អាជ្ញាធរ​បន្ត​បង្ក្រាប​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ដែល​លួច​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​តាម​ផ្ទះ

0
10
មន្ត្រីយោធាផ្កាយមួយនៅខេត្តបាត់ដំបង រងការចោទជួលវីឡាឱ្យបណ្ដាញឆបោកអនឡាញ
អូន សុខសិលា
នាយសេនាធិការរង​យោធភូមិភាគ​ទី​៥ ទទួលបន្ទុក​ការងារ​ព្រំដែន​ឧត្ដមសេនីយ៍ អូន សុខសិលា និងផ្ទះរបស់លោកដែលត្រូវសមត្ថកិច្ចចាប់ឧក្រិដ្ឋជនអនឡាញ។ រូប៖ បណ្ដាញសង្គម

អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​នៅតែ​បន្ត​បង្ក្រាប​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ដែល​លួចលាក់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​តាម​ផ្ទះ​។ អ្នកឃ្លាំមើល​រិះគន់​ថា ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុជា​នៅតែ​ផ្ដោត​លើ​ការ​បង្ក្រាប​តែ​ជនល្មើស​តូចតាច ហើយ​កាង​ការពារ​ឱ្យ​មេខ្លោង​ធំៗ​ឱ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់ នោះ​ក្រុម​ឧក្រិដ្ឋជន​នឹង​ពង្រីក​បណ្ដាញ​ឆបោក​តាម​អនឡាញ​កាន់តែ​ធំ និង​បង្ក​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​សេដ្ឋកិច្ច។

ការ​ខកខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស៊ើបអង្កេត និង​បង្ក្រាប​ឱ្យ​ចំ​មេខ្លោង​ពិតប្រាកដ​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា​វិវត្ត​កាន់តែ​ស្មុគស្មាញ និង​រីក​រាលដាល​ពី​មជ្ឈមណ្ឌល​ធំៗ ទៅជា​បណ្ដាញ​តូចៗ​ជាច្រើន​ដែល​បែកខ្ញែក​សម្ងំ​នៅ​តាម​ផ្ទះ​ជួល និង​ភូមិគ្រឹះ​របស់​អ្នកមាន​លុយ និង​អ្នក​មាន​អំណាច​នៅ​កម្ពុជា​។​

ថ្វី​ត្បិត​អាជ្ញាធរ​អះអាង​ថា នៅតែ​បន្ត​យុទ្ធនាការ​បង្ក្រាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​លួចលាក់​ប្រតិបត្តិការ​ឆបោក និង​បណ្ដេញ​ជនបរទេស​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់​ក្តី មេខ្លោង និង​អ្នកសមគំនិត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ទីតាំង​ឱ្យ​បណ្ដាញ​ឆបោក ដូចជា ម្ចាស់​អគារ ម្ចាស់​ភូមិគ្រឹះ និង​អភិបាល​តាម​ខេត្ត​នានា​ជាដើម មិន​ត្រូវ​បាន​អាជ្ញាធរ​ហៅ​មក​សាកសួរ ស៊ើបអង្កេត ឬ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​នៅឡើយ។

ស្ថានការណ៍​ចុងក្រោយ​នៃ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​បង្ហាញ​ថា បណ្ដាញ​ឧក្រិដ្ឋជន​មិន​បាន​ញញើត​នឹង​ច្បាប់​កម្ពុជា​ឡើយ ហើយ​ពួកគេ​នៅតែ​អាច​ល្បួង បញ្ឆោត និង​បង្ខិតបង្ខំ ដោយ​បង្ខាំង​ជនបរទេស​ឱ្យ​ប្រតិបត្តិការ​ឆបោក​យក​ប្រាក់​ពី​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក។

ជាក់ស្ដែង កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា កម្លាំង​ចម្រុះ​រាជធានី​ភ្នំពេញ​បាន​ឡោមព័ទ្ធ​ផ្ទះល្វែង​មួយ​កន្លែង​ក្នុង​ខណ្ឌឫស្សីកែវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខ្មែរ ៣​នាក់ និង​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ដោយ​ចោទប្រកាន់​ថា ពួកគេ​បាន​លួច​សម្ងំ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ក៏បាន​បង្ហាញ​វត្ថុតាង ដូចជា ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​រាប់​សិប​គ្រឿង ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ប្រើប្រាស់​សម្រាប់​ឆបោក​យក​លុយ​ពី​ជនជាតិ​អាមេរិក និង​ជនរងគ្រោះ​នៃ​ប្រទេស​ផ្សេងទៀត។

ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ នៅ​ឯ​ខេត្ត​ព្រះសីហនុ កម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់​ក៏បាន​ឡោមព័ទ្ធ​សណ្ឋាគារ ឈុនអ៊ី និង​បាន​ឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ដូចជា ចិន ឥណ្ឌា ប៉ាគីស្ថាន និង​តៃវ៉ាន់ សរុប ៣៥​នាក់ ដោយសារតែ​ពួកគេ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​។ ពលរដ្ឋ​ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​មិនបាន​បិទ​អាជីវកម្ម​នៅ​សណ្ឋាគារ​នេះ​ឡើយ ក្រោយ​ប្រតិបត្តិ​ការ​បង្ក្រាប​។​

ដោយឡែក នៅ​ឯ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម គឺ​ក្រុង​បាវិត ខេត្តស្វាយរៀង​ឯណោះ​វិញ កាលពី​សប្ដាហ៍​មុន កម្លាំង​ចម្រុះ​ក៏បាន​ឡោមព័ទ្ធ​ផ្ទះ​ជួល និង​ផ្ទះសំណាក់ ២​ទីតាំង​ផ្សេងគ្នា និង​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន និង​វៀតណាម​យ៉ាង​ហោច ១១០​នាក់ ព្រមទាំង​រឹបអូស​ស៊ីមកាត ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​ជាច្រើន​គ្រឿង​។ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាក់​ថា ជនបរទេស​ទាំងនោះ​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ និង​ត្រូវ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។ ចំណែក នៅ​ថ្ងៃទី​២៥ ខែសីហា រដ្ឋបាល​ខេត្ត​ស្វាយរៀង​ឱ្យដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១៣​នាក់​បន្ថែម​ទៀត ដែល​ពួកគេ​លួច​សម្ងំ​ប្រតិបត្តិការ​ឆបោក​នៅ​តាម​ផ្ទះ​ជួល។

ក្រៅពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ទាំងនេះ នៅ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​តាម​ព្រំដែន​កម្ពុជា​-​ថៃ នៅតែ​ជាទី​តាំង​ក្ដៅ​គគុក​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ស្ទើរ​មិន​លុះ​ថ្ងៃ​។ ទន្ទឹម​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​កំពុង​រីកសាយ​ភាយ​ពេញ​ប្រទេស​នោះ ករណី​ជនជាតិ​ចិន​ចាប់ជំរិត ចាប់​មនុស្ស​ញាត់​ចូល​ឡាន និង​ប្រើប្រាស់​កាំភ្លើង​បាញ់បោះ​តាម​ទី​សាធារណៈ ក៏​នៅតែ​បន្ត​កើតមាន​ជារឿយៗ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​ប្រកាស​ទទួលស្គាល់​ថា អាជ្ញាធរ​កាន់តែ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក និង​បង្ក្រាប​បណ្ដាញ​ឆបោក​ដែល​បែកខ្ញែក​ទៅ​សម្ងំ​នៅ​តាម​ផ្ទះ​ជួល អគារ​តូចៗ និង​ទីតាំង​ឯកជន​នានា។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២៥ ខែ​សីហា។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​ដាក់​គោលដៅ​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ និង​ជនល្មើស​តូចតាច​មិនមែន​ជា​យុទ្ធនាការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឡើយ​។ លោក​ថា មេខ្លោង​កំពូលៗ​ដែល​កាង​ឧស្សាហកម្ម​នេះ​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុងភ្នំពេញ​កាង​ការពារ​នៅឡើយ ទើប​បណ្ដាញ​ឧក្រិដ្ឋជន​អាច​ពង្រីក​ប្រតិបត្តិការ​ឆបោក​របស់​ពួកគាត់​ដោយ​រលូន និង​បង្ក្រាប​គ្មាន​ប្រសិទ្ធភាព។

លោក ស៊ឹង សែនករុណា៖ «បើសិនជា​នៅតែ​មាន​ជាប់​ផលប្រយោជន៍ អំពើពុករលួយ​បក្ខពួក​និយម​អី​ទាំងអស់​នេះ ខ្ញុំ​មិន​រំពឹង​ថា ការ​ចាត់វិធានការ​ទៅលើ​ករណី​ឆបោក​អនឡាញ​នេះ អាច​ធ្វើ​ទៅ​បានទេ​។ អ៊ីចឹង​នៅតែ​បន្ត​បែប​ហ្នឹងឯង ហើយ​បើសិន​ជា​មាន​ចេតនា​ឆន្ទៈ​យ៉ាង​ពិត​ប្រាកដ ត្រូវ​ត្រួត​ពិនិត្យមើល​ឡើងវិញ​តើ សមត្ថកិច្ច​របស់​ខ្លួន​ដែល​ទទួល​តួនាទី​អនុវត្ត​កិច្ច​ការងារ​ហ្នឹង ពិតជា​សមត្ថកិច្ច​ដែល​អាច​ប្រើប្រាស់​នូវ​អំណាច​ឥទ្ធិពល​របស់​ខ្លួន​ហ្នឹង ឱ្យ​ត្រូវ​ចំ​តួនាទី​របស់​ខ្លួន ឬក៏​អ្នក​ទាំង​អស់ហ្នឹង​បាន​តួនាទី​ទៅ ទៅ​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ទុច្ចរិត​ហ្នឹង ឬក៏​យ៉ាងម៉េច អ៊ីចឹង​ត្រូវតែ​ហ៊ាន​អនុវត្ត​ឱ្យចំ​គោលដៅ អាហ្នឹង​ទើប​អាច​បោសសម្អាត​បាន​ដោយ​ជោគជ័យ ប៉ុន្តែ​បើសិនជា​នៅ​បែបនេះ គឺ​កាន់តែ​រីក​រាលដាល ហើយ​វា​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅទៀត»។

អ្នកឃ្លាំមើល​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នៅតែ​ខ្វះ​ភាព​ក្លាហាន ឬ​មានការ​ព្រួយបារម្ភ​អំពី​ការបាត់បង់​ផលប្រយោជន៍ ក្នុង​ការ​ចាត់វិធានកា​រលើ​មេខ្លោង​ដែល​ជា​មន្ត្រី និង​ឧកញ៉ា​មាន​ឥទ្ធិពល ដែល​កំពុង​ការពារ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា នោះ​បណ្ដា​ប្រទេស​ធំៗ ដូចជា​សហរដ្ឋអាមេរិក​អាច​នឹង​ចាត់វិធានការ​តាម​នីតិវិធី​របស់​បណ្ដា​ប្រទេស​លោក​សេរី និង​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា។

មក​ដល់​ពេល​នេះ មន្ត្រី​មួយចំនួន​ត្រូវ​បាន​អស់តំណែង និង​មន្ត្រី​ខ្លះទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​។ ទោះជា​យ៉ាងណា ក៏​មាន​មន្ត្រី​អ្នក​មាន​អំណាច​ផ្សេងទៀត​បាន​ជួល​ភូមិគ្រឹះ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ប្រតិបត្តិការ​ឆបោក​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ​។ ជាក់ស្ដែង ដូចជា នាយសេនាធិការរង​យោធភូមិភាគ​ទី​៥ ទទួលបន្ទុក​ការងារ​ព្រំដែន ឧត្ដមសេនីយ៍ អូន សុខ​សិលា ជាដើម។

រឿងរ៉ាវ​អាស្រូវ​ពុករលួយ​ចុងក្រោយ​នៃ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គឺ​ករណី​អតីតមន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស លោក ថូ សំណាង និង​បក្ខពួក ២​នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​លួច​លក់​ឯកសារ​ទិដ្ឋាការ​រាប់ពាន់​សន្លឹក​ឱ្យ​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ ដើម្បី​ឱ្យ​ពួកគេ​រស់នៅ​កម្ពុជា​ស្របច្បាប់​សម្រាប់​ពង្រីក​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ