

អ្នកឃ្លាំមើលសង្គមអះអាងថា ការតែងតាំងឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា អាចធ្វើឱ្យបញ្ហាឆបោកតាមអនឡាញ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្លាយជាប្រធានបទសំខាន់ និងអាចបង្កភាពតានតឹងថ្មីក្នុងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតថ្មីបានបញ្ជាក់ថា អាទិភាពសំខាន់របស់លោកនៅពេលចូលកាន់តំណែង គឺការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញ ការស្តារលំហសេរីភាពបញ្ចេញមតិ និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាមេរិក និងកម្ពុជា។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា បញ្ហាឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត និងការអំពាវនាវឱ្យកម្ពុជាពង្រីកលំហសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ កំពុងទទួលការចាប់អារម្មណ៍ តាមរយៈការមកដល់របស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មី។ លោកមានទំនុកចិត្តលើការដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងការស៊ើបអង្កេត និងបង្ក្រាបបណ្ដាញឆបោកអនឡាញជាងការចាត់វិធានការរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
លោក ស៊ឹង សែនករុណា បន្ថែមថា រដ្ឋាភិបាលកម្ពុជាបានដឹងពីបញ្ហានេះតាមរយៈរបាយការណ៍ជាច្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការអន្តរជាតិ ប៉ុន្តែការចាត់វិធានការលើបុគ្គលមានឥទ្ធិពលមួយចំនួនដែលត្រូវបានគេចោទប្រកាន់ថា ពាក់ព័ន្ធនឹងបណ្ដាញឆបោកនៅមិនទាន់គ្រប់គ្រាន់។ លោកថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើការស៊ើបអង្កេតដោយខ្លួនឯង វាអាចនាំឱ្យមានការចាត់វិធានការលើអ្នកដែលត្រូវបានរកឃើញថាពាក់ព័ន្ធ មិនថាជាអ្នកប្រព្រឹត្តដោយផ្ទាល់ អ្នកបញ្ជាពីក្រោយ ឬអ្នកសមគំនិតនោះទេ។
លោក សឹង សែនករុណា បានឲ្យដឹងថា ជុំវិញការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យកម្ពុជាស្តារលំហសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនមែនជារឿងថ្មីនោះទេ។ ការអំពាវនាវបែបនេះបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែលោកមើលឃើញថា មិនទាន់មានការផ្លាស់ប្ដូរនៅឡើយ។ លោក ថា ការអំពាវនាវតែប៉ុណ្ណោះប្រហែលមិនគ្រប់គ្រាន់ទេ ហើយអាចត្រូវការវិធានការ ឬលក្ខខណ្ឌច្បាស់លាស់។
លោក សឹង សែនករុណា៖ «យើងមិនដឹងថាតើ អគ្គរដ្ឋទូតថ្មីហ្នឹង លើកឡើងនូវចំណុចហ្នឹង ហើយមាននូវអ្វីដែលជាលក្ខខណ្ឌ និងសម្ពាធអ្វីដែលថ្មី ដែលធ្វើឱ្យមានការកែប្រែឬអត់? អញ្ចឹង ទាល់តែយើងចាំ តាមដាននិងឃ្លាំមើលទាំងអស់គ្នា ក្រែងលោថា អគ្គរដ្ឋទូតថ្មីលោកមានសមត្ថភាព និងលទ្ធភាពខ្ពស់ជាង អ្នកដែលអគ្គរដ្ឋទូតកន្លងមក»។
ចំណែក អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថាការជ្រើសរើសមន្ត្រីជាន់ខ្ពស់ដែលមានបទពិសោធន៍ស៊ីជម្រៅលើផ្នែកសន្តិសុខជាតិ ជំនួសឱ្យអ្នកការទូតបែបប្រពៃណី ស្តែងឱ្យឃើញថា អាមេរិកកំពុងលៃលក និងតម្រង់ទិសដៅគោលនយោបាយរបស់ខ្លួនលើបញ្ហាជាក់ស្តែងដែលប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខផ្ទាល់។
លោកថា បទពិសោធន៍ផ្នែកសន្តិសុខជាតិរបស់លោក នឹងធ្វើឱ្យបេសកកម្មរបស់លោកមានភាពម៉ឺងម៉ាត់ មានយុទ្ធសាស្ត្រច្បាស់លាស់ និងផ្តោតលើលទ្ធផលជាក់ស្តែង ជាពិសេសក្នុងការដោះស្រាយបទល្មើសឆ្លងដែន និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលលោកបានដាក់ជាអាទិភាព។ ទោះជាយ៉ាងណា ប្រសិនបើការអនុវត្តច្បាប់ និងការឆ្លើយតបមិនបានសម្រេចតាមការរំពឹងទុក វាក៏អាចក្លាយជាចំណុចរកាំរកូសជាថ្មីមួយទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។
ការអះអាងនេះ បន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃទី៧ ខែសីហា បានអនុម័តជាផ្លូវការណ៍ តែងតាំងលោក គ្រីស្តូហ្វឺ អានឌើសុន (Christopher Anderson) ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតំណែងទូតនេះត្រូវបានទុកឱ្យនៅទំនេរជាងពីរឆ្នាំ ចាប់តាំងពីលោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានបញ្ចប់អាណត្តិរបស់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២៤។
ថ្លែងនៅចំពោះមុខសមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី១៦ កក្កដា កន្លងមក លោក អានឌើសុន បានអះអាងពីការងារអាទិភាពមួយចំនួនដែលលោកត្រូវធ្វើមុនគេនៅពេលចូលកាន់តំណែង គឺកម្ចាត់បទល្មើសឆបោកអនឡាញ ស្តារលំហសេរីភាពបញ្ចេញមតិ និងការពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររវាងអាមេរិក និងកម្ពុជា។ លោកថា ប្រតិបត្តិការឆបោកអនឡាញទាំងនេះ បានលួចយកប្រាក់រាប់សិបពាន់លានដុល្លារពីពលរដ្ឋអាមេរិក និងបានកេងប្រវ័ញ្ចមនុស្សរាប់រយពាន់នាក់ក្នុងទម្រង់នៃការជួញដូរមនុស្ស។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប្រសិនបើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន អាចសម្រួលស្ថានការណ៍នយោបាយសមរម្យនៅមុនការបោះឆ្នោត២០២៨ ហើយបង្កើតនូវកិច្ចសហប្រតិបត្តិការ គួរឱ្យទុកចិត្ត ក្នុងបញ្ហាសន្តិសុខជាមួយអាមេរិក នោះបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញ ក៏ទំនងជាអាមេរិកាំងបន្ធូរ ឱ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ដោះស្រាយតាមមធ្យោបាយរបស់ខ្លួន។ ប៉ុន្តែករណីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា បញ្ហាសិទ្ធិមនុស្ស អាចនឹងក្លាយទៅជាសង្គ្រាមពាក់មុខយក្សដាក់គ្នា។
លោក គឹម សុខ៖ «ប្រសិនបើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន អាចសម្រួលស្ថានការណ៍នយោបាយសមរម្យនៅមុនការបោះឆ្នោត ហើយបង្កើននូវកិច្ចសហប្រតិបត្តិការ គួរឱ្យទុកចិត្ត ក្នុងបញ្ហាសន្តិសុខជាមួយអាមេរិក នោះបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញ ក៏ទំនងជាអាមេរិកាំងបន្ធូរ ឱ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ដោះស្រាយតាមមធ្យោបាយរបស់ខ្លួន»។
លោក អានឌើសុន មានបទពិសោធន៍ការងារយ៉ាងច្រើនរយៈពេល ១៧ឆ្នាំ ដែលរួមមានការរៀបចំគោលនយោបាយនីតិប្បញ្ញត្តិ ការគ្រប់គ្រងទីភ្នាក់ងារប្រតិបត្តិ និងសេវាកម្មយោធា។ លោកគឺជាអតីតយុទ្ធជននៃកងទ័ពជើងគោកសហរដ្ឋអាមេរិក ដែលធ្លាប់បានបម្រើការនៅប្រទេសអាហ្វហ្គានីស្ថាន ដោយដឹកនាំអង្គភាពជំនាញក្នុងប្រតិបត្តិការកងទ័ព និងការបោសសម្អាតផ្លូវ។
លោកមានស្រុកកំណើតនៅរដ្ឋ វិសខនស៊ីន (Wisconsin) ដោយបានចាប់ផ្តើមការសិក្សា និងទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ វិសខនស៊ីន-ឡា ក្រូស (University of Wisconsin-La Crosse) បន្ទាប់មកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងគម្រោងពីសាកលវិទ្យាល័យ ប៉េនស៊ីលវេនៀ ស្តេត (Pennsylvania State University)។
ក្រុមអ្នកមើលសង្គមអះអាងថា នេះជាសញ្ញាណវិវត្តន៍ដ៏វិជ្ជមានមួយនៃទំនាក់ទំនងការទូតរវាងអាមេរិក និងកម្ពុជា។ តែការស្តារលំហសេរីភាពបញ្ចេញមតិ និងបញ្ហានយោបាយត្រូវបានអ្នកជំនាញមើលឃើញជាចំណុចរសើបនៅក្នុងគោលជំហររវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន៕









