រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​របស់​ជប៉ុន​នៅ​ក្រុង​ប៉ោយប៉ែត ប្រកាស​បិទ​​ទ្វារ​ខែតុលា​ខាងមុខ

0
75
ទិដ្ឋភាពកម្មករ និងក្ដារប្រកាសបិទរោងចក្រ​ជប៉ុន​ឈ្មោះ នីឌិច ដាយ​-​ខាស​ធី​ង (ខេមបូឌា) ឯ​.​ក (NIDEC Die-casting (Cambodia) Co.Ltd.) ផលិត​គ្រឿង​អេឡិចត្រូនិក នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូប៖ សង់ត្រាល់
ទិដ្ឋភាពកម្មករ និងក្ដារប្រកាសបិទរោងចក្រ​ជប៉ុន​ឈ្មោះ នីឌិច ដាយ​-​ខាស​ធី​ង (ខេមបូឌា) ឯ​.​ក (NIDEC Die-casting (Cambodia) Co.Ltd.) ផលិត​គ្រឿង​អេឡិចត្រូនិក នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូប៖ សង់ត្រាល់

រោងចក្រ​ជប៉ុន​ឈ្មោះ នីឌិច ដាយ​-​ខាស​ធី​ង (ខេមបូឌា) ឯ​.​ក (NIDEC Die-casting (Cambodia) Co.Ltd.) ផលិត​គ្រឿង​អេឡិចត្រូនិក នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រកាស​បិទ​អាជីវកម្ម​របស់​ខ្លួន នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២៦ ខាងមុខ ក្រោយ​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ មន្ត្រី​សិទ្ធិ​ការងារ​យល់ថា ក្រសួង​ការងារ និង​រដ្ឋាភិបាល​គួរ​អនុវត្ត​វិធានការ​បន្ទាន់​ក្នុង​ការ​ស្វែងរក​ការងារ​ជូន​ដល់​កម្មករ​ដែល​កំពុង​ប្រឈម​ការបាត់បង់​ការងារ ដើម្បី​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្មករ​ទាំងនោះ។

កម្មករ​ជាង​៧០០​នាក់​ប្រឈម​នឹង​បាត់បង់​ការងារ ក្រោយ​រោងចក្រ​ជប៉ុន​មួយ​ឈ្មោះ នីឌិច ដាយ​-​ខាស​ធី​ង ស្ថិតនៅ​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រកាស​បិទ​អាជីវកម្ម​របស់​ខ្លួន​នា​ខែតុលា​នេះ ដោយសារ​ការ​បញ្ជាទិញ​ធ្លាក់ចុះ និង​ផល​លំបាក​ក្នុង​ការ​ដឹកជញ្ជូន​តាម​ច្រកព្រំដែន​ជាដើម​។ ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​អេ​ឡិចត្រូនិច ដូចជា​ទូទឹកកក ម៉ាស៊ីនត្រជាក់ គ្រឿង​បន្លាស​កុំព្យូទ័រ​ជាដើម សម្រាប់​ផ្គត់ផ្គង់​ទៅ​ប្រទេស​ថៃ។

កម្មករ រោងចក្រ នីឌិច និង​ជា​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​ខាង​គុណភាព លោកស្រី ឡៃ ចន្នី ឲ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹងថា រយៈពេល​ជាង​១៣​ឆ្នាំ​មក​ហើយ​ដែល​លោកស្រី​បាន​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​មួយ​នេះ ហើយ​ក្រុមហ៊ុន បាន​ផ្តល់​ប្រាក់ខែ​ឲ្យ​លោកស្រី​បច្ចុប្បន្ន​ចន្លោះ​ពី​១​ពាន់​ដុល្លារ​ទៅ ១​ពាន់​២​រយ​ដុល្លារ​ក្នុង​១​ខែ ដែល​អាច​ឲ្យ​លោកស្រី​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​។ លោកស្រី​បារម្ភ​ថា ក្រោយ​ក្រុមហ៊ុន​បិទទ្វារ លោកស្រី​ពិបាក​ស្វែងរក​ការងារ​ថ្មី ដែល​ត្រូវ​នឹង​ជំនាញ ហើយ​អាច​ផ្តល់​ប្រាក់ខែ​ខ្ពស់​ជូន​ដល់​លោកស្រី។

លោកស្រី​រៀបរាប់​ថា លោកស្រី ជំពាក់​បំណុល​ធនាគារ​ដែល​ត្រូវ​បង់​ប្រចាំខែ​ជាង ៤៥០​ដុល្លារ​ក្នុង​១​ខែ និង​ត្រូវ​ផ្គត់ផ្គង់​លើ​ការសិក្សា​របស់​កូន​២​រូប​ទៀត ព្រមទាំង​ថ្លៃ​បន្ទប់​ជួល​ផង​ដែរ​។​

លោកស្រី ឡៃ ចន្នី ថា រោងចក្រ​ប្រកាស​បិទ​អាជីវកម្ម ដោយសារ​ពិបាក​ក្នុង​ការ​ដឹកជញ្ជូន​វត្ថុ​ធាតុ​ដើម ចំណាយពេល​យូរ​ដែល​ធ្វើ​ឲ្យ​អតិថិជន​មិន​សប្បាយចិត្ត ការ​បញ្ជាទិញ​ធ្លាក់ចុះ ហើយ​តម្លៃ​ដឹកជញ្ជូន​កើនឡើង​ថ្លៃ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខាតបង់​ច្រើន បន្ទាប់ពី​ច្រកព្រំដែន​រវាង​កម្ពុជា​ថៃ​ទាំងអស់​បាន​បិទ។

លោកស្រី​ទទូច​ឲ្យ​ក្រសួង​ការងារ និង​រដ្ឋាភិបាល​ជួយ​អូសទាញ​ឲ្យ​មាន​ក្រុមហ៊ុន​អេឡិចត្រូនិក វិនិយោគ​នៅ​កម្ពុជា ឲ្យ​កាន់តែ​ច្រើន ដើម្បី​ឲ្យ​ពួកគាត់ និង​កម្មករ​ដទៃទៀត ដែល​មាន​ជំនាញ​ផ្នែក​នេះ មានការ​ងារ​ធ្វើ​ដោយ​មិន​មាន​ភាព​ភ័យខ្លាច​ពី​ការបាត់បង់​ការងារ ឬ​បារម្ភ​ពី​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​។​

លោកស្រី ឡៃ ចន្នី៖ «​រោងចក្រ​អេឡិចត្រូនិក​គឺ​ផ្ដោត​សំខាន់​ទៅលើ​របស់​ប្រើប្រាស់​សំខាន់ៗ​ដូចជា គ្រឿង​ទូទឹកកក ម៉ាស៊ីនត្រជាក់​អី គឺ​យើង​ម្នាក់ៗ​គឺ​ត្រូវ​ការប្រើ​។ អញ្ចឹង​ការ​គ្រឿងបន្លាស់​ផ្លាស់ប្ដូរ​គឺ​ត្រូវការ​ច្រើន​។ អញ្ចឹង​បើសិន​ជា​មាន​រោងចក្រ​នេះ​មក​ប្រទេស​ខ្មែរ ខ្ញុំ​គិតថា​ប្រទេស​ខ្មែរ​យើង​នឹង​រីកចម្រើន និង​ដើរ​ទៅមុខ​លឿន​ជាង​ប្រទេស​ផ្សេងៗ​ដែល​ថា​បច្ចុប្បន្ន​ឥឡូវនេះ​ណា៎​បង បើសិនជា​យើង​មាន​រោងចក្រ​អេឡិចត្រូនិក​ច្រើនជាង​រោងចក្រ​កាត់ដេរ វិស័យ​កាត់ដេរ​អញ្ចឹង​ណា៎​បង»។

ដែល​យើង​មិនទាន់​មាន​ជម្លោះ​ជាមួយ​ព្រំដែន គឺជា​រៀងរាល់ថ្ងៃ​គឺ​យើង​ដឹក​អីវ៉ាន់​ចេញ​មួយថ្ងៃ​យ៉ាងតិច ៣ ទៅ ៤ ឡាន​។ ដល់​តែ​ពេល​ឥឡូវ ក្នុង​មួយ​អាទិត្យ​យើង​អាច​ចេញ​បានតែ​ម្ដង​ទេ ព្រោះ​ការ​ដឹក​ជញ្ជូន​យើង​ផ្លូវ​ឆ្ងាយ រយៈពេល​មួយ​អាទិត្យ​បាន​អីវ៉ាន់​យើង​ទៅដល់​ថៃ​ណា៎​បង។

ចំណែក​កម្មករ​រោងចក្រ នីឌិច ម្នាក់ទៀត លោកស្រី ម៉ៅ ស្រីមាន ថ្លែង​ថា លោកស្រី​សោកស្តាយ​ជា​ខ្លាំង​ដែល​ក្រុមហ៊ុន បិទ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ក្រោយ​ផ្តល់​ម្លប់​ឲ្យ​លោកស្រី​រយៈពេល​៧​ឆ្នាំ​មកនេះ​។ លោកស្រី​ថា ក្រុមហ៊ុន​បាន​ផ្តល់​ប្រាក់ខែ​ខ្ពស់ និង​អត្ថប្រយោជន៍​ល្អ ដល់​កម្មករ​ទាំងអស់​នា​ពេល​កន្លង​មក។

លោកស្រី ម៉ៅ ស្រីនាង ថា លោកស្រី​អាច​រក​ប្រាក់​ចំណូល​ពី​ក្រុមហ៊ុន​នីឌិច​បាន​ចន្លោះ​ពី​៤០០​ទៅ​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​រួម​ទាំង​ប្រាក់​បន្ថែម​ម៉ោង​ផង​ដែរ​។ លោកស្រី គឺជា​បង្គោល​មួយ​នៅក្នុង​គ្រួសារ ហើយ​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ដូចជា​ការសិក្សា​របស់​កូនៗ ម្តាយ​ឪពុក​ចាស់ជរា​ទាំងសងខាង ក្រោយ​ប្តី​លោកស្រី​បាន​បាត់បង់​ការងារ​ធ្វើ បន្ទាប់ពី​មាន​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ លោកស្រី​បារម្ភ​ថា លោកស្រី​មិនអាច​រក​ការងារ ផ្នែក​គ្រឿង​បន្លាស់​ធ្វើ និង​រក​ប្រាក់​ចំណូល​បាន​សមរម្យ​ដូច​ក្រុមហ៊ុន​នេះ ដោយសារ​លោកស្រី​គ្មាន​ជំនាញ​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ឡើ​យ​។​

លោកស្រី​អះអាង​ថា មុន​មាន​សង្គ្រាម ក្រុមហ៊ុន​នេះ​មាន​កម្មករ​រាប់ពាន់​នាក់​ធ្វើការ សង្វាក់​ផលិតកម្ម​សម្បូរ ដែល​អាច​ឲ្យ​កម្មករ​មានការ​ងារ មាន​ប្រាក់ចំណូល​ល្អ ហើយ​អ្នក​នៅក្នុង​តំបន់​នោះ អាច​ប្រកប​របរ​រកស៊ី​បាន​ដោយ​ងាយស្រួល​ផង​ដែរ​។ ប៉ុន្តែ​ក្រោយ​ច្រកព្រំដែន​បាន​បិទ ហើយ​អាជ្ញាធរ​រឹត​បន្តឹង​ដោយ​បោសសម្អាត​ការ​«​ឆបោក​អនឡាញ​នៅ​កម្ពុជា​» ធ្វើ​ឲ្យ​ក្រុង​ប៉ោយប៉ែត​ស្ងាត់ជ្រងំ បាត់បង់​ភ្ញៀវ​ទេសចរណ៍ ពលរដ្ឋ​ពិបាក​ប្រកប​របរ​រកស៊ី​ផង​ដែរ។

លោកស្រី ម៉ៅ ស្រីនាង៖ «​យើង​នៅ​ជីវភាព​ខ្វះខាត​ដែរ អញ្ចឹង​ត្រូវការ​ទៅ​រក​ការងារ​ធ្វើ​ថ្មី តែ​ជាក់ស្ដែង រោងចក្រ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ភាគច្រើន​សុទ្ធតែ​រោងចក្រ​ដេរ ហើយ​ណាមួយ យើង​ត្រូវ​ផ្គត់ផ្គង់​អ្នកផ្ទះ​ផង ថ្លៃ​បន្ទប់​ជួល​ផង ហើយ​ត្រូវ​ចំណាយ​ច្រើន​ប្រចាំថ្ងៃ​ពេល​យើង​ធ្វើការ​ហ្នឹង​។ យើង​រកបាន​តិច ចំណាយ​ច្រើន​… យើង​ធ្វើ​នៅ ណេះ យើង​របៀប​ថា លោត​ពីរ​វេន​អញ្ចឹង​បង វេន​យប់​និង​វេន​ថ្ងៃ​អញ្ចឹង​ទៅ យើង​មាន​អូ (OT) ច្រើន​គ្រប់គ្រាន់ តែ​ខ្ញុំ​អត់​ប្រាកដ​ថា​ទៅដល់​នោះ​មាន​អូ​(OT) អញ្ចឹង​ដែរ​ឬ​អត់​ទេ​បង»។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បី​សួរនាំ​បន្ថែម ពី​ករណីនេះ បានទេ​នៅ​ថ្ងៃទី ១៧ ខែ​សីហា​នេះ​។​

កាលពី​ថ្ងៃទី​២១ កក្កដា ក្រុមហ៊ុន​ហាយថេក អឹភឺរឹល (​ខេ​ម​បូ​ឌា​) Hi-Tech Apparel (Cambodia) ដែលមាន​កម្មករ​ជាង​២​ពាន់ ៥​រយ​នាក់ (២៥៣២) ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស អូ​នាង ក្នុង​ក្រុង​ប៉ោយប៉ែត ក៏បាន​ប្រកាស​ជូនដំណឹង​ដល់​សហជីព បុគ្គលិក កម្មករ កម្មការិនី អំពី​ការ​ផ្អាក​ដំណើរការ​សកម្មភាព​អាជីវកម្ម​ទាំងស្រុង​របស់​ខ្លួន នៅ​ថ្ងៃទី​៣១ ខែសីហា នេះ​ផង​ដែរ។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ក្រោយ​រោងចក្រ​នៅ​តាម​តំបន់​ព្រំដែន​បាន​បិទទ្វារ កម្មករ និង​ពលរដ្ឋ​ជាច្រើន​នៅ​តំបន់​នោះ​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​លើ​បញ្ហា​សេដ្ឋកិច្ច​របស់​ពួកគេ​។ លោក​បន្ត​ថា ក្រុមហ៊ុន នីឌិច ជា​ក្រុម​ទី​១​របស់​ជប៉ុន​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​នៅ​តំបន់​ព្រំដែន​រយៈពេល​យូរ​មក​ហើយ​។ លោក​សង្កេតឃើញ​ថា រោងចក្រ​ផ្សេងទៀត​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ថៃ និង​ជប៉ុន រួម​ទាំង​ក្រុមហ៊ុន Nidec នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ) ក្រុង​ប៉ោយប៉ែត កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ប្រតិបត្តិការ​ស្រដៀង​គ្នា និង​មាន​ភាព​មិន​ច្បាស់លាស់​កាន់​តែ​ខ្លាំង​ចំពោះ​ផែនការ​វិនិយោគ​នា​ពេល​អនាគត​របស់​ពួកគេ​។ លោក ឃុន ថារ៉ូ ថ្លែង​ថា ផល​ប៉ះពាល់​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កម្មករ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ប៉ះពាល់​ដល់​សហគមន៍ និង​សេដ្ឋកិច្ច​មូលដ្ឋាន​ទាំងមូល​ផង​ដែរ។

លោក​ឲ្យ​ដឹង​ទៀត​ថា កម្មករ​ដែល​នៅក្នុង​ជំនាញ​នេះ អាច​ប្រឈម​ផល​លំបាក ក្នុង​ការ​ស្វែងរក​ការងារ​ដែល​ត្រូវ​នឹង​ជំនាញ​របស់​ពួកគាត់ និង​ប្រាក់ខែ​ដែល​ធ្លាប់​ទទួល​បាន។

លោក ឃុន ថារ៉ូ៖ «អ្វីដែល​ភាគី​រដ្ឋ​ដែល​អាច​ធ្វើ​ទៅ​បាន ជាពិសេស​ក្រសួង​ការងារ​ហ្នឹង មួយ​ផ្នែក​ដែល​អាច​ជួយ​សម្រាល​ដែរ គឺ​ការពង្រីក​នូវ​វិសាលភាព​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) កំឡុង​ពេល​ដែល​កម្មករ​នៅ Nidec ហ្នឹង គាត់​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ឬក៏​នៅក្នុង​អន្តរកាល​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ហ្នឹង គឺ​បន្ត​ឱ្យ​គាត់​អាច​ប្រើប្រាស់​នូវ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហ្នឹង ដើម្បី​ឱ្យ​គាត់​អាច​ទទួល​បាន​នូវ​សេវា​ថែទាំ​សុខភាព ឬក៏​ព្យាបាល​។ ជាពិសេស គឺ​កម្មករនិយោជិត​ដែល​ជា​ស្ត្រី ស្ត្រី​មាន​ផ្ទៃពោះ​អីហ្នឹង គិតថា​ហ្នឹង​ក៏​វា​អាច​ជួយ​ទ្រទ្រង់​ទៅដល់​ស្ថានភាព​សេដ្ឋកិច្ច ឬក៏​ការ​ចំណាយ​បន្ថែម​សម្រាប់​ពួកគាត់ ព្រោះថា​កម្មករនិយោជិត​ដែល​ជា​ស្ត្រី​ហ្នឹង គឺ​សំខាន់​ណាស់ ព្រោះ​បើសិនជា​គាត់​បាត់បង់​ការងារ គាត់​អត់​មាន​ប្រាក់ចំណូល​ទេ ការ​ចំណាយ​ផ្សេងៗ​ក្នុង​ដំណើរ​ការដែល​គាត់​សម្រាល បន្ទុក​កូន​អី​ជាដើម​ហ្នឹង វា​ត្រូវ​ចំណាយ​ច្រើនណាស់»។

បើ​តាម​លោក ឃុន ថារ៉ូ គិត​ចាប់តាំងពី​ដើមឆ្នាំ​២០២៦ បន្ទាប់ពី​មាន​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ មាន​កម្មករ​ប្រមាណ​ជាង ៤,០០០ នាក់ បាន​រង​ផល​ប៉ះពាល់ ហើយ​ក្រុមហ៊ុនកាត់ដេរ​សម្លៀកបំពាក់​ធំ និង​គ្រឿងបន្លាស់​អេឡិចត្រូនិក ចំនួន​៣ ហើយ ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​បិទទ្វារ គឺ​រោងចក្រ ML ដែល​ផ្គត់ផ្គង់​សម្រាប់​ស្លាក​យីហោ​ល្បី​នៅ​ប្រទេស​ហូឡង់ ទី​២ គឺ​ក្រុមហ៊ុន ហាយថេក អឹភែរឺល (​ខេ​ម​បូ​ឌា​) និង​ចុងក្រោយ​គឺ​ក្រុមហ៊ុន​នីឌិច​នេះ​។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​អនុវត្ត​វិធានការ​បន្ទាន់​ក្នុង​ការ​ស្តារ​ស្ថិរភាព​សេដ្ឋកិច្ច ការពារ​ជីវភាព​រស់នៅ​របស់​កម្មករ និង​កសាង​ទំនុកចិត្ត​របស់​វិនិយោគិន​ឡើងវិញ ឲ្យ​បាន​ទាន់​ពេល​វេលា និង​មានការ​សម្របសម្រួល​ល្អ ដែល​មាន​សារៈសំខាន់​ក្នុង​ការ​កាត់បន្ថយ​ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​បន្ថែម​ទៀត និង​ពង្រឹង​ភាព​ធន់​របស់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ