អនុព័ន្ធយោធា​ចិន​ធានា​ចំពោះ​ថៃ មិន​ឱ្យ​កម្ពុជា​ប្រើ​អាវុធ​ចិន​ដើម្បី​ប្រឆាំង​ថៃ ​

0
70
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ស្ដាំ) និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វរៈគុល (Anutin Charnviralkul)។ រូប៖ រដ្ឋាភិបាលចិន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ស្ដាំ) និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វរៈគុល (Anutin Charnviralkul)។ រូប៖ រដ្ឋាភិបាលចិន

អនុព័ន្ធយោធា​ចិន​បាន​អះអាង​ជាថ្មី​ប្រាប់​យោធា​ថៃ​ថា ប្រទេស​ចិន​មិន​បាន​ផ្ដល់​អាវុធ​ជួយ​ដល់​កម្ពុជា ហើយនឹង​មិន​ឱ្យ​កម្ពុជា​ប្រើប្រាស់​អាវុធ​ដែល​ផលិត​ដោយ​ចិន ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ថៃ នៅ​តាម​បណ្ដោយ​ព្រំដែន​នោះ​ឡើយ​។ អ្នកឃ្លាំមើល​លើកឡើង​ថា ចិន​កំពុង​យក​បញ្ហា​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ ដើម្បី​ស្វែងរក​ប្រយោជន៍​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច។

នៅ​ថ្ងៃទី​៦ ខែសីហា នេះ នាយកដ្ឋាន​ព័ត៌មាន​របស់​កងទ័ព​ជើងគោក​ថៃ បាន​ប្រកាស​ពី​លទ្ធផល​នៃ​កិច្ចពិភាក្សា​គ្នា​រវាង​អនុព័ន្ធយោធា​ចិន ជាមួយ​យោធា​ថៃ ដោយ​ផ្ដោត​សំខាន់​លើ​ទំនាក់ទំនង​យោធា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ការ​ផ្គត់ផ្គង់​រថក្រោះ នាវា​ល្បាត និង​សម្ភារៈ​យោធា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ទៅ​ឱ្យ​កម្ពុជា។

នៅក្នុង​ជំនួប​នេះ អនុព័ន្ធយោធា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ប្រទេស​ថៃ លោក ចាង លីនហុង (Zhang Linhong) បាន​បង្ហាញ​អំពី​ក្ដី​បារម្ភ​ចំពោះ​វិវាទ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​បង្ក​ទៅជា​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់​។ ក្នុង​នោះ លោក​បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំងពីរ​ដែល​នៅ​ជាប់​របង​ជាមួយគ្នា បើក​ការចរចា​ដោយ​សន្តិវិធី ដើម្បី​បញ្ចប់​ជម្លោះ។

ឆ្លៀត​ក្នុង​ឱកាស​ថ្លែង​សារ​បែប​ពិធីការ​នេះ អនុព័ន្ធយោធា​ចិន បាន​អះអាង​ទៅកាន់​យោធា​ថៃ​ថា ថៃ និង​ចិន គឺជា​មិត្ត​យូរអង្វែង ហើយ​ចិន​តែងតែ​បង្ហាញ​ពី​តម្លាភាព និង​ភាពស្មោះត្រង់​ជាមួយ​ថៃ ជាពិសេស​ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​។ ក្នុង​នោះ​ចិន​បាន​អះអាង​ថា ប្រទេស​ចិន​មិនបាន​ផ្ដល់​អាវុធ​ជួយ​ដល់​កម្ពុជា ហើយនឹង​មិន​ឱ្យ​កម្ពុជា​ប្រើប្រាស់​អាវុធ​ដែល​ផលិត​ដោយ​ចិន ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ថៃ​នោះ​ឡើយ ហើយ​អាវុធ​ដែល​កម្ពុជា​ទទួល​បាន​ពី​ចិន​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ គឺជា​កិច្ចព្រមព្រៀង​ចាស់​ដែល​ចិន និង​កម្ពុជា​បាន​ឯកភាព​គ្នា។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿងនេះ​បានទេ នៅ​ថ្ងៃទី​៦ ខែសីហា​។​

សព្វថ្ងៃ​នេះ នៅក្នុង​វិស័យ​ការពារ​ជាតិ​របស់​ថៃ មាន​សព្វាវុធ និង​សម្ភារៈ​យោធា​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​ជា​ផលិតផល​របស់​ចិន​។ ក្នុង​នោះ​ទ័ពជើងគោក ទ័ពអាកាស និង​ទ័ពជើងទឹក​របស់​ថៃ បាន​ប្រើប្រាស់​សព្វាវុធ​រាប់​ចាប់ពី​កាំភ្លើង​រហូតដល់​យាន​ចម្បាំង យន្តហោះ​ចម្បាំង នាវា​ល្បាត និង​វា​នា​ពិឃាដ គឺ​ភាគច្រើន​ផលិត​នៅ​អាមេរិក​(USA) អឺរ៉ុប​(Europe) ជប៉ុន​(Japan) កូរ៉េខាងត្បូង​(South Korea) និង​ផលិត​ក្នុង​ស្រុក​ថៃ​ខ្លួនឯង។

ចំណែក​នៅក្នុង​ប្រព័ន្ធ​ការពារ​ជាតិ​របស់​កម្ពុជា​វិញ ភាគច្រើន​ប្រើប្រាស់​អាវុធ និង​សម្ភារៈ​យោធា​ដែល​ជា​ផលិតផល​របស់​ចិន ខ្លះទៀត​ជា​ផលិតផល​របស់​រុស្សី​(R0ssia) អតីត​ប្រទេស​ឆេកូស្លូវ៉ាគី​(Czechoslovakia) និង​មួយ​ចំនួន​ទៀត​ផលិត​តាំងពី​សម័យ​សហភាព​សូវៀត​(Soviet)។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា សកម្មភាព​របស់​ចិន គឺជា​ការ​ឆ្លៀតឱកាស​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ និង​សេដ្ឋកិច្ច នៅក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​។ លោក​បន្ត​ថា ចិន​ដែល​ជា​មិត្ត​ដែកថែប​របស់​មេដឹកនាំ​កម្ពុជា ភាព​ពិត​គឺជា​មិត្ត​ហុតទឹកសម្លឹងកាក ដោយសារ​កន្លងមក ចិន​ធ្លាប់​បាន​សន្យា​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា ក៏ប៉ុន្តែ​ក្នុង​អំឡុង​កម្ពុជា​ត្រូវ​ប្រទេស​ថៃ​ឈ្លានពាន ចិន​បែរជា​ហាមឃាត់​មិន​ឱ្យ​កម្ពុជា​ប្រើប្រាស់​អាវុធ​ដែល​កម្ពុជា​បាន​ទិញ​ពី​ចិន​ទៅវិញ ដែល​កត្តា​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា កាន់តែ​ចាញ់​ប្រៀប​ថៃ ក្នុង​វិស័យ​ការពារ​ជាតិ។

លោក អ៊ុំ សំអាន៖ «​មើល​អាមេរិក​មើល៍ អត់​មាន​ហាមឃាត់​ថៃ ដែល​ប្រើប្រាស់​យន្តហោះ F-16 ទម្លាក់​គ្រាប់​មក​លើ​ប្រទេស​កម្ពុជា​ផង​ហ្នឹង​? ហើយ​ដែល​កម្ពុជា​ទិញ​អាវុធ​មកពី​ចិន​ហើយ​ហ្នឹង មិនអាច​ប្រើប្រាស់​ដើម្បី​ការពារ​ទឹកដី មិនអាច​ប្រើប្រាស់​ដើម្បី​ប្រកាស​ស្វែងរក​ការពារ​នៅ​ពេល​ដែល​ថៃ​ឈ្លានពាន ទិញ​អាវុធ​មក​ធ្វើ​អី​? អត់​ប្រយោជន៍​ទេ​! ទិញ​មក​ទុក​តែ​ឱ្យ​ល្អមើល​! ទុក​លម្អ​ហ្នឹង»។

ទាហាន​ខ្មែរ​បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា នៅក្នុង​អំឡុង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​ជាមួយ​ថៃ កម្ពុជា​បាន​ប្រើប្រាស់​កាំជ្រួច​ហ្វូង BM -21 ដែល​ផលិត​នៅ​សម័យ​សហភាពសូវៀត ធ្វើជា​អាវុធ​ធុន​ធ្ងន់​ចម្បង សម្រាប់​ច្បាំង​ជាមួយ​ទាហាន​ថៃ ហើយ​អ្នក​ដែល​គ្រប់គ្រង និង​បញ្ជា​អាវុធ​ទាំងនេះ គឺ​កង​អង្គរក្ស BHQ ដែល​ជា​អង្គភាព​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការពារ​គ្រួសារ​មេដឹកនាំ​។ លោក​បញ្ជាក់​ថា នៅក្នុង​សមរភូមិ​ជាង​២០​ថ្ងៃ​នោះ គេ​មិន​បានឃើញ​មេបញ្ជាការ​បញ្ចេញ​សំណាញ់​មេឃ ឬ​កាំជ្រួច​ហ្វូង​ប្រភេទ PHL-03 ដែល​ជា​អាវុធ​សំខាន់ ដែល​កម្ពុជា​បាន​ទិញ​ពី​ប្រទេស​ចិន​នោះ​ឡើយ។

ទាហាន​ខ្មែរ​ដដែល អះអាង​ថា អតុល្យភាព​ផ្នែក​សព្វាវុធ​នៅ​លើ​សមរភូមិ​នេះ បាន​ធ្វើ​ឱ្យ​កងទ័ព​ខ្មែរ​បាត់បង់​ឱកាស​វាយ​បក និង​ការពារ ដែល​បណ្ដាល​ឱ្យ​កងទ័ព​ខ្មែរ​យ៉ាង​តិច​ជាង ១៤០​នាក់​បាន​ពលី និង​បាត់​ខ្លួន ដោយសារ​ខ្ទេច​រាងកាយ ខណៈ​ទីតាំង​យុទ្ធសាស្ត្រ​ទ័ព ប្រាសាទបុរាណ និង​ទឹកដី​តាម​ព្រំដែន​ជាច្រើន​កន្លែង ក៏​ត្រូវ​បាន​យោធា​ថៃ​វាយ​ដណ្តើម​កាន់កាប់​។ លោក​លើកឡើង​ថា ការ​ហាមឃាត់​របស់​ចិន​មិន​ឱ្យ​កម្ពុជា​ប្រើ​អាវុធ​ដើម្បី​តតាំង​ជាមួយ​ថៃ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​កន្តឿ​វិស័យ​យោធា បន្ថែម​ពីលើ​ប្រព័ន្ធ​ការពារ​ជាតិ ដែល​មាន​ភាព​ក្រិន​ស្រាប់ ព្រោះ​អាវុធ និង​សម្ភារៈ​ដែល​ទាហាន​ខ្មែរ​ប្រើ​ភាគច្រើន គឺ​ផលិត​នៅក្នុង​ប្រទេស​ចិន។

ងាក​មក​រឿង​ទំនាក់ទំនង​រវាង​យោធា​ចិន និង​ថៃ​វិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កងទ័ព​រំដោះប្រជាជន​ចិន បាន​ចុះផ្សាយ ដោយ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន (MND) ថា យោធា​ចិន និង​ថៃ នឹង​ធ្វើ​សមយុទ្ធ​កងទ័ពអាកាស​រួមគ្នា (Falcon Strike 2026) នៅ​ប្រទេស​ថៃ ក្នុង​ខែសីហា នេះ។

អ្នកនាំពាក្យ​កងទ័ព​ចិន​បាន​បញ្ជាក់​ថា ភាគី​ចិន​នឹង​បញ្ជូន​យន្តហោះ និង​អង្គភាព​ជាច្រើន​ប្រភេទ រួមមាន​កងកម្លាំង​ការពារ​ដែនអាកាស ដែល​មាន​មូលដ្ឋាន​លើ​ដី​គោក​ចូលរួម​ផង​ដែរ​។ ភាគី​ទាំងពីរ​នឹង​ហ្វឹកហាត់​លើ​ប្រធានបទ​នានា រួម​ទាំង​ការ​ការពារ​ដែនអាកាស​រួមគ្នា និង​ជំនួយ​មនុស្សធម៌ និង​ជំនួយ​សង្គ្រោះ​គ្រោះមហន្តរាយ ក្នុង​បំណង​ពង្រឹង​មិត្តភាព​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង​រវាង​ចិន​-​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ