

រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អ្នកស្រី បារ៉ុនណែស វីនថឺតុន (Baroness Winterton) នៅថ្ងៃទី២៦ ខែសីហានេះ បានចុះ ទៅជួបសហគមន៍ពលរដ្ឋរងគ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងអំពាវនាវឱ្យមានកិច្ចសន្ទនារកដំណោះស្រាយ ដោយសន្តិវិធី រវាងកម្ពុជា និង ថៃ។ អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនត្រូវរង់ចាំការចរចាតែមួយមុខទេ ប៉ុន្តែ ត្រូវជំរុញភាពសកម្មការទូត ដែលហ៊ានលាតត្រដាងការពិត អំពីការឈ្លានពានរបស់កងទ័ពថៃលើទឹកដីកម្ពុជា និងស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញ ទើបអាចទទួលបានទំនុកចិត្តពីចក្រភពអង់គ្លេស និងបស្ចិមប្រទេស ឱ្យចេញមុខជួយកម្ពុជា។
បន្ទាប់ពីការមកដល់នៃនាវាចម្បាំងចក្រភពអង់គ្លេស (HMF Tamar) នៅមូលដ្ឋាន ជើងទឹកសមុទ្ររាមរបស់កម្ពុជា កាលពីថ្ងៃទី២០ ខែសីហា សម្រាប់ទស្សនកិច្ច ហ្វឹកហាក់រយៈពេល ៨ថ្ងៃ ជាមួយកងទ័ពកម្ពុជានោះ រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អ្នកស្រី បារ៉ុនណែស វីនថឺតុន ក៏មានវត្តមាន ការទូតជាន់ខ្ពស់លើទឹកដីកម្ពុជា ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃ ទី២៥ ខែសីហាដែរ។ អ្នកស្រីរដ្ឋមន្ត្រី បានចុះជួបសហគមន៍ខ្មែរ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ខណៈ កម្ពុជានិងថៃ កំពុងមានជម្លោះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ទស្សនកិច្ចរបស់រដ្ឋមន្ត្រីចក្រភពអង់គ្លេសនៅកម្ពុជា គឺជាសភាពការណ៍ល្អមួយ សម្រាប់ប្រទេសកម្ពុជា ដែលចង់បានការគាំទ្រពីមិត្តបស្ចិមប្រទេស។ យ៉ាងណា លោកសាស្ត្រាចារ្យថា ភាគីកម្ពុជាត្រូវការធ្វើកិច្ចការទូតឱ្យសកម្ម និងដោះស្រាយបញ្ហា សេរីភាពប្រជាធិបតេយ្យ ឱ្យប្រសើរឡើងដើម្បីទទួលបានការជឿជាក់ពី បណ្ដាមិត្តបស្ចិមប្រទេសឱ្យជួយកម្ពុជា។
លោក ឯម សុវណ្ណារ៉ា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ទស្សនកិច្ចរដ្ឋមន្ត្រីអង់គ្លេស មានតម្លៃពីរ គឺការបង្កើនកិច្ចសហប្រតិបត្តិការដោយខ្លួនឯង នៅក្នុងតំបន់ ក្នុងនាមជាមហាអំណាច និងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា បន្ទាប់ពីចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប។ លោកថា ការយកចិត្តទុកដាក់របស់ចក្រភពអង់គ្លេស អាចជួយជំរុញការអនុវត្តច្បាប់អន្តរជាតិនានាក្នុងតំបន់ រួមទាំង ការជំរុញដំណោះ ស្រាយជម្លោះកម្ពុជា-ថៃ ដែលអ្នកស្រី អំពាវនាវឱ្យមានការចរចា ដើម្បីបញ្ចប់វិវាទ រវាងភាគីទាំងពីរ ដោយសន្តិវិធី។
ទោះជាយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា កម្ពុជាមិនគួររង់ចាំតែការចរចានោះទេ ប៉ុន្តែ ត្រូវធ្វើសកម្មភាពការទូតឱ្យខ្លាំង រហូតដល់បស្ចិមប្រទេស ដូចជា មហាអំណាចអង់គ្លេស បង្ហាញជំហរថ្កោលទោសការឈ្លានពានរបស់ថៃ ទើបជាជោគជ័យការទូតពិតប្រាកដរបស់កម្ពុជា។ បន្ថែមលើនេះ លោកសាស្ត្រាចារ្យ ថា កម្ពុជាក៏ត្រូវប្រកាន់គោលការណ៍ប្រជាធិបតេយ្យ និងដោះស្រាយវិបត្តិផ្ទៃក្នុង ឱ្យប្រាកដប្រជា ឱ្យឆ្លើយតបនឹងការចង់បានរបស់ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជាដើម ទើបទាក់ទាញបានទំនុកចិត្តក្នុងកិច្ចសហប្រតិបត្តិការ។
លោក ឯម សុវណ្ណារ៉ា៖ «ភាគីកម្ពុជាហាក់ដូចមិនបានឆ្លើយតបដោយពេញលេញនៅ ចំណុចការលើកឡើង ការខ្វះខាត ការអនុវត្តយន្តការប្រជាធិបតេយ្យរបស់កម្ពុជា កន្លងមក។ ទី២ កម្ពុជាមានបញ្ហាមួយ គឺបញ្ហាបឆបោកអនឡាញហ្នឹង ដែលរដ្ឋាភិបាលកម្ពុជា កំពុងតែចាត់វិធានការ ក៏ប៉ុន្តែមិនទាន់ គេហៅថា ទទួលបានការជឿជាក់ទាំងស្រុងពីសហគមន៍អន្តរជាតិលើឆាកអន្តរជាតិ។ សហរដ្ឋអាមេរិកគាត់បានជំរុញ ហើយគាត់សហការបន្ថែមទៀត ក្នុងការតាមចាប់មេឆបោកអនឡាញ បទឧក្រិដ្ឋអនឡាញធំៗ[…]ត្រូវការម៉ឺងម៉ាត់ជាក់ស្ដែង លើកឡើងដោយអនុរដ្ឋមន្ត្រីសង្គ្រាមរបស់សហរដ្ឋអាមេរិកជាដើម»។
ហ្វេសប៊ុករបស់ស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ឱ្យដឹងនៅថ្ងៃទី២៦ ខែសីហា នេះថា អ្នកស្រីរដ្ឋមន្ត្រី បារ៉ុនណែស វីនថឺតុន បានចុះជួបសហគមន៍ ដែលរងផលប៉ះពាល់ពីភាពតានតឹងតាមបណ្តោយព្រំដែន នៅតំបន់គោកប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ដោយផ្ទាល់ អំពីបញ្ហាប្រឈមដែលគ្រួសារពលរដ្ឋ ខ្មែរជួបប្រទះ។
អ្នកស្រីរដ្ឋមន្ត្រី បានឃើញនូវកម្មវិធីអប់រំ ដែលគាំទ្រដោយភាគីចក្រភពអង់គ្លេស។ អ្នកស្រីក៏បានជួបកុមារខ្មែរ ដែលមានភាពក្លាហាន និងបានឆ្លងកាត់បទពិសោធន៍លំបាក ប៉ុន្តែ នៅតែបន្តខិតខំសិក្សា ហើយអ្នកស្រីបានស្តាប់ពីគ្រួសារ និងថ្នាក់ដឹកនាំសហគមន៍ អំពីអាទិភាព និងតម្រូវការរបស់ពួកគេ។
ស្ថានទូតអង់គ្លេស បន្ថែមថា ចក្រភពអង់គ្លេស ប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា និងដៃគូ ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ ជួយឱ្យកុមារបន្តការសិក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិ និង កិច្ចសន្ទនាដោយសន្តិវិធី រវាងថៃ និងកម្ពុជា។
ចក្រភពអង់គ្លេស គឺជាមហាអំណាចពិភពលោកក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដែលរួមមាន សហរដ្ឋអាមេរិក បារាំង រុស្ស៊ី និងប្រទេសចិន។ ចក្រភពអង់គ្លេស ក៏ជាហត្ថលេខីដ៏មានឥទ្ធិពលមួយ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្ដីពីដំណោះ ស្រាយជម្លោះកម្ពុជា ហើយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះហើយ ដែលជាអាយុជីវិតនៃការស្ថាបនាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍គោរព សិទ្ធិមនុស្ស ព្រមទាំង ជំនួយមនុស្សធម៌ និង ការស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជាឡើងវិញ ជាពិសេស កិច្ចសន្យាការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា ដោយយន្តការ អន្តរជាតិ បន្ទាប់សង្គ្រាមបង្ហូរឈាមជាច្រើនទសវត្សរ៍។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៦ ខែសីហាថា អ្នកស្រី រដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស អាចដើរតួនាទីសំខាន់ ក្នុងការប្រើប្រាស់ឥទ្ធិពល នយោបាយ និង កិត្យានុភាព អន្តរជាតិ ដើម្បីលើកយកបញ្ហាការរំលោភបំពានដែន អធិបតេយ្យភាពកម្ពុជា ទៅកាន់វេទិកាតំបន់ និងអន្តរជាតិ ដោយជួយផ្ដល់សំឡេងគាំទ្រដល់កម្ពុជាបន្ថែម លើជំហរផ្លូវការ។ ប៉ុន្តែ លោកថា ការបន្តអនុវត្តការទូតទន់ភ្លន់របស់លោក ហ៊ុន ម៉ាណែត ក្នុងស្ថានភាពដែលភាគីថៃកំពុងបន្តរាយបន្លា លួស និងសង់សំណង់រឹងមាំ លើទឹកដីកម្ពុជា គឺជាយុទ្ធសាស្ត្រខ្វះភាពមុតស្រួចនិងអសកម្ម នៃរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ក្នុងការការពារបូរណភាពទឹកដី។
លោក សេង វណ្ណលី ថា ការប្រើប្រាស់វិធីសាស្ត្រទន់ភ្លន់ជ្រុល ឬការរង់ចាំសម្របសម្រួលតាមផ្លូវការទូតតែមួយមុខ រក្សាបានត្រឹមតែរូបភាពសន្តិភាពខាងក្រៅ ប៉ុន្តែ បានបណ្ដោយឲ្យថៃយកទឹកដីកម្ពុជា ជាក់ស្តែង ដែលកាន់តែយូរទៅ នឹងធ្វើឲ្យកម្ពុជាខាតបង់ប្រៀបក្នុងការចរចា និងពិបាកទាមទារដីទាំងនោះត្រឡប់មកវិញ។ លោកថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញពីភាពទន់ខ្សោយនយោបាយការបរទេស ដែលធ្វើឲ្យប្រទេសជិតខាង ទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ដោយការប្រើល្បិចរំកិលព្រំដែនបន្តិចម្តងៗ ខណៈរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុននៅតែបន្តប្រើតែពាក្យពេចន៍ការទូតដើម្បីសម្របសម្រួលដដែលៗ៕









