

បន្ទាប់ពីធ្វើសមយុទ្ធដែនអាកាសជាមួយកងទ័ពចិន ពេលនេះយោធាថៃបានបន្តធ្វើសមយុទ្ធដែនគោក និងដែនសមុទ្រនៅតាមមូលដ្ឋានយោធាដោយយោធាថៃបានអះអាងថា ដើម្បីត្រៀមប្រយុទ្ធនៅក្នុងសមរភូមិសង្គ្រាមពិត ជាពិសេសនៅតំបន់ព្រំដែនកម្ពុជា។ អ្នកឃ្លាំមើលថា សកម្មភាពសមយុទ្ធរបស់យោធាថៃ អាចជាការពង្រីកឥទ្ធិពលក្នុងតំបន់ ខណៈថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា និងអស្ថិរភាពនៅតំបន់ព្រំដែនភាគខាងជើងជាប់មីយ៉ាន់ម៉ា និងតំបន់ភាគខាងត្បូង។
អស់រយៈពេលមួយឆ្នាំចាប់តាំងពីធ្វើសង្គ្រាមឈ្លានពានកម្ពុជានៅតាមព្រំដែន កងទ័ពជើងគោកថៃបានបន្តធ្វើសមយុទ្ធទ័ពថ្មើរជើងនៅតាមមូលដ្ឋានប្រតិបត្តិការសំខាន់ៗ ដោយយោធាថៃបានអះអាងថា ការហ្វឹកហាត់នេះគឺដើម្បីត្រៀមប្រយុទ្ធនៅលើសមរភូមិពិត ខណៈប្រទេសថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា។
ក្នុងសមយុទ្ធជើងគោក យោធាថៃបានហ្វឹកហាត់ដោយប្រើប្រាស់អាវុធទំនើប ដែលសំយោគជាមួយបច្ចេកវិទ្យា ការសិក្សាពីភូមិសាស្ត្រ ការវាយប្រហារ និងការកម្ចាត់សត្រូវនៅក្នុងលេណដ្ឋានដោយប្រើប្រាស់ដ្រូនអត្តឃាតជាដើម។ ជាមួយគ្នានេះ យោធាថៃបានលើកយកព្រឹត្តិការក្នុងសង្គ្រាមតាមព្រំដែនជាមួយកម្ពុជា យកមកធ្វើជាមេរៀនសម្រាប់ដកស្រង់បទពិសោធន៍ និងស្វែងយល់ពីភូមិសាស្ត្រនៅតាមបណ្ដោយព្រំដែនកម្ពុជា។
ក្រៅពីពង្រឹងសាច់ដុំទ័ពជើងគោក យោធាថៃក៏កំពុងពង្រឹងសមត្ថភាពទ័ពអាកាសផងដែរ តាមរយៈការធ្វើសមយុទ្ធដែនអាកាសជាមួយកងទ័ពចិន ដែលគេឱ្យឈ្មោះថា «ក្រុមស្ទាំងប្រយុទ្ធ ២០២៦» (Falcon Strike-2026) ដែលទើបនឹងបញ្ចប់កាលពីថ្ងៃទី២៧ ខែសីហា នេះ។ តាមរយៈការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន (CCTV) នៅក្នុងនៅក្នុងអំឡុងពេលធ្វើសមយុទ្ធនេះ ចិនបានដាក់តាំងបង្ហាញយន្តហោះជាច្រើនប្រភេទ រួមមានយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះស៊ើបការណ៍ និងឧបករណ៍ការពារដែនអាកាសដែលមានមូលដ្ឋានលើដីជាដើម។
ចំណែកនៅលើអាកាសវិញ យន្តហោះចម្បាំង J-10C របស់ចិន និងយន្តហោះចម្បាំង Gripen JAS 39 របស់ទ័ពអាកាសថៃ ដែលផលិតនៅប្រទេសស៊ុយអែត បានហ្វឹកហាត់ពីការវាយប្រហារទាំងនៅលើអាកាស និងនៅលើដី ដោយធ្វើប្រតិបត្តិការរួមគ្នារវាងយន្តហោះ ដែលផលិតនៅប្រទេសផ្សេងគ្នានេះ។
ការធ្វើសមយុទ្ធរវាងចិន និងថៃនេះ ត្រូវបានអ្នកឃ្លាំមើលអន្តរជាតិយល់ឃើញថា គឺជាការផ្សាយពាណិជ្ជកម្មរបស់ចិនដើម្បីលក់យន្តហោះឱ្យថៃ ខណៈយន្តហោះ ចម្បាំង J-10C របស់ចិនមានអានុភាពសម្រាប់វាយប្រហារធំជាង និងមានតម្លៃថោកជាងយន្តហោះចម្បាំង Gripen របស់ស៊ុយអែត ប្រហែលពាក់កណ្ដាល។
ទោះជាយ៉ាងណា យោធាថៃបានបញ្ជាទិញយន្តហោះចម្បាំង Gripen E/F ពីប្រទេសស៊ុយអែត ចំនួន៤គ្រឿងបន្ថែមទៀត ខណៈតំណាងយោធាថៃបានទៅត្រួតពិនិត្យមើលដំណើរការផលិតក្នុងរោងចក្រនៅប្រទេសស៊ុយអែត ដោយផ្ទាល់កាលពីចុងខែសីហា នេះទៀតផង។
ក្រៅពីធ្វើសមយុទ្ធ កងទ័ពអាកាសថៃ បានដាក់តាំងបង្ហាញយន្តហោះចម្បាំង F-16 និងធ្វើប្រតិបត្តិការហោះហើរពាសពេញអាកាស នៅតំបន់ព្រំដែន។ ក្នុងនោះទ័ពអាកាសថៃបានអះអាងពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារភ្លាមៗ ប្រសិនបើមានសង្គ្រាមផ្ទុះឡើងដោយប្រការណាមួយ។
ចំណែកកងទ័ពជើងទឹករបស់ថៃវិញ ក៏កំពុងបើកប្រតិបត្តិការធ្វើសមយុទ្ធផងដែរ ដោយមានការហ្វឹកហាត់បាញ់កាំភ្លើងធំចេញពីនាវា ការស្ទាក់ចាប់រលកសញ្ញា និងការប្រយុទ្ធដើម្បីគាំទ្រទ័ពថ្មើរជើង ដោយកងទ័ពជើងទឹកថៃ បានប្រកាសត្រៀមខ្លួន ដើម្បីធ្វើសង្គ្រាមទៀតផង។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៨ ខែសីហា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការធ្វើសមយុទ្ធរបស់យោធាថៃ អាចជាការពង្រីកឥទ្ធិពលក្នុងតំបន់ ខណៈថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា និងអស្ថិរភាពនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា និងតំបន់ភាគខាងត្បូង។ ទោះជាយ៉ាងណាលោកបន្តថា កម្ពុជាគឺជាគោលដៅគំរាមកំហែងនៃការធ្វើសមយុទ្ធនេះ ព្រោះយោធាថៃតែងតែផ្សារភ្ជាប់ប្រតិបត្តិការយោធា ជាមួយនឹងជម្លោះព្រំដែនជាមួយកម្ពុជា។
លោក ម៉ែន ណាត៖ «ព្រោះជាមួយម៉ាឡេស៊ី ក៏ថៃមិនហ៊ានដូចជាមួយកម្ពុជាដែរ។ ជាមួយភូមាក៏ដូចគ្នាដែរ។ តែជាមួយកម្ពុជា ថៃឈ្លានពានរាល់ថ្ងៃ ហើយមេដឹកនាំថៃជិះយន្តហោះមកតំបន់អានសេះ ដោយញញឹមប្រិមប្រិយ ផ្ញើសារឱ្យយោធាថៃនៅជួរមុខហ្នឹងត្រៀមលក្ខណៈប្រយុទ្ធជាមួយកម្ពុជាផងទៀត។ វាជារឿងមួយដែលបញ្ជាក់ថា ជាការប្រមាថធំដល់កម្ពុជា»។
ក្រោយពីផ្ទុះសង្គ្រាមតាមព្រំដែនចំនួនពីរលើក គេសង្កេតឃើញថា កងទ័ពថៃដែលមានប្រៀបលើកម្ពុជាបានស្ដារ និងធ្វើទំនើបកម្មវិស័យយោធាយ៉ាងឆាប់រហ័ស ខណៈកម្ពុជាបានបាត់បង់លទ្ធភាពស្ទើរទាំងស្រុងដែលជាហេតុធ្វើឱ្យយោធាថៃបន្តការឈ្លានពានកាន់តែជ្រៅនៅក្នុងទឹកដីកម្ពុជា៕









