

យោធាថៃបានបន្តសាងសង់របងព្រំដែនអចិន្ត្រៃយ៍ជាឯកតោភាគីនៅចន្លោះបង្គោលព្រំដែនលេខ ៥៤ ដល់លេខ៥៩ ដែលស្ថិតនៅព្រំដែនខេត្តចន្ទបុរី ជាប់នឹងខេត្តបាត់ដំបង របស់កម្ពុជា។ ទោះជាយ៉ាងណា ការសាងសង់ព្រំដែនដំណាក់កាលទីពីររបស់យោធាថៃនេះ បានបង្កឱ្យមានភាពចម្រូងចម្រាសបន្ទាប់ពីទាហានខ្មែរបានចុះល្បាត ដែលធ្វើឱ្យទាហានថៃបញ្ជូនកម្លាំងទ័ពមកកាន់តែច្រើន ធ្វើឱ្យជម្លោះព្រំដែនរីករាលដាលកាន់តែខ្លាំង។
ស្ថានការណ៍នៅតំបន់បង្គោលព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង ពេលនេះហាក់មានភាពតានតឹងជាងមុន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងភាគីទាហានខ្មែរ និងទាហានថៃ ក្នុងពេលដែលទាហានថៃកំពុងសាងសង់របងព្រំដែនដំណាក់កាលទីពីរ។
តាមរយៈវីដេអូរបស់ទាហានថៃ ដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម បានបង្ហាញអំពីសកម្មភាពចល័តកម្លាំងទ័ពទៅកាន់ទីតាំងបង្គោលព្រំដែនលេខ ៥៤ ដល់៥៩ ដែលមានប្រវែងជាង៧គីឡូម៉ែត្រស្ថិតនៅស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី ជាប់នឹងស្រុកកំរៀង ខេត្តបាត់ដំបង។ ទាហានថៃអះអាងថា ការចល័តកម្លាំងនេះ គឺដើម្បីប្រឆាំងនឹងទាហានខ្មែរដែលបានរារាំងមិនឱ្យភាគីថៃបន្តសាងសង់របងព្រំដែន។
ទោះជាបែបនេះក្ដី ទាហានខ្មែរម្នាក់ស្ថិតនៅកងពលតូចថ្មើរជើងលេខ ៥២ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ការណ៍ដែលទាហានខ្មែរចុះទៅរារាំងសកម្មភាពសាងសង់របងព្រំដែនរបស់យោធាថៃនេះ គឺដោយសារភាគីថៃបានសាងសង់នៅលើទីតាំងដែលមិនទាន់កំណត់ព្រំប្រទល់ច្បាស់លាស់ និងបំពានចូលក្នុងតំបន់ស ចំណែកទីតាំងមួយចំនួនទៀត ក៏មិនទាន់កំណត់ព្រំប្រទល់ច្បាស់លាស់នៅឡើយ។
ទាហានខ្មែររូបនេះបានបញ្ជាក់ថា ស្ថានការណ៍នៅតំបន់ព្រំដែនស្រុកកំរៀង នៅពេលនេះកាន់តែមានភាពតានតឹង ដោយសារភាគីថៃបានចល័តទាហានជើងទឹកមកតំបន់ព្រំដែន បន្ទាប់ពីពួកគេបានរាយបន្លាលួស និងកាយប្រឡាយចូលក្នុងទឹកដីកម្ពុជា។
បច្ចុប្បន្នយោធាថៃបានបន្តសាងសង់ផ្លូវ និងចាក់គ្រឹះធ្វើរបងបេតុងនៅចន្លោះបង្គោលព្រំដែនលេខ៥៤ ដល់៥៩ បន្ទាប់ពីបញ្ចប់ការសាងសង់របងព្រំដែននៅចន្លោះបង្គោលលេខ៥២ ដល់៥៤ ជាស្ថាពរ ក្រោមការបញ្ឈរកម្លាំងត្រៀមប្រយុទ្ធដែលស្ថិតនៅក្នុងលេណដ្ឋានក្បែរទីតាំងសាងសង់របងព្រំដែន។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ ខែសីហា។
ពាក់ព័ន្ធនឹងសកម្មភាពសាងសង់សំណង់របស់យោធាថៃនៅក្នុងទឹកដីកម្ពុជា តាមបណ្ដោយព្រំដែននេះ លោកនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានប្រកាសបន្តប្រើប្រាស់អភិក្រម «ស្ងាត់តែមិនស្ងៀម» ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយយោធាថៃ។ទោះជាបែបនេះក្ដី ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា អភិក្រម «ស្ងាត់តែមិនស្ងៀម» របស់មេដឹកនាំកម្ពុជាគឺប្រៀបបានទៅនឹងចម្រៀងសម្រាប់បំពេប្រជាពលរដ្ឋឱ្យស្ងប់ចិត្ត និងធ្វើឱ្យកម្ពុជាបន្តបាត់បង់ទឹកដីតាមព្រំដែនទៅកាន់ប្រទេសថៃដោយស្ងាត់ៗ។ លោកបន្តថា ការសាងសង់របងព្រំដែនរបស់យោធាថៃ គឺជាយុទ្ធសាស្ត្រឈ្លានពានដោយមិនចាំបាច់ផ្ទុះអាវុធ ព្រោះយោធាថៃបានដឹងច្បាស់ពីគោលជំហររបស់មេដឹកនាំកម្ពុជា ដែលមានភាពទន់ជ្រាយក្នុងការប្រឆាំងនឹងសកម្មភាពឈ្លានពានក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
លោក ម៉ែន ណាត៖ «ស្ងាត់ហើយតែមិនស្ងៀមហ្នឹងវាគួរតែថៃប្រើបានត្រូវព្រោះថៃស្ងាត់ៗសង្គ្រាមមែនប៉ុន្តែស្ងៀមថៃឈ្លានពានខ្មែររាល់ថ្ងៃ។ ឯកម្ពុជាស្ងាត់ហើយមិនស្ងៀមមិនស្ងៀមហ្នឹងមិនតវ៉ាទេ។ គួរណាស់តែរដ្ឋាភិបាលកម្ពុជាប្រញាប់ប្តឹងថៃទៅតុលាការអន្តរជាតិ ហើយកាលណាបាត់បង់វាធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាហ្នឹងខកចិត្តជាមួយនឹងរដ្ឋាភិបាល»។
ខណៈដែលយោធាថៃបានបង្កើនសកម្មភាពឈ្លានពានទឹកដីកម្ពុជាយ៉ាងសកម្មនោះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានបញ្ជាក់អំពីការប្តេជ្ញាបន្តការពារឱ្យខាងតែបាននូវសន្តិភាព ដោយបានប្រកាសបង្ក្រាប និងកម្ទេចចោលរាល់កម្លាំងក្រុមអ្នកមានទស្សនៈនយោបាយផ្ទុយ ដែលលោកហៅថាជាក្រុមជ្រុលនិយម ឬកម្លាំងអមិត្ត ដែលលោកចោទថា មានឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលរបស់គ្រួសារត្រកូលហ៊ុន។
យ៉ាងណាក៏ដោយចុះ ការលើកឡើងនេះ ត្រូវបានអ្នកឃ្លាំមើលរិះគន់ថា ក្នុងនាមជាអគ្គមេបញ្ជាយោធាជាន់ខ្ពស់ ដែលជាស្ថាប័នអព្យាក្រឹត លោក វង្ស ពិសេន គួរតែរកវិធីការពារទឹកដីជាជាងប្រើប្រាស់តួនាទីយកមកការពារអំណាចរបស់គ្រួសារមេដឹកនាំ ដែលត្រូវបានមហាជនមើលឃើញថា ជាមេដឹកនាំផ្ដាច់ការ និងបន្តអំណាចតកូនចៅនោះឡើយ៕









