យោធា​ថៃ​សាងសង់​រូប​សំណាក និង​ត្រៀម​រៀបចំ​ពិធី​នៅ​ប្រាសាទ​តា​ក្របី ដើម្បី​បន្លំ​ព្រឹត្តិការណ៍​ឈ្លានពាន​មក​លើ​កម្ពុជា

0
4
ទដ្ឋភាព​ពលរដ្ឋថៃនិងក្រសួងវប្បធម៌ថៃ ​ធ្វើ​ពិធីបួងសួង​​ជួសជុល​ឡើងវិញ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦។ រូប៖ Thai Press
ទដ្ឋភាព​ពលរដ្ឋថៃនិងក្រសួងវប្បធម៌ថៃ ​ធ្វើ​ពិធីបួងសួង​​ជួសជុល​ឡើងវិញ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦។ រូប៖ Thai Press

យោធា​ថៃ​បាន​ពង្រីក​ការសាងសង់​រូបសំណាក និង​ស្តូប​អនុស្សាវរីយ៍​ជាច្រើន​ទីតាំងនៅ​តំបន់​ប្រាសាទ​តា​ក្របី ដោយ​បំភ្លៃ​ព្រឹត្តិការ​ឈ្លានពាន​មក​លើ​កម្ពុជា ឱ្យ​ទៅ​ជា​ការ​បង្កើន​ចរន្ត​ជាតិនិយម​ខ្លួនឯង។ ក្នុង​នោះ យោធា​ថៃ​បាន​ឃោសនា​ឱ្យ​ពលរដ្ឋ​ថៃ​ចូលរួម​កម្មវិធី​រត់ប្រណាំង​នៅ​តំបន់​ប្រាសាទ​តា​ក្របី ដើម្បី​អូសទាញ​អ្នកទស្សនា និង​ប្រមូល​មូលនិធិ​អភិវឌ្ឍ​ក្នុង​តំបន់​ប្រាសាទបុរាណ​ខ្មែរ​មួយ​នេះ។

ភ្លើងសង្គ្រាម​បាន​រលត់​ទៅ​មិន​បាន​មួយឆ្នាំ​ផង យោធា​ថៃ​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​តំបន់​ប្រាសាទបុរាណ​ខ្មែរ និង​ទីតាំង​នៅ​តាម​ព្រំដែន​ដែល​យោធា​ថៃ​បាន​ឈ្លានពាន​យក​ពី​កម្ពុជា ដោយ​យោធា​ថៃ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នោះឡើយ។

នៅ​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ​៣៥០ យោធា​ថៃ​បាន​ពង្រីក​ការសាងសង់​រូបសំណាក ស្តូប​រម្លឹក​អនុស្សាវរីយ៍ និង​សួនច្បារ ដែល​ធ្វើ​ឱ្យ​ទីតាំង​សមរភូមិ​មួយ​នេះ ប្រែក្លាយ​ទៅជា​ទីតាំង​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដ៏​ទាក់ទាញ​មួយ។ តាមរយៈ​វីដេអូ​របស់​យោធា​ថៃ ដែល​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញថា សព្វថ្ងៃ​នេះ​មាន​ប្រជាពលរដ្ឋ​ថៃ​បាន​បន្ត​មក​ទស្សនា​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ​៣៥០ ដោយ​ពួកគេ​បាន​មក​ថតរូប​នៅ​ពីមុខ​រូប​សំណាក​អនុស្សាវរីយ៍​របស់​យោធា​ថៃ និង​ប្រាង្គ​ប្រាសាទ​ដែល​មាន​សភាព​បែកបាក់ ដោយសារ​កាណុង​កាំភ្លើង​ធំ​របស់​យោធា​ថៃ។

ទិដ្ឋភាពកំពូលភ្នំ៣៥០របស់កម្ពុជា ដែលទាហានថៃគ្រប់គ្រង​និងអភិវឌ្ឍទាក់ទាញទេសចរ។ រូបកាលពីថ្ងៃទី៨ សីហា ២០២៦។ រូប៖ កងទ័ពភូមិភាគទី២ របស់ថៃ

ក្រុម​ពលរដ្ឋ​ថៃ​ដែល​មក​ទស្សនា​នៅ​តំបន់​ប្រាសាទ​តា​ក្របី ទាំងនោះ ត្រូវ​បាន​មគ្គុទ្ទេសក៍​ដែល​ជា​កងទ័ព​ថៃ រៀបរាប់​ប្រាប់​អំពី​ប្រវត្តិ​នៃ​ការវាយប្រហារ​ដណ្ដើមយក​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ​៣៥០ ពី​កងទ័ព​ខ្មែរ ដើម្បី​យក​មក​កាន់កាប់​ផ្ដាច់មុខ​។ ក្នុង​នោះ យោធា​ថៃ​បាន​និយាយប្រាប់​ទៅ​ពលរដ្ឋ​ថៃ ដោយ​បណ្ដុះ​គំនិត​ជាតិនិយម កែ​ព្រឹត្តិការ​ថា តំបន់​ប្រាសាទ​តា​ក្របី និង​ប្រាសាទបុរាណ​ខ្មែរ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្ពុជា​កាន់​កាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​យោធា​ថៃ​គឺជា​អ្នក​វាយ​ដណ្ដើម​យក​មក​ដាក់បញ្ចូល​ក្នុង​ផែនទី​របស់​ប្រទេស​ថៃ​មក​វិញ។

លើស​ពី​នេះ ថៃ​ដែល​ជា​ភាគី​ឈ្លានពាន​មក​លើ​កម្ពុជា តែងតែ​ធ្វើការ​អត្ថាធិប្បាយ និង​បិទ​ស្លាក​ប្រកាស​នៅ​តាម​ផ្លូវ​ឡើង​ទៅ​កាន់​ប្រាសាទ ដោយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ថា ប្រាសាទ​តា​ក្របី និង​ប្រាសាទខ្មែរ​បុរាណ​ផ្សេងទៀត ដែល​នៅ លើ​ខ្នងភ្នំ​ដងរែក ដូចជា​ប្រាសាទ​តាមាន់ធំ ប្រាសាទ​ខ្នារ និង​ប្រាសាទ​ស្តុក​កក់​ធំ​ជាដើម គឺជា​មរតក​វប្បធម៌​របស់​ខម​បុរាណ និង​បដិសេធ​នូវ​អ្វី​ដែល​ជា​អរិយធម៌​របស់​ខ្មែរ​បុរាណ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ លោក ស៊ុំ ម៉ាប់ និង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១០ ខែ​សីហា។

កន្លងមក​ក្រសួង​វប្បធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បាន​ចេញ​លិខិតតវ៉ា​ជាច្រើនលើក ប្រឆាំង​នឹង​សកម្មភាព និង​ការ​ប្រារព្ធ​ពិធី​ជួបជុំ​របស់​ភាគី​ថៃ​។ ក្រសួង​វប្បធម៌​របស់​កម្ពុជា បាន​ចាត់ទុក​សកម្មភាព​ទាំងនេះ គឺជា​ការឈ្លានពាន និង​កាន់កាប់​ដោយ​ខុសច្បាប់​លើ​តំបន់​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា បន្ថែម​ពីលើ​ការ​រំលោភបំពាន​បទ​ឈប់​បាញ់ ដែល​ភាគី​កម្ពុជា និង​ថៃ​បាន​ព្រមព្រៀងគ្នា មិន​ឱ្យ​ធ្វើ​សកម្មភាព​នៅក្នុង​ទីតាំង ដែល​កងទ័ព​ប្រទេស​ទាំងពីរ​កំពុង​ឈរជើង​បណ្ដោះអាសន្ន​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា សកម្មភាព​របស់​យោធា​ថៃ គឺជា​ការឈ្លានពាន​យក​ទាំង​ទឹកដី សម្បត្តិ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ លោក​បន្ត​ថា ការ​បណ្ដោយ​ឱ្យ​យោធា​ថៃ​បន្តកាន់កាប់ និង​សាងសង់​នៅ​លើ​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​បែបនេះ គឺ​បណ្ដាលមកពី​ភាព​ទន់ជ្រាយ​របស់​មេដឹកនាំ​កម្ពុជា ក្នុង​ការ​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ ខណៈ​កម្ពុជា​មាន​ភស្តុតាង និង​ឯកសារ​រឹងមាំ ដែល​អាច​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន។

លោក ម៉ែន ណាត៖«រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង​មិន​ទុក​ចិត្ត​ខ្លួន ឯង មិន​ច្បាស់លាស់ ខ្លួនឯង ម្ដង ថ្កោលទោស ថៃ ម្ដង​បបួល​ថៃ ចូល​តុ​ចរចា​ទ្វេភាគី ម្ដង​អញ្ចេះម្ដង​អញ្ចោះ អត់មាន​ជំហរ​ច្បាស់លាស់។ អញ្ចឹង រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន អត់​ច្បាស់លាស់​ខ្លួន​ឯង​ទេ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន គិតតែ​អំណាច​ប៉ុន្មាន​គ្រួសារ​ហ្នឹង ហើយ​បណ្ដែតបណ្ដោយ​ឱ្យ​ជាតិ​ទឹកដី​ហ្នឹង​លិចលង់ ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ជា​បន្តបន្ទាប់»

ទាក់ទង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ នៅ​តំបន់​ប្រាសាទ​តា​ក្របី​នេះ​ដែរ កងទ័ព​ភូមិភាគ​ទី​២​របស់​ថៃ បាន​ឃោសនា​ឱ្យ​ពលរដ្ឋ​ថៃ​ចូលរួម​ក្នុង​កម្មវិធី​រត់ប្រណាំង នៅ​តំបន់​ប្រាសាទ​តា​ក្របី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចុងឆ្នាំ​២០២៦ ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រាសាទបុរាណ​ខ្មែរ​មួយ​នេះ និង​រម្លឹក​ដល់​អ្នកចូលរួម​ឱ្យ​ដឹង​គុណ​យោធា​ថៃ​។​

ក្នុង​នោះ យោធា​ថៃ​បាន​អនុម័ត​គម្រោង​សាងសង់​ផ្លូវ ជី​ប្រព័ន្ធ​ទឹក និង​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​នៅ​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ​៣៥០ ក្នុង​រដូវវស្សា​នេះ ដើម្បី​ប្រែក្លាយ​អតីត​សមរភូមិ​មួយ​នេះ ក្លាយទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ និង​ធ្វើជា​ខ្សែក្រវាត់​ការពារ​ព្រំដែន​អចិន្ត្រយ៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ