

សាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធសំណើសុំនៅក្រៅឃុំ របស់អ្នកសារព័ត៌មានពលរដ្ឋ និងជាអ្នកសកម្មក្នុងកិច្ចការព្រំដែន និង បញ្ហាសង្គម កញ្ញា ហ៊ីម មុំ ហៅ ខែម ស្រីមុំ។ កញ្ញា ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ ដោយសារការចែករំលែកព័ត៌មាន ពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា-ថៃ។ សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សសោកស្ដាយ និងចាត់ទុកការសម្រេចនេះ ថាជាការធ្វើឱ្យប៉ះពាល់សេរីភាព បញ្ចេញមតិ។
បន្ទាប់ពីមានការដាស់តឿន កាលពីចុងខែកក្កដារបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំកម្ពុជាលោក ថម អេនឌ្រូ (TomAndrews) អំពីការរឹតត្បិតសេរីភាពសម្ដែងមតិនៅកម្ពុជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងតុលាការក្រោមឥទ្ធិពលគ្រួសារត្រកូលហ៊ុន នៅតែមិនបន្ធូរដៃចំពោះអ្នកដែលហ៊ាន និយាយពីទឹកដី និងបញ្ហាសង្គមជាតិឡើយ។
ជាក់ស្តែងសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា បានបដិសេធ សំណើសុំនៅក្រៅឃុំ របស់កញ្ញា ហ៊ីម មុំ ទោះបីជាកញ្ញា បានអះអាងនៅមុខ ចៅក្រមថា កញ្ញានឹងសហការចូលរួមគ្រប់នីតិវិធីជាបន្តបន្ទាប់របស់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ចក៏ដោយ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់អ្នកសារព័ត៌មានពលរដ្ឋ កញ្ញា ហ៊ីម មុំ ហៅ ខែម ស្រីមុំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» សនិងបទ«ប្រមាថ» តាមមាត្រា ៤៩៤ ៤៩៥ និង មាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។ ការចាប់ខ្លួន និងចោទប្រកាន់របស់តុលាការភ្នំពេញ ធ្វើឡើង ក្រោយពេលកញ្ញាបានបង្ហោះសារចែករំលែក លើបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ និងបញ្ហាសង្គមជាច្រើនផ្សេងទៀត។
អង្គការការពារសិទ្ធិមនុស្សលីកាដូចេញផ្សាយអត្ថបទខ្លី កាលពីថ្ងៃទី១២ ខែសីហា ឱ្យដឹងថា កញ្ញា ស្រីមុំ គឺជាស្ត្រីមួយរូប ដែលសកម្មក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិបញ្ចេញមតិ។ កញ្ញា ក៏បានចូលរួមក្នុងការការពារបរិស្ថាន និងការងារសង្គមជាច្រើន ជាមួយសកម្មជនបរិស្ថាន អ្នកការពារសិទ្ធិមនុស្ស និង សង្គមស៊ីវិលដែរ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត សោកស្ដាយ ដែលសាលាឧទ្ធរណ៍ មិនអនុញ្ញាតឱ្យកញ្ញា ខែម ស្រីមុំ នៅក្រៅឃុំ ពីព្រោះបទល្មើសរបស់កញ្ញា គ្រាន់តែជាប្រភេទបទល្មើសមជ្ឈិម ហើយតាមគោលការណ៍ សេរីភាពរបស់ជនជាប់ឃុំ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ការឃុំខ្លួនបណ្ដោះ អាសន្ន គឺជាជម្រើសចុងក្រោយ និង ចាំបាច់បំផុត។ ប៉ុន្តែលោកថា ករណីកញ្ញា ខែម ស្រីមុំ មិនមែនជាករណីចាំបាច់បំផុត ដែលត្រូវឃុំខ្លួននោះទេ។
លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៣ ខែសីហា ថា កញ្ញា ខែម ស្រីមុំ មានទីលំនៅច្បាស់លាស់ និងបានធានាសហការជាមួយតុលាការ និងអាជ្ញាធរដើម្បីអនុវត្តគ្រប់នីតិវិធី ដូច្នេះ ពុំមានលក្ខខណ្ឌ ដែលត្រូវបន្តឃុំខ្លួនកញ្ញាទេ។ លោកថា ការឃុំខ្លួនបែបនេះ ធ្វើឱ្យប៉ះពាល់ជីវភាពគ្រួសារ និងអនាគតកញ្ញា ដែលត្រូវរៀនសូត្រ ឬប្រកបមុខរបរផ្គត់ផ្គង់គ្រួសារ។
លោក អំ សំអាត បានរំឭកឱ្យរដ្ឋាភិបាលពិចារណាពិនិត្យមើលអនុសាសន៍របស់អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលព្រួយ បារម្ភអំពីការរឹតត្បិតសេរីភាពនយោបាយ សារព័ត៌មាន និងការបញ្ចេញមតិ។
លោក អំ សំអាត៖ «អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក៏បានទទូចដែរ អំពីការស្នើសុំឱ្យពិនិត្យ និងពិចារណាឡើងវិញ ការដោះលែងទៅលើប្រជាពលរដ្ឋ ដែលបានបញ្ចេញមតិតាមបណ្ដាញសង្គម ហើយត្រូវបានចោទប្រកាន់ ឃុំខ្លួន សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស សកម្មជនគណបក្សនយោបាយនានា ដែលទាក់ទងនឹងការបញ្ចេញមតិជាដើមហ្នឹង។ អ៊ីចឹងទៅបញ្ហានេះ នៅតែកង្វល់ ហើយនឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិ មនុស្សជាតិ អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិហ្នឹងផងដែរ»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជាលោក ថម អេនឌ្រូ បានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកទូលាយលំហសេរីភាពសង្គមស៊ីវិល និងធានាការគោរពសិទ្ធិនយោបាយ ព្រមទាំងរំឭកទៅលោក ហ៊ុន ម៉ាណែតអំពីការរងគ្រោះរបស់មនុស្សជាង១០០ នាក់ ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជា ដោយសារការប្រើ ប្រាស់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងសិទ្ធិបង្កើតសមាគម ដែលរួមបញ្ចូលទាំងសារព័ត៌មាន។
ក្រៅពីសំណុំរឿងអ្នកសារព័ត៌មានពលរដ្ឋ កញ្ញា ស្រីមុំ អ្នកសារព័ត៌មានពលរដ្ឋម្នាក់ ទៀត លោក ជា វុទ្ធី និង អ្នកសារព័ត៌មានអនឡាញ លោក លួត សុផល ក៏កំពុងជាប់ពន្ធនាគារ ក្នុងបទចោទប្រកាន់ពាក់ព័ន្ធនឹង«ការញុះញង់» ដោយសារការរិះគន់ រឿងព្រំដែនកម្ពុជា-ថៃ ដូចគ្នាដែរ។ ក្រៅពីនេះ ក៏នៅមានអ្នកសារព័ត៌មានមួយចំនួន ទៀត ដូចជាលោក ផុន សុភាព និងលោក ភាព ភារ៉ា ជាប់ពន្ធនាគារ ដោយតុលាការកាត់ទោសកម្រិតធ្ងន់បំផុត។
សំណុំរឿងអ្នកកាសែត ផុន សុភាព និង ភាព ភារ៉ា ត្រូវបានសាលាឧទ្ធរណ៍ ខេត្តបាត់ដំបងតម្កល់ការកាត់ទោសរបស់តុលាការខេត្តសៀមរាប ឲ្យអ្នកទាំងពីរជាប់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ ពីបទ«ផ្តល់ព័ត៌មានដែលប៉ះពាល់ដល់ការការពារជាតិ»។
របាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅថា ខេមបូចា កាលពីចុងខែមិថុនា ឱ្យដឹងថា នៅត្រីមាសទី១ ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ការរំលោភបំពាន ដែលមានគោលដៅលើអ្នកសារព័ត៌មានមានចំនួន ១១ករណី។ ករណីបំពានលើអ្នកសារព័ត៌មានទាំងនេះនៅតែខ្ពស់ បើប្រៀបធៀបរយៈពេល ដូចគ្នា ក្នុងឆ្នាំ២០២៥។
ខេមបូចា រាយការណ៍ថា តួអង្គរដ្ឋត្រូវបានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវ ចំពោះការរំលោភបំពាន។ ខេមបូចា គូសបញ្ជាក់ថា អាជ្ញាធរបន្តប្រើការចោទប្រកាន់ព្រហ្មទណ្ឌ រួមមាន បទញុះញង់ និងបទល្មើសផ្សេងទៀត ជំនួសឲ្យការដោះស្រាយ ដែលមាននៅក្នុងក្របខណ្ឌច្បាប់សារព័ត៌មានកម្ពុជា៕









