អ្នកឃ្លាំមើល​សង្គម​ថា ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​សិទ្ធិមនុស្ស អាច​ក្លាយជា​ចំណុច​តានតឹង​ថ្មី​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក

0
106
លោក គ្រីស្តូហ្វឺ អានឌើសុន (Christopher Anderson) ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ Photo Courtesy
លោក គ្រីស្តូហ្វឺ អានឌើសុន (Christopher Anderson) ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ Photo Courtesy

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ការតែងតាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា អាច​ធ្វើ​ឱ្យ​បញ្ហា​ឆបោក​តាម​អនឡាញ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ក្លាយជា​ប្រធានបទ​សំខាន់ និង​អាច​បង្ក​ភាព​តានតឹង​ថ្មី​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​ថ្មី​បាន​បញ្ជាក់​ថា អាទិភាព​សំខាន់​របស់​លោក​នៅពេល​ចូលកាន់​តំណែង គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​អនឡាញ ការ​ស្តារ​លំហ​សេរីភាព​បញ្ចេញមតិ និង​ការ​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាមេរិក និង​កម្ពុជា។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត និង​ការ​អំពាវនាវ​ឱ្យ​កម្ពុជា​ពង្រីក​លំហ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ កំពុង​ទទួល​ការចាប់អារម្មណ៍ តាមរយៈ​ការ​មក​ដល់​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​។ លោក​មាន​ទំនុកចិត្ត​លើ​ការដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ស៊ើបអង្កេត និង​បង្ក្រាប​បណ្ដាញ​ឆបោក​អន​ឡាញ​ជាង​ការ​ចាត់​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។

លោក ស៊ឹង សែនករុណា បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​បានដឹង​ពី​បញ្ហា​នេះ​តាមរយៈ​របាយការណ៍​ជាច្រើន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​អន្តរជាតិ ប៉ុន្តែ​ការ​ចាត់វិធានការ​លើ​បុគ្គល​មាន​ឥទ្ធិពល​មួយចំនួន​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​នៅ​មិនទាន់​គ្រប់គ្រាន់​។ លោក​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​ធ្វើការ​ស៊ើបអង្កេត​ដោយ​ខ្លួនឯង វា​អាច​នាំ​ឱ្យ​មាន​ការ​ចាត់​វិធានការ​លើ​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញថា​ពាក់ព័ន្ធ មិន​ថា​ជា​អ្នក​ប្រព្រឹត្ត​ដោយ​ផ្ទាល់ អ្នកបញ្ជា​ពីក្រោយ ឬ​អ្នកសមគំនិត​នោះ​ទេ។

លោក សឹង សែនករុណា បាន​ឲ្យ​ដឹង​ថា ជុំវិញ​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក ឱ្យ​កម្ពុជា​ស្តារ​លំហ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ មិនមែន​ជា​រឿង​ថ្មី​នោះទេ​។ ការ​អំពាវនាវ​បែបនេះ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ​លោក​មើលឃើញ​ថា មិន​ទាន់​មាន​ការ​ផ្លាស់​ប្ដូរ​នៅឡើយ​។ លោក ថា ការ​អំពាវនាវ​តែប៉ុណ្ណោះ​ប្រហែល​មិន​គ្រប់គ្រាន់​ទេ ហើយ​អាច​ត្រូវការ​វិធានការ ឬ​លក្ខខណ្ឌ​ច្បាស់លាស់។

លោក សឹង សែនករុណា៖ «​យើង​មិន​ដឹង​ថា​តើ អគ្គរដ្ឋទូត​ថ្មី​ហ្នឹង លើកឡើង​នូវ​ចំណុច​ហ្នឹង ហើយ​មាន​នូវ​អ្វី​ដែល​ជា​លក្ខខណ្ឌ និង​សម្ពាធ​អ្វី​ដែល​ថ្មី ដែល​ធ្វើ​ឱ្យ​មាន​ការ​កែប្រែ​ឬ​អត់​? អញ្ចឹង ទាល់តែ​យើង​ចាំ តាមដាន​និង​ឃ្លាំមើល​ទាំងអស់គ្នា ក្រែងលោ​ថា អគ្គរដ្ឋទូត​ថ្មី​លោក​មាន​សមត្ថភាព និង​លទ្ធភាព​ខ្ពស់​ជាង អ្នក​ដែល​អគ្គរដ្ឋទូត​កន្លងមក»។

ចំណែក អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា​ការ​ជ្រើសរើស​មន្ត្រីជាន់ខ្ពស់​ដែល​មាន​បទពិសោធន៍​ស៊ីជម្រៅ​លើ​ផ្នែក​សន្តិសុខ​ជាតិ ជំនួស​ឱ្យ​អ្នកការទូត​បែប​ប្រពៃណី ស្តែង​ឱ្យ​ឃើញ​ថា អាមេរិក​កំពុង​លៃលក និង​តម្រង់​ទិសដៅ​គោលនយោបាយ​របស់​ខ្លួន​លើ​បញ្ហា​ជាក់ស្តែង​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​សន្តិសុខ​ផ្ទាល់។

លោក​ថា បទពិសោធន៍​ផ្នែក​សន្តិសុខ​ជាតិ​របស់​លោក នឹង​ធ្វើ​ឱ្យ​បេសកកម្ម​របស់​លោក​មាន​ភាព​ម៉ឺងម៉ាត់ មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ផ្តោត​លើ​លទ្ធផល​ជាក់ស្តែង ជាពិសេស​ក្នុង​ការ​ដោះស្រាយ​បទល្មើស​ឆ្លងដែន និង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ដែល​លោក​បាន​ដាក់​ជា​អាទិភាព​។ ទោះជា​យ៉ាងណា ប្រសិនបើ​ការអនុវត្ត​ច្បាប់ និង​ការ​ឆ្លើយតប​មិនបាន​សម្រេច​តាម​ការ​រំពឹង​ទុក វា​ក៏​អាច​ក្លាយជា​ចំណុច​រកាំរកូស​ជាថ្មី​មួយទៀត​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​ផង​ដែរ។

ការ​អះអាង​នេះ បន្ទាប់ពី​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក កាលពី​ល្ងាច​ថ្ងៃទី​៧ ខែសីហា បាន​អនុម័ត​ជា​ផ្លូវ​ការណ៍ តែងតាំង​លោក គ្រីស្តូហ្វឺ អានឌើសុន (Christopher Anderson) ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការសម្រេច​នេះ​ធ្វើឡើង​បន្ទាប់ពី​តំណែង​ទូត​នេះ​ត្រូវ​បាន​ទុក​ឱ្យ​នៅ​ទំនេរ​ជាង​ពីរ​ឆ្នាំ ចាប់តាំងពី​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួន​កាលពី​ខែ​ឧសភា ឆ្នាំ​២០២៤។

ថ្លែង​នៅ​ចំពោះមុខ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃទី​១៦ កក្កដា កន្លងមក លោក អានឌើសុន បាន​អះអាង​ពី​ការងារ​អាទិភាព​មួយចំនួន​ដែល​លោក​ត្រូវធ្វើ​មុនគេ​នៅពេល​ចូលកាន់​តំណែង គឺ​កម្ចាត់​បទល្មើស​ឆបោក​អនឡាញ ស្តារ​លំហ​សេរីភាព​បញ្ចេញមតិ និង​ការពង្រីក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាមេរិក និង​កម្ពុជា​។ លោក​ថា ប្រតិបត្តិការ​ឆបោក​អនឡាញ​ទាំងនេះ បាន​លួច​យក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ពី​ពលរដ្ឋ​អាមេរិក និង​បាន​កេងប្រវ័ញ្ច​មនុស្ស​រាប់​រយ​ពាន់​នាក់​ក្នុង​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ប្រសិនបើ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន អាច​សម្រួល​ស្ថានការណ៍​នយោបាយ​សមរម្យ​នៅមុន​ការបោះឆ្នោត​២០២៨ ហើយ​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ គួរ​ឱ្យ​ទុកចិត្ត ក្នុង​បញ្ហា​សន្តិសុខ​ជាមួយ​អាមេរិក នោះ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ក៏​ទំនងជា​អាមេរិកាំង​បន្ធូរ ឱ្យ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន ដោះស្រាយ​តាម​មធ្យោបាយ​របស់​ខ្លួន​។ ប៉ុន្តែ​ករណី​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នៅ​កម្ពុជា បញ្ហា​សិទ្ធិមនុស្ស អាច​នឹង​ក្លាយទៅជា​សង្គ្រាម​ពាក់មុខយក្ស​ដាក់គ្នា។

លោក គឹម សុខ៖ «​ប្រសិនបើ​រដ្ឋាភិបាល​ក្រុមគ្រួសារ​ហ៊ុន អាច​សម្រួល​ស្ថានការណ៍​នយោបាយ​សមរ​ម្យ​នៅមុន​ការបោះឆ្នោត ហើយ​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ គួរឱ្យ​ទុកចិត្ត ក្នុង​បញ្ហា​សន្តិសុខ​ជាមួយ​អាមេរិក នោះ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ ក៏​ទំនងជា​អាមេរិកាំង​បន្ធូរ ឱ្យ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន ដោះស្រាយ​តាម​មធ្យោបាយ​របស់​ខ្លួន»។

លោក អានឌើសុន មានបទពិសោធន៍​ការងារ​យ៉ាងច្រើន​រយៈពេល ១៧​ឆ្នាំ ដែល​រួមមាន​ការរៀបចំ​គោលនយោបាយ​នីតិប្បញ្ញត្តិ ការគ្រប់គ្រង​ទីភ្នាក់ងារ​ប្រតិបត្តិ និង​សេវាកម្ម​យោធា​។ លោក​គឺជា​អតីត​យុទ្ធជន​នៃ​កងទ័ពជើងគោក​សហរដ្ឋ​អាមេរិក ដែល​ធ្លាប់​បាន​បម្រើការ​នៅ​ប្រទេស​អាហ្វហ្គានី​ស្ថាន ដោយ​ដឹកនាំ​អង្គភាព​ជំនាញ​ក្នុង​ប្រតិបត្តិការ​កងទ័ព និង​ការ​បោសសម្អាត​ផ្លូវ។

លោក​មាន​ស្រុកកំណើត​នៅ​រដ្ឋ វិសខនស៊ីន (Wisconsin) ដោយ​បាន​ចាប់ផ្តើម​ការ​សិក្សា និង​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ វិ​ស​ខន​ស៊ីន​-​ឡា ក្រូ​ស (University of Wisconsin-La Crosse) បន្ទាប់មក​ទទួល​បាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​គម្រោង​ពី​សាកលវិទ្យាល័យ ប៉េនស៊ីលវេនៀ ស្តេត (Pennsylvania State University)។

ក្រុម​អ្នកមើល​សង្គម​អះអាង​ថា នេះ​ជា​សញ្ញាណ​វិវត្តន៍​ដ៏​វិជ្ជមាន​មួយ​នៃ​ទំនាក់ទំនង​ការទូត​រវាង​អាមេរិក និង​កម្ពុជា​។ តែ​ការ​ស្តារ​លំហ​សេរីភាព​បញ្ចេញមតិ និង​បញ្ហា​នយោបាយ​ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ជា​ចំណុច​រសើប​នៅក្នុង​គោលជំហរ​រវាង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ និង​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ