

រោងចក្រជប៉ុនឈ្មោះ នីឌិច ដាយ-ខាសធីង (ខេមបូឌា) ឯ.ក (NIDEC Die-casting (Cambodia) Co.Ltd.) ផលិតគ្រឿងអេឡិចត្រូនិក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រកាសបិទអាជីវកម្មរបស់ខ្លួន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ ក្រោយរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ មន្ត្រីសិទ្ធិការងារយល់ថា ក្រសួងការងារ និងរដ្ឋាភិបាលគួរអនុវត្តវិធានការបន្ទាន់ក្នុងការស្វែងរកការងារជូនដល់កម្មករដែលកំពុងប្រឈមការបាត់បង់ការងារ ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់កម្មករទាំងនោះ។
កម្មករជាង៧០០នាក់ប្រឈមនឹងបាត់បង់ការងារ ក្រោយរោងចក្រជប៉ុនមួយឈ្មោះ នីឌិច ដាយ-ខាសធីង ស្ថិតនៅផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រកាសបិទអាជីវកម្មរបស់ខ្លួននាខែតុលានេះ ដោយសារការបញ្ជាទិញធ្លាក់ចុះ និងផលលំបាកក្នុងការដឹកជញ្ជូនតាមច្រកព្រំដែនជាដើម។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិច ដូចជាទូទឹកកក ម៉ាស៊ីនត្រជាក់ គ្រឿងបន្លាសកុំព្យូទ័រជាដើម សម្រាប់ផ្គត់ផ្គង់ទៅប្រទេសថៃ។
កម្មករ រោងចក្រ នីឌិច និងជាប្រធានផ្នែកត្រួតពិនិត្យខាងគុណភាព លោកស្រី ឡៃ ចន្នី ឲ្យទូរទស្សន៍អាស៊ីសេរីដឹងថា រយៈពេលជាង១៣ឆ្នាំមកហើយដែលលោកស្រីបានធ្វើការនៅក្នុងក្រុមហ៊ុនមួយនេះ ហើយក្រុមហ៊ុន បានផ្តល់ប្រាក់ខែឲ្យលោកស្រីបច្ចុប្បន្នចន្លោះពី១ពាន់ដុល្លារទៅ ១ពាន់២រយដុល្លារក្នុង១ខែ ដែលអាចឲ្យលោកស្រីផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ លោកស្រីបារម្ភថា ក្រោយក្រុមហ៊ុនបិទទ្វារ លោកស្រីពិបាកស្វែងរកការងារថ្មី ដែលត្រូវនឹងជំនាញ ហើយអាចផ្តល់ប្រាក់ខែខ្ពស់ជូនដល់លោកស្រី។
លោកស្រីរៀបរាប់ថា លោកស្រី ជំពាក់បំណុលធនាគារដែលត្រូវបង់ប្រចាំខែជាង ៤៥០ដុល្លារក្នុង១ខែ និងត្រូវផ្គត់ផ្គង់លើការសិក្សារបស់កូន២រូបទៀត ព្រមទាំងថ្លៃបន្ទប់ជួលផងដែរ។
លោកស្រី ឡៃ ចន្នី ថា រោងចក្រប្រកាសបិទអាជីវកម្ម ដោយសារពិបាកក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ចំណាយពេលយូរដែលធ្វើឲ្យអតិថិជនមិនសប្បាយចិត្ត ការបញ្ជាទិញធ្លាក់ចុះ ហើយតម្លៃដឹកជញ្ជូនកើនឡើងថ្លៃ ដែលធ្វើឱ្យក្រុមហ៊ុនខាតបង់ច្រើន បន្ទាប់ពីច្រកព្រំដែនរវាងកម្ពុជាថៃទាំងអស់បានបិទ។
លោកស្រីទទូចឲ្យក្រសួងការងារ និងរដ្ឋាភិបាលជួយអូសទាញឲ្យមានក្រុមហ៊ុនអេឡិចត្រូនិក វិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើន ដើម្បីឲ្យពួកគាត់ និងកម្មករដទៃទៀត ដែលមានជំនាញផ្នែកនេះ មានការងារធ្វើដោយមិនមានភាពភ័យខ្លាចពីការបាត់បង់ការងារ ឬបារម្ភពីបញ្ហាសេដ្ឋកិច្ចគ្រួសារ។
លោកស្រី ឡៃ ចន្នី៖ «រោងចក្រអេឡិចត្រូនិកគឺផ្ដោតសំខាន់ទៅលើរបស់ប្រើប្រាស់សំខាន់ៗដូចជា គ្រឿងទូទឹកកក ម៉ាស៊ីនត្រជាក់អី គឺយើងម្នាក់ៗគឺត្រូវការប្រើ។ អញ្ចឹងការគ្រឿងបន្លាស់ផ្លាស់ប្ដូរគឺត្រូវការច្រើន។ អញ្ចឹងបើសិនជាមានរោងចក្រនេះមកប្រទេសខ្មែរ ខ្ញុំគិតថាប្រទេសខ្មែរយើងនឹងរីកចម្រើន និងដើរទៅមុខលឿនជាងប្រទេសផ្សេងៗដែលថាបច្ចុប្បន្នឥឡូវនេះណា៎បង បើសិនជាយើងមានរោងចក្រអេឡិចត្រូនិកច្រើនជាងរោងចក្រកាត់ដេរ វិស័យកាត់ដេរអញ្ចឹងណា៎បង»។
ដែលយើងមិនទាន់មានជម្លោះជាមួយព្រំដែន គឺជារៀងរាល់ថ្ងៃគឺយើងដឹកអីវ៉ាន់ចេញមួយថ្ងៃយ៉ាងតិច ៣ ទៅ ៤ ឡាន។ ដល់តែពេលឥឡូវ ក្នុងមួយអាទិត្យយើងអាចចេញបានតែម្ដងទេ ព្រោះការដឹកជញ្ជូនយើងផ្លូវឆ្ងាយ រយៈពេលមួយអាទិត្យបានអីវ៉ាន់យើងទៅដល់ថៃណា៎បង។
ចំណែកកម្មកររោងចក្រ នីឌិច ម្នាក់ទៀត លោកស្រី ម៉ៅ ស្រីមាន ថ្លែងថា លោកស្រីសោកស្តាយជាខ្លាំងដែលក្រុមហ៊ុន បិទប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្រោយផ្តល់ម្លប់ឲ្យលោកស្រីរយៈពេល៧ឆ្នាំមកនេះ។ លោកស្រីថា ក្រុមហ៊ុនបានផ្តល់ប្រាក់ខែខ្ពស់ និងអត្ថប្រយោជន៍ល្អ ដល់កម្មករទាំងអស់នាពេលកន្លងមក។
លោកស្រី ម៉ៅ ស្រីនាង ថា លោកស្រីអាចរកប្រាក់ចំណូលពីក្រុមហ៊ុននីឌិចបានចន្លោះពី៤០០ទៅ៥០០ដុល្លារក្នុងមួយខែរួមទាំងប្រាក់បន្ថែមម៉ោងផងដែរ។ លោកស្រី គឺជាបង្គោលមួយនៅក្នុងគ្រួសារ ហើយត្រូវចំណាយច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារ ដូចជាការសិក្សារបស់កូនៗ ម្តាយឪពុកចាស់ជរាទាំងសងខាង ក្រោយប្តីលោកស្រីបានបាត់បង់ការងារធ្វើ បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកស្រីបារម្ភថា លោកស្រីមិនអាចរកការងារ ផ្នែកគ្រឿងបន្លាស់ធ្វើ និងរកប្រាក់ចំណូលបានសមរម្យដូចក្រុមហ៊ុននេះ ដោយសារលោកស្រីគ្មានជំនាញលើវិស័យកាត់ដេរសម្លៀកបំពាក់ឡើយ។
លោកស្រីអះអាងថា មុនមានសង្គ្រាម ក្រុមហ៊ុននេះមានកម្មកររាប់ពាន់នាក់ធ្វើការ សង្វាក់ផលិតកម្មសម្បូរ ដែលអាចឲ្យកម្មករមានការងារ មានប្រាក់ចំណូលល្អ ហើយអ្នកនៅក្នុងតំបន់នោះ អាចប្រកបរបររកស៊ីបានដោយងាយស្រួលផងដែរ។ ប៉ុន្តែក្រោយច្រកព្រំដែនបានបិទ ហើយអាជ្ញាធររឹតបន្តឹងដោយបោសសម្អាតការ«ឆបោកអនឡាញនៅកម្ពុជា» ធ្វើឲ្យក្រុងប៉ោយប៉ែតស្ងាត់ជ្រងំ បាត់បង់ភ្ញៀវទេសចរណ៍ ពលរដ្ឋពិបាកប្រកបរបររកស៊ីផងដែរ។
លោកស្រី ម៉ៅ ស្រីនាង៖ «យើងនៅជីវភាពខ្វះខាតដែរ អញ្ចឹងត្រូវការទៅរកការងារធ្វើថ្មី តែជាក់ស្ដែង រោងចក្រនៅតាមបណ្ដាខេត្តផ្សេងៗភាគច្រើនសុទ្ធតែរោងចក្រដេរ ហើយណាមួយ យើងត្រូវផ្គត់ផ្គង់អ្នកផ្ទះផង ថ្លៃបន្ទប់ជួលផង ហើយត្រូវចំណាយច្រើនប្រចាំថ្ងៃពេលយើងធ្វើការហ្នឹង។ យើងរកបានតិច ចំណាយច្រើន… យើងធ្វើនៅ ណេះ យើងរបៀបថា លោតពីរវេនអញ្ចឹងបង វេនយប់និងវេនថ្ងៃអញ្ចឹងទៅ យើងមានអូ (OT) ច្រើនគ្រប់គ្រាន់ តែខ្ញុំអត់ប្រាកដថាទៅដល់នោះមានអូ(OT) អញ្ចឹងដែរឬអត់ទេបង»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីសួរនាំបន្ថែម ពីករណីនេះ បានទេនៅថ្ងៃទី ១៧ ខែសីហានេះ។
កាលពីថ្ងៃទី២១ កក្កដា ក្រុមហ៊ុនហាយថេក អឹភឺរឹល (ខេមបូឌា) Hi-Tech Apparel (Cambodia) ដែលមានកម្មករជាង២ពាន់ ៥រយនាក់ (២៥៣២) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អូនាង ក្នុងក្រុងប៉ោយប៉ែត ក៏បានប្រកាសជូនដំណឹងដល់សហជីព បុគ្គលិក កម្មករ កម្មការិនី អំពីការផ្អាកដំណើរការសកម្មភាពអាជីវកម្មទាំងស្រុងរបស់ខ្លួន នៅថ្ងៃទី៣១ ខែសីហា នេះផងដែរ។
ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ក្រោយរោងចក្រនៅតាមតំបន់ព្រំដែនបានបិទទ្វារ កម្មករ និងពលរដ្ឋជាច្រើននៅតំបន់នោះកំពុងប្រឈមហានិភ័យខ្ពស់លើបញ្ហាសេដ្ឋកិច្ចរបស់ពួកគេ។ លោកបន្តថា ក្រុមហ៊ុន នីឌិច ជាក្រុមទី១របស់ជប៉ុនដែលបានវិនិយោគនៅកម្ពុជានៅតំបន់ព្រំដែនរយៈពេលយូរមកហើយ។ លោកសង្កេតឃើញថា រោងចក្រផ្សេងទៀតដែលមានម្ចាស់ជាជនជាតិថៃ និងជប៉ុន រួមទាំងក្រុមហ៊ុន Nidec នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្រុងប៉ោយប៉ែត កំពុងប្រឈមមុខនឹងបញ្ហាប្រតិបត្តិការស្រដៀងគ្នា និងមានភាពមិនច្បាស់លាស់កាន់តែខ្លាំងចំពោះផែនការវិនិយោគនាពេលអនាគតរបស់ពួកគេ។ លោក ឃុន ថារ៉ូ ថ្លែងថា ផលប៉ះពាល់នេះមិនត្រឹមតែប៉ះពាល់ដល់កម្មករប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់សហគមន៍ និងសេដ្ឋកិច្ចមូលដ្ឋានទាំងមូលផងដែរ។
លោកឲ្យដឹងទៀតថា កម្មករដែលនៅក្នុងជំនាញនេះ អាចប្រឈមផលលំបាក ក្នុងការស្វែងរកការងារដែលត្រូវនឹងជំនាញរបស់ពួកគាត់ និងប្រាក់ខែដែលធ្លាប់ទទួលបាន។
លោក ឃុន ថារ៉ូ៖ «អ្វីដែលភាគីរដ្ឋដែលអាចធ្វើទៅបាន ជាពិសេសក្រសួងការងារហ្នឹង មួយផ្នែកដែលអាចជួយសម្រាលដែរ គឺការពង្រីកនូវវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) កំឡុងពេលដែលកម្មករនៅ Nidec ហ្នឹង គាត់កំពុងតែស្វែងរកការងារធ្វើ ឬក៏នៅក្នុងអន្តរកាលក្នុងការស្វែងរកការងារធ្វើហ្នឹង គឺបន្តឱ្យគាត់អាចប្រើប្រាស់នូវបេឡាជាតិរបបសន្តិសុខសង្គមហ្នឹង ដើម្បីឱ្យគាត់អាចទទួលបាននូវសេវាថែទាំសុខភាព ឬក៏ព្យាបាល។ ជាពិសេស គឺកម្មករនិយោជិតដែលជាស្ត្រី ស្ត្រីមានផ្ទៃពោះអីហ្នឹង គិតថាហ្នឹងក៏វាអាចជួយទ្រទ្រង់ទៅដល់ស្ថានភាពសេដ្ឋកិច្ច ឬក៏ការចំណាយបន្ថែមសម្រាប់ពួកគាត់ ព្រោះថាកម្មករនិយោជិតដែលជាស្ត្រីហ្នឹង គឺសំខាន់ណាស់ ព្រោះបើសិនជាគាត់បាត់បង់ការងារ គាត់អត់មានប្រាក់ចំណូលទេ ការចំណាយផ្សេងៗក្នុងដំណើរការដែលគាត់សម្រាល បន្ទុកកូនអីជាដើមហ្នឹង វាត្រូវចំណាយច្រើនណាស់»។
បើតាមលោក ឃុន ថារ៉ូ គិតចាប់តាំងពីដើមឆ្នាំ២០២៦ បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មានកម្មករប្រមាណជាង ៤,០០០ នាក់ បានរងផលប៉ះពាល់ ហើយក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ធំ និងគ្រឿងបន្លាស់អេឡិចត្រូនិក ចំនួន៣ ហើយ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលបានបិទទ្វារ គឺរោងចក្រ ML ដែលផ្គត់ផ្គង់សម្រាប់ស្លាកយីហោល្បីនៅប្រទេសហូឡង់ ទី២ គឺក្រុមហ៊ុន ហាយថេក អឹភែរឺល (ខេមបូឌា) និងចុងក្រោយគឺក្រុមហ៊ុននីឌិចនេះ។ លោកទទូចឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាំបាច់ត្រូវអនុវត្តវិធានការបន្ទាន់ក្នុងការស្តារស្ថិរភាពសេដ្ឋកិច្ច ការពារជីវភាពរស់នៅរបស់កម្មករ និងកសាងទំនុកចិត្តរបស់វិនិយោគិនឡើងវិញ ឲ្យបានទាន់ពេលវេលា និងមានការសម្របសម្រួលល្អ ដែលមានសារៈសំខាន់ក្នុងការកាត់បន្ថយការខូចខាតផ្នែកសេដ្ឋកិច្ចបន្ថែមទៀត និងពង្រឹងភាពធន់របស់សហគមន៍ដែលរងផលប៉ះពាល់៕









