អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ បន្ត​ចេញ​តវ៉ា​ទាមទារ​ឱ្យ​លោក ហ៊ុន តូ សង​លុយ

0
17
ទិដ្ឋភាពអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លើកបដាតវ៉ានៅមុខស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ សីហា ២០២៦។ រូប៖ ផ្ដល់ឱ្យ
ទិដ្ឋភាពអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លើកបដាតវ៉ានៅមុខស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ សីហា ២០២៦។ រូប៖ ផ្ដល់ឱ្យ

ក្រុម​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ប្រមាណ ៤០​នាក់​នៅ​ថ្ងៃទី​១២ ខែសីហា បន្ត​ប្រមូលគ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សាជាថ្មី​នៅ​ខាងមុខ​ស្ថានទូត​ចិន ដើម្បី​ទាមទារ​ឱ្យ​ក្មួយប្រុស​បង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ចេញមុខ​ទូទាត់​សង​លុយ​របស់​ពួកគាត់។

ក្រុម​បាតុករ​ភាគច្រើន​ជា​ជន​ជាតិចិន និង​ខ្មែរ បាន​លើក​រូបថត​ជនរងគ្រោះ​ដែល​ត្រូវ​បាន​អាជ្ញាធរ​វាយដំ​បណ្ដាល​ឱ្យ​បែកក្បាល​ក្នុង​ពេល​តវ៉ា ព្រមទាំង​លើក​បដា​ភ្ជាប់​នឹង​រូបថត​លោក ហ៊ុន តូ​។ ពួកគាត់​បាន​ស្រែក​ទាមទារ​ឱ្យ​លោក ហ៊ុន តូ ទទួលខុសត្រូវ និង​សង​ប្រាក់​ដែល​ពួកគាត់​ខិតខំ​ប្រឹងប្រែង​រក​ដោយ​ការ​លំបាក។

អតិថិជន​ជនជាតិ​ចិន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​សរសេរ​សារ​ជា​សំណេរ​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​ចិន ដែល​មិនបាន​អើពើ​ជួយ​អន្តរាគមន៍​ចំពោះ​ជនរងគ្រោះ​ដែល​កំពុង​ជួប​ការ​លំបាក ដោយសារតែ​ត្រូវ​បាន​ក្រុមហ៊ុន​អ្នក​មាន​អំណាច​ប្លន់​យក​លុយ​ទាំង​អយុត្តិធម៌​។ អតិថិជន​រូប​នេះ​ឱ្យដឹង​ទៀត​ថា ក្រៅពី​គ្មាន​ដំណោះស្រាយ បច្ចុប្បន្ន​ក៏​មាន​ជនរងគ្រោះ​ជាច្រើន​ត្រូវ​បាន​អាជ្ញាធរ​តាមដាន​ដល់​លំនៅឋាន​ពួកគាត់ និង​គំរាមកំហែង​ឱ្យ​បញ្ឈប់​ការ​បន្ត​ប្រមូល​ផ្តុំគ្នា​តវ៉ា​។ ប្រភព​ដដែល​បន្ត​ថា ទាំង​ជនជាតិ​ចិន និង​ខ្មែរ​ដែល​ចេញ​តវ៉ា​ជាប្រចាំ គ្មាន​បំណង​បង្ក​បញ្ហា​ចលាចល​ណាមួយ​ឡើយ គឺ​គ្រាន់តែ​ចង់​ទាម​ទារ​លុយ​របស់​ខ្លួន​ត្រឡប់មកវិញ​តែប៉ុណ្ណោះ។

អតិថិជន​ដដែល​យល់ថា អ្នក​ដែល​អាច​ចេញមុខ​ដោះស្រាយ​លុយ​ជនរងគ្រោះ​ជាប់​គាំង​ក្នុង​ក្រុមហ៊ុន ហួយ​វ័ន គឺ​មាន​តែ​លោក ហ៊ុន សែន ម្នាក់​តែប៉ុណ្ណោះ ដោយសារតែ​ក្រុមហ៊ុន​បង្កក​លុយ​អតិថិជន​គឺជា​របស់​លោក ហ៊ុន តូ ដែល​ជា​ក្មួយបង្កើត និង​ស្ថិត​ក្រោម​អំណាច​លោក ហ៊ុន សែន។

មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត ១​ឆ្នាំ​មក​ហើយ​ដែល​ក្រុម​អតិថិជន​ជាច្រើន​នាក់​ត្រូវ​បាន​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ បង្កក​លុយ​ក្នុង​កម្មវិធី​ទូទាត់ ហួយ​វ័ន​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​បាន​ចាប់​ជនរងគ្រោះ ២​នាក់​ដាក់​ពន្ធនាគារ និង​បាន​បណ្ដេញ​ជនជាតិ​ចិន​ម្នាក់​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ដោយសារតែ​ពួកគាត់​ចូលរួម​ក្នុង​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​ទាម​ទារ​លុយ​របស់​ខ្លួន​ដែល​បាន​បាត់បង់។

ក្រុមហ៊ុន ហួយវ័ន ផេ ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) មានកម្ម​វិធី​ទូទាត់​លុយ​តាម​អន​ឡាញ និង​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​ដែល លោក ហ៊ុន តូ ត្រូវជា​ក្មួយបង្កើត​លោក ហ៊ុន សែន ជា​សហប្រធាន​មួយ​រូប​។ ក្រុមហ៊ុន​នេះ​បាន​ប្រកាស​បង្កក​លុយ​អតិថិជន​កាល​ពី​ចុងឆ្នាំ​២០២៥ បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​ដោយ​រកឃើញ​ថា បាន​លាងលុយកខ្វក់​ឱ្យ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង និង​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន រីចឆ៍ & ផាតនើរ (Reachs & Partners) ដែល​ជា​អ្នក​ជម្រះបញ្ជី​ក្រៅ​ផ្លូវ​តុលាការ​ឱ្យ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) និង​អេ​ច​-​ផេ (H-Pay) បាន​ប្រកាស​កាល​ពី​ខែកក្កដា​ថា ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ បាន​ក្ស័យធន ឬ​គ្មាន​សាច់ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទូទាត់​បំណុល​ជូន​អតិថិជន និង​ភាគី​ពាក់ព័ន្ធ​ឡើយ។

មក​ដល់ពេលនេះ លោក ហ៊ុន តូ កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ និង​ដេក​ក្នុង​វិឡា​ស្កឹមស្កៃ មាន​អង្គរក្ស​ការពារ ២៤​ម៉ោង ហើយ​ថែមទាំង​ចំណាយ​លុយ​រាប់​សិប​លាន​ដុល្លារ ដើម្បី​សាងសង់​ទីលាន​វាយ​កូន​ហ្គោល​ដ៏​ប្រណិត​ទៀត​ផង​។ លើស​ពី​នេះ លោក ហ៊ុន តូ និង​បក្ខពួក​ថែមទាំង​បង្ហាញ​ពី​ភាព​ហ៊ឺហា​ឡូយឆាយ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដោយ​បង្ហាញ​ពី​ការ​ជួបជុំ​ផឹកស្រា និង​អង្គុយ​ជក់បារី​ដែល​មាន​តម្លៃ​ថ្លៃៗ ដើម្បី​បញ្ឈឺចិត្ត​ក្រុម​ជនរងគ្រោះ​ថែមទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ