

កងកម្លាំងប៉ូលិស និងអាជ្ញាធរខេត្តកោះកុង ជាច្រើនរូបបានដាក់ពង្រាយគ្នា តាមដងផ្លូវរារាំងមិនឱ្យ ពលរដ្ឋ ដែលរងគ្រោះដីធ្លីជាមួយឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា ហេង ហុយ ធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីតាមដានស្ដាប់សវនាការរបស់តំណាងពលរដ្ឋ រងគ្រោះដីធ្លី គឺលោកស្រី ផាវ ញើង និង លោកស្រី សេង លីន ដែលត្រូវចូលបំភ្លឺនៅតុលាការពាក់ព័ន្ធបទ«ញុះញង់ និងបរិហារកេរ្តិ៍» នោះទេ។ មន្ត្រីសង្គមស៊ីវិលថាទង្វើរបស់អាជ្ញាធរនេះជាការរំលោភសិទ្ធិពលរដ្ឋ ធ្ងន់ធ្ងរ។
ពុំមែនជារឿងថ្មីនោះទេ ដែលអាជ្ញាធរ និងកងកម្លាំងប៉ូលិស នៅខេត្តកោះកុង តែងតែរារាំង និងគំរាមកំហែង ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តកោះកុង ជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា ហេង ហុយ មិនឱ្យឡើងមកតវ៉ា ឬជុំគ្នានៅរាជធានីភ្នំពេញ។ ករណីនេះ ត្រូវបានគេរិះគន់ថា គឺជាការសហការគ្នា រវាងអាជ្ញាធរក្រុងភ្នំពេញ និងអាជ្ញាធរខេត្តកោះកុង ដើម្បីបិទខ្ទប់សិទ្ធិសេរីភាពពលរដ្ឋ មិនឱ្យតវ៉ាឬជុំជួបគ្នា ទើបធ្វើឱ្យបញ្ហាដីធ្លីនេះ អូសបន្លាយជិត២០ឆ្នាំមកហើយ នៅពុំមានដំណោះស្រាយ។
តំណាងសហគមន៍រងគ្រោះដីធ្លី១៩៧ គ្រួសារ គឺលោកស្រី ដេត ហួ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៦ ខែសីហាថា ជារឿងគួរឱ្យសោកស្ដាយដែលថ្មីៗនេះ កងកម្លាំងប៉ូលិស និងមន្ត្រីអាជ្ញាធរស្រុកស្រែអំបិល ហាមឃាត់រថយន្តចំនួន៤គ្រឿងមិនឱ្យដឹកពលរដ្ឋប្រមាណ៨០នាក់ មកតាមដាន និងលើកទឹកចិត្ត តំណាងសហគមន៍៩៥៥គឺលោកស្រី ផាវ ញើង និងលោកស្រី សេង លីន ដែលត្រូវចូលសវនាការនៅតុលាការកំពូល នាថ្ងៃទី២៦ ខែសីហា។ លោកស្រីចាត់ទុកទង្វើរបស់អាជ្ញាធរនេះ គឺជា ការបិទសិទ្ធិសេរីភាពដើរហើរ និងការជួបជុំរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
លោកស្រី ដេត ហួ៖ «ខ្ញុំមានការសោកស្ដាយខ្លាំងមែនទែន ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរ ខ្ញុំក៏សញ្ជាតិខ្មែរមួយរូបដែរ ហើយក៏ជាជនរងគ្រោះបាត់បង់ដីធ្លី ហើយពេលដែលយើងទៅទាមទាររកដំណោះស្រាយកន្លែងណា តែងតែមានអាជ្ញាធរគាត់ឃាត់ គាត់សួរនាំ ហើយមកដល់ពេលនេះខាងសហគមន៍ពួកខ្ញុំឡើងមក ប្រហែលជាឡើងមកមិនរួច ដាក់បារ៉ាស់ ដាក់ប៉ុស្តិ៍ គ្រប់ពីរ-បីកន្លែង ហើយថែមទៅដល់ផ្ទះតៃកុងឡានទៀត ចាស»។
លោកស្រីស្នើឱ្យ លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន ជួយរកដំណោះស្រាយ ដីធ្លីជូនពលរដ្ឋ និងបញ្ឈប់ទង្វើ របស់អាជ្ញាធរដែលចេះតែបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋ។
លោកស្រី ដេត ហួ៖ «ហើយពួកយើងក៏អត់បានបង្កភាពវឹកវរដល់សន្តិសុខសង្គមអីដែរ។ ចាស, ពួកយើងស្មោះត្រង់ទៅហ្នឹង, បងៗអាជ្ញាធរព្រមទាំងសមត្ថកិច្ចគាត់មិនដែលជឿពួកយើងសោះ។ អ៊ីចឹង ខ្ញុំក្នុងនាមខ្ញុំជាជនមួយអត់មានស័ក្ដិយស អត់មានអំណាច ជាប្រជាពលរដ្ឋខ្មែរដៃទទេហ្នឹង គឺពិបាកនៅក្នុងការចរចាជាមួយគាត់មែនទែន! ព្រោះអីគាត់មានអំណាច, មានទាំងកូនចៅគាត់ឃាត់ពួកយើង, គាត់ទៅប្រាប់តៃកុងឡាន គំរាមកំហែងតៃកុងឡាន ឲ្យតៃកុងឡានមិនអាចធ្វើដំណើរដឹកពួកយើងបាន»។
ចាប់តាំងពីឆ្នាំ ២០០៧ រហូតដល់បច្ចុប្បន្ននេះមាន សហគមន៍ដែលមានវិវាទដីធ្លីជាមួយ ឧកញ៉ា ហេង ហ៊ុយ និងឧកញ៉ា លី យ៉ុងផាត់ ជាច្រើនក្រុម តែងតែតស៊ូតវ៉ា រឿងដីធ្លីនេះអស់រាប់សិបលើកមកហើយ ប៉ុន្តែ ពុំទទួលបានយុត្តិធម៌នោះឡើយ ផ្ទុយទៅវិញតំណាងសហគមន៍ទាំងនោះ ដូចជាលោកស្រី ផាវ ញើង ជាដើម ត្រូវបានក្រុមហ៊ុន និងមន្ត្រីអាជ្ញាធរបញ្ជាឱ្យចាប់ដាក់ពន្ធនាគារ ទាំងអយុត្តិធម៌។ សព្វថ្ងៃរឿងក្ដីក្ដាំ របស់តំណាងទាំងនោះ នៅតែបន្តរហូតដល់បច្ចុប្បន្ន ខណៈដែលដីធ្លីក៏បាត់ ហើយសិទ្ធិសេរីភាពក៏ត្រូវបានបិទខ្ទប់ពីតុលាការ។
បច្ចុប្បន្នពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា ហេង ហុយ មានជិត៥០០គ្រួសារស្ថិតនៅឃុំជីខលើ និងឃុំជីខក្រោម ស្រុកស្រែអំបិល ដែលគេស្គាល់ជាក្រុមពលរដ្ឋ១៩៧ និងសហគមន៍១៩៥ ដែលមានជម្លោះអូសបន្លាយតាំងពីឆ្នាំ ២០០៧មកម្ល៉េះ។ ចំណែកពលរដ្ឋដែលរងគ្រោះជាមួយក្រុមហ៊ុន ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅស្រុកស្រែអំបិល និងបទុមសាគរ មានជាង១ពាន់គ្រួសារ រួមមានសហគមន៍៩៥៥ សហគមន៍១៩៧ និងសហគមន៍១៧៥ ជាដើម។ សមាជិកនៃសហគមន៍ទាំងនោះ អ្នកខ្លះ បានស្លាប់ អំឡុងពេលតវ៉ា ដោយសារខ្យល់គរ និងខ្លះទៀតបានស្លាប់ ដោយសារតែ ធ្លាក់ខ្លួនឈឺ ក្រោយពីបាត់បង់ដីធ្លី និងផ្ទះសម្បែងជាដើម។
នៅថ្ងៃទី២៦ ខែសីហា តុលាការកំពូលបានបើកសវនាការសួរដេញដោលលើតំណាងសហគមន៍ដីធ្លី គឺ លោកស្រី ផាវ ញើង និង លោកស្រី សេង លីន ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ពាក់ព័ន្ធសកម្មភាពតវ៉ារកដោះស្រាយរឿងដីធ្លីកន្លងមក។
នៅក្នុងសវនាការពេញមួយព្រឹក នោះ លោកស្រី ផាវ ញើង បានសម្ដែងការសោកស្ដាយ ចំពោះការចោទប្រកាន់មកលើលោកស្រី និងសមាជិកដទៃទៀត ហើយក៏បានលើកអំណះអំណាងជាច្រើន ពាក់ព័ន្ធការសម្ដែងមតិកន្លងមករបស់តំណាងសហគមន៍រងគ្រោះដីធ្លី ដើម្បីជំរុញឱ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាដីធ្លី ជូនពួកគាត់ ពុំមែនជាការ«បរិហារកេរ្តិ៍ ឬញុះញង់» នោះឡើយ។
ទន្ទឹមគ្នានោះ លោកស្រីក៏បានរៀបរាប់ជាច្រើន អំពីការបិទសិទ្ធិសេរីភាព របស់អាជ្ញាធរ ស្រុកស្រែអំពិល ខេត្តកោះកុង និងអាជ្ញាធរនៅរាជធានីភ្នំពេញ ដែលតែងតែបន្តយាយី និងបិទខ្ទប់ មិនឱ្យពលរដ្ឋរងគ្រោះដីធ្លី អាចជួបជុំសម្ដែងមតិ តាមទីសាធារណៈ និងនៅតាមក្រសួងពាក់ព័ន្ធ។ លោកស្រីថា ចេតនារបស់អាជ្ញាធរ ធ្វើបែបនេះ ពុំមែនដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈនោះទេ គឺជាការសហការគ្នា ដើម្បីបិទបាំង រឿងទាំងនោះចោល។ លោកស្រីថា ករណីនេះ ជារឿងដ៏អយុត្តិធម៌ បំផុតសម្រាប់ពលរដ្ឋរាប់រយនាក់ដែលកំពុងរងគ្រោះដីធ្លី។ ចុងបញ្ចប់ តុលាការកំពូល សម្រេច ប្រកាសសាលដីកា នៅថ្ងៃទី០២ ខែកញ្ញា ខាងមុខ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ថា ការរារាំង និងគំរាមកំហែងពលរដ្ឋរងគ្រោះដីធ្លីមិនឱ្យតាមដាន និងគាំទ្រសមាជិកខ្លួន ដែលចូលបំភ្លឺនៅតុលាការពីសំណាក់អាជ្ញាធរខេត្តកោះកុង និងរាជធានី ភ្នំពេញ ជាទង្វើខុសច្បាប់ និងផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា។ លោកថា អាជ្ញាធរពាក់ព័ន្ធគួរតែពិចារណា ឡើងវិញ ចំពោះទង្វើរបស់ខ្លួនដែលធ្វើមកលើពលរដ្ឋរងគ្រោះដីធ្លី ព្រោះពួកគាត់រងគ្រោះមួយជាន់ហើយរឿងដីធ្លី ដូច្នេះ មិនគួររងគ្រោះមួយជាន់ទៀតនោះទេ។
លោក យិន ម៉េងលី៖ «ការដែលរារាំងនេះ គឺវាមិនត្រឹមត្រូវទេ! ខាងសមត្ថកិច្ចពិនិត្យមើលឡើងវិញអំពីតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីធ្វើអ្វីសម្រាប់ប្រទេសជាតិ និងដើម្បីធ្វើអ្វីសម្រាប់ប្រជាពលរដ្ឋ។ អំពើទាំងអស់នេះ សកម្មភាពទាំងអស់នេះ បាទ… ជាអំពើល្មើសច្បាប់ ព្រោះសកម្មភាពពលរដ្ឋជាសកម្មភាពអត់ខុសច្បាប់ទេ គឺជាសកម្មភាពស្របច្បាប់ ដែលពលរដ្ឋគាត់ប្រើប្រាស់ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាសេរីភាពរបស់ពួកគាត់»។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាល និងតុលាការគួរតែទម្លាក់បទចោទទាំងអស់មកលើ តំណាងសហគមន៍រងគ្រោះដីធ្លី ហើយបញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋ ដូចជា លោកស្រី ផាវ ញើង និង លោកស្រី សេង លីន ជាដើម។ ពួកគាត់មើលឃើញថា ការប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងមកលើ តំណាងសហគមន៍ដីធ្លី ពីសំណាក់តំណាងក្រុមហ៊ុនក្នុង សំណុំរឿង«បរិហារកេរ្តិ៍ ឬ ញុះញង់» គឺគ្រាន់តែជាល្បិចកលស្មោកគ្រោក ដើម្បីរារាំងកុំឱ្យពួកគាត់នាំគ្នាតវ៉ាតាមទីសាធារណៈ ខណៈបណ្ដឹងទាំងនោះ ត្រូវបានគេរិះគន់ថា មានការសហការគ្នាជាប្រព័ន្ធ រវាងអាជ្ញាធរ និងក្រុមហ៊ុន ដើម្បីដាក់សម្ពាធ មកលើសហគមន៍ដីធ្លី។
ថ្មីៗនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលលោក ប្ដេជ្ញាចិត្តដោះស្រាយបញ្ហាដីធ្លី និងធ្វើប្លង់ដីជូនពលរដ្ឋឱ្យអស់ត្រឹមឆ្នាំ២០២៧ ហើយក៏ស្វាគមន៍ចំពោះការ បញ្ចេញមតិ និងការទាមទាររបស់ពលរដ្ឋដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង ប៉ុន្តែករណី ពលរដ្ឋរងគ្រោះដីធ្លី នៅខេត្តកោះកុង ជិត២០ឆ្នាំហើយ នៅតែលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ធ្វើមិនដឹងមិនឮ ខណៈដែលពលរដ្ឋក៏ត្រូវសមត្ថកិច្ច របបក្រុងភ្នំពេញ គំរាមកំហែងស្ទើររាល់ថ្ងៃ មិនឱ្យជួបជុំ និងសម្ដែងមតិ។ ពលរដ្ឋទទូចឱ្យលោក ហ៊ុន ម៉ាណែត គួរតែចុះចេញពីតួនាទីនាយករដ្ឋមន្ត្រីប្រសិនបើ នៅតែមិនអាចដោះស្រាយបញ្ហាដីធ្លី និងទុក្ខលំបាក របស់ពលរដ្ឋបាន៕








