សៀវភៅនេះ គឺដើម្បីប្រឆាំងនឹងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Thom Andrews) ដែលបានលើកឡើងពីស្ថានភាពជនភៀសសឹកខ្មែរ ដែលមិនអាចវិលត្រឡប់ទៅភូមិកំណើតវិញបាន ដោយសារកងទ័ពថៃ នៅតែបន្តកាន់កាប់ភូមិរបស់ពួកគេ។
ពាក់ព័ន្ធរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា យុទ្ធនាការរបស់យោធាថៃ ហាក់បង្ហាញពីក្ដីបារម្ភចំពោះរបាយការណ៍របស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលឆ្លុះបញ្ចាំងអំពីការពិត និងមានទម្ងន់នៅលើឆាកអន្តរជាតិ។ លោកបន្តថា យុទ្ធនាការអានសៀវភៅរបស់យោធាថៃ នឹងធ្វើឱ្យថៃអាម៉ាស់មុខនៅលើឆាកអន្តរជាតិ ដោយសារសកម្មភាពនេះ នឹងបង្កឱ្យមានអរិភាព និងការប្រកាន់ពូជសាសន៍ និងធ្វើឱ្យជម្លោះព្រំដែនបន្តអូសបន្លាយរ៉ាំរ៉ៃ និងកាន់តែធ្ងន់ធ្ងរ។
លោក ស៊ឹង សែនករុណា៖ «អញ្ចឹងគេអាចមើលឃើញកាន់តែច្បាស់ថា ក្នុងសម័យកាលនេះ មិនសមណានឹងមានអំពើឈ្លានពានគ្នាទៅវិញទៅមក ដោយរំលោភបំពានទៅលើច្បាប់អន្តរជាតិ ដែលរំលោភបំពានទៅលើទីតាំង និងព្រំប្រទល់នៃបណ្តាប្រទេសមួយៗ ដែលគេមានដាក់តម្កល់ផែនទីនៅក្នុងអន្តរជាតិ ដែលគេបានទទួលស្គាល់រួចហើយហ្នឹងទេ។ អញ្ចឹងខ្ញុំគិតថា ជាទូទៅគឺបញ្ហានេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រុមយោធាថៃ ដែលឈ្លានពានទាំងអស់ហ្នឹង»។
«សៀវភៅស» ដែលនិពន្ធដោយយោធាថៃ បានបង្កនូវការបំភ្លៃប្រវត្តិសាស្ត្រ ក្រោយយោធាថៃបានចូលកាន់កាប់ និងឈូសបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរនៅតំបន់ព្រំដែន។ បន្ថែមពីលើនេះ យោធាថៃបានបង្កប់ខ្លឹមសារចោទប្រកាន់ និងទម្លាក់កំហុសមកលើកម្ពុជាក្នុងអំឡុងផ្ទុះសង្គ្រាម រួមមានការដាក់មីនប្រឆាំងមនុស្សនៅតាមព្រំដែន និងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតជាដើម។ ទន្ទឹមគ្នានេះ យោធាថៃបានកែច្នៃព្រឹត្តិការណ៍ឈ្លានពានកម្ពុជា ដោយទម្លាក់កំហុសមកលើកម្ពុជា ដូចជាករណីទម្លាក់គ្រាប់បែកនៅលើទីតាំងប្រាសាទបុរាណខ្មែរ អាគារសាធារណៈ និងទីតាំងរបស់ជនស៊ីវិល ដោយយោធាថៃបានចោទថា គឺជាមូលដ្ឋានរបស់កងទ័ពខ្មែរទៅវិញ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង រដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា និងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៥ ខែសីហា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា យោធាថៃកំពុងជ្រៀតជ្រែកតួនាទីរបស់អ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយប្រើប្រាស់ចរន្តជាតិនិយមរបស់ពលរដ្ឋថៃតាមរយៈយុទ្ធសាស្ត្រ«សៀវភៅស»។ លោកបន្តថា កម្ពុជាមិនចាំបាច់ឆ្លើយតបទៅកាន់ភាគីថៃនោះឡើយ លើសពីនេះ កម្ពុជាគួរតែត្រៀមឯកសារ និងភស្តុតាងបន្ថែមទៀត ដើម្បីគាំទ្រសេចក្ដីថ្លែងការណ៍របស់ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។
លោក ម៉ែន ណាត៖ «ហើយដោយសារថៃរំលោភឈ្លានពានខុសច្បាប់ហ្នឹងហើយ បានថៃចេះតែភ័យចេះតែបារម្ភ។ ទោះបីថៃគិតគូរពីមុខមាត់យ៉ាងណាក៏ដោយ ក៏មិនអាចទប់ស្កាត់នូវភាពអាម៉ាស់បានដែរ ពីព្រោះថៃតែងតែប្រើប្រាស់យុទ្ធសាស្ត្របកអាក្រាតការពារខ្លួន នៅលើឆាកអន្តរជាតិថាខ្លួនហ្នឹងជាអ្នកស្អាតស្អំមិនបានឈ្លានពានទឹកដីខ្មែរ។ តែធាតុពិត ថៃកំពុងតែឈ្លានពានកម្ពុជា និងឈរជើងក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ»។
ទោះជាយ៉ាងណា ក្រសួងការបរទេសថៃ បានប្រកាសកាលពីថ្ងៃទី៣ ខែសីហា ថា ប្រទេសថៃក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្ញើលិខិតទៅកាន់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដើម្បីបដិសេធនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលលើកឡើងថា ការជំទាស់របស់ភាគីថៃនេះ នឹងគ្មានឥទ្ធិពលអ្វីចំពោះរបាយការណ៍របស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះឡើយ ព្រោះការអះអាងរបស់ភាគីថៃមានភាពផ្ទុយគ្នា ពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើប្រទេសកម្ពុជា៕









