

សាលាឧទ្ធរណ៍បាត់ដំបង តម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង និង ពលរដ្ឋ ឱ្យជាប់ពន្ធនាគារចន្លោះពី ៦ ទៅ ១០ ឆ្នាំ ពាក់ព័ន្ធនឹងការថតរូប និង វីដេអូ ពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ គ្រួសារខកចិត្ត និងទទូចឱ្យតុលាការ ពិចារណាទម្លាក់បទចោទប្រកាន់ ព្រមទាំងដោះលែងប្ដី និងសាច់ញាតិពួកគាត់ ឱ្យមានសេរីភាពវិញ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង នៅថ្ងៃទី០៦ ខែសីហា បានប្រកាសសាលដីកា ដោយតម្កល់សាលក្រមផ្ដន្ទាទោសរបស់តុលាការថ្នាក់ក្រោម ដែលកាត់ឱ្យសកម្មជនបក្សប្រឆាំង និងពលរដ្ឋ ចំនួន ៣នាក់ ជាប់ពន្ធនាគារចន្លោះ ពី ៦ ទៅ ១០ ឆ្នាំ ក្រោមបទចោទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ធ្វើឱ្យខូចខាត នឹងអន្តរាយការការពារជាតិ» និងបទ«ការនាំចេញដោយមិនស្របច្បាប់» បទ«ប៉ុនប៉ងប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិ»។ ពួកគាត់ ត្រូវបានផ្ដន្ទាទោស ជុំវិញការថតរូប និងវីដេអូ ពាក់ព័ន្ធរឿងព្រំដែន។
ប្រពន្ធសកម្មជននយោបាយបក្សប្រឆាំងលោក ចាន់ ជាតិ គឺលោកស្រី សុង សុខជា ចាត់ទុកការសម្រេច របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបងឱ្យប្ដីលោកស្រី ជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ថាជារឿងអយុត្តិធម៌ ពីព្រោះប្ដីលោកស្រី មិនបានប្រព្រឹត្តកំហុស «ក្បត់ជាតិ» ដូចការចោទប្រកាន់ឡើយ។ លោកស្រី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០៦ ខែសីហា ថា ពេលសមត្ថកិច្ចចាប់ខ្លួនទៅ មានអ្នកបង្ខំឱ្យប្ដីលោកស្រី ឆ្លើយតាមគេបង្គាប់ ទោះបីជាប្ដីលោកស្រីមិន បានប្រព្រឹត្តកំហុសក៏ដោយ។
លោកស្រី សុង សុខជា៖ «ប្ដីខ្ញុំថា មានគេបង្ខំ គេរកវាយរកអី ចេះតែធ្វើតាមគេអឺអើទៅ ដល់ពេល នេះ គេដាក់យើងអ៊ីចឹង និយាយទៅគាត់អត់ស្គាល់ទេ គេចាប់យើងទៅ គេបង្ខំយើង បើយើងមិនឆ្លើយថា ស៊ីលុយថៃគេវាយយើង។ដល់ពេលនោះ គាត់ថាចេះតែឆ្លើយៗ សិនទៅ បងនេះថា ឯងចេះតែឆ្លើយៗសិនទៅ ចាំពេលនេះ ចាំអញជួយ ចាំអញតេទៅប្រាប់មេឱ្យជួយ គាត់ក៏ចេះតែអឺអើតាមគេ។ រឿងនោះ មិននឹកស្មាន ប្ដីខ្ញុំមិននឹងស្មាន ថា ខ្លួនឯងជាប់ឯណាដល់ថ្នាក់ហ្នឹង ថាគាត់បានចេញ គាត់ធ្វើប្រងើយៗ។ មិននឹកស្មានដល់ គេដាក់ដល់ថ្នាក់ ១០ ឆ្នាំ ដូចថា សារសំឡេងសារអីគាត់ គាត់ឆែកមើលមានអ្នកបកប្រែត្រឹមត្រូវហើយ យើងអត់មានក្បត់ជាតិអីលក់ទឹកដីឱ្យគេដូចគេចោទទេ»។
តុលាការខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែឧសភា បានផ្ដន្ទាទោសអតីតសកម្មជនបក្សប្រឆាំង និងជាអ្នករត់តាក់ស៊ី លោក ចាន់ ជាតិ ឱ្យជាប់ពន្ធនាគារ ១០ ឆ្នាំ ពីបទ«ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ធ្វើឱ្យអន្តរាយដល់ការការពារជាតិ» ជុំវិញការថតរូប និងវីដេអូពីបញ្ហាព្រំដែន។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយលោកបានទៅថតរូប និងវីដេអូនៅកន្លែង ដែលភាគីថៃបានដាក់បារ៉ាស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៥ ជាងមួយខែ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃលើកទី១ ចូលជាធរមាន។
ក្រៅពីករណីលោក ចាន់ ជាតិ សាលាឧទ្ធរណ៍បាត់ដំបង នៅថ្ងៃទី០៦ ខែសីហានេះ ក៏បានប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូងខេត្តសៀមរាប ដែល ផ្ដន្ទាទោសពលរដ្ឋ ២នាក់ផ្សេងទៀត គឺលោក ម៉ិក ឌៀប និង លោក ហ៊ុន ហុង ឱ្យជាប់ពន្ធនាគាម្នាក់ៗ ៦ ឆ្នាំ ពីបទ«ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ»។ ពលរដ្ឋទាំង ២នាក់ ត្រូវបានតុលាការផ្ដន្ទាទោស ពាក់ព័ន្ធនឹងការថតរូបស្ពានអូរជីក ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាប និង ឧត្តរមានជ័យ អំឡុងពេលជម្លោះព្រំដែនជាមួយថៃ។ ស្ពានដែលអ្នកទាំង២ បានថត ពីរបីថ្ងៃក្រោយមក ក៏ត្រូវបានបំផ្ទុះ បំផ្លាញដោយការទម្លាក់គ្រាប់បែករបស់យោធាថៃ។ អ្នកទាំង២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត លើកឡើងថា អង្គការជាតិ និងអន្តរជាតិ នៅតែព្រួយបារម្ភចំពោះការរឹតត្បិតទៅលើសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។ លោកទទូចឱ្យតុលាការ និងអាជ្ញាធរញែកឱ្យដាច់រវាងបទល្មើស និងសេរីភាពបញ្ចេញមតិ ដើម្បីកុំឱ្យមានការរិះគន់ និងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ ពីព្រោះការចាប់ខ្លួន ចោទប្រកាន់ និងផ្ដន្ទាទោសពលរដ្ឋ ទាក់ទងនឹងការបង្ហោះសារលើបណ្ដាញសង្គម ការបញ្ចេញមតិ និងការរិះគន់ ដើម្បីស្ថាបនានោះ នឹងជះឥទ្ធិពលមិនល្អ ដោយសារ តែប្រទេសកម្ពុជា កាន់របបប្រជាធិបតេយ្យសេរី ពហុបក្ស។
លោក អំ សំអាត៖ «នៅពេលដែលមានបញ្ហាសេរីភាព ក្នុងការបញ្ចេញមតិហ្នឹង ត្រូវ បានរួមតូច វាប៉ះពាល់ដល់ការចូលរួមចំណែកពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរិះគន់ ដើម្បីធ្វើការស្ថាបនានៅក្នុងសង្គម រិះគន់ទៅលើភាពអសកម្មរបស់មន្ត្រីសាធារណៈ ដើម្បីឱ្យកែលម្អ និងការចូលរួមនៅក្នុងការអភិវឌ្ឍសង្គមផ្សេងៗ តាមរយៈការបញ្ចេញមតិ»។
ទាក់ទិនរឿងនេះ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ បានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកទូលាយលំហសេរីភាពសង្គមស៊ីវិល និងធានាការគោរពសិទ្ធិនយោបាយ ខណៈប្រទេសកំពុងឈានទៅរកការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨។
បន្ថែមលើករណីសកម្មជនបក្សប្រឆាំង និងពលរដ្ឋ ទាំង ៣រូបនេះ ក៏នៅមានអ្នកសារព័ត៌មានមួយចំនួនទៀត ដែលត្រូវតុលាការកម្ពុជា កាត់ទោសធ្ងន់ធ្ងរ បន្ទាប់ ពីកងទ័ពថៃឈ្លានពានទឹកដីកម្ពុជា។
អ្នកសារព័ត៌មានអនឡាញ ២រូបគឺ លោក ផន សុភាព និងលោក ភាព ភារ៉ា ត្រូវបានតុលាការខេត្តសៀមរាប ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ ១៤ ឆ្នាំ ពីបទ« ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការ ការពារជាតិ»។ ពួកគាត់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាច់ដោយឡែកពីគ្នានៅក្នុងខែកក្កដា ឆ្នាំ២០២៥ ក្រោយពីវិលត្រឡប់ពីរាយការណ៍ព័ត៌មាន នៅខេត្ត ឧត្តរមានជ័យ និង យកអំណោយ ទៅចែកដល់កងទ័ព ដែលកំពុងឈរជើង នៅតំបន់ប្រាសាទតាក្របី។
ទាក់ទិនរឿងនេះ អង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ អំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គោរពនិងការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋ ក្នុងការបញ្ចេញគំនិត មតិ យោបល់ និងទស្សនៈរបស់ពួកគេ មិនថាជាការលើកឡើងដោយផ្ទាល់ ឬតាមរយៈបណ្ដាញសង្គម។
អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោស នយោបាយ និង អ្នកទោសមនសិការទាំងអស់ ឲ្យមានសេរីភាព ពីព្រោះបញ្ហា ព្រំដែន គឺជារឿងជាតិទាំងអស់គ្នា ដែលពលរដ្ឋគ្រប់រូបមានសិទ្ធិ បញ្ចេញមតិយោបល់សម្ដែងការបារម្ភ។ អ្នកឃ្លាំមើលលើកឡើងថា កាលណារដ្ឋាភិបាលប្រើលេសបញ្ហាព្រំដែន បន្តឃុំខ្លួនពលរដ្ឋខ្មែរដែលគ្មានកំហុស ដើម្បីទុកធ្វើជាចំណាប់ខ្លាំងនៃអំណាចរបស់គ្រួសារត្រកូលហ៊ុន នោះនឹងធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កាន់តែអាម៉ាស់នៅលើឆាកអន្តរជាតិ៕









