អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​អាវុធ និង​ទប់ស្កាត់​គ្រឿងញៀន ក្រោយ​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ស្លាប់​មនុស្ស​៦​នាក់

0
33
ទិដ្ឋភាព​កន្លែងផ្ទុះគ្រាប់ែកកែច្នៃ បណ្ដាលឱ្យកងកម្លាំង៥នាក់ស្លាប់ និងជនបង្កម្នាក់ស្លាប់ នៅខេត្ត​ពោធិ៍សាត់ ស្រុក​វាលវែង កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ស សុខា
ទិដ្ឋភាព​កន្លែងផ្ទុះគ្រាប់ែកកែច្នៃ បណ្ដាលឱ្យកងកម្លាំង៥នាក់ស្លាប់ និងជនបង្កម្នាក់ស្លាប់ នៅខេត្ត​ពោធិ៍សាត់ ស្រុក​វាលវែង កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ស សុខា

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​អាវុធ និង​ការទប់ស្កាត់​គ្រឿងញៀន​ដែល​បាន​រីក​រាលដាល​ចូលក្នុង​សហគមន៍ និង​នៅ​តាម​ទី​ជនបទ។ ពួកគាត់​ក៏​ទទូច​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ក្តៅ វែកមុខ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​ជួញដូរ​អាវុធ និង​គ្រាប់បែក និង​គ្រឿងញៀន​ឲ្យ​ជន​បង្ក ដែល​បាន​បំផ្ទុះ​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​ស្លាប់​នៅ​ខេត្តពោធិ៍សាត់។

អ្នកឃ្លាំមើល​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ករណី​អ្នកប្រើប្រាស់​គ្រឿងញៀន​មាន​អាវុធ​ធន​ធ្ងន់​ប្រើប្រាស់​នៅក្នុង​ដៃ ដែល​អាច​បង្ក​ហានិភ័យ អសន្តិសុខ និង​ការភ័យខ្លាច​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ និង​នៅ​តាម​ទី​ជនបទ​។ ពួកគាត់​យល់ថា បញ្ហា​នេះ បណ្តាល​មក​ពី​អំពើពុករលួយ​របស់​មន្ត្រី​ខិលខូច​មួយចំនួន ក្នុង​ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និង​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អាវុធយុទ្ធភណ្ឌ​ជាដើម។

ក្តី​បារម្ភ​នេះ កើតឡើង​ក្រោយ​មាន​ករណី​ជនល្មើស​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ឈ្មោះ អែម ដុំ បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ វាយដំ​លើ​ប្រពន្ធ ហើយ​ប្រពន្ធ​បាន​ប្តឹង​ទៅ​កម្លាំង​សមត្ថកិច្ច​អំពី​ករណី​ហិង្សា​នេះ​។ បន្ទាប់មក កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ប្រជា​ការពារ​បាន​ចុះទៅ​បង្ក្រាប​ជន​ដៃដល់ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ ជន​បង្ក​បាន​បំផ្ទុះ​គ្រាប់បែក បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​បាន​ស្លាប់ រួមមាន មន្ត្រី​នគរបាល ២​នាក់ ប្រជា​ការពារ ៣​នាក់ ជន​បង្ក​ម្នាក់ និង​ប្រជា​ការពារ​ម្នាក់​បាន​របួសធ្ងន់​ផង​ដែរ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​អូរ​បាយក្រៀម ស្ថិត​ក្នុងភូមិ ឆាយ​លូក ឃុំ​អូរសោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​០៥ សីហា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា ឲ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​ថា ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ពាក់ព័ន្ធ​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺ​បរាជ័យ ដោយសារ​ការ​រីក​រាល​ដាល​នៃ​គ្រឿងញៀន។ លោក​បន្ត​ថា អ្នកប្រើប្រាស់​គ្រឿងញៀន​ក៏​ជា​ក្រុម​ជនរងគ្រោះ​នៃ​អ្នក​ដែល​ជួញដូរ​ផង​ដែរ។ លោក​បន្ត​ថា រដ្ឋាភិបាល អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អាវុធ​បំផ្ទុះ ដែល​បណ្តាល​ឲ្យ​ជន​បង្ក​មាន​អាវុធ​ប្រភេទ​នេះ​ប្រើប្រាស់​។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ស៊ើប​អង្ក​ត​ពី​ប្រភព​អាវុធ​បំផ្ទុះ​នេះ​ឲ្យ​បាន​ច្បាស់លាស់ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់។

៖ «បញ្ហា​គ្រឿងញៀន​ហ្នឹង វា​កំពុងតែ​ញាំញី​ខ្លាំង​មែនទែន​ទៅលើ​យុវជន ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គាត់​រងគ្រោះ​ពី​ការប្រើប្រាស់​គ្រឿងញៀន​ហ្នឹង​។ អភិបាលកិច្ច​នៅ​កម្ពុជា​ហ្នឹង​ហាក់បីដូចជា​ដំណើរការ​ហ្នឹង​វា​រប៉ាក់រប៉ើក​មិន​មាន​ភាព​ពេញលេញ​សម្រាប់ គេ​ហៅថា រដ្ឋបាល​ឃុំ​សង្កាត់​ក៏ដូចជា​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​ហ្នឹង​។ រដ្ឋាភិបាល​យកចិត្តទុកដាក់​ឡើងវិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​មិន​ថា គ្រឿងញៀន​មិន​ថា គ្រឿងផ្ទុះ​ក៏ដូចជា​បញ្ហា​សន្តិសុខ​ផ្សេងៗ​ដើម្បី​ស្ដារ​នូវ​គេ​ហៅថា ទំនុកចិត្ត​ទៅដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ័យខ្លាច​ពាក់ព័ន្ធ​ទៅ​នឹង​អឺ​ហៅ​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន​គាត់​បង្ក​ភាព​អសន្តិសុខ​នៅ​តាម​មូលដ្ឋាន»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​លោក ស ថេង ដើម្បី​សួរនាំ​ពី​ការស៊ើបអង្កេត​នេះ​បាន​ឡើយ​នៅ​ថ្ងៃទី ០៧ សីហា​នេះ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នកទទួល។

ទោះបីជា​ជនល្មើស​បាន​ស្លាប់​ហើយ​ក្តី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ក៏បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ខេត្ត និង​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ បន្ត​ស្រាវជ្រាវ​វែកមុខ​អ្នក​ដែល​បាន​ចែកចាយ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន និង​ប្រភព​គ្រាប់បែក​ដែល​ជន​បង្ក​បាន​ប្រើប្រាស់​ផង​ដែរ។

ទោះ​មានការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បែបនេះ​ក្តី ក៏​អ្នកវិភាគ​សង្គម​មួយចំនួន មើលឃើញ​ពី​ភាព​ចន្លោះប្រហោង​នៃ​ការស៊ើបអង្កេត​នេះ​ថា ករណី​ជាច្រើន​ពាក់ព័ន្ធ​ហេតុការណ៍​នេះ មិនសូវ​បាន​លាតត្រដាង។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ និង​សង្គម លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា នេះ​ជា​សញ្ញា​អាសន្ន​ឆ្លុះបញ្ចាំង​ពី​គ្រោះថ្នាក់​នៃ​ការបាត់បង់​ការទប់ស្កាត់​លំហូរ​អាវុធ និង​សារធាតុ​ញៀន​ក្នុង​សហគមន៍ ដែល​ទាមទារ​ឲ្យ​មានការ​ពិនិត្យ​ឡើង​វិញ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​។ លោក​ទាមទារ​ឲ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ទូលំទូលាយ និង​ល្អិតល្អន់​អំពី​ប្រភព​ដើម​នៃ​គ្រាប់បែក និង​ស្វែងរក​ខ្សែ​បណ្ដាញ​ទាំងមូល ចាប់តាំងពី​អ្នកផ្គត់ផ្គង់ អ្នករត់ពន្ធ អ្នក​ផ្តល់​ជម្រក រហូតដល់​អ្នក​បិទបាំង​នៅ​ពីក្រោយ​ខ្នង ដើម្បី​កាត់​ផ្តាច់​ឫសគល់​នៃ​លំហូរ​អាវុធ​ខុសច្បាប់​ទាំងនេះ។

លោក សេង វណ្ណលី៖ «ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង អឺ​និង​កាត់បន្ថយ​បញ្ហា​គ្រឿងញៀន ក៏ដូចជា​អាវុធ​ខុសច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​អនុវត្ត​វិធានការ​ក្តៅ និង​យុទ្ធសាស្ត្រ​ចម្រុះ​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​។ ការ​បង្ក្រាប​បទល្មើស​ត្រូវ​ធ្វើឡើង​ដោយ​គ្មាន​ការយោគយល់ ឬ​លើកលែង ចំពោះ​មន្ត្រី​ខិលខូច ឬ​អ្នក​មាន​អំណាច​ដែល​នៅ​ពី​ក្រោយខ្នង​ការ​ជួញដូរ​។ ទន្ទឹម​នឹង​ការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន និង​ការស្រាវជ្រាវ​ទីផ្សារ​ងងឹត រដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​ស្តារ​នីតិ​សម្បទា​អ្នក​ញៀន​ថ្នាំ​ឱ្យ​បាន​ពិតប្រាកដ ពង្រឹង​ការអប់រំ​នៅ​តាម​មូលដ្ឋាន និង​បើកទូលាយ​ឱ្យ​មាន​ការចូលរួម​ពី​មហាជន​នៅក្នុង​ការ​រាយការណ៍ ដើម្បី​លុបបំបាត់​បញ្ហា​នេះ​ចេញពី​សង្គម​ឱ្យ​បាន​រឹងមាំ និង​មាន​ចិរភាព»។

កន្លងមក​រាជរដ្ឋាភិបាល ក៏បាន​បើក​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​ហូរហែ និង​បាន​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង ៥​តោន ដែល​សមត្ថកិច្ច​បាន​រឹបអូស។

អាជ្ញាធរ​បាន​បង្ហាញ​របាយ​ការណ៍​ទិន្នន័យ​នៃ​ការ​បង្ក្រាប​គ្រឿងញៀន ឱ្យ​ដឹង​ថា ចាប់​ថ្ងៃទី​១ ខែមករា ដល់​ខែកក្កដា គឺ​រយៈពេល​ជិត ៧​ខែ ក្នុង​ឆ្នាំ​២០២៦​នេះ មាន​ចំនួន​រហូតដល់ ៦០៦០ ករណី និង​ឃាត់ខ្លួន​មនុស្ស​បាន ១៦០១៨​នាក់ ក្នុង​នោះ មាន​ស្ត្រី ១០៩៣​នាក់។

ឆ្នាំ​២០២៥ សមត្ថកិច្ច បាន​បង្ក្រាប​ករណី​គ្រឿងញៀន បាន​ជាង ១​ម៉ឺន ៧ រយ​ករណី ឃាត់ខ្លួន​ជន សង្ស័យ ជិត ៣​ម៉ឺន​នាក់ រឹបអូស​បាន​គ្រឿងញៀន​ជិត ៦​តោន និង​សារ​ធាតុគីមី​ផ្សំ​ជាង ៤២​តោន ព្រមទាំង បាន​បិទ​ទីតាំង​អាជីវកម្ម ១២​កន្លែង។

ទោះជា​មានការ​បង្ក្រាប​បែបនេះ​ក្តី ករណី​គ្រឿងញៀន​នេះ នៅតែ​ជា​ក្តី​បារម្ភ​សម្រាប់​ពលរដ្ឋ និង​អ្នកឃ្លាំមើល ដោយសារតែ​ពួកគេ​ចង់​ឲ្យ​រដ្ឋាភិបាល បង្ក្រាប​លើ​មេ​ក្លោង​ធំៗ​ដែល​បាន​ជួញដូរ​គ្រឿងញៀន ជាជាង​បង្ក្រាប​លើ​អ្នក​ជួញដូរ​តូចតាច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ