តុលាការ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​និង​ពលរដ្ឋ​ដែល​ថត​ពី​បញ្ហា​ព្រំដែន​ខ្មែរ​ថៃ

0
57
អគារសាលាឧទ្ធរណ៍បាត់ដំបង។ រូប៖ បណ្ដាញសង្គម
អគារសាលាឧទ្ធរណ៍បាត់ដំបង។ រូប៖ បណ្ដាញសង្គម

សាលាឧទ្ធរណ៍​បាត់ដំបង តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង និង ពលរដ្ឋ ឱ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី ៦ ទៅ ១០ ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ថតរូប និង វីដេអូ ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​។ គ្រួសារ​ខកចិត្ត និង​ទទូច​ឱ្យ​តុលាការ ពិចារណា​ទម្លាក់​បទចោទប្រកាន់ ព្រមទាំង​ដោះលែង​ប្ដី និង​សាច់ញាតិ​ពួកគាត់ ឱ្យ​មាន​សេរីភាព​វិញ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​បាត់ដំបង នៅ​ថ្ងៃទី​០៦ ខែសីហា បាន​ប្រកាស​សាលដីកា ដោយ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​តុលាការ​ថ្នាក់ក្រោម ដែល​កាត់​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ ចំនួន ៣​នាក់ ជាប់ពន្ធនាគារ​ចន្លោះ ពី ៦ ទៅ ១០ ឆ្នាំ ក្រោម​បទ​ចោទ «​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ធ្វើ​ឱ្យ​ខូចខាត នឹង​អន្តរាយ​ការ​ការពារ​ជាតិ​» និង​បទ​«​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​» បទ​«​ប៉ុនប៉ង​ប្រមូល​ផ្តុំ​ព័ត៌មាន​ជាអាទិ៍ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​»​។ ពួកគាត់ ត្រូវ​បាន​ផ្ដន្ទាទោស ជុំវិញ​ការ​ថតរូប និង​វីដេអូ ពាក់ព័ន្ធ​រឿង​ព្រំដែន។

ប្រពន្ធ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​លោក ចាន់ ជាតិ គឺ​លោកស្រី សុង សុខជា ចាត់ទុក​ការសម្រេច របស់​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង​ឱ្យ​ប្ដី​លោកស្រី ជាប់ពន្ធនាគារ​រហូត​ដល់ ១០ ឆ្នាំ ថា​ជា​រឿង​អយុត្តិធម៌ ពីព្រោះ​ប្ដី​លោកស្រី មិនបាន​ប្រព្រឹត្ត​កំហុស «​ក្បត់ជាតិ​» ដូច​ការចោទប្រកាន់​ឡើយ​។ លោកស្រី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៦ ខែសីហា ថា ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ទៅ មាន​អ្នក​បង្ខំ​ឱ្យ​ប្ដី​លោកស្រី ឆ្លើយ​តាម​គេ​បង្គាប់ ទោះបីជា​ប្ដី​លោកស្រី​មិន បាន​ប្រព្រឹត្ត​កំហុស​ក៏ដោយ។

លោកស្រី សុង សុខជា៖ «​ប្ដី​ខ្ញុំ​ថា មាន​គេ​បង្ខំ គេ​រក​វាយ​រកអី ចេះ​តែ​ធ្វើ​តាម​គេ​អឺ​អើ​ទៅ ដល់ពេល នេះ គេ​ដាក់​យើង​អ៊ីចឹង និយាយ​ទៅ​គាត់​អត់​ស្គាល់​ទេ គេ​ចាប់​យើង​ទៅ គេ​បង្ខំ​យើង បើ​យើង​មិន​ឆ្លើយ​ថា ស៊ីលុយ​ថៃ​គេ​វាយ​យើង​។​ដល់ពេល​នោះ គាត់​ថា​ចេះតែ​ឆ្លើយៗ សិន​ទៅ បង​នេះ​ថា ឯង​ចេះតែ​ឆ្លើយៗ​សិន​ទៅ ចាំ​ពេលនេះ ចាំ​អញ​ជួយ ចាំ​អញ​តេ​ទៅ​ប្រាប់​មេ​ឱ្យ​ជួយ គាត់​ក៏​ចេះតែ​អឺ​អើ​តាម​គេ​។ រឿង​នោះ មិន​នឹកស្មាន ប្ដី​ខ្ញុំ​មិន​នឹង​ស្មាន ថា ខ្លួនឯង​ជាប់​ឯណា​ដល់​ថ្នាក់​ហ្នឹង ថា​គាត់​បាន​ចេញ គាត់​ធ្វើ​ប្រ​ងើយៗ​។ មិន​នឹកស្មាន​ដល់ គេ​ដាក់​ដល់​ថ្នាក់ ១០ ឆ្នាំ ដូច​ថា សារ​សំឡេង​សារ​អី​គាត់ គាត់​ឆែក​មើល​មាន​អ្នកបកប្រែ​ត្រឹមត្រូវ​ហើយ យើង​អត់​មាន​ក្បត់ជាតិ​អី​លក់​ទឹកដី​ឱ្យ​គេ​ដូច​គេ​ចោទ​ទេ»។

តុលាការខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៣ ខែឧសភា បាន​ផ្ដន្ទាទោស​អតីត​សកម្មជន​បក្ស​ប្រឆាំង និង​ជា​អ្នក​រត់​តាក់ស៊ី លោក ចាន់ ជាតិ ឱ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ ពី​បទ​«​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​» ជុំវិញ​ការ​ថតរូប និង​វីដេអូ​ពី​បញ្ហា​ព្រំដែន​។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​លោក​បាន​ទៅ​ថតរូប និង​វីដេអូ​នៅ​កន្លែង ដែល​ភាគី​ថៃ​បាន​ដាក់​បារ៉ាស់​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៩ ខែកញ្ញា​ឆ្នាំ​២០២៥ ជាង​មួយ​ខែ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ​លើក​ទី​១ ចូល​ជា​ធរមាន​។​

​ក្រៅពី​ករណី​លោក ចាន់ ជាតិ សាលាឧទ្ធរណ៍​បាត់ដំបង នៅ​ថ្ងៃទី​០៦ ខែសីហា​នេះ ក៏បាន​ប្រកាស​សាលដីកា​តម្កល់​សាលក្រម​សាលាដំបូង​ខេត្តសៀមរាប ដែល ផ្ដន្ទាទោស​ពលរដ្ឋ ២​នាក់​ផ្សេងទៀត គឺ​លោក ម៉ិក ឌៀប និង លោក ហ៊ុន ហុង ឱ្យ​ជាប់​ពន្ធនាគា​ម្នាក់ៗ ៦ ឆ្នាំ ពី​បទ​«​ប្រមូល​ផ្តុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការការ​ពារ​ជាតិ​»​។ ពលរដ្ឋ​ទាំង ២​នាក់ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ពាក់ព័ន្ធ​នឹង​ការ​ថតរូប​ស្ពាន​អូរជីក ស្ថិតនៅ​ព្រំប្រទល់​ខេត្តសៀមរាប និង ឧត្តរមានជ័យ អំឡុង​ពេល​ជម្លោះព្រំដែន​ជាមួយ​ថៃ​។ ស្ពាន​ដែល​អ្នក​ទាំង​២ បាន​ថត ពីរ​បី​ថ្ងៃ​ក្រោយមក ក៏​ត្រូវ​បាន​បំផ្ទុះ បំផ្លាញ​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​យោធា​ថៃ​។ អ្នក​ទាំង​២ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៥។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត លើកឡើង​ថា អង្គការ​ជាតិ និង​អន្តរជាតិ នៅតែ​ព្រួយបារម្ភ​ចំពោះ​ការ​រឹតត្បិត​ទៅលើ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ។ លោក​ទទូច​ឱ្យ​តុលាការ និង​អាជ្ញាធរ​ញែក​ឱ្យ​ដាច់​រវាង​បទល្មើស និង​សេរីភាព​បញ្ចេញមតិ ដើម្បី​កុំឱ្យ​មានការ​រិះគន់ និង​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ ពីព្រោះ​ការ​ចាប់ខ្លួន ចោទប្រកាន់ និង​ផ្ដន្ទាទោស​ពលរដ្ឋ ទាក់ទង​នឹង​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម ការ​បញ្ចេញមតិ និង​ការរិះគន់ ដើម្បី​ស្ថាបនា​នោះ នឹង​ជះឥទ្ធិពល​មិនល្អ ដោយសារ តែ​ប្រទេស​កម្ពុជា កាន់​របប​ប្រជាធិបតេយ្យ​សេរី ពហុបក្ស។

លោក អំ សំអាត​៖ «នៅពេល​ដែល​មាន​បញ្ហា​សេរីភាព ក្នុង​ការ​បញ្ចេញមតិ​ហ្នឹង ត្រូវ បាន​រួម​តូច វា​ប៉ះពាល់​ដល់​ការចូលរួម​ចំណែក​ពី​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​រិះគន់ ដើម្បី​ធ្វើការ​ស្ថាបនា​នៅក្នុង​សង្គម រិះគន់​ទៅលើ​ភាព​អសកម្ម​របស់​មន្ត្រី​សាធារណៈ ដើម្បី​ឱ្យ​កែ​លម្អ និង​ការចូលរួម​នៅក្នុង​ការ​អភិវឌ្ឍ​សង្គម​ផ្សេងៗ តាមរយៈ​ការ​បញ្ចេញមតិ»។

ទាក់ទិន​រឿង​នេះ អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើកទូលាយ​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​ធានា​ការគោរព​សិទ្ធិ​នយោបាយ ខណៈ​ប្រទេស​កំពុង​ឈាន​ទៅ​រក​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៧ និង​២០២៨។

បន្ថែម​លើ​ករណី​សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ ទាំង ៣​រូប​នេះ ក៏​នៅ​មាន​អ្នកសារព័ត៌មាន​មួយ​ចំនួន​ទៀត ដែល​ត្រូវ​តុលាការ​កម្ពុជា កាត់ទោស​ធ្ងន់ធ្ងរ បន្ទាប់ ពី​កងទ័ព​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា។

អ្នកសារព័ត៌មាន​អនឡាញ ២​រូប​គឺ លោក ផន សុភាព និង​លោក ភាព ភារ៉ា ត្រូវ​បាន​តុលាការ​ខេត្តសៀមរាប ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ១៤ ឆ្នាំ ពី​បទ​« ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ ការពារ​ជាតិ»។ ពួកគាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាច់ដោយឡែក​ពី​គ្នា​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២៥ ក្រោយពី​វិលត្រឡប់​ពី​រាយការណ៍​ព័ត៌មាន នៅ​ខេត្ត ឧត្តរមានជ័យ និង យក​អំណោយ ទៅ​ចែក​ដល់​កងទ័ព ដែល​កំពុង​ឈរជើង នៅ​តំបន់​ប្រាសាទ​តាក្របី។

ទាក់ទិន​រឿង​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត គោរព​និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ ក្នុង​ការ​បញ្ចេញ​គំនិត មតិ យោបល់ និង​ទស្សនៈ​របស់​ពួកគេ មិន​ថា​ជា​ការ​លើកឡើង​ដោយ​ផ្ទាល់ ឬ​តាមរយៈ​បណ្ដាញ​សង្គម។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នកទោស នយោបាយ និង អ្នកទោស​មនសិការ​ទាំ​ង​អស់ ឲ្យ​មាន​សេរីភាព ពីព្រោះ​បញ្ហា ព្រំដែន គឺជា​រឿង​ជាតិ​ទាំងអស់គ្នា ដែល​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ បញ្ចេញ​មតិយោបល់​សម្ដែង​ការ​បារម្ភ​។ អ្នកឃ្លាំមើល​លើកឡើង​ថា កាលណា​រដ្ឋាភិបាល​ប្រើ​លេស​បញ្ហា​ព្រំដែន បន្ត​ឃុំខ្លួន​ពលរដ្ឋ​ខ្មែរ​ដែល​គ្មាន​កំហុស ដើម្បី​ទុក​ធ្វើជា​ចំណាប់​ខ្លាំង​នៃ​អំណាច​របស់​គ្រួសារ​ត្រកូល​ហ៊ុន នោះ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កាន់តែ​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ