ថៃ​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ជើងគោក ក្រោយ​បញ្ចប់​សមយុទ្ធ​ដែនអាកាស​ជាមួយ​ចិន ដោយ​ប្រកាស​ត្រៀមប្រយុទ្ធ​ក្នុង​សង្គ្រាម​ពិត

0
71
យោធា​ថៃធ្វើ​សមយុទ្ធ​ដែនអាកាស​ ឈ្មោះថា «​ក្រុម​ស្ទាំង​ប្រយុទ្ធ ២០២៦» (Falcon Strike-2026) កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២៦។ រូប៖ កងទ័ពថៃ
យោធា​ថៃធ្វើ​សមយុទ្ធ​ដែនអាកាស​ ឈ្មោះថា «​ក្រុម​ស្ទាំង​ប្រយុទ្ធ ២០២៦» (Falcon Strike-2026) កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២៦។ រូប៖ កងទ័ពថៃ

បន្ទាប់ពី​ធ្វើ​សមយុទ្ធ​ដែនអាកាស​ជាមួយ​កងទ័ព​ចិន ពេលនេះ​យោធា​ថៃ​បាន​បន្ត​ធ្វើ​សមយុទ្ធ​ដែន​គោក និង​ដែនសមុទ្រ​នៅ​តាម​មូលដ្ឋាន​យោធា​ដោយ​យោធា​ថៃ​បាន​អះអាង​ថា ដើម្បី​ត្រៀមប្រយុទ្ធ​នៅក្នុង​សមរភូមិ​សង្គ្រាម​ពិត ជាពិសេស​នៅ​តំបន់​ព្រំដែន​កម្ពុជា​។ អ្នកឃ្លាំមើល​ថា សកម្មភាព​សមយុទ្ធ​របស់​យោធា​ថៃ អាច​ជា​ការពង្រីក​ឥទ្ធិពល​ក្នុង​តំបន់ ខណៈ​ថៃ​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា និង​អស្ថិរភាព​នៅ​តំបន់​ព្រំដែន​ភាគ​ខាងជើង​ជាប់​មីយ៉ាន់ម៉ា និង​តំបន់​ភាគ​ខាងត្បូង។

អស់​រយៈពេល​មួយឆ្នាំ​ចាប់តាំងពី​ធ្វើសង្គ្រាម​ឈ្លានពាន​កម្ពុជា​នៅ​តាម​ព្រំដែន កងទ័ពជើងគោក​ថៃ​បាន​បន្ត​ធ្វើ​សមយុទ្ធ​ទ័ពថ្មើរជើង​នៅ​តាម​មូលដ្ឋាន​ប្រតិបត្តិ​ការសំខាន់ៗ ដោយ​យោធា​ថៃ​បាន​អះអាង​ថា ការ​ហ្វឹកហាត់​នេះ​គឺ​ដើម្បី​ត្រៀមប្រយុទ្ធ​នៅ​លើ​សមរភូមិ​ពិត ខណៈ​ប្រទេស​ថៃ​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា។

ក្នុង​សមយុទ្ធ​ជើងគោក យោធា​ថៃ​បាន​ហ្វឹកហាត់​ដោយ​ប្រើប្រាស់​អាវុធ​ទំនើប ដែល​សំយោគ​ជាមួយ​បច្ចេកវិទ្យា ការសិក្សា​ពី​ភូមិសាស្ត្រ ការវាយប្រហារ និង​ការ​កម្ចាត់​សត្រូវ​នៅក្នុង​លេណដ្ឋាន​ដោយ​ប្រើប្រាស់​ដ្រូន​អត្តឃាត​ជាដើម​។ ជាមួយ​គ្នា​នេះ យោធា​ថៃ​បាន​លើកយក​ព្រឹត្តិការ​ក្នុង​សង្គ្រាម​តាម​ព្រំដែន​ជាមួយ​កម្ពុជា យក​មក​ធ្វើជា​មេរៀន​សម្រាប់​ដកស្រង់​បទពិសោធន៍ និង​ស្វែងយល់​ពី​ភូមិសាស្ត្រ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា។

ក្រៅពី​ពង្រឹង​សាច់ដុំ​ទ័ពជើងគោក យោធា​ថៃ​ក៏​កំពុង​ពង្រឹងសមត្ថភាព​ទ័ពអាកាស​ផង​ដែរ តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​ដែនអាកាស​ជាមួយ​កងទ័ព​ចិន ដែល​គេ​ឱ្យ​ឈ្មោះថា «​ក្រុម​ស្ទាំង​ប្រយុទ្ធ ២០២៦» (Falcon Strike-2026) ដែល​ទើបនឹង​បញ្ចប់​កាលពី​ថ្ងៃទី​២៧ ខែសីហា នេះ​។ តាមរយៈ​ការ​ចុះផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន (CCTV) នៅក្នុង​នៅក្នុង​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​នេះ ចិន​បាន​ដាក់​តាំង​បង្ហាញ​យន្តហោះ​ជាច្រើន​ប្រភេទ រួមមាន​យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក យន្តហោះ​ស៊ើបការណ៍ និង​ឧបករណ៍​ការពារ​ដែន​អាកាស​ដែល​មាន​មូលដ្ឋាន​លើ​ដី​ជាដើម។

ចំណែក​នៅ​លើ​អាកាស​វិញ យន្តហោះ​ចម្បាំង J-10C របស់​ចិន និង​យន្តហោះ​ចម្បាំង Gripen JAS 39 របស់​ទ័ពអាកាស​ថៃ ដែល​ផលិត​នៅ​ប្រទេស​ស៊ុយអែត បាន​ហ្វឹកហាត់​ពី​ការវាយប្រហារ​ទាំង​នៅ​លើ​អាកាស និង​នៅ​លើ​ដី ដោយ​ធ្វើ​ប្រតិបត្តិការ​រួមគ្នា​រវាង​យន្តហោះ ដែល​ផលិត​នៅ​ប្រទេស​ផ្សេងគ្នា​នេះ។

ការ​ធ្វើ​សមយុទ្ធ​រវាង​ចិន និង​ថៃ​នេះ ត្រូវ​បាន​អ្នកឃ្លាំមើល​អន្តរជាតិ​យល់ឃើញ​ថា គឺជា​ការផ្សាយពាណិជ្ជកម្ម​របស់​ចិន​ដើម្បី​លក់​យន្តហោះ​ឱ្យ​ថៃ ខណៈ​យន្តហោះ ចម្បាំង J-10C របស់​ចិន​មាន​អានុភាព​សម្រាប់​វាយប្រហារ​ធំ​ជាង និង​មានតម្លៃ​ថោក​ជាង​យន្តហោះ​ចម្បាំង Gripen របស់​ស៊ុយអែត ប្រហែល​ពាក់កណ្ដាល។

ទោះជា​យ៉ាងណា យោធា​ថៃ​បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង Gripen E/F ពី​ប្រទេស​ស៊ុយអែត ចំនួន​៤​គ្រឿង​បន្ថែម​ទៀត ខណៈ​តំណាង​យោធា​ថៃ​បាន​ទៅ​ត្រួត​ពិនិត្យមើល​ដំណើរ​ការផលិត​ក្នុង​រោងចក្រ​នៅ​ប្រទេស​ស៊ុយអែត ដោយ​ផ្ទាល់​កាលពី​ចុងខែ​សីហា នេះ​ទៀត​ផង​។​

ក្រៅពី​ធ្វើ​សមយុទ្ធ កងទ័ពអាកាស​ថៃ បាន​ដាក់​តាំង​បង្ហាញ​យន្តហោះ​ចម្បាំង F-16 និង​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ពាសពេញ​អាកាស នៅ​តំបន់​ព្រំដែន​។ ក្នុង​នោះ​ទ័ពអាកាស​ថៃ​បាន​អះអាង​ពី​ការ​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​វាយប្រហារ​ភ្លាមៗ ប្រសិនបើ​មាន​សង្គ្រាម​ផ្ទុះឡើង​ដោយ​ប្រការ​ណាមួយ។

ចំណែក​កងទ័ពជើងទឹក​របស់​ថៃ​វិញ ក៏​កំពុង​បើក​ប្រតិបត្តិ​ការ​ធ្វើ​សមយុទ្ធ​ផង​ដែរ ដោយមាន​ការ​ហ្វឹកហាត់​បាញ់កាំភ្លើង​ធំ​ចេញពី​នាវា ការ​ស្ទាក់​ចាប់​រលក​សញ្ញា និង​ការ​ប្រយុទ្ធ​ដើម្បី​គាំទ្រ​ទ័ពថ្មើរជើង ដោយ​កងទ័ពជើងទឹក​ថៃ បាន​ប្រកាស​ត្រៀមខ្លួន ដើម្បី​ធ្វើសង្គ្រាម​ទៀត​ផង។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៨ ខែសីហា។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​ធ្វើ​សមយុទ្ធ​របស់​យោធា​ថៃ អាច​ជា​ការពង្រីក​ឥទ្ធិពល​ក្នុង​តំបន់ ខណៈ​ថៃ​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា និង​អស្ថិរភាព​នៅ​តំបន់​ព្រំដែន​មីយ៉ាន់ម៉ា និង​តំបន់​ភាគ​ខាងត្បូង​។ ទោះជា​យ៉ាងណា​លោក​បន្ត​ថា កម្ពុជា​គឺជា​គោលដៅ​គំរាមកំហែង​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ ព្រោះ​យោធា​ថៃ​តែងតែ​ផ្សារ​ភ្ជាប់​ប្រតិបត្តិការ​យោធា ជាមួយនឹង​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា។

លោក ម៉ែន ណាត៖ «ព្រោះ​ជាមួយ​ម៉ាឡេស៊ី ក៏​ថៃ​មិន​ហ៊ាន​ដូច​ជាមួយ​កម្ពុជា​ដែរ​។ ជាមួយ​ភូមា​ក៏​ដូចគ្នា​ដែរ​។ តែ​ជាមួយ​កម្ពុជា ថៃ​ឈ្លានពាន​រាល់ថ្ងៃ ហើយ​មេដឹកនាំ​ថៃ​ជិះ​យន្តហោះ​មក​តំបន់​អានសេះ ដោយ​ញញឹម​ប្រិមប្រិយ ផ្ញើ​សារ​ឱ្យ​យោធា​ថៃ​នៅ​ជួរមុខ​ហ្នឹង​ត្រៀមលក្ខណៈ​ប្រយុទ្ធ​ជាមួយ​កម្ពុជា​ផង​ទៀត​។ វា​ជា​រឿង​មួយ​ដែល​បញ្ជាក់​ថា ជា​ការ​ប្រមាថ​ធំ​ដល់​កម្ពុជា»។

ក្រោយពី​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​ចំនួន​ពីរ​លើក គេ​សង្កេត​ឃើញ​ថា កងទ័ព​ថៃ​ដែល​មាន​ប្រៀប​លើ​កម្ពុជា​បាន​ស្ដារ និង​ធ្វើ​ទំនើបកម្ម​វិស័យ​យោធា​យ៉ាង​ឆាប់រហ័ស ខណៈ​កម្ពុជា​បាន​បាត់បង់​លទ្ធភាព​ស្ទើរ​ទាំងស្រុង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​យោធា​ថៃ​បន្ត​ការឈ្លានពាន​កាន់តែ​ជ្រៅ​នៅក្នុង​ទឹកដី​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ