

ក្រុមអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ប្រមាណ ៤០នាក់នៅថ្ងៃទី១២ ខែសីហា បន្តប្រមូលគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មីនៅខាងមុខស្ថានទូតចិន ដើម្បីទាមទារឱ្យក្មួយប្រុសបង្កើតប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ចេញមុខទូទាត់សងលុយរបស់ពួកគាត់។
ក្រុមបាតុករភាគច្រើនជាជនជាតិចិន និងខ្មែរ បានលើករូបថតជនរងគ្រោះដែលត្រូវបានអាជ្ញាធរវាយដំបណ្ដាលឱ្យបែកក្បាលក្នុងពេលតវ៉ា ព្រមទាំងលើកបដាភ្ជាប់នឹងរូបថតលោក ហ៊ុន តូ។ ពួកគាត់បានស្រែកទាមទារឱ្យលោក ហ៊ុន តូ ទទួលខុសត្រូវ និងសងប្រាក់ដែលពួកគាត់ខិតខំប្រឹងប្រែងរកដោយការលំបាក។
អតិថិជនជនជាតិចិនម្នាក់សុំមិនបញ្ចេញឈ្មោះបានសរសេរសារជាសំណេរតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិន ដែលមិនបានអើពើជួយអន្តរាគមន៍ចំពោះជនរងគ្រោះដែលកំពុងជួបការលំបាក ដោយសារតែត្រូវបានក្រុមហ៊ុនអ្នកមានអំណាចប្លន់យកលុយទាំងអយុត្តិធម៌។ អតិថិជនរូបនេះឱ្យដឹងទៀតថា ក្រៅពីគ្មានដំណោះស្រាយ បច្ចុប្បន្នក៏មានជនរងគ្រោះជាច្រើនត្រូវបានអាជ្ញាធរតាមដានដល់លំនៅឋានពួកគាត់ និងគំរាមកំហែងឱ្យបញ្ឈប់ការបន្តប្រមូលផ្តុំគ្នាតវ៉ា។ ប្រភពដដែលបន្តថា ទាំងជនជាតិចិន និងខ្មែរដែលចេញតវ៉ាជាប្រចាំ គ្មានបំណងបង្កបញ្ហាចលាចលណាមួយឡើយ គឺគ្រាន់តែចង់ទាមទារលុយរបស់ខ្លួនត្រឡប់មកវិញតែប៉ុណ្ណោះ។
អតិថិជនដដែលយល់ថា អ្នកដែលអាចចេញមុខដោះស្រាយលុយជនរងគ្រោះជាប់គាំងក្នុងក្រុមហ៊ុន ហួយវ័ន គឺមានតែលោក ហ៊ុន សែន ម្នាក់តែប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនបង្កកលុយអតិថិជនគឺជារបស់លោក ហ៊ុន តូ ដែលជាក្មួយបង្កើត និងស្ថិតក្រោមអំណាចលោក ហ៊ុន សែន។
មកដល់ពេលនេះ មានរយៈពេលជិត ១ឆ្នាំមកហើយដែលក្រុមអតិថិជនជាច្រើននាក់ត្រូវបានក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ បង្កកលុយក្នុងកម្មវិធីទូទាត់ ហួយវ័ន។ ជាមួយគ្នានេះ អាជ្ញាធរនៃរបបក្រុងភ្នំពេញបានចាប់ជនរងគ្រោះ ២នាក់ដាក់ពន្ធនាគារ និងបានបណ្ដេញជនជាតិចិនម្នាក់ឱ្យត្រឡប់ទៅប្រទេសកំណើតវិញដោយសារតែពួកគាត់ចូលរួមក្នុងសកម្មភាពតវ៉ាដោយសន្តិវិធីទាមទារលុយរបស់ខ្លួនដែលបានបាត់បង់។
ក្រុមហ៊ុន ហួយវ័ន ផេ ជាផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) មានកម្មវិធីទូទាត់លុយតាមអនឡាញ និងកម្មវិធីលើទូរស័ព្ទដៃដែល លោក ហ៊ុន តូ ត្រូវជាក្មួយបង្កើតលោក ហ៊ុន សែន ជាសហប្រធានមួយរូប។ ក្រុមហ៊ុននេះបានប្រកាសបង្កកលុយអតិថិជនកាលពីចុងឆ្នាំ២០២៥ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មដោយរកឃើញថា បានលាងលុយកខ្វក់ឱ្យក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង និងក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញក្នុងទំហំទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន រីចឆ៍ & ផាតនើរ (Reachs & Partners) ដែលជាអ្នកជម្រះបញ្ជីក្រៅផ្លូវតុលាការឱ្យក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) និងអេច-ផេ (H-Pay) បានប្រកាសកាលពីខែកក្កដាថា ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ បានក្ស័យធន ឬគ្មានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ទូទាត់បំណុលជូនអតិថិជន និងភាគីពាក់ព័ន្ធឡើយ។
មកដល់ពេលនេះ លោក ហ៊ុន តូ កំពុងរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ និងដេកក្នុងវិឡាស្កឹមស្កៃ មានអង្គរក្សការពារ ២៤ម៉ោង ហើយថែមទាំងចំណាយលុយរាប់សិបលានដុល្លារ ដើម្បីសាងសង់ទីលានវាយកូនហ្គោលដ៏ប្រណិតទៀតផង។ លើសពីនេះ លោក ហ៊ុន តូ និងបក្ខពួកថែមទាំងបង្ហាញពីភាពហ៊ឺហាឡូយឆាយក្នុងការរស់នៅប្រចាំថ្ងៃ ដោយបង្ហាញពីការជួបជុំផឹកស្រា និងអង្គុយជក់បារីដែលមានតម្លៃថ្លៃៗ ដើម្បីបញ្ឈឺចិត្តក្រុមជនរងគ្រោះថែមទៀត៕









